ព្យាការីអេម៉ូស (០៥)

ទំនួញស្រណោះអ៊ីស្រាអែល
១ កូនចៅអ៊ីស្រាអែលអើយ
ចូរនាំគ្នាស្ដាប់ពាក្យនេះ!
ចូរស្ដាប់ទំនួញដែលខ្ញុំស្មូត្រអំពីអ្នករាល់គ្នា!
២ អ៊ីស្រាអែលដែលជាស្ត្រីព្រហ្មចារី ត្រូវរលំហើយ
នាងមិនអាចក្រោកឡើងវិញបានទៀតទេ។
នាងដេកដួលនៅលើទឹកដីរបស់ខ្លួន
គ្មាននរណាលើកនាងឡើយ
៣ ដ្បិតព្រះជាអម្ចាស់មានព្រះបន្ទូលថា៖
«ក្រុងរបស់អ៊ីស្រាអែលដែលចាត់ទាហាន
មួយពាន់នាក់អោយទៅច្បាំង
ឃើញពួកគេត្រឡប់មកវិញតែមួយរយនាក់។
ក្រុងដែលចាត់ទាហានមួយរយនាក់
អោយទៅច្បាំង ឃើញពួកគេត្រឡប់មកវិញ
តែដប់នាក់ប៉ុណ្ណោះ!»។
៤ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់
កូនចៅអ៊ីស្រាអែលថា៖
«ចូរស្វែងរកយើង
នោះអ្នករាល់គ្នានឹងមានជីវិត។
៥ កុំទៅបេតអែល កុំទៅគីលកាល
កុំទៅបៀរសេបាឡើយ
ដ្បិតអ្នកក្រុងគីលកាលនឹងត្រូវគេកៀរយកទៅ
ជាឈ្លើយទាំងអស់គ្នា
រីឯបេតអែលដែលជាដំណាក់របស់ព្រះជាម្ចាស់
នឹងក្លាយទៅដំណាក់ទុច្ចរិត»។
៦ កូនចៅលោកយ៉ូសែបអើយ
ចូរស្វែងរកព្រះអម្ចាស់
នោះអ្នករាល់គ្នានឹងមានជីវិត!
ចូរប្រយ័ត្ន ក្រែងព្រះអង្គឆាបឆេះអ្នករាល់គ្នា
ហើយគ្មាននរណានៅបេតអែល
អាចនឹងពន្លត់បានឡើយ។
៧ អ្នករាល់គ្នាបានធ្វើអោយយុត្តិធម៌
ប្រែទៅជាពិសពុល
ព្រមទាំងជាន់ឈ្លីសេចក្ដីសុចរិតទៀតផង។
៨ ព្រះអង្គបង្កើតផ្កាយកូនមាន់ និងផ្កាយនង្គ័ល
ព្រះអង្គធ្វើអោយភាពអន្ធការ
ប្រែទៅជាពន្លឺនៅពេលថ្ងៃរះ
ព្រះអង្គធ្វើអោយថ្ងៃប្រែទៅជាយប់ងងឹត
ព្រះអង្គហៅទឹកសមុទ្រមកស្រោចស្រពផែនដី
ព្រះនាមរបស់ព្រះអង្គ គឺព្រះអម្ចាស់។
៩ ព្រះអង្គធ្វើអោយមហន្តរាយកើតយ៉ាងទាន់ហន់
ចំពោះអ្នកខ្លាំងពូកែ
ហើយធ្វើអោយបន្ទាយដ៏រឹងមាំត្រូវវិនាស។
១០ ពួកគេស្អប់ចៅក្រមដែលកាត់ក្ដីដោយយុត្តិធម៌
ពួកគេមិនចូលចិត្តសាក្សីទៀងត្រង់ទេ។
១១ អ្នករាល់គ្នាជិះជាន់ជនទុគ៌ត
ហើយរឹបអូសយកស្រូវរបស់គេ
ហេតុនេះហើយបានជាអ្នករាល់គ្នានឹង
មិនអាចរស់នៅក្នុងផ្ទះដ៏មានតម្លៃ
ដែលអ្នករាល់គ្នាបានសង់នោះទេ។
អ្នករាល់គ្នាក៏ពុំអាចផឹក
ស្រាទំពាំងបាយជូរដ៏ឆ្ងាញ់
ពីចំការដែលអ្នករាល់គ្នាបានដាំនោះដែរ។
១២ «យើងដឹងថា អ្នករាល់គ្នាប្រព្រឹត្ត
អំពើទុច្ចរិតជាច្រើន
ហើយអំពើបាបរបស់អ្នករាល់គ្នាក៏ធ្ងន់ធ្ងរដែរ
អ្នករាល់គ្នាសង្កត់សង្កិនមនុស្សសុចរិត
អ្នករាល់គ្នាទទួលសំណូក
ហើយមិនរកយុត្តិធម៌អោយជនក្រីក្រទេ។
១៣ បច្ចុប្បន្នកាលនេះជាគ្រាមួយដ៏លំបាក
ហេតុនេះហើយបានជាអ្នកមានប្រាជ្ញា
សុខចិត្តនៅស្ងៀម»។
១៤ ចូរខិតខំស្វែងរកអំពើល្អ
កុំស្វែងរកអំពើអាក្រក់ឡើយ
នោះអ្នករាល់គ្នានឹងមានជីវិត
ហើយព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល
នឹងគង់នៅជាមួយអ្នករាល់គ្នា
ដូចអ្នករាល់គ្នាធ្លាប់និយាយស្រាប់។
១៥ ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ
ចូរកាត់ក្ដីដោយគតិយុត្តិធម៌ ឡើងវិញ
ប្រហែលជាព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល
អាណិតអាសូរដល់ពូជពង្សលោកយ៉ូសែប
ដែលនៅសេសសល់។
១៦ ហេតុនេះ ព្រះជាអម្ចាស់ជាព្រះនៃពិភពទាំងមូល
មានព្រះបន្ទូលថា៖
«មនុស្សម្នានឹងសោកសង្រេង
នៅតាមទីសាធារណៈទាំងអស់
គេនឹងគក់ទ្រូងយំនៅតាមដងផ្លូវនានា
គេហៅអ្នកភ្ជួររាស់មកកាន់ទុក្ខ
ហើយហៅអ្នកដែលចេះយំរៀបរាប់
អោយមកយំសំរាប់ពិធីបញ្ចុះសព។
១៧ ក្នុងគ្រាដែលយើងដើរកាត់ចំណោមអ្នករាល់គ្នា
មនុស្សម្នានឹងសោកសង្រេង
នៅតាមចំការទំពាំងបាយជូរទាំងអស់»
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។

ថ្ងៃរបស់ព្រះអម្ចាស់
១៨ អ្នកណាប្រាថ្នាចង់ឃើញថ្ងៃរបស់ព្រះអម្ចាស់
អ្នកនោះមុខជាវេទនាពុំខាន!
តើអ្នករាល់គ្នារង់ចាំអ្វីនៅថ្ងៃរបស់ព្រះអម្ចាស់?
ថ្ងៃនោះជាថ្ងៃងងឹតអន្ធការ
គឺមិនមែនថ្ងៃដែលមានពន្លឺទេ។
១៩ ថ្ងៃនោះប្រៀបបាននឹងមនុស្សម្នាក់ដែលរត់
គេចផុតពីសិង្ហ ហើយទៅជួបខ្លាឃ្មុំ
ពេលរត់ទៅដល់ផ្ទះវិញ
គាត់ច្រត់ដៃលើជញ្ជាំង ហើយត្រូវពស់ចឹក។
២០ ថ្ងៃរបស់ព្រះអម្ចាស់ជាថ្ងៃងងឹត
មិនមែនជាថ្ងៃមានពន្លឺទេ
ជាថ្ងៃអន្ធការ គ្មានពន្លឺរស្មីអ្វីសោះ។
២១ «យើងមិនចូលចិត្តពិធីបុណ្យរបស់អ្នករាល់គ្នា
ហើយយើងក៏មិនអាចទ្រាំនឹងពិធីផ្សេងៗ
ដែលអ្នករាល់គ្នាប្រារព្ធដែរ។
២២ ពេលអ្នករាល់គ្នាយកតង្វាយដុត
និងតង្វាយម្សៅ មកអោយយើង
យើងមិនពេញចិត្តទេ
យើងក៏មិនរវីរវល់នឹងកូនគោដ៏ធាត់ៗ
ដែលអ្នករាល់គ្នាយកមកធ្វើ
យញ្ញបូជាមេត្រីភាពដែរ។
២៣ ចូរឈប់ច្រៀងទំនុកតម្កើង
ដ៏ស្រកៀរត្រចៀកនេះទៅ!
យើងក៏មិនចង់ស្ដាប់សំឡេងពិណ
របស់អ្នករាល់គ្នាដែរ។
២៤ ផ្ទុយទៅវិញ ចូរគោរពច្បាប់ទុកដូចជា
ប្រភពនៃជីវិតរបស់អ្នករាល់គ្នា
ហើយអោយយុត្តិធម៌ហូរចេញមក
ដូចទឹកស្ទឹងដែលមិនចេះរីងស្ងួត។
២៥ កូនចៅអ៊ីស្រាអែលអើយ
ក្នុងរយៈពេលសែសិបឆ្នាំនៅវាលរហោស្ថាន
តើអ្នករាល់គ្នាមានយកយញ្ញបូជា
និងតង្វាយផ្សេងៗមកអោយយើងឬទេ?
២៦ ឥឡូវនេះ ដោយអ្នករាល់គ្នាថ្វាយបង្គំ
ស៊ីគុតជាទេវរាជរបស់អ្នក
និងគីយូនជាព្រះរបស់អ្នករាល់គ្នា
ព្រមទាំងរូបផ្កាយរបស់ព្រះនោះ
ដែលអ្នករាល់គ្នាបានសូនដោយដៃខ្លួនឯង
២៧ យើងនឹងកៀរអ្នករាល់គ្នាទៅឆ្ងាយជាង
ក្រុងដាម៉ាស់ទៅទៀត»។
នេះជាព្រះបន្ទូលរបស់ព្រះដែលមាននាមថា
ព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល។