ព្យាការីអេម៉ូស (០៤)

១ ពួកជំទាវនៅក្រុងសាម៉ារីដែលប្រៀប
ដូចជាគោញីនៅស្រុកបាសានអើយ
ចូរនាំគ្នាស្ដាប់ពាក្យនេះ:
អ្នករាល់គ្នាជិះជាន់ជនទុគ៌ត
សង្កត់សង្កិនជនក្រីក្រ
ហើយពោលទៅប្ដីរបស់ខ្លួនថា
“ចូរយកស្រាមកផឹក!”។
២ ព្រះជាអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់
ក្នុងនាមព្រះអង្គជាព្រះដ៏វិសុទ្ធថា៖
«នៅគ្រាខាងមុខ គេនឹងដោតអ្នករាល់គ្នា
ដូចដោតត្រី។
៣ អ្នករាល់គ្នានឹងរត់ចេញពីទីក្រុង
តាមប្រឡោះកំពែងក្រុង
ម្នាក់ៗរត់ប្រាសអាយុរៀងៗខ្លួន រកកន្លែងពួន»
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។

អ៊ីស្រាអែលលែងញញើតនឹងប្រព្រឹត្តអំពើបាប
៤ «ចូរទៅបេតអែល
ហើយនាំគ្នាប្រព្រឹត្តអំពើបាបទៅ!
ចូរទៅគីលកាល
ហើយនាំគ្នាប្រព្រឹត្តអំពើបាបរឹតតែច្រើនទៅ!
ចូរធ្វើពិធីយញ្ញបូជានៅពេលព្រឹក!
ហើយថ្វាយតង្វាយមួយភាគដប់ នៅថ្ងៃទីបី!
៥ កូនចៅអ៊ីស្រាអែលអើយ
ចូរធ្វើយញ្ញបូជាអរព្រះគុណជាមួយមេម្សៅ
ចូរស្រែកប្រកាសក្ដែងៗថា
អ្នករាល់គ្នាបានថ្វាយតង្វាយស្ម័គ្រចិត្ត
ដ្បិតអ្នករាល់គ្នាចូលចិត្តធ្វើដូច្នេះ
– នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
៦ យើងបានធ្វើអោយកើតទុរ្ភិក្សនៅគ្រប់ទីក្រុង
របស់អ្នករាល់គ្នា
ហើយគ្រប់ៗផ្ទះខ្វះអាហារបរិភោគ។
ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រម
វិលមករកយើងវិញដែរ
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៧ យើងបានធ្វើអោយអ្នករាល់គ្នាខ្វះទឹកភ្លៀង
រហូតដល់បីខែមុនរដូវចំរូត។
យើងបានអោយភ្លៀងធ្លាក់លើក្រុងមួយ
តែក្រុងមួយទៀតគ្មានភ្លៀងទេ
ចំការមួយទទួលទឹកភ្លៀង
រីឯចំការមួយទៀតត្រូវស្ងួតហួតហែង
ព្រោះតែគ្មានទឹកភ្លៀង។
៨ ក្រុងពីរ ឬក្រុងបីនាំគ្នាទៅរកទឹកផឹក
នៅក្រុងមួយទៀត
តែគេគ្មានទឹកល្មម ដើម្បីសំរន់ការស្រេកទេ។
ទោះបីយ៉ាងនេះក្ដី
ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៩ យើងបានធ្វើអោយស្រូវរបស់អ្នករាល់គ្នា
ស្កក និងមានក្រាស៊ី
ហើយចំការដំណាំ ចំការទំពាំងបាយជូរ
ចំការឧទុម្ពរ និងចំការអូលីវរបស់អ្នករាល់គ្នា
ក៏ត្រូវដង្កូវស៊ីបង្ហិនអស់ដែរ។
ទោះបីយ៉ាងនេះក្ដី
ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១០ យើងបានធ្វើអោយជំងឺអាសន្នរោគ
រាតត្បាតអ្នករាល់គ្នា ដូចនៅស្រុកអេស៊ីប។
យើងបានអោយខ្មាំងប្រហារយុវជន
របស់អ្នករាល់គ្នាដោយមុខដាវ
ហើយចាប់សេះរបស់អ្នករាល់គ្នាយកទៅ។
យើងបានធ្វើអោយមានក្លិនអសោច
សាយឡើងពីទីតាំងទ័ពរបស់អ្នករាល់គ្នា។
ទោះបីយ៉ាងនេះក្ដី
ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១១ យើងបានបំផ្លាញអ្នករាល់គ្នា
ដូចយើងបានបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា
ហើយអ្នករាល់គ្នាប្រៀបបាននឹងអង្កត់អុស
ដែលគេយកចេញពីភ្លើង។
ទោះបីយ៉ាងនេះក្ដី
ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១២ ហេតុនេះអ៊ីស្រាអែលអើយ
យើងនឹងដាក់ទោសអ្នករាល់គ្នា។
អ៊ីស្រាអែលអើយ
ដោយយើងសំរេចដាក់ទោសអ្នករាល់គ្នាដូច្នេះ
ចូររៀបចំខ្លួនជួបនឹងព្រះរបស់អ្នក!»។
១៣ មើល៍! ព្រះដែលបានសូនភ្នំ និងបង្កើតខ្យល់
ព្រះដែលបង្ហាញអោយមនុស្សស្គាល់
ព្រះហឫទ័យរបស់ព្រះអង្គ
ព្រះដែលធ្វើអោយពន្លឺថ្ងៃរះប្រែជាងងឹត
ព្រះដែលយាងនៅតាមទីខ្ពស់ៗនៃផែនដី
ព្រះអង្គមាននាមថាព្រះអម្ចាស់
ជាព្រះនៃពិភពទាំងមូល។