ព្យាការីអេម៉ូស (០៣)

ពេលព្រះអម្ចាស់មានព្រះបន្ទូល ព្យាការីត្រូវតែថ្លែងប្រាប់ប្រជាជន
១ ជនជាតិអ៊ីស្រាអែលអើយ!
ចូរនាំគ្នាស្ដាប់សេចក្ដីដែលព្រះអម្ចាស់
មានព្រះបន្ទូលប្រឆាំងនឹងអ្នករាល់គ្នា។
«យើងប្រឆាំងនឹងអ្នករាល់គ្នា ជាពូជអំបូរ
ដែលយើងបាននាំចេញពីស្រុកអេស៊ីប។
២ ក្នុងចំណោមពូជអំបូរទាំងអស់នៅលើផែនដី
យើងចាប់ចិត្តតែលើពូជអំបូររបស់អ្នករាល់គ្នា
ប៉ុណ្ណោះទេ
ហេតុនេះ យើងកាត់ទោសអ្នករាល់គ្នា
ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន
ដែលអ្នករាល់គ្នាបានប្រព្រឹត្ត»។
៣ បើមនុស្សពីរនាក់មិនបានព្រមព្រៀងគ្នា
ជាមុនសិនទេ
តើគេអាចធ្វើដំណើរជាមួយគ្នាដូចម្ដេចកើត?
៤ បើសត្វសិង្ហចាប់រំពាមិនទាន់បានទេ
តើអោយវាគ្រហឹមក្នុងព្រៃកើតឬ?
បើសិង្ហស្ទាវចាប់សត្វមិនទាន់បានទេ
តើអោយវាគ្រហឹមក្នុងរូងដូចម្ដេចបាន?
៥ បើគ្មាននុយទាក់ទាញទេ
តើសត្វស្លាបហើរមកជាប់អន្ទាក់នៅដីបានឬ?
បើគ្មានសត្វជាប់ទេ
តើអោយអន្ទាក់វាត់ឡើងដូចម្ដេចបាន?
៦ បើគេផ្លុំត្រែប្រកាសភាពអាសន្នក្នុងក្រុងមួយ
តើប្រជាជនមិនជ្រួលច្របល់ឬ?
បើព្រះអម្ចាស់មិនដាក់ទោសទេ
តើមហន្តរាយអាចកើតមានដល់
ក្រុងណាមួយបានឬ?
៧ យ៉ាងណាមិញ ពេលព្រះជាអម្ចាស់ធ្វើការអ្វីមួយ
ព្រះអង្គតែងសំដែងការលាក់កំបាំងប្រាប់
ពួកព្យាការីជាអ្នកបំរើរបស់ព្រះអង្គជានិច្ច។
៨ ពេលសត្វសិង្ហគ្រហឹម តើនរណាមិនខ្លាច?
ពេលព្រះជាអម្ចាស់មានព្រះបន្ទូល
តើនរណាមិនថ្លែងព្រះបន្ទូលនេះ?
ការដាក់ទោសក្រុងសាម៉ារី
៩ ចូរស្រែកប្រកាសនៅតាមប្រាសាទក្រុងអាស្ដូត
និងនៅតាមប្រាសាទនៃស្រុកអេស៊ីបថា:
ចូរទៅជួបជុំគ្នានៅលើភ្នំនៃក្រុងសាម៉ារី
ដើម្បីសង្កេតមើលអនាធិបតេយ្យ
និងអយុត្តិធម៌នៅទីនោះ។
១០ ពួកគេមិនចេះប្រព្រឹត្តអំពើទៀងត្រង់ទេ
ពួកគេយករបស់របរដែលលួចប្លន់ និងរឹបអូស
ទៅដាក់ពេញប្រាសាទរបស់ខ្លួន
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១១ ហេតុនេះហើយបានជាព្រះជាអម្ចាស់
មានព្រះបន្ទូលថា៖
«ខ្មាំងសត្រូវមកដល់ហើយ! គេឡោមព័ទ្ធស្រុក
គេនឹងរំលំកំពែងដ៏រឹងមាំ
ហើយកំទេចប្រាសាទរបស់អ្នកទៀតផង»។
១២ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ជនជាតិអ៊ីស្រាអែលនៅក្រុងសាម៉ារី
ដែលដេកនៅលើគ្រែ និងលើកំរាលព្រំ
ដ៏មានតម្លៃពីស្រុកស៊ីរី
ប្រៀបបាននឹងចៀមដែលគង្វាលដណ្ដើម
យកពីសត្វសិង្ហវិញ ឃើញនៅសល់តែជើងពីរ
និងត្រចៀកមួយដុំតែប៉ុណ្ណោះ។
១៣ ចូរនាំគ្នាស្ដាប់ ហើយយកពាក្យព្រមាននេះ
ទៅប្រាប់កូនចៅលោកយ៉ាកុបផង
– នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់
ជាព្រះនៃពិភពទាំងមូល។
១៤ នៅថ្ងៃដែលយើងនឹងដាក់ទោសអ៊ីស្រាអែល
ព្រោះតែបទល្មើស
យើងក៏នឹងដាក់ទោសពួកគេ
ព្រោះតែអាសនៈនៅបេតអែលដែរ។
ស្នែងដែលនៅជ្រុងទាំងបួននៃអាសនៈនោះ
នឹងត្រូវបាក់បែកធ្លាក់ដល់ដី។
១៥ យើងនឹងធ្វើអោយដំណាក់រដូវរងា
និងដំណាក់រដូវក្ដៅរលំលើគ្នា
វិមានដែលធ្វើពីភ្លុក ក៏ត្រូវបាក់បែក
រីឯផ្ទះដ៏ស្កឹមស្កៃនឹងត្រូវរលំអស់ដែរ»
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។