ព្យាការីអេម៉ូស (០២)

ព្រះបន្ទូលប្រឆាំងនឹងស្រុកម៉ូអាប់
១ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ដោយអ្នកស្រុកម៉ូអាប់បាន
ប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដង
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេបានដុតធាតុរបស់ស្ដេច
ស្រុកអេដុមអោយទៅជាផេះ។
២ ហេតុនេះយើងនឹងអោយភ្លើងឆាបឆេះ
ស្រុកម៉ូអាប់ ព្រមទាំងឆេះកំទេចប្រាសាទ
របស់ក្រុងគេរីយ៉ូតផង។
ស្រុកម៉ូអាប់នឹងវិនាសក្រោមសំរែកជ្រួលច្របល់
សំរែកសឹកសង្គ្រាម និងសំឡេងត្រែ។
៣ យើងនឹងដកស្ដេចចេញពីពួកគេ
ព្រមទាំងប្រហារជីវិតមេដឹកនាំទាំងអស់ដែរ»
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។

ព្រះបន្ទូលប្រឆាំងនឹងស្រុកយូដា
៤ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ដោយអ្នកស្រុកយូដាបាន
ប្រព្រឹត្តអំពើបាបបីបួនលើកផ្ទួនៗគ្នា
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេបានបោះបង់ចោល
វិន័យរបស់យើងជាព្រះអម្ចាស់
ហើយមិនកាន់តាមដំបូន្មានរបស់យើងទេ។
ពួកគេវង្វេងទៅតាមព្រះក្លែងក្លាយ
ដូចដូនតារបស់ពួកគេដែរ។
៥ ហេតុនេះយើងនឹងអោយភ្លើងឆាបឆេះ
ស្រុកយូដា ព្រមទាំងឆេះកំទេចប្រាសាទ
របស់ក្រុងយេរូសាឡឹមផង»។

ព្រះបន្ទូលប្រឆាំងនឹងស្រុកអ៊ីស្រាអែល
៦ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ដោយអ្នកស្រុកអ៊ីស្រាអែលបាន
ប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដង
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេលក់មនុស្សសុចរិតដើម្បីប្រាក់
និងលក់ជនក្រីក្រ ដើម្បីស្បែកជើងមួយគូ។
៧ ពួកគេជិះជាន់សង្កត់សង្កិនជនទុគ៌ត
ហើយរំលោភសិទ្ធិប្រជាជនតូចតាច។
កូន និងឪពុករួមដំណេកជាមួយស្រីតែម្នាក់
ពួកគេធ្វើដូច្នេះ
ប្រមាថនាមដ៏វិសុទ្ធរបស់យើង។
៨ នៅក្បែរអាសនៈរបស់ពួកគេ
ពួកគេដេកលើសម្លៀកបំពាក់ដែលអ្នកក្រ
យកមកបញ្ចាំ។
ពួកគេយកស្រាពីអ្នកដែលត្រូវពិន័យ
ទៅផឹកក្នុងវិហារនៃព្រះរបស់ពួកគេដែរ។
៩ រីឯយើងវិញ យើងបានបំផ្លាញអ្នកស្រុកអាម៉ូរី
ដែលមានកំពស់ដូចដើមគគីរ
និងមានកម្លាំងដូចដើមម៉ៃសាក់
អោយវិនាសសាបសូន្យនៅមុខពួកគេ
គឺយើងបានបំផ្លាញទាំងដើមទាំងប្ញស។
១០ យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីប
និងដឹកនាំអ្នករាល់គ្នានៅវាលរហោស្ថាន
អស់រយៈពេលសែសិបឆ្នាំ
ដើម្បីអោយអ្នករាល់គ្នាចាប់យកទឹកដីអាម៉ូរី។
១១ យើងបានធ្វើអោយពួកព្យាការីងើបឡើង
ពីចំណោមកូនចៅរបស់អ្នករាល់គ្នា
និងអោយពួកណាសៀរ*ងើបឡើង
ពីចំណោមពួកយុវជនរបស់អ្នករាល់គ្នា
តើពិតជាដូច្នេះមែនឬកូនចៅអ៊ីស្រាអែល?
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១២ ប៉ុន្តែ អ្នករាល់គ្នាបង្អកស្រាដល់ពួកណាសៀរ*
អ្នករាល់គ្នាហាមពួកព្យាការីមិនអោយ
ថ្លែងពាក្យក្នុងនាមយើង
១៣ ហេតុនេះយើងនឹងកិនកំទេចអ្នករាល់គ្នា
អោយខ្ទេចខ្ទី ដូចរទេះដឹកស្រូវកិនអ្វីៗទាំងអស់
ដែលនៅក្រោមកង់។
១៤ អ្នករហ័សរហួនពុំអាចគេចខ្លួនបានឡើយ
អ្នកមានកម្លាំងខ្លាំងក្លា មិនអាចបញ្ចេញកម្លាំង
អ្នកចំបាំងដ៏អង់អាច ក៏ពុំអាចសង្គ្រោះជីវិត
របស់ខ្លួនបានដែរ។
១៥ អ្នកពូកែបាញ់ធ្នូ មិនអាចតទល់បាន
អ្នកពូកែរត់ក៏រត់មិនរួច
អ្នកជិះសេះពុំអាចសង្គ្រោះជីវិត
របស់ខ្លួនបានដែរ។
១៦ នៅថ្ងៃនោះអ្នកចំបាំងដ៏ក្លាហានជាងគេ
នឹងរត់ទៅទាំងខ្លួនទទេ»
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។