កិច្ចការ (២៨)

លោក​ប៉ូល​នៅ​កោះ​ម៉ាល់ត៍
1 កាល​បាន​រួច​ជីវិត​ហើយ យើង​ដឹង​ថា កោះ​នោះ​ឈ្មោះ កោះ​ម៉ាល់ត៍។ 2 អ្នក​កោះ​នោះ​បាន​ទទួល​យើង ដោយ​ចិត្ត​សប្បុរស រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន។ គេ​អញ្ជើញ​យើង​ទាំង​អស់​គ្នា​មក​ជុំ‌វិញ​ភ្នក់​ភ្លើង​មួយ​យ៉ាង​ធំ ដែល​គេ​បាន​ដុត ដ្បិត​ពេល​នោះ​មាន​ភ្លៀង​ធ្លាក់ ហើយ​ធាតុ​អាកាស​ក៏​ត្រជាក់​ណាស់​ផង។ 3 លោក​ប៉ូល​រើស​មែក​ឈើ​មួយ​កង​មក​បោះ​ក្នុង​ភ្លើង ស្រាប់​តែ​មាន​ពស់​វែក​មួយ​លូន​ចេញ​មក ដោយ​កម្ដៅ​ភ្លើង ហើយ​ចឹក​ដៃ​លោក​ជាប់។ 4 កាល​អ្នក​កោះ​នោះ​ឃើញ​ពស់​ចឹក​ដៃ​លោក​ជាប់​ដូច្នេះ ក៏​និយាយ​គ្នា​ថា៖ «អ្នក​នេះ​ពិត​ជា​បាន​សម្លាប់​គេ​ហើយ ទោះ​បី​គាត់​ទើប​នឹង​រួច​ខ្លួន​ពី​សមុទ្រ​នោះ​ក៏​ដោយ ក៏​ព្រះ​យុត្តិធម៌​ក មិន​ទុក​ឲ្យ​គាត់​នៅ​រស់​រាន​មាន​ជីវិត​ដែរ»។ 5 លោក​ប៉ូល​បាន​រលាស់​ពស់​នោះ​ទម្លាក់​ទៅ​ក្នុង​ភ្លើង តែ​លោក​ពុំ​ឈឺ​ចុក​ចាប់​អ្វី​ទេ។ 6 អ្នក​កោះ​នោះ​រង់‌ចាំ​មើល​លោក​ប៉ូលហើម​ខ្លួន ឬ​ក៏​ត្រូវ​ដាច់​ខ្យល់​ស្លាប់។ ប៉ុន្តែ ក្រោយ​ពី​ចាំ​មើល​អស់‌រយៈ​ពេល​យ៉ាង​យូរ​មក គេ​ឃើញ​ថា​គ្មាន​ហេតុ​អាក្រក់​កើត​ដល់​លោក​សោះ គេ​ក៏​ដូរ​គំនិត ហើយ​បែរ​ជា​ពោល​ថា លោក​ប៉ូល​ជា​ព្រះ​វិញ។

7 នៅ​ជិត​នោះ មាន​ដី​មួយ​កន្លែង ដែល​ជា​កម្ម‌សិទ្ធិ​របស់​មេ‌កន្ទ្រាញ​កោះ ឈ្មោះ​ពុបលីយូស។ គាត់​បាន​ទទួល​យើង​ឲ្យ​ស្នាក់​នៅយ៉ាង​រាក់‌ទាក់ ចំនួន​បី​ថ្ងៃ។ 8 ឪពុក​របស់​លោក​ពុបលីយូស​សម្រាន្ដ​នៅ​លើ​គ្រែ ព្រោះ​គាត់​គ្រុន​ផង មួល​ផង។ លោក​ប៉ូល​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​គាត់ ហើយ​អធិស្ឋាន​ដាក់​ដៃ*​ពី​លើ និង​ប្រោស​គាត់​ឲ្យ​បាន​ជា។ 9 អ្នក​ជំងឺ​ឯ​ទៀតៗ​នៅ​លើ​កោះ​ឃើញ​គាត់​ជា​ដូច្នេះ គេ​ក៏​នាំ​គ្នា​មក​ដែរ ហើយ​បាន​ជា​ទាំង​អស់​គ្នា។ 10 ពួក​គេ​បាន​សម្ដែង​ការ​គោរព​គ្រប់​យ៉ាង ចំពោះ​យើង។ នៅ​ពេល​យើង​ចេញ​ដំណើរ ពួក​គេ​បាន​ជួយ​ឧបត្ថម្ភ​នូវ​អ្វីៗ​ដែល​យើង​ត្រូវ​ការ។

លោក​ប៉ូល​នៅ​ក្រុង​រ៉ូម |
11 បី​ខែ​ក្រោយ​មក យើង​ចុះ​សំពៅ​មួយ​ឈ្មោះ «ឌីយ៉ូស‌ស្គួរ» ជា​សំពៅ​មក​ពី​ក្រុង​អាឡិច‌សន់ឌ្រី ដែល​បាន​ចត​នៅ​កោះ​នោះ​ក្នុង​អំឡុង​ពេល​រដូវ​រងា។ 12 លុះ​មក​ដល់​ក្រុង​ស៊ីរ៉ា‌គូស យើង​បាន​ស្នាក់​នៅ​ទី​នោះ​បី​ថ្ងៃ។ 13 បន្ទាប់​មក យើង​បាន​សសៀរ​តាម​ឆ្នេរ​សមុទ្រទៅ​ដល់​ក្រុង​រេគីយ៉ូ។ ស្អែក​ឡើង មាន​ខ្យល់​បក់​មក​ពី​ទិស​ខាង​ត្បូង ហើយ​ក្នុង​រវាង​តែ​ពីរ​ថ្ងៃ យើង​មក​ដល់​ក្រុង​ពូតេ‌អូលី។ 14 នៅ​ក្រុង​នោះ យើង​បាន​ជួប​ពួក​បង‌ប្អូន គេ​អញ្ជើញ​យើង​ឲ្យ​ស្នាក់​នៅ​ជា​មួយ​អស់‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ រីឯ​ដំណើរ​របស់​យើង​ទៅ​កាន់​ក្រុង​រ៉ូម បាន​ប្រព្រឹត្ត​ដូច​ត​ទៅ:

15 ពួក​បង‌ប្អូន​នៅ​ក្រុង​រ៉ូម​ដឹង​ដំណឹង​អំពី​យើង ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​រហូត​ទៅ​ដល់​ផ្សារ​អពីយូស និង​ភូមិ​ផ្ទះ​សំណាក​បី​ខ្នង ដើម្បី​ទទួល​យើង។ កាល​លោក​ប៉ូល​ឃើញ​បង‌ប្អូន​ទាំង​នោះ លោក​បាន​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហើយ​មាន​ចិត្ត​ក្លា‌ហាន​ឡើង​វិញ។

16 លុះ​យើង​មក​ដល់​ក្រុង​រ៉ូម​ហើយ អាជ្ញា‌ធរ​អនុញ្ញាត​ឲ្យ​លោក​ប៉ូល​នៅ​ផ្ទះ​មួយ តាម​បំណង​ចិត្ត​លោក តែ​គេ​ដាក់​ទាហាន​ម្នាក់​ឲ្យ​នៅ​យាម​លោក​ខ។

លោក​ប៉ូល​ប្រកាស​ព្រះ‌បន្ទូល​នៅ​ក្រុង​រ៉ូម
17 បី​ថ្ងៃ​ក្រោយ​មក លោក​ប៉ូល​អញ្ជើញ​អ្នក​មុខ​អ្នក​ការ ក្នុង​ចំណោម​ជន​ជាតិ​យូដា​ឲ្យ​មក​ជួប​លោក។ លុះ​គេ​មក​ជួប‌ជុំ​គ្នា​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ប្រឆាំង​នឹង​ប្រជា‌ជាតិ​យើង ឬ​ក៏​ទាស់​នឹង​ប្រពៃណី​បុព្វបុរស*​យើង​ទេ តែ​គេ​បាន​ចាប់​ខ្ញុំ​ឃុំ‌ឃាំង​នៅ​ក្រុង​យេរូ‌សាឡឹម និង​បញ្ជូន​ខ្ញុំ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​រ៉ូម៉ាំង។ 18 កាល​ពួក​រ៉ូម៉ាំង​សួរ​ចម្លើយ​ខ្ញុំ​រួច​រាល់​ហើយ គេ​ចង់​ដោះ​លែង​ខ្ញុំ​វិញ ព្រោះ​គេ​ពុំ​ឃើញ​ខ្ញុំ​មាន​កំហុស​អ្វី គួរ​នឹង​មាន​ទោស​ដល់​ជីវិត​នោះ​ឡើយ។ 19 ប៉ុន្តែ ជន​ជាតិ​យូដា​បាន​នាំ​គ្នា​ជំទាស់ ជា​ហេតុ​បង្ខំ​ឲ្យ​ខ្ញុំ​សុំ​ឡើង​មក​ដល់​ព្រះ‌ចៅ​អធិ‌រាជ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​គ្មាន​គោល​បំណង​នឹង​ចោទ​ប្រកាន់​ប្រជា‌ជាតិ​របស់​ខ្ញុំ​ទេ។ 20 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ជួប និង​សុំ​និយាយ​ជា​មួយ​បង‌ប្អូន ដ្បិត​ខ្ញុំ​ជាប់​ចំណង ព្រោះ​តែ​សេចក្ដី​សង្ឃឹម​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​គ»។ 21 អ្នក​ទាំង​នោះ​តប​វិញ​ថា៖ «យើង​ពុំ​បាន​ទទួល​សំបុត្រ​អ្វី​ពី​ស្រុក​យូដាស្ដី​អំពី​លោក​ឡើយ ហើយ​ក៏​គ្មាន​បង‌ប្អូន​ណា​ម្នាក់​មក​រាយ‌ការណ៍ ឬ​និយាយ​អាក្រក់​ពី​លោក​ដែរ។ 22 យើង​ចង់​ស្ដាប់​លោក​មាន​ប្រសាសន៍​អំពី​គំនិត​របស់​លោក ព្រោះ​យើង​ដឹង​ថា​មាន​គេ​ជំទាស់​នឹង​គណៈ​របស់​លោក​នៅ​គ្រប់​ទី​កន្លែង»។

23 គេ​បាន​ណាត់​ពេល​ជួប​លោក​ប៉ូល​ម្ដង​ទៀត នៅ​ថ្ងៃ​ណា​មួយ។ លុះ​ដល់​ថ្ងៃ​នោះ​ហើយ មាន​មនុស្ស​ច្រើន​ជាង​មុន​មក​ផ្ទះ​លោក​ប៉ូល។ លោក​បាន​វែក‌ញែក និង​ធ្វើ​ជា​បន្ទាល់​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ប្រាប់​គេ​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច ដោយ​លើក​យក​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ និង​គម្ពីរ​ព្យាការី*​មក​ពន្យល់​បញ្ជាក់​ប្រាប់​គេ​អំពី​ព្រះ‌យេស៊ូ។ 24 មាន​ពួក​គេ​មួយ​ផ្នែក​បាន​ជឿ​ពាក្យ​ដែល​លោក​មាន​ប្រសាសន៍ តែ​មួយ​ផ្នែក​ទៀត​ពុំ​ព្រម​ជឿ​ទេ។ 25 ដោយ​ពួក​គេ​ចាក​ចេញ​ពី​ទី​នោះ​ទៅ​ទាំង​ខ្វែង​គំនិត​គ្នា លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​មាន​ព្រះ‌បន្ទូល​មក​កាន់​បុព្វបុរស​យើង តាម‌រយៈ​ព្យាការី​អេសាយ​ពិត​ជា​ត្រូវ​មែន គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖

26 ចូរ​ទៅ​រក​ប្រជា‌រាស្ដ្រ​នោះ 
ហើយ​ប្រាប់​ពួក​គេ​ថា: 
អ្នក​រាល់​គ្នា​ស្ដាប់​ឮ​មែន តែ​ពុំ​យល់​ទេ 
អ្នក​រាល់​គ្នា​មើល​មែន តែ​ពុំ​ឃើញ​ទេ 
27 ដ្បិត​ចិត្ត​របស់​ប្រជា‌រាស្ដ្រ​នេះ​រឹង​ណាស់ 
គេ​បាន​នាំ​គ្នា​ខ្ទប់​ត្រចៀក ហើយ​បិទ​ភ្នែក 
ដើម្បី​កុំ​ឲ្យ​មើល​ឃើញ កុំ​ឲ្យ​ស្ដាប់​ឮ 
និង​ដើម្បី​កុំ​ឲ្យ​យល់ 
ហើយ​ក៏​មិន​ចង់​កែ​ប្រែ​ចិត្ត​គំនិត​ដែរ 
ក្រែង​លោ​យើង​ប្រោស​គេ​ឲ្យ​បាន​ជា»

28 ហេតុ​នេះ សូម​បង‌ប្អូន​ជ្រាប​ថា ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌បន្ទូល ស្ដី​អំពី​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​ឲ្យ​សាសន៍​ដទៃ​វិញ ព្រោះ​គេ​មុខ​ជា​ស្ដាប់​មិន​ខាន។ 29 [កាល​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ជន​ជាតិ​យូដា​ក៏​ចេញ​ទៅ ទាំង​ជជែក​គ្នា​យ៉ាង​ខ្លាំង​ផង]។ 30 លោក​ប៉ូលបាន​ស្នាក់​នៅ​ផ្ទះ​ដែល​លោក​បាន​ជួល​នោះ អស់‌រយៈ​ពេល​ពីរ​ឆ្នាំ ហើយ​លោក​តែង​ទទួល​អស់​អ្នក​ដែល​មក​ជួប​លោក។ 31 លោក​បាន​ប្រកាស​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់ និង​បង្រៀន​គេ​អំពី​ព្រះ‌យេស៊ូ‌គ្រីស្ដ​ដោយ​ចិត្ត​អង់‌អាច ហើយ​គ្មាន​អ្វី​មក​រារាំង​លោក​ឡើយ។