កិច្ចការ (១៦)

លោក​ធីម៉ូថេ​រួម​ដំណើរ​ជា​មួយ​លោក​ប៉ូល និង​លោក​ស៊ីឡាស
1 លោក​ប៉ូល​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ឌើបេ រួច​ទៅ​ដល់​ក្រុង​លីស្ដ្រា។ នៅ​ក្រុង​លីស្ដ្រា​នោះ មាន​សាវ័ក*​មួយ​រូប​ឈ្មោះ​ធីម៉ូថេ ជា​កូន​របស់​ស្ត្រី​សាសន៍​យូដា​ម្នាក់​ជា​អ្នក​ជឿ ឪពុក​គាត់​ជា​សាសន៍​ក្រិក 2 គាត់​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ ក្នុង​ចំណោម​បង‌ប្អូន​នៅ​ក្រុង​លីស្ដ្រា និង​បង‌ប្អូន​នៅ​ក្រុង​អ៊ីកូ‌ញ៉ុម។ 3 លោក​ប៉ូល​មាន​បំណង​នាំ​គាត់​រួម​ដំណើរ​ទៅ​ជា​មួយ​ដែរ។ លោក​ក៏​យក​គាត់​មក​ធ្វើ​ពិធី​កាត់ស្បែក*​ឲ្យ ព្រោះ​យោគ‌យល់​ដល់​សាសន៍​យូដា​នៅ​ស្រុក​នោះ ដ្បិត​គេ​ដឹង​គ្រប់​គ្នា​ថា​ឪពុក​គាត់​ជា​សាសន៍​ក្រិក។ 4 នៅ​តាម​ក្រុង​នានា ដែល​ពួក​លោក​ប៉ូល​ធ្វើ​ដំណើរ​កាត់ លោក​បាន​ប្រាប់​អ្នក​ជឿ​ឲ្យ​ដឹងអំពី​សេចក្ដី​សម្រេច​របស់​ក្រុម​គ្រីស្ដ‌ទូត* និង​ក្រុម​ព្រឹទ្ធា‌ចារ្យ* នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​សុំ​ឲ្យ​គេ​អនុវត្ត​តាម។ 5 ព្រះ‌សហគមន៍​នានាក៏​មាន​ជំនឿ​កាន់​តែ​មាំ‌មួន​រៀង​រាល់​ថ្ងៃ ហើយ​មាន​គ្នា​កាន់​តែ​ច្រើន​ជា​លំដាប់។

លោក​ប៉ូល​នៅ​ក្រុង​ត្រូអាស ព្រះ‌ជាម្ចាស់​ចាត់​លោក​ឲ្យ​ទៅ​ស្រុក​ម៉ាសេ‌ដូន
6 ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​បាន​ឃាត់​ពួក​លោក​ប៉ូល មិន​ឲ្យ​ទៅ​ប្រកាស​ព្រះ‌បន្ទូល​នៅ​ស្រុក​អាស៊ី​ទេ ហេតុ​នេះ​ហើយ​បាន​ជា​លោក​នាំ​គ្នា​ធ្វើ​ដំណើរ​កាត់​ស្រុក​ព្រីគី និង​ដែន​ដី​កាឡា‌ទី។ 7 ពេល​ទៅ​ដល់​ជិត​ស្រុក​មីស៊ី លោក​មាន​បំណង​ទៅ​ស្រុក​ប៊ីធូ‌នី ប៉ុន្តែ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេស៊ូ​ពុំ​អនុញ្ញាត​ឲ្យ​ទៅ​ទេ។ 8 ដូច្នេះ លោក​ក៏​នាំ​គ្នា​ឆ្លង​កាត់​ស្រុក​មីស៊ីទៅ​ដល់​ក្រុង​ត្រូអាស។ 9 នៅ​ពេល​យប់ លោក​ប៉ូល​បាន​និមិត្ត​ឃើញ​អ្នក​ស្រុក​ម៉ាសេ‌ដូន​ម្នាក់ ឈរ​អង្វរ​លោក​ថា៖ «សូម​លោក​ឆ្លង​មក​ស្រុក​ម៉ាសេ‌ដូន ជួយ​យើង​ខ្ញុំ​ផង!»។ 10 ក្រោយ​ពេល​លោក​បាន​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ​នេះ​ហើយ យើង​ក​ក៏​រូត‌រះ​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ាសេ‌ដូន ព្រោះ​យើង​ជឿ​ជាក់​ថា ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​យើង​ឲ្យ​ទៅ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ដល់​អ្នក​ស្រុក​នោះ។

លោក​ប៉ូល​នៅ​ក្រុង​ភីលីព នាង​លីឌី​ប្រែ​ចិត្ត​គំនិត​មក​ជឿ​ព្រះ‌អម្ចាស់
11 នៅ​ក្រុង​ត្រូអាស យើង​បាន​ចុះ​សំពៅ ធ្វើ​ដំណើរ​តម្រង់​ឆ្ពោះ​ទៅ​កោះ​សាម៉ូ‌ត្រាស​តែ​ម្ដង។ ស្អែក​ឡើង​យើង​បាន​ទៅ​ដល់​ក្រុង​ណេអា‌ប៉ូលី 12 រួច​យើង​ចេញ​ដំណើរ​ពី​ក្រុង​នោះ​ឆ្ពោះ​ទៅ​ក្រុង​ភីលីព ជា​ក្រុង​ធំ​ជាង​គេ​ក្នុង​ស្រុក​ម៉ាសេ‌ដូន ហើយ​ជា​ក្រុង​ដែល​មាន​ឯក‌សិទ្ធិ​ពិសេស​នៅ​ក្នុង​ចក្រភព​រ៉ូម៉ាំង។ យើង​បាន​ស្នាក់​នៅ​ក្រុង​នោះ​ជា​ច្រើន​ថ្ងៃ។

13 នៅ​ថ្ងៃ​សប្ប័ទ* យើង​បាន​ចេញ​ទៅ​ខាង​ក្រៅ​ទ្វារ​ក្រុង សំដៅ​ទៅ​មាត់​ស្ទឹង​មួយ ដោយ​នឹក​គិត​ថានឹង​មាន​កន្លែង​អធិស្ឋាន*។ យើង​ក៏​នាំ​គ្នា​អង្គុយ ហើយ​និយាយ​ជា​មួយ​ពួក​ស្ត្រី​ដែល​មក​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ។ 14 មាន​ស្ត្រី​ម្នាក់​ដែល​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ឈ្មោះ​លីឌី ជា​អ្នក​ស្រុក​ធីយ៉ាទៀរ និង​ជា​ឈ្មួញ​ក្រណាត់​ពណ៌​ក្រហម​ដ៏​មាន​តម្លៃ។ ពេល​នោះ នាង​ផ្ទៀង​ត្រចៀក​ស្ដាប់ ព្រះ‌អម្ចាស់​ក៏​បាន​បំភ្លឺ​ចិត្ត​គំនិត​នាង ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ដែល​លោក​ប៉ូល​មាន​ប្រសាសន៍។ 15 បន្ទាប់​ពី​នាង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ជា​មួយ​ក្រុម​គ្រួសារ​របស់​នាង​រួច​ហើយ នាង​បាន​អញ្ជើញ​យើង​ទៅ​ស្នាក់​នៅ​ផ្ទះ​នាង ដោយ​ពោល​ថា៖ «បើ​លោក​យល់​ឃើញ​ថា នាង​ខ្ញុំ​ពិត​ជា​ជឿ​លើ​ព្រះ‌អម្ចាស់​មែន សូម​អញ្ជើញ​ទៅ​ស្នាក់​នៅ​ឯ​ផ្ទះ​របស់​នាង​ខ្ញុំ​ទៅ!»។ នាង​បាន​ទទូច​សុំ​ឲ្យ​យើង​យល់​ព្រម តាម​សេចក្ដី​អញ្ជើញ​របស់​នាង។

លោក​ប៉ូល និង​លោក​ស៊ីឡាស​ជាប់​ឃុំ‌ឃាំង​នៅ​ក្រុង​ភីលីព
16 មាន​ថ្ងៃ​មួយ ពេល​យើង​ធ្វើ​ដំណើរ​ទៅ​កន្លែង​អធិស្ឋាន* មាន​ស្រី​បម្រើ​គេ​ម្នាក់​មក​ជួប​យើង នាង​មាន​ខ្មោច​ឈ្មោះ​ភីថុន​ចូល នាំ​ឲ្យ​នាង​ចេះ​ទាយ ធ្វើ​ឲ្យ​ពួក​ម្ចាស់​របស់​នាង​បាន​ទទួល​កម្រៃ​យ៉ាង​ច្រើន។ 17 នាង​ដើរ​តាម​ក្រោយ​លោក​ប៉ូល និង​យើង ទាំង​ស្រែក​ថា៖ «លោក​ទាំង​នេះ​ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត លោក​នាំ​ដំណឹង​អំពី​មាគ៌ា​នៃ​ការ​សង្គ្រោះ​មក​ប្រាប់​អ្នក​រាល់​គ្នា»។ 18 នាង​ធ្វើ​បែប​នេះ​អស់‌រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ដោយ​លោក​ប៉ូល​ទាស់​ចិត្ត​ជា​ខ្លាំង ក៏​ងាក​ទៅ​ក្រោយ បញ្ជា​ខ្មោច​ថា៖ «ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រីស្ដ* ចូរ​ចេញ​ពី​នាង​ទៅ!»។ ខ្មោច​ក៏​ចេញ​ពី​នាង​ភ្លាម។ 19 កាល​ពួក​ម្ចាស់​របស់​ស្រី​បម្រើ​នោះ​ឃើញ​ថាលែង​មាន​សង្ឃឹម​នឹង​បាន​កម្រៃ​អ្វី​ទៀត គេ​ក៏​នាំ​គ្នា​ចាប់​លោក​ប៉ូល និង​លោក​ស៊ីឡាស អូស​យក​ទៅ​ជូន​ចៅ‌ក្រម​នៅ​លាន​សាធារណៈ ក្នុង​ទីក្រុង។ 20 ចៅ‌ក្រម​នាំ​លោក​ទាំង​ពីរ​ទៅ​ជួប​ពួក​អាជ្ញា‌ធរ ពោល​ថា៖ «ជន​ជាតិ​យូដា​ទាំង​នេះ​បង្ក​ឲ្យ​មាន​ចលាចល​នៅ​ក្នុង​ក្រុង​យើង។ 21 គេ​នាំ​ទំនៀម‌ទម្លាប់​ផ្សេងៗ​មក​ផ្សាយ​ប្រាប់​យើង ជា​ទំនៀម‌ទម្លាប់​ដែល​យើង ជន​ជាតិ​រ៉ូម៉ាំង គ្មាន​សិទ្ធិ​នឹង​ទទួល ឬ​អនុវត្ត​តាម​បាន​ឡើយ»។ 22 បណ្ដា‌ជន​ក៏​លើក​គ្នា​មក​ប្រឆាំង​នឹង​លោក​ទាំង​ពីរ​ដែរ។ ពួក​អាជ្ញា‌ធរ​បាន​បញ្ជា​ឲ្យ​គេ​ដោះ​សម្លៀក‌បំពាក់​លោក​ប៉ូល និង​លោក​ស៊ីឡាស​ចេញ រួច​បញ្ជា​ឲ្យ​វាយ​នឹង​រំពាត់។ 23 ក្រោយ​ពី​បាន​វាយ​លោក​ទាំង​ពីរ​ច្រើន​រំពាត់​ហើយ គេ​ក៏​យក​លោក​ទៅ​ដាក់​ក្នុង​ទី​ឃុំ‌ឃាំង ទាំង​បញ្ជា​ឲ្យ​យាម​យ៉ាង​មធ្យ័ត​ផង។ 24 ឆ្មាំ​គុក​ក៏​យក​លោក​ទាំង​ពីរ​ទៅ​ឃុំ​ក្នុង​គុក​ងងឹត និង​ដាក់​ខ្នោះ​ជើង តាម​បញ្ជា​ដែល​គាត់​បាន​ទទួល។

25 ប្រមាណ​ជា​ពាក់​កណ្ដាល​អធ្រាត្រ លោក​ប៉ូល និង​លោក​ស៊ីឡាស នាំ​គ្នា​អធិស្ឋាន និង​ច្រៀង​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់។ អ្នក​ទោស​ឯ​ទៀតៗ​ស្ដាប់​លោក​ទាំង​ពីរ។ 26 រំពេច​នោះ ស្រាប់​តែ​មាន​រញ្ជួយ​ផែន‌ដី​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​កក្រើក​ដល់​គ្រឹះ​ទី​ឃុំ‌ឃាំង ទ្វារ​គុក​ទាំង​ប៉ុន្មាន​ក៏​របើក​ឡើង​ភ្លាម រីឯ​ច្រវាក់​ដែល​គេ​ដាក់​អ្នក​ទោស​ក៏​របូត​ចេញ​អស់​ដែរ។ 27 ពេល​នោះ ឆ្មាំ​គុក​ភ្ញាក់​ឡើង លុះ​គាត់​ឃើញ​ទ្វារ​គុក​របើក​ដូច្នេះ គាត់​ក៏​ហូត​ដាវ​បម្រុង​នឹង​សម្លាប់​ខ្លួន ព្រោះ​នឹក​ស្មាន​ថា​អ្នក​ទោស​រត់​បាត់​អស់​ហើយ។ 28 ប៉ុន្តែ លោក​ប៉ូល​បាន​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «កុំ​ធ្វើ​បាប​ខ្លួន​អី យើង​ទាំង​អស់​គ្នា​នៅ​ឯ​នេះ​ទេ!»។ 29 ឆ្មាំ​គុក​សុំ​ឲ្យ​គេ​យក​ភ្លើង​មក រួច​ប្រញាប់‌ប្រញាល់​ចូល​ទៅ​ក្នុង​គុក។ គាត់​ក្រាប​ចុះ​នៅ​មុខ​លោក​ប៉ូល និង​លោក​ស៊ីឡាស ទាំង​ញាប់‌ញ័រ។ 30 គាត់​នាំ​លោក​ទាំង​ពីរ​ចេញ​មក​ក្រៅ ពោល​ថា៖ «លោក​ម្ចាស់! តើ​ខ្ញុំ​ប្របាទ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​បាន​ទទួល​ការ​សង្គ្រោះ?»។ 31 លោក​តប​ទៅ​គាត់​វិញ​ថា៖ «សូម​ជឿ​លើ​ព្រះ‌អម្ចាស់‌យេស៊ូ​ទៅ នោះ​ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​លោក ព្រម​ទាំង​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ»។ 32 បន្ទាប់​មក លោក​ទាំង​ពីរ​បាន​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ប្រាប់​គាត់ និង​ប្រាប់​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ផ្ទះ​គាត់។ 33 ពេល​នោះ ឆ្មាំ​គុក​នាំ​លោក​ទាំង​ពីរ​មក​លាង​ស្នាម​របួស​ទាំង​យប់ ហើយ​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់ ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ភ្លាម។ 34 គាត់​បាន​នាំ​លោក​ទាំង​ពីរ​ឡើង​ទៅ​ផ្ទះ​គាត់ រៀបចំ​ម្ហូប​អាហារ​ជូន។ គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​មាន​អំណរ​សប្បាយ ដោយ​បាន​ជឿ​លើ​ព្រះ‌ជាម្ចាស់។

35 លុះ​ភ្លឺ​ឡើង ពួក​អាជ្ញា‌ធរ​បាន​ចាត់​តម្រួត​ឲ្យ​ទៅ​ប្រាប់​ឆ្មាំ​គុក​ថា៖ «ចូរ​ដោះ​លែង​អ្នក​ទាំង​នោះ​ទៅ!»។ 36 ឆ្មាំ​គុក​បាន​នាំ​ដំណឹង​នេះ​ទៅ​ជម្រាប​លោក​ប៉ូល​ថា៖ «ពួក​អាជ្ញា‌ធរ​បាន​ចាត់​គេ​មក​ប្រាប់​ឲ្យ​ដោះ​លែង​លោក​ហើយ ដូច្នេះ សូម​លោក​ចេញ​ទៅ​ឲ្យ​បាន​សុខ‌សាន្ត​ចុះ»។ 37 ប៉ុន្តែ លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​តម្រួត​ទាំង​នោះ​ថា៖ «យើង​ជា​ជន​ជាតិ​រ៉ូម៉ាំង​ខ គេ​បាន​វាយ​យើង​នឹង​រំពាត់​នៅ​មុខ​ប្រជុំ​ជន ដោយ​ពុំ​បាន​ជំនុំ​ជម្រះ​ជា​មុន ហើយ​ក៏​យក​យើង​មក​ដាក់​គុក​ទៀត ឥឡូវ​នេះ គេ​ចង់​ដោះ​លែង​យើង​ដោយ​ស្ងាត់ៗ! ទេ មិន​បាន​ទេ! លោក​ទាំង​នោះ​ត្រូវ​តែ​មក​ដោះ​លែង​យើង​ផ្ទាល់​តែ​ម្ដង ទើប​បាន»។ 38 ពួក​តម្រួត​នាំ​ពាក្យ​នេះ​ទៅ​ជម្រាប​ពួក​អាជ្ញា‌ធរ។ កាល​ដឹង​ថាលោក​ទាំង​ពីរ​មាន​សញ្ជាតិ​រ៉ូម៉ាំង​ដូច្នេះ ពួក​អាជ្ញា‌ធរ​ភ័យ​ខ្លាច​ជា​ខ្លាំង។ 39 គេ​នាំ​គ្នា​មក​អង្វរ​ករ​សុំ​ទោស​លោក​ទាំង​ពីរ រួច​ដោះ​លែង​លោក និង​អង្វរ​ឲ្យ​លោក​ចាក​ចេញ​ពី​ក្រុង​នោះ​ផង។ 40 លោក​ទាំង​ពីរ​ចេញ​ពី​ទី​ឃុំ‌ឃាំង ចូល​ទៅ​ផ្ទះ​របស់​នាង​លីឌី ហើយ​បាន​ជួប​ពួក​បង‌ប្អូន ព្រម​ទាំង​បាន​លើក​ទឹក​ចិត្ត​គេ​ទៀត​ផង រួច​ទើប​លោក​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញ​ទៅ។