កិច្ចការ (១១)

លោក​សិលា​ធ្វើ​សេចក្ដី​រាយ‌ការណ៍​ជូន​ក្រុម​អ្នក​ជឿ​នៅ​ក្រុង​យេរូ‌សាឡឹម
1 ក្រុម​គ្រីស្ដ‌ទូត* និង​បង‌ប្អូន​នៅ​ស្រុក​យូដា ឮ​ដំណឹង​ថា សាសន៍​ដទៃ​បាន​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដែរ។ 2 កាល​លោក​សិលា​ឡើង​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ អ្នក​ជឿ​ដែល​ជា​សាសន៍​យូដា​កនាំ​គ្នា​រិះគន់​លោក​ថា៖ 3 «លោក​បាន​ចូល​ក្នុង​ផ្ទះ​សាសន៍​ដទៃឆ  ហើយ​ក៏​បាន​បរិភោគ​ជា​មួយ​ពួក​គេ​ថែម​ទៀត​ផង!»។

4 លោក​សិលា​ក៏​រៀប​រាប់​ប្រាប់​គេ​យ៉ាង​ក្បោះ‌ក្បាយ​ថា៖ 5 «កាល​ខ្ញុំ​នៅ​ក្រុង​យ៉ុប‌ប៉េ ក្នុង​ពេល​អធិស្ឋាន* ខ្ញុំ​លង់​ស្មារតី និមិត្ត​ឃើញ​វត្ថុ​ម្យ៉ាង​ដូច​កម្រាល​តុ​មួយ​យ៉ាង​ធំ ដែល​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង ចុះ​ពី​លើ​មក​ដល់​ខ្ញុំ។ 6 ពេល​ខ្ញុំ​ពិនិត្យ​យ៉ាង​ដិត​ដល់​ទៅ ខ្ញុំ​ឃើញ​មាន​សត្វ​ចតុប្បាទ សត្វ​ព្រៃ សត្វ​លូន​វារ និង​បក្សា‌បក្សី។ 7 ខ្ញុំ​ក៏​បាន​ឮ​ព្រះ​សូរសៀង​បញ្ជា​មក​ខ្ញុំ​ថាៈ “សិលា​អើយ! ចូរ​សម្លាប់​សត្វ​ទាំង​នេះ​បរិភោគ​ទៅ!”។ 8 ប៉ុន្តែ ខ្ញុំ​ទូល​ទៅ​វិញ​ថាៈ “ទេ ព្រះ‌អម្ចាស់ ទូលបង្គំ​ពុំ​ដែល​ទទួល​ទាន​អ្វី​ដែល​វិន័យ*​ហាម​ឃាត់ ឬ​មិន​បរិសុទ្ធ*​ទាល់​តែ​សោះ”។ 9 ព្រះ​សូរសៀង​នោះ​ក៏​បន្លឺ​ចុះ​ពី​លើ​មេឃ​មក ជា​លើក​ទី​ពីរ​ថាៈ “អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថា​វិន័យ​ហាម​ឃាត់​នោះ​ឡើយ!”។ 10 ហេតុ‌ការណ៍​នេះ​បាន​កើត​មាន​ដល់​ទៅ​បី​ដង ទើប​វត្ថុ​នោះ​ឡើង​ទៅ​លើ​មេឃ​វិញ​អស់។ 11 ពេល​នោះ ស្រាប់​តែ​មាន​បុរស​បី​នាក់ ដែល​គេ​ចាត់​ពី​ក្រុង​សេសារេ​ឲ្យ​មក​រក​ខ្ញុំ បាន​មក​ដល់​ផ្ទះ​ដែល​យើង​ស្នាក់​នៅ។ 12 ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ប្រាប់​ខ្ញុំ​ឲ្យ​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ កុំ​រារែក​ឡើយ។ ពេល​នោះ មាន​បង‌ប្អូន​ប្រាំ​មួយ​នាក់បាន​ជូន​ដំណើរ​ខ្ញុំ​ទៅ​ដែរ ហើយ​យើង​បាន​ទៅ​ដល់​ផ្ទះ​លោក​គ័រនេល្យូស។ 13 លោក​បាន​រៀប​រាប់​ប្រាប់​យើង​ថា លោក​បាន​ឃើញ​ទេវទូត​មក​ជួប​លោក​នៅ​ក្នុង​ផ្ទះ ទាំង​ពោល​ថាៈ “សុំ​លោក​ចាត់​មនុស្ស​ឲ្យ​ទៅ​ក្រុង​យ៉ុប‌ប៉េ រក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ហៅ​សិលា 14 គាត់​នឹង​ប្រកាស​ព្រះ‌បន្ទូល​ដែល​ផ្ដល់​ការ​សង្គ្រោះ​ឲ្យ​លោក និង​ក្រុម​គ្រួសារ​របស់​លោក​ទាំង​មូល”។ 15 នៅ​ពេល​ខ្ញុំ​ចាប់​ផ្ដើម​និយាយ ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ពួក​គេ ដូច​ព្រះ‌អង្គ​បាន​យាង​ចុះ​មក​សណ្ឋិត​លើ​យើង កាល​ពី​ដើម​ដំបូង​នោះ​ដែរ។ 16 ពេល​នោះ ខ្ញុំ​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ថា “លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​គេ​ក្នុង​ទឹក រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ក្នុង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ”។ 17 ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌អំណោយ​ទាន​ដល់​គេ ដូច​ព្រះ‌អង្គ​ប្រទាន​មក​យើង ដែល​ជឿ​លើ​ព្រះ‌អម្ចាស់​យេស៊ូ‌គ្រីស្ដ​ដែរ​នោះ តើ​រូប​ខ្ញុំ​នេះ​មាន​អំណាច​អ្វី​នឹង​ឃាត់​ឃាំង​ព្រះ‌ជាម្ចាស់​បាន?»។ 18 កាល​ពួក​អ្នក​ជឿ​បាន​ឮ​សេចក្ដី​ទាំង​នេះ គេ​ក៏​ធូរ​ចិត្ត ហើយ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ ទាំង​ពោល​ថា៖ «សូម្បី​តែ​សាសន៍​ដទៃក៏​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ទទួល​ជីវិត​ដែរ!»។

ក្រុម​គ្រីស្ដ‌បរិស័ទ​នៅ​ក្រុង​អន់‌ទី‌យ៉ូក
19 ក្រោយ​ពី​ជន​ជាតិ​យូដា​បាន​សម្លាប់​លោក​ស្ទេផាន​ហើយ ពួក​គេ​ក៏​បៀត‌បៀន​អ្នក​ជឿ ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ខ្ចាត់‌ខ្ចាយ អ្នក​ខ្លះ​ទៅ​ដល់​ស្រុក​ភេនីស៊ី អ្នក​ខ្លះ​ទៅ​ដល់​កោះ​គីប្រុស និង​អ្នក​ខ្លះ​ទៀត​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក។ អ្នក​ជឿ​ទាំង​នោះ​ពុំ​បាន​ប្រកាស​ព្រះ‌បន្ទូល​ប្រាប់​នរណា​ផ្សេង​ទៀត ក្រៅ​ពី​សាសន៍​យូដា​ឡើយ។ 20 ក៏​ប៉ុន្តែ មាន​អ្នក​ជឿ​ខ្លះ​ពី​កោះ​គីប្រុស និង​ពី​ស្រុក​គីរេន​មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក ហើយ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​ស្ដី​អំពី​ព្រះ‌អម្ចាស់‌យេស៊ូ ប្រាប់​ពួក​អ្នក​ដែល​និយាយ​ភាសា​ក្រិក។ 21 ព្រះ‌អម្ចាស់​បាន​ជួយ​ជ្រោម‌ជ្រែង​គេ ហើយ​មាន​មនុស្ស​ដ៏​ច្រើន​លើស‌លប់​បាន​ជឿ ព្រម​ទាំង​បែរ​ចិត្ត​គំនិត​មក​រក​ព្រះ‌អម្ចាស់​ផង។

22 ព្រះ‌សហគមន៍*​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ឮ​ដំណឹង​នេះ ក៏​ចាត់​លោក​បារណា‌បាស​ឲ្យ​ទៅ​ក្រុង​អន់‌ទី‌យ៉ូក។ 23 កាល​គាត់​ទៅ​ដល់ បាន​ឃើញ​ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​ពួក​គេ​ដូច្នេះ គាត់​ត្រេក​អរ​សប្បាយ ហើយ​ទូន្មាន​គេ​ទាំង​អស់​គ្នា​ឲ្យ​ប្ដេជ្ញា​ចិត្ត​នៅ​ស្មោះ‌ត្រង់​នឹង​ព្រះ‌អម្ចាស់​ជា‌និច្ច។ 24 លោក​បារណា‌បាស​ជា​មនុស្ស​ម្នាក់​មាន​ចិត្ត​សប្បុរស ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ និង​ដោយ​ជំនឿ។ ពេល​នោះ មាន​បណ្ដា‌ជន​ជា​ច្រើន​បាន​មក​ចូល​រួម​ជា​មួយ​ព្រះ‌អម្ចាស់។

25 បន្ទាប់​មក​ទៀត លោក​បារណា‌បាស​ចេញ​ដំណើរ​ទៅ​រក​លោក​សូល នៅ​ក្រុង​តារសុស។ 26 កាល​បាន​ជួប​ហើយ គាត់​ក៏​នាំ​លោក​មក​ក្រុង​អន់‌ទី‌យ៉ូក។ លោក​ទាំង​ពីរ​បាន​រស់​នៅ​ជា​មួយ​ព្រះ‌សហគមន៍ អស់‌រយៈ​ពេល​មួយ​ឆ្នាំ ហើយ​បង្រៀន​បណ្ដា‌ជន​ជា​ច្រើន​ផង។ នៅ​ក្រុង​អន់‌ទី‌យ៉ូក​នោះ​ហើយ ដែល​គេ​ហៅ​ពួក​សាវ័ក ជា​លើក​ទី​មួយ​ថា «គ្រីស្ដ‌បរិស័ទ»​

27 នៅ​គ្រា​នោះ មាន​ពួក​ព្យាការី*​ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូ‌សាឡឹម មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក។ 28 ក្នុង​ចំណោម​ព្យាការី​ទាំង​នោះ មាន​ម្នាក់​ឈ្មោះ​អកា‌ប៊ូស។ ដោយ​ព្រះ‌វិញ្ញាណ​បាន​បំភ្លឺ គាត់​ក្រោក​ឡើង​ប្រាប់​ពួក​អ្នក​ជឿ​ឲ្យ​ដឹង​ថា បន្ដិច​ទៀត​នឹង​មាន​កើត​ទុរ្ភិក្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល (ទុរ្ភិក្ស​នោះ​ក៏​កើត​មាន​មែន គឺ​នៅ​ក្នុង​រជ្ជ‌កាល​ព្រះ‌ចៅ​អធិ‌រាជ​ក្លូដ​)។ 29 ពួក​សាវ័ក*​នាំ​គ្នា​សម្រេច​ចិត្ត​ផ្ញើ​ជំនួយ តាម​សមត្ថ‌ភាព​រៀងៗ​ខ្លួន ទៅ​ជូន​បង‌ប្អូន​នៅ​ស្រុក​យូដា។ 30 គេ​បាន​ប្រមូល​ប្រាក់ ហើយ​ផ្ញើ​តាម​លោក​បារណា‌បាស និង​លោក​សូល​យក​ទៅ​ជូន​ពួក​ព្រឹទ្ធា‌ចារ្យ*។