អត្ថបទព្រះកម្ពីរ ថ្ងៃអង្គារទី២៤ ខែកញ្ញា ឆ្នាំ២០២៤

សុភាសិត ២១ៈ ១-៦,១០-១៣

ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ផ្អៀង​ព្រះ‌ហស្ដ​ទៅ​ខាង​ណា ទឹក​ហូរ​ទៅ​ខាង​នោះ។ មនុស្ស​គ្រប់ៗ​រូប​តែង​យល់​ថា អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ត្រឹម‌ត្រូវ ក៏​ប៉ុន្តែ មាន​តែ​ព្រះ‌អម្ចាស់​ទេ ដែល​ឈ្វេង​យល់​ចិត្ត​របស់​មនុស្ស។ ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចំពោះ​យុត្តិ‌ធម៌ និង​សេចក្ដី​ទៀង‌ត្រង់ ជាង​ការ​ថ្វាយ​យញ្ញ‌បូជា​ទៅ​ទៀត។ ទឹក​មុខ​ក្រអឺត‌ក្រទម និង​ចិត្ត​ព្រហើន បង្ហាញ​ឲ្យ​ឃើញ​នូវ​អំពើ​បាប​របស់​មនុស្ស​អាក្រក់។ អ្នក​ដែល​ធ្វើ​ការ​អ្វី​មួយ​ដោយ​ពិចារណា​យ៉ាង​ម៉ត់‌ចត់ រមែង​ទទួល​ផល​បរិបូណ៌ រីឯ​អ្នក​ដែល​ធ្វើ​អ្វី​មួយ​ដោយ​តក់‌ក្រហល់ តែង‌តែ​ជួប​អត្ត‌ខាត់។ អ្នក​ដែល​រក​ទ្រព្យ‌សម្បត្តិ​បាន​ដោយ​បោក‌ប្រាស់​គេ ជា​មនុស្ស​បញ្ឆោត​ខ្លួន​ឯង ហើយ​រត់​ទៅ​រក​សេចក្ដី​ស្លាប់។

១០ មនុស្ស​ពាល​គិត​តែ​ពី​ធ្វើ​បាប​គេ សូម្បី​តែ​មិត្ត​សម្លាញ់​របស់​ខ្លួន​ក៏​វា​មិន​ត្រា‌ប្រណី​ដែរ។ ១១ បើ​ដាក់​ទោស​មនុស្ស​ចំអក​ឡក‌ឡឺយ នោះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ល្ងង់​មាន​ប្រាជ្ញា។ បើ​ទូន្មាន​អ្នក​មាន​ប្រាជ្ញា នោះ​គេ​នឹង​ទទួល​ចំណេះ។ ១២ ព្រះ​ដ៏​សុចរិត​តែង‌តែ​ឃ្លាំ​មើល​ក្រុម​គ្រួសារ​របស់​មនុស្ស​អាក្រក់ ហើយ​ធ្វើ​ឲ្យ​គេ​អន្តរាយ។ ១៣ អ្នក​ណា​ធ្វើ​ជា​ថ្លង់ មិន​ឮ​សម្រែក​របស់​មនុស្ស​ទុរគត លុះ​ពេល​មាន​អាសន្ន​ស្រែក​ហៅ​ឲ្យ​គេ​ជួយ នឹង​គ្មាន​នរណា​អើពើ​ឡើយ។

ទំនុកតម្កើង ១១៩ៈ ២៧,៣០,៣៤,៣៥,៤៤

២៧ សូម​ជួយ​ទូល‌បង្គំ​ឲ្យ​យល់​អំពី​អត្ថ‌ន័យ

នៃ​ច្បាប់​របស់​ព្រះ‌អង្គ

ដើម្បី​ឲ្យ​ទូល‌បង្គំ​អាច​សញ្ជឹង​គិត​ពី​ការ​អស្ចារ្យ

ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​សម្ដែង!។

៣០ ទូល‌បង្គំ​ប្ដេជ្ញា​ចិត្ត​ស្មោះ‌ត្រង់​នឹង​ព្រះ‌អង្គ

ទូល‌បង្គំ​សុខ​ចិត្ត​ធ្វើ​តាម​ព្រះ‌បន្ទូល

ដែល​ព្រះ‌អង្គ​បង្គាប់​មក។

៣៤ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា

ដើម្បី​រក្សា​វិន័យ​របស់​ព្រះ‌អង្គ

ហើយ​ប្រតិបត្តិ​តាម​យ៉ាង​អស់​ពី​ចិត្ត!។

៣៥ សូម​នាំ​ទូល‌បង្គំ​ដើរ​តាម​មាគ៌ា

នៃ​វិន័យ​របស់​ព្រះ‌អង្គ

ដ្បិត​ទូល‌បង្គំ​ពេញ​ចិត្ត​នឹង​វិន័យ

ទាំង​នេះ​ណាស់។

៤៤ ទូល‌បង្គំ​នឹង​គោរព​តាម​វិន័យ​របស់​ព្រះ‌អង្គ

ជា‌និច្ច​និរន្តរ៍​រហូត​ត​រៀង​ទៅ។

៤៤ ទូល‌បង្គំ​នឹង​គោរព​តាម​វិន័យ​របស់​ព្រះ‌អង្គ

ជា‌និច្ច​និរន្តរ៍​រហូត​ត​រៀង​ទៅ។

ដំណឹងល្អ លូកា ៨ៈ ១៩-២១

មាតា និង​បង‌ប្អូន​របស់​ព្រះ‌យេស៊ូ

(ម៉ាថាយ ១២.៤៦-៥០ ម៉ាកុស ៣.៣១-៣៥)

១៩ មាតា និង​បង‌ប្អូន​របស់​ព្រះ‌យេស៊ូ​នាំ​គ្នា​មក​រក​ព្រះ‌អង្គ ប៉ុន្តែ មិន​អាច​ចូល​ទៅ​ជិត​ព្រះ‌អង្គ​ឡើយ ព្រោះ​មាន​មនុស្ស​ច្រើន​ពេក។ ២០ មាន​គេ​ទូល​ព្រះ‌អង្គ​ថា៖ «ម្ដាយ​លោក និង​បង‌ប្អូន​លោក​នៅ​ខាង​ក្រៅ ចង់​ជួប​លោក»។ ២១ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អស់​អ្នក​ដែល​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ហើយ​ប្រតិ‌បត្តិ​តាម គឺ​អ្នក​នោះ​ហើយ​ជា​ម្ដាយ និង​ជា​បង‌ប្អូន​របស់​ខ្ញុំ»។

Facebook
Twitter
LinkedIn