សន្ដអ៊ីញ៉ាស នៅឡូយ៉ូឡា ជាបូជាចារ្យ
លោកអ៊ីញ៉ាស (១៤៩១-១៥៥៦) កើតនៅភូមិឡូយ៉ូឡា (ប្រទេសអេស្ប៉ាញសព្វថ្ងៃ)។ លោកប្រកបការងារជាទាហាន។ ជួនជាលោកត្រូវរបួសពេលច្បាំងវាយសម្រុកទីក្រុងមួយ។ ពេលព្យាបាលមុខរបួស លោកអានគម្ពីរ ហើយទទួលស្គាល់ព្រះយេស៊ូទុកជាព្រះសង្គ្រោះរបស់ខ្លួន រួចលោកទៅស្មឹងស្មាធិ៍សមាធិនៅគុហារភ្នំមង់រែស ហើយប្រែចិត្តគំនិតទាំងស្រុង។ លោកចែកចាយការពិសោធន៍ខាងព្រះវិញ្ញាណឱ្យមិត្តសម្លាញ់ដើម្បី “លើកតម្កើងសិរីរុងរឿងដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះជាម្ចាស់” នៅឆ្នាំ ១៥៣៤ លោកអ៊ីញ៉ាស និងមិត្ត សម្លាញ់ខ្លះធ្វើសច្ចាប្រណិធាននៅក្រុងប៉ារីស និងបម្រើព្រះជាម្ចាស់អស់មួយជីវិត។ នេះជាដើមកំណើតនៃ “សមាគមសហជីវិនរបស់ព្រះយេស៊ូ”។
សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ យរ ១៥,១០.១៦-២១
អ្នកម្តាយអើយ! តើបង្កើតខ្ញុំមកធ្វើអ្វី? បើខ្ញុំវេទនាបែបនេះ! អ្នកស្រុកទាំងអស់នាំគ្នាជំទាស់ ហើយរករឿងឈ្លោះជាមួយនឹងខ្ញុំ។ ខ្ញុំពុំបានជំពាក់ប្រាក់គេ ហើយក៏គ្មាននរណាជំពាក់ប្រាក់ខ្ញុំដែរ តែពួកគេជេរប្រទេចផ្តាសាខ្ញុំគ្រប់ៗគ្នា។ ពេលទូលបង្គំឮព្រះបន្ទូលរបស់ព្រះអង្គ ទូលបង្គំត្រងត្រាប់ស្តាប់ដោយយកចិត្តទុកដាក់។ ព្រះបន្ទូលរបស់ព្រះអង្គធ្វើឱ្យចិត្តទូលបង្គំពោរពេញទៅដោយអំណរ និងសុភមង្គល។ ព្រះជាអម្ចាស់នៃពិភពទាំងមូលអើយ! ទូលបង្គំជាអ្នកបម្រើផ្ទាល់របស់ព្រះអង្គ ទូលបង្គំពុំបានអង្គុយសប្បាយរួមជាមួយពួកលេងសើចឡើយ គឺព្រះអង្គជំរុញទូលបង្គំឱ្យនៅដោយឡែកពីគេ ដ្បិតទូលបង្គំពោរពេញទៅដោយកំហឹងរួមជាមួយព្រះអង្គដែរ។ ហេតុអ្វីបានជាទូលបង្គំចេះតែឈឺចុកចាប់ជានិច្ចបែបនេះ? ហេតុអ្វីបានជាមុខរបួសទូលបង្គំមិនព្រមជាសះដូច្នេះ? តើព្រះអង្គពិតជាធ្វើឱ្យទូលបង្គំខកចិត្ត ដូចប្រភពទឹកដែលហូរមិនទៀងទាត់ឬ?។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំវិញថា៖«ប្រសិនបើអ្នកវិលត្រឡប់មករកយើង នោះយើងនឹងប្រគល់មុខងារឱ្យអ្នកនៅបម្រើយើងដូចដើមឡើងវិញ។ ប្រសិនបើអ្នកពោលពាក្យមានខ្លឹមសារជាជាងពោលពាក្យឥតបានការ យើងនឹងប្រើអ្នកឱ្យនាំពាក្យរបស់យើង។ ពេលនោះជនជាតិយូដានឹងវិលមករកអ្នក គឺមិនមែនអ្នកទេដែលនឹងទៅរកពួកគេ។ យើងនឹងធ្វើឱ្យអ្នកប្រៀបបីដូចជាកំពែងលង្ហិនដ៏មាំនៅចំពោះមុខប្រជាជននេះ ពួកគេនឹងនាំគ្នាវាយប្រហារអ្នកតែពុំអាចឈ្នះអ្នកបានឡើយ ដ្បិតយើងនៅជាមួយអ្នក ដើម្បីសង្គ្រោះ និងរំដោះអ្នក។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងរំដោះអ្នកឱ្យរួចផុតពីកណ្តាប់ដៃរបស់មនុស្សអាក្រក់ យើងនឹងដោះលែងអ្នកពីអំណាចរបស់មនុស្សឃោរឃៅ»។
ទំនុកតម្កើងលេខ ៥៩ (៥៨),២-៥.១០-១១.១៧-១៨ បទកាកគតិ
២ | ឱព្រះម្ចាស់អើយ | សូមកុំកន្តើយ | ជួយរំដោះខ្ញុំ |
ឱ្យរួចពីខ្មាំង | សត្រូវតូចធំ | វាមានគំនុំ | |
ចង់ចាប់ធ្វើបាប | ។ | ||
៣ | សូមជួយរំដោះ | ជីវិតឱ្យរស់ | ជារៀងដរាប |
ផុតពីពួកពាល | ពីអ្នកសាងបាប | អាក្រក់ឆ្អេះឆ្អាប | |
ពួកមនុស្សស្រេកឈាម | ។ | ||
៤ | ឱព្រះអម្ចាស់ | ទោះខ្ញុំពុំខុស | ក៏គេព្យាយាម |
ចាំស្ទាក់ប្រហារ | ជីវិតខ្ញុំភ្លាម | ពួកគេព្យាយាម | |
ប្រឆាំងជានិច្ច | ។ | ||
៥ | ទោះខ្ញុំមិនខុស | ក៏ពួកទាំងនោះ | នៅតែមានល្បិច |
ពួនចាំស្ទាក់ចាប់ | រូបខ្ញុំមិនភ្លេច | សូមកុំកែគេច | |
បែរភក្ត្រមើលផង | ។ | ||
១០ | ទូលបង្គំខំប្រឹង | មើលទៅព្រះអង្គ | មិនឱ្យខានខក |
ទ្រង់ជាកម្លាំង | កំពែងជម្រក | មិនឱ្យខ្មាំងមក | |
ពាធាបំភ័យ | ។ | ||
១១ | ព្រះរបស់ខ្ញុំ | ហឫទ័យទូលំ | ទូលាយឥតបី |
មេត្តាករុណា | សន្តោសប្រណី | ឱ្យខ្ញុំសប្បាយ | |
ដោយខ្មាំងចាញ់ដៃ | ។ | ||
១៧ | រីឯខ្ញុំវិញ | ក្នុងចិត្តពោរពេញ | សរសើរមិនឈប់ |
ច្រៀងលើកតម្កើង | ព្រះម្ចាស់ជាម្លប់ | ថ្លែងមិនឈរឈប់ | |
ហឫទ័យមេត្តា | ។ | ||
ពេលព្រឹកព្រលឹម | ថ្លែងទាំងញញឹម | ពីក្តីករុណា | |
របស់ព្រះអង្គ | ជាកំពែងការ | ជួយខ្ញុំនេះណា | |
ពេលអាសន្នភ័យ | ។ | ||
១៨ | បពិត្រព្រះម្ចាស់ | ព្រះអង្គជាព្រះ | មានឫទិ្ធបារមី |
ទូលបង្គំនឹងស្មូត | បទតម្កើងថ្វាយ | ព្រះអង្គនេះហើយ | |
ជាកំពែងមាំ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្តែងការអស្ចារ្យនៃព្រះរាជ្យ ឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,៤៤-៤៦
ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅកាន់បណ្តាជនថា៖«ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបីដូចជាកំណប់ដែលគេកប់ទុកនៅក្នុងស្រែមួយ។ មានបុរសម្នាក់រកកំណប់នោះឃើញ ហើយកប់ទុកវិញ។ គាត់មានចិត្តត្រេកអរជាខ្លាំង ក៏ចេញទៅលក់អ្វីៗទាំងប៉ុន្មានដែលគាត់មាន យកប្រាក់ទិញដីស្រែនោះ។ ម្យ៉ាងទៀត ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបីដូចជាអ្នកជំនួញម្នាក់ដែលស្វែងរកទិញពេជ្រល្អៗ។ កាលបានឃើញពេជ្រមួយគ្រាប់ដ៏មានតម្លៃលើសលប់ហើយ គាត់ក៏ទៅលក់អ្វីៗទាំងប៉ុន្មានដែលគាត់មាន យកប្រាក់មកទិញពេជ្រនោះ»។