សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ៧,១-១១
ព្រះអម្ចាស់មានព្រះបន្ទូលមកលោកយេរេមីដូចតទៅ៖«ចូរទៅឈរនៅមាត់ទ្វារព្រះវិហារ ហើយប្រកាសពាក្យនេះថា អ្នកទាំងអស់គ្នាជាជនជាតិយូដាអើយ! អ្នករាល់គ្នាចូលតាមទ្វារទាំងនេះ ដើម្បីទៅក្រាបថ្វាយបង្គំព្រះអម្ចាស់ ចូរនាំគ្នាស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ!។ ព្រះអម្ចាស់នៃពិភពទាំងមូលដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា៖ “ចូរកែប្រែកិរិយាមារយាទ និងលះបង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្តទៅ! នោះយើងនឹងទុកឱ្យអ្នករាល់គ្នាចូលមកទីនេះតទៅមុខទៀត។ មិនត្រូវទុកចិត្តលើពាក្យដែលអ្នករាល់គ្នាចេះតែបញ្ឆោតខ្លួនឯងថា “ទីនេះជាព្រះវិហាររបស់ព្រះអម្ចាស់! ព្រះវិហាររបស់ព្រះអម្ចាស់! ព្រះវិហាររបស់ព្រះអម្ចាស់!” សោះឡើយ។ ប្រសិនបើអ្នករាល់គ្នាកែប្រែកិរិយាមារយាទ និងលះបង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្ដ ប្រសិនបើអ្នករាល់គ្នាពិតជារកយុត្តិធម៌ឱ្យគ្នាទៅវិញទៅមក ប្រសិនបើអ្នករាល់គ្នាឈប់ជិះជាន់ជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ប្រសិនបើអ្នករាល់គ្នាឈប់ប្រហារជីវិតជនស្លូតត្រង់នៅទីនេះ ហើយបើអ្នករាល់គ្នាឈប់រត់ទៅគោរពព្រះដទៃដែលធ្វើឱ្យអ្នករាល់គ្នាត្រូវវេទនា នោះយើងនឹងទុកឱ្យអ្នករាល់គ្នាចូលមកទីនេះ និងរស់នៅក្នុងស្រុកដែលយើងបានប្រគល់ឱ្យបុព្វបុរសរបស់អ្នករាល់គ្នាតាំងពីដើមរៀងមក ហើយអស់កល្បតរៀងទៅ។ ប៉ុន្តែ អ្នករាល់គ្នាទុកចិត្តលើពាក្យដែលអ្នករាល់គ្នាចេះតែបញ្ឆោតខ្លួនឯង ជាពាក្យឥតបានការនោះទៅវិញ។ អ្នករាល់គ្នាលួចប្លន់ កាប់សម្លាប់ ផិតក្បត់ ស្បថបំពាន ដុតគ្រឿងសក្ការបូជាថ្វាយព្រះបាល និងរត់ទៅគោរពព្រះដទៃដែលអ្នករាល់គ្នាពុំស្គាល់ពីមុន រួចហើយនាំគ្នាចូលមកថ្វាយបង្គំយើងក្នុងព្រះវិហារនេះ ដែលជាដំណាក់របស់យើង។ អ្នករាល់គ្នាហ៊ាប្រកាសថា នៅកន្លែងនេះយើងរួចខ្លួន!។ អ្នករាល់គ្នាពោលដូច្នេះ ហើយប្រព្រឹត្តអំពើគួរឱ្យស្អប់ខ្ពើមតទៅទៀត។ តើអ្នករាល់គ្នាស្មានថា ព្រះវិហារដែលជាដំណាក់របស់យើងនេះ ជាសំបុកចោរឬ? តាមពិត យើងឃើញថា ទីនេះពិតជាសំបុកចោរមែន!»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ទំនុកតម្កើងលេខ ៨៤ (៨៣),២-៦.១១ បទព្រហ្មគីតិ
២ | ព្រះម្ចាស់លើពិភព | ទូទាំងសព្វលើផែនដី | |
ខ្ញុំស្ម័គ្រពន់ពេកក្រៃ | ព្រះដំណាក់ព្រះអង្គណាស់ | ។ | |
៣ | ខ្ញុំសែនអន្ទះសារ | ចិត្តប្រាថ្នាយ៉ាងជាក់ច្បាស់ | |
ចង់ចូលវិហារព្រះ | ជាអម្ចាស់ទាំងចិត្តកាយ | ។ | |
ចិត្តចង់នៅជាមួយ | ព្រះអង្គជួយមិនរសាយ | ||
អស់ពីកម្លាំងកាយ | មិនមានណាយរួមទាំងចិត្ត | ។ | |
៤ | ត្រចៀកកាំ និងចាប | ជាដរាបវានែបនិត្យ | |
សំបុកធ្វើនៅជិត | ទីអាសនៈនៃព្រះអង្គ | ។ | |
៥ | អស់អ្នកដែលបានស្នាក់ | ក្នុងដំណាក់ដ៏ត្រចង់ | |
មានសុភមង្គលផង | សរសើរថ្កើងទ្រង់មិនឈប់ | ។ | |
៦ | អ្នកណាដែលផ្អែកពឹង | លើកម្លាំងព្រះជាម្លប់ | |
ដ្បិតគេស្វែងមិនឈប់ | ដំណាក់គាប់ដោយស្មោះសរ | ។ | |
១១ | មួយថ្ងៃដែលនៅក្នុង | មួយថ្ងៃដែលនៅក្នុង | |
ជាងរស់មួយពាន់ថ្ងៃ | នៅកន្លែងដទៃទៀត | ។ | |
ខ្ញុំបានសម្រេចចិត្ត | ឈរនៅជិតមិនចង់ឃ្លាត | ||
ជាជាងស្នាក់នៅបៀត | ក្នុងលំនៅមនុស្សអាក្រក់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តបានព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងចិត្តយើង។ អ្នកដែលទទួលព្រះបន្ទូលនេះ ហើយធ្វើឱ្យព្រះបន្ទូលបង្កើតផល ពិតជាមានសុភមង្គល។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,២៤-៣០
ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតទៅកាន់បណ្តាជនថា៖«ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបាននឹងបុរសម្នាក់ដែលបានព្រោះគ្រាប់ពូជល្អទៅក្នុងស្រែរបស់គាត់។ ពេលមនុស្សម្នាដេកលក់អស់ មារសត្រូវរបស់គាត់មកព្រោះស្រងែនៅក្នុងស្រែនោះដែរ រួចចេញបាត់ទៅ។ ពេលស្រូវដុះឡើងដាក់គ្រាប់ ស្រងែក៏ដុះឡើងដែរ។ ពួកអ្នកបម្រើចូលមកជម្រាបម្ចាស់ស្រែថា៖«លោកម្ចាស់! លោកបានព្រោះតែគ្រាប់ពូជល្អក្នុងស្រែសោះ ចុះស្រងែនេះមកពីណា?»។ ម្ចាស់តបវិញថា៖«ពិតជាមានមារសត្រូវមកព្រោះហើយ!»។ ពួកអ្នកបម្រើសួរលោកទៀតថា៖«តើលោកចង់ឱ្យយើងខ្ញុំទៅដកស្រងែនោះចេញឬ?»។ ម្ចាស់តបថា៖«កុំអី! បើអ្នករាល់គ្នាដកក្រែងលោដោយស្រូវមកជាមួយដែរ ទុកឱ្យវាដុះជាមួយគ្នា រហូតដល់ស្រូវទុំចុះ! ពេលនោះខ្ញុំនឹងប្រាប់ពួកអ្នកច្រូតថា ចូរប្រមូលស្រងែចងជាបាច់ យកទៅដុតចោលជាមុនសិន រួចសឹមប្រមូលស្រូវដាក់ជង្រុកឱ្យខ្ញុំ»។