សាម៉ូអែលទី ២ (០៨)

ជ័យជំនះ​របស់​ព្រះបាទ​ដាវីឌ​លើ​ស្រុក​ជិត​ខាង
(១របាក្សត្រ ១៨:១-១៣)
 ក្រោយ​មក ព្រះបាទ​ដាវីឌ​វាយ​ឈ្នះ​ជន​ជាតិ​ភីលីស្ទីន ហើយ​បង្ក្រាប​ពួក​គេ ព្រម​ទាំង​ដក​អំណាច​ពី​ពួក​គេ លែង​អោយ​ត្រួតត្រា​លើ​តំបន់​នោះ​ទៀត​ផង។ ព្រះបាទ​ដាវីឌ​ក៏​វាយ​ ឈ្នះ​ជន​ជាតិ​ម៉ូអាប់​ដែរ ស្ដេច​បង្ខំ​អោយ​ពួក​គេ​ដេក​នៅ​ដី ហើយ​រាប់​យក​ចំនួន​ពីរ​ភាគ​បី​យក​ទៅ​សម្លាប់ និង​ទុក​មួយ​ភាគ​បី​អោយ​នៅ​រស់។ ជន​ជាតិ​ម៉ូអាប់​ក៏​ធ្លាក់​ខ្លួន​ចំណុះ​ព្រះបាទ​ដាវីឌ ហើយ​ត្រូវ​ថ្វាយ​សួយសារអាករ​ផង។ ព្រះបាទ​ដាវីឌ​វាយ​ឈ្នះ​ ព្រះបាទ​ហាដាដេស៊ែរ ជា​បុត្រ​របស់​ព្រះបាទ​រេហូប និង​ជា​ស្ដេច​ស្រុក​សូបា ក្នុង​ពេល​ដែល​ព្រះបាទ​ហាដាដេស៊ែរ កំពុង​តែ​ទៅ​កាន់​កាប់​តំបន់​ទន្លេ​អឺប្រាត​ឡើង​វិញ។ ៤ ព្រះបាទ​ដាវីឌ​ចាប់​បាន​ ទ័ព​សេះ​របស់​ព្រះបាទ​ហាដាដេស៊ែរ ចំនួន​មួយ​ពាន់​ប្រាំពីរ​រយ​នាក់ និង​កងពល​ថ្មើរ​ជើង​ចំនួន​ពីរ​ម៉ឺន​នាក់។ ស្ដេច​បាន​យក​សេះ​មួយ​រយ​ក្បាល​ទុក ក្រៅ​ពី​នោះ​ស្ដេច​កាត់​សរសៃ​កែង​ជើង​ទាំង​អស់។ ពេល​នោះ ជន​ជាតិ​ស៊ីរី នៅ​ក្រុង​ដាម៉ាស់ លើក​គ្នា​មក​ជួយ​ព្រះបាទ​ហាដាដេស៊ែរ ជា​ស្ដេច​ស្រុក​សូបា ព្រះបាទ​ដាវីឌ​ក៏​វាយ​ឈ្នះ​ពួក​គេ ហើយ​សម្លាប់​អស់​ចំនួន​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់។  ព្រះបាទ​ដាវីឌ​បាន​ដាក់​ ទេសាភិបាល អោយ​ត្រួតត្រា​លើ​ស្រុក​ស៊ីរី ជន​ជាតិ​ស៊ីរី​ក៏​ធ្លាក់​ខ្លួន​ចំណុះ​ព្រះបាទ​ដាវីឌ ហើយ​ត្រូវ​ថ្វាយ​សួយសារអាករ​ផង។ ព្រះអម្ចាស់​ប្រទាន​អោយ​ព្រះបាទ​ដាវីឌ​មាន​ជ័យជំនះ នៅ​គ្រប់​កន្លែង​ដែល​ស្ដេច​យាង​ទៅ។  ព្រះបាទ​ដាវីឌ​រឹប​អូស​ខែល​មាស ពី​ពួក​បរិវារ​របស់​ព្រះបាទ​ហាដាដេស៊ែរ ហើយ​នាំ​យក​មក​ក្រុង​យេរូសាឡឹម។  ព្រះបាទ​ដាវីឌ​ក៏​រឹប​អូស ​យក​លង្ហិន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ពី​ក្រុង​បេតា និង​ក្រុង​បេរ៉ូតៃ ដែល​ជា​ក្រុង​របស់​ព្រះបាទ​ហាដាដេស៊ែរ។

 កាល​ព្រះបាទ​តូអ៊ី​ជា​ស្ដេច​ក្រុង​ហាម៉ាត់​ជ្រាប​ថា ព្រះបាទ​ដាវីឌ​បាន​វាយ​ឈ្នះ​កងទ័ព​ទាំង​មូល​របស់​ព្រះបាទ​ហាដាដេស៊ែរ ១០ ទ្រង់​ក៏​ចាត់​សម្ដេច​ យ៉ូរ៉ាម ជា​បុត្រ​អោយ​ចូល​មក​គាល់​ព្រះ​បាទ​ដាវីឌ និង​អបអរសាទរ​ចំពោះ​ជ័យជំនះ​លើ​ព្រះបាទ​ហាដាដេស៊ែរ ព្រោះ​ព្រះបាទ​តូអ៊ីធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ព្រះបាទ​ហាដាដេស៊ែរ​ដែរ។ សម្ដេច​យ៉ូរ៉ាម​នាំ​យក​វត្ថុ​ធ្វើ​អំពី​មាស ប្រាក់ និង​លង្ហិន​មក​ថ្វាយ​ព្រះបាទ​ដាវីឌ។ ១១ ព្រះបាទ​ដាវីឌ​យក​វត្ថុ​ទាំង​នោះ​ទៅ​ថ្វាយ​ព្រះអម្ចាស់ ដូច​ស្ដេច​ថ្វាយ​មាស ប្រាក់ យក​បាន​ពី​ប្រជាជាតិ​ទាំង​ប៉ុន្មាន ដែល​ស្ដេច​វាយ​ឈ្នះ​ដែរ ១២ គឺ​ជន​ជាតិ​ស៊ីរី ជន​ជាតិ​ម៉ូអាប់ ជន​ជាតិ​អាំម៉ូន ជន​ជាតិ​ភីលីស្ទីន និង​ជន​ជាតិ​អាម៉ាឡេក។ ព្រះបាទ​ដាវីឌ​ក៏​យក​ជយភ័ណ្ឌ​ដែល​រឹប​អូស​បាន​ពី​ព្រះបាទ​ហាដាដេស៊ែរ ជា​បុត្រ​របស់​ព្រះបាទ​រេហូប ស្ដេច​ស្រុក​សូបា ទៅ​ថ្វាយ​ព្រះអម្ចាស់​ដែរ។ ១៣ ពេល​ព្រះបាទ​ដាវីឌ​វិល​ មក​ពី​ច្បាំង​ឈ្នះ​ជន​ជាតិ​ស៊ីរី​វិញ ទ្រង់​ប្រហារ​ជន​ជាតិ​អេដុម អស់​មួយ​ម៉ឺន​ប្រាំ​បី​ពាន់​នាក់ នៅ​ជ្រលង​ភ្នំ​អំបិល ដែល​ធ្វើ​អោយ​កិត្តិនាម​របស់​ស្ដេច​រឹត​តែ​ល្បីល្បាញ​ថែម​ទៀត។

១៤ ព្រះបាទ​ដាវីឌ ​បាន​ដាក់​ទេសាភិបាល​អោយ​ត្រួតត្រា​លើ​ស្រុក​អេដុម​ទាំង​មូល ហើយ​ជន​ជាតិ​អេដុម​ក៏​ធ្លាក់​ខ្លួន​ចំណុះ​ព្រះបាទ​ដាវីឌ។ ព្រះអម្ចាស់​ប្រទាន​អោយ​ព្រះបាទ​ដាវីឌ​មាន​ជ័យជំនះ​នៅ​គ្រប់​កន្លែង​ដែល​ស្ដេច​យាង​ទៅ។

បញ្ជី​រាយ​នាម​មន្ត្រី​របស់​ព្រះបាទ​ដាវីឌ
(១របាក្សត្រ ១៨:១៤-១៧)
១៥ ព្រះបាទ​ដាវីឌ​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល ទ្រង់​គ្រប់គ្រង​លើ​ប្រជារាស្ត្រ​ដោយ​សុចរិត និង​យុត្តិធម៌។ ១៦ ​លោក​យ៉ូអាប់ កូន​របស់​អ្នក​ស្រី​សេរូយ៉ា មាន​មុខងារ​ជា​មេ​បញ្ជា​ការ​កងទ័ព។ លោក​យ៉ូសាផាត កូន​របស់​លោក​អហ៊ីលូដ ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច។ ១៧ លោក​សាដុក ជា​កូន​របស់​លោក​អហ៊ីទូប និង​លោក​អហ៊ីមាឡេក ជា​កូន​របស់​លោក​អប៊ីយ៉ាថា មាន​មុខងារ​ជា​បូជាចារ្យ*។ ១៨ លោក​សេរ៉ាយ៉ា ជា​លេខាធិការ​របស់​ស្ដេច។ លោក​បេណាយ៉ា ជា​កូន​របស់​លោក​យេហូយ៉ាដា ជា​មេ​បញ្ជា​ការ​លើ​ក្រុម​កេរេទី និង​ក្រុម​ពេលេទី។ រីឯ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​ដាវីឌ មាន​មុខងារ​ជា​បូជាចារ្យ។