សាម៉ូអែលទី ២ (០៧)

ព្រះបាទ​ដាវីឌ​មាន​បំណង​សង់​ព្រះវិហារ
(១របាក្សត្រ ១៧:១-១៥)
 ពេល​ព្រះបាទ​ដាវីឌ​មាន​វាំង​គង់​នៅ​ស្រួលបួល ហើយ​បន្ទាប់​ពី​ព្រះអម្ចាស់​ប្រោស​ប្រទាន​អោយ​ស្ដេច​បាន​សុខ​ក្សេមក្សាន្ត រួច​ផុត​ពី​ខ្មាំង​សត្រូវ​គ្រប់​ទិសទី ២ ស្ដេច​ក៏​មាន​រាជឱង្ការ​ ទៅ​កាន់​ព្យាការី​ណាថាន​ថា៖ «សូម​លោក​គិត​មើល ខ្ញុំ​រស់​នៅ​ក្នុង​ដំណាក់​ធ្វើ​អំពី​ឈើ​ដ៏​មាន​តម្លៃ រីឯ​ហិប​នៃ​ព្រះជាម្ចាស់​ស្ថិត​នៅ​ក្នុង​ព្រះពន្លា​ធ្វើ​អំពី​ក្រណាត់​ សំពត់!»។  ព្យាការី​ណាថាន​ទូល​ស្ដេច​វិញ​ថា៖ «ការ​អ្វី​ដែល​ព្រះករុណា​សព្វ​ព្រះហឫទ័យ​ធ្វើ សូម​ធ្វើ​ចុះ ដ្បិត​ព្រះអម្ចាស់​គង់​នៅ​ជា​មួយ​ព្រះករុណា​ហើយ»។

 ប៉ុន្តែ នៅ​យប់​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ណាថាន​ថា៖  «ចូរ​ទៅ​ប្រាប់​ដាវីឌ ជា​អ្នក​បំរើ​របស់​យើង​ថា ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “មិន​មែន​អ្នក​ទេ​ដែល​ត្រូវ​សង់​ដំណាក់​អោយ​យើង​នៅ”។ តាំង​ពី​ថ្ងៃ​ដែល​យើង​បាន ​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​ថ្ងៃ​នេះ យើង​មិន​ដែល​នៅ​ក្នុង​ដំណាក់​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដោយ​ស្នាក់​នៅ​តែ​ក្នុង​ជំរំ និង​ព្រះពន្លា។ គ្រប់​ទី​កន្លែង​ដែល​យើង​ ធ្វើ​ដំណើរ​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល យើង​មិន​ដែល​បង្គាប់​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ណា​ម្នាក់ អោយ​សង់​ដំណាក់​ពី​ឈើ​ដ៏​មាន​តម្លៃ សំរាប់​យើង​ទេ។  ហេតុ​នេះ​ត្រូវ​ប្រាប់​ដាវីឌ ជា​អ្នក​បំរើ​របស់​យើង​ថា ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “កាល​អ្នក​នៅ​ជា​គង្វាល​ចៀម​នៅ​ឡើយ​ យើង​បាន​យក​អ្នក​ចេញ​ពី​វាល​ស្មៅ​មក ដើម្បី​អោយ​អ្នក​ធ្វើ​ជា​មេ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង។ យើង​ស្ថិត​នៅ​ជា​មួយ​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ យើង​បាន​កំចាត់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ចេញ​ពី​មុខ​អ្នក។ យើង​បាន​ធ្វើ​អោយ​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ ដូច​អ្នក​ធំ​ទាំងឡាយ​នៅ​លើ​ផែនដី។ ១០ យើង​ប្រគល់​ស្រុក​មួយ​ អោយ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង យើង​បាន​អោយ​គេ​តាំង​ទី​លំនៅ​ជាប់លាប់​រហូត ឥត​មាន​នរណា​មក​រំខាន​សោះ​ឡើយ។ គ្មាន​ជាតិ​សាសន៍​ដ៏​ទុច្ចរិត​ណា​ជិះជាន់​ពួក​គេ ដូច​កាល​ពី​មុន ១១ ឬ​ដូច​នៅ​គ្រា​ដែល​យើង​ បាន​តែងតាំង​ពួក​វីរបុរស អោយ​គ្រប់គ្រង​លើ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង​ឡើយ។ យើង​អោយ​អ្នក​បាន​សុខ​ក្សេមក្សាន្ត រួច​ផុត​ពី​ខ្មាំង​សត្រូវ​ទាំង​អស់ ព្រម​ទាំង​អោយ​អ្នក​មាន​សន្តតិវង្ស​មួយ​ផង។ ១២ ពេល​ណា​អ្នក​លា​ចាក​លោក ​នេះ ទៅ​ជួបជុំ​នឹង​បុព្វបុរស​របស់​អ្នក យើង​នឹង​អោយ​ពូជពង្ស​របស់​អ្នក​ផ្ទាល់ ឡើង​ស្នង​រាជ្យ ហើយ​យើង​នឹង​ពង្រឹង​រាជ្យ​របស់​គេ​ផង​។ ១៣ គឺ​បុត្រ​នោះ​ហើយ ដែល​នឹង​សង់​ដំណាក់​មួយ សំរាប់​នាម​យើង​ យើង​នឹង​ពង្រឹង​រាជ​បល្ល័ង្ក​របស់​គេ អោយ​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ។ ១៤ យើង​នឹង​ធ្វើ​ជា​ឪពុក​ របស់​គេ ហើយ​គេ​ក៏​ជា​កូន​របស់​យើង​ដែរ។ ប្រសិន​បើ​គេ​ប្រព្រឹត្ត​អ្វី​ខុស យើង​នឹង​វាយ​ប្រដៅ​គេ ដូច​មនុស្ស​លោក​វាយ​ប្រដៅ​កូន​របស់​ខ្លួន។ ១៥ ប៉ុន្តែ យើង​នឹង​មិន​ដក​សេចក្ដី​សប្បុរស​ចេញ​ពី​គេ ដូច​យើង​បាន​ដក​ពី​សាអ៊ូល ដែល​យើង​បោះ​បង់​ចោល ហើយ​តែងតាំង​អ្នក​ជំនួស​នោះ​ទេ។

១៦ ពូជពង្ស និង​រាជ​សម្បត្តិ​របស់​អ្នក នឹង​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ ហើយ​រាជ​បល្ល័ង្ក​របស់​អ្នក​ក៏​នឹង​រឹងមាំ​រហូត​ត​ទៅ​ដែរ”»។

១៧ លោក​ណាថាន​ទូល​ថ្វាយ​ព្រះបាទ​ដាវីឌ​នូវ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ប្រាប់​លោក​ក្នុង​សុបិន​និមិត្ត​នោះ។

ការ​អធិស្ឋាន​របស់​ព្រះបាទ​ដាវីឌ
(១របាក្សត្រ ១៧:១៦-២៧)
១៨ ព្រះបាទ​ដាវីឌ​ក៏​យាង​ទៅ​គាល់​ព្រះអម្ចាស់ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះជាអម្ចាស់ តើ​ទូលបង្គំ និង​អំបូរ​របស់​ទូលបង្គំ​ជា​អ្វី បាន​ជា​ព្រះអង្គ​ប្រោស​ប្រទាន​អោយ​ទូលបង្គំ​ទទួល​ឋានៈ​ខ្ពង់ខ្ពស់​បែប​នេះ?១៩ ប៉ុន្តែ ព្រះជាអម្ចាស់​អើយ ព្រះអង្គ​យល់​ឃើញ​ថា នេះ​គឺ​ជា​ការ​តិចតួច​ទេ បាន​ជា​ព្រះអង្គ​សន្យា​ដល់​កូន​ចៅ​ទូលបង្គំ ដែល​នៅ​ជំនាន់​ក្រោយៗ​ទៀត​ដែរ។ របៀប​ដែល​ព្រះអង្គ​ប្រព្រឹត្ត មនុស្ស​លោក​គិត​ពុំ​ដល់​ទេ! ២០ ឱ​ព្រះជាអម្ចាស់​អើយ តើ​ទូលបង្គំ​មាន​អ្វី​ទូល​ថ្វាយ​ព្រះអង្គ​ទៀត បើ​ទ្រង់​ជ្រាប​អំពី​ទូលបង្គំ ជា​អ្នក​បំរើ​របស់​ព្រះអង្គ យ៉ាង​ច្បាស់​ហើយ​នោះ?២១ ព្រះអង្គ​បាន​សំដែង​ ស្នា​ព្រះហស្ដ​ដ៏​ឧត្ដុង្គឧត្ដម​ទាំង​នេះ អោយ​ទូលបង្គំ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ឃើញ ស្រប​តាម​ព្រះបន្ទូល​សន្យា និង​ព្រះហឫទ័យ​សប្បុរស​របស់​ព្រះអង្គ។ ២២ ឱ​ព្រះអម្ចាស់​ ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​ពិត​ជា​ព្រះ​ដ៏​ឧត្ដម​បំផុត! គ្មាន​ព្រះ​ណា​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ព្រះអង្គ​បាន​ទេ។ តាម​ដែល​យើង​ខ្ញុំ​ធ្លាប់​បាន​ឮ​គេ​តំណាល​ប្រាប់ ក្រៅ​ពី​ព្រះអង្គ ក៏​គ្មាន​ព្រះ​ឯ​ណា​ទៀត​ដែរ។ ២៣ នៅ​លើ​ផែនដី​នេះ គ្មាន​ប្រជាជាតិ​ណា​មួយ ដូច​ប្រជាជាតិ​អ៊ីស្រាអែល​ទេ គឺ​ព្រះអង្គ​បាន​ទៅ​រំដោះ​ពួក​គេ មក​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ ព្រម​ទាំង​ប្រទាន​អោយ​ពួក​គេ​មាន​កេរ្តិ៍​ឈ្មោះ​ទៀត​ផង។ ព្រះអង្គ​បាន​សំដែង​ការ​អស្ចារ្យ​ដ៏​ធំៗ​គួរ​ស្ញែង​ខ្លាច នៅ​ក្នុង​ស្រុក​របស់​ព្រះអង្គ អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ឃើញ គឺ​ប្រជារាស្ត្រ​ដែល​ព្រះអង្គ​បាន​លោះ​ពី​កណ្ដាប់​ដៃ​របស់​ប្រជាជាតិ និង​ព្រះ​របស់​ស្រុក​អេស៊ីប ដើម្បី​អោយ​គេ​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ។ ២៤ ព្រះអម្ចាស់​ អើយ! ព្រះអង្គ​បាន​ពង្រឹង​ជន​ជាតិ​អ៊ីស្រាអែល ដើម្បី​អោយ​ពួក​គេ​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​រហូត​ត​ទៅ ហើយ​ព្រះអង្គ​ក៏​បាន​ទៅ​ជា​ព្រះ​របស់​ពួក​គេ​ដែរ។ ២៥ បពិត្រ​ព្រះជាអម្ចាស់ ឥឡូវ​នេះ សូម​អោយ​ព្រះបន្ទូល​ដែល​ព្រះអង្គ​សន្យា​ចំពោះ​ទូលបង្គំ និង​កូន​ចៅ​របស់​ទូលបង្គំ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ ហើយ​សូម​ទ្រង់​សំរេច​តាម​ព្រះបន្ទូល​នេះ​ផង។ ២៦ សូម​អោយ​ព្រះនាម​របស់​ព្រះអង្គ​បាន​ឧត្ដុង្គឧត្ដម​ជានិច្ច ហើយ​សូម​អោយ​គេ​នៅ​តែ​ពោល​ថា “ព្រះអម្ចាស់​ នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល”។ សូម​ប្រោស​ប្រទាន​អោយ​ពូជពង្ស​របស់​ដាវីឌ ជា​អ្នក​បំរើ​របស់​ព្រះអង្គ បាន​ស្ថិតស្ថេរ​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ រហូត​ត​ទៅ​ផង។ ២៧ បពិត្រ​ព្រះអម្ចាស់​ នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល! ព្រះអង្គ​បាន​ប្រោស​អោយ​ទូលបង្គំ​ដឹង អំពី​គំរោងការ​ដែល​ព្រះអង្គ​សព្វ​ព្រះហឫទ័យ នឹង​តែងតាំង​ពូជពង្ស​របស់​ទូលបង្គំ អោយ​ឡើង​ស្នង​រាជ្យ​បន្ត​ពី​ទូលបង្គំ។ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​មាន​ចិត្ត​ក្លាហាន ទូល​ពាក្យ​អធិស្ឋាន​នេះ​ថ្វាយ​ព្រះអង្គ។ ២៨ បពិត្រ​ព្រះជាអម្ចាស់! មាន​តែ​ព្រះអង្គ​ទេ​ជា​ព្រះជាម្ចាស់ សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​មាន​ព្រះបន្ទូល​សុទ្ធ​តែ​ពិត ឥឡូវ​នេះ ព្រះអង្គ​មាន​ព្រះបន្ទូល​សន្យា​ប្រទាន​សុភមង្គល​មក​ទូលបង្គំ។ ២៩ ឥឡូវ​នេះ សូម​ព្រះអង្គ​ប្រទាន​ពរ​ដល់​ពូជពង្ស​របស់​ទូលបង្គំ ដើម្បី​អោយ​គេ​បាន​ស្ថិត​ស្ថេរ​​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ​ត​រៀង​ទៅ។ ព្រះជាអម្ចាស់​អើយ! សូម​ប្រទាន​ពរ​ដល់​ពូជពង្ស​របស់​ទូលបង្គំ ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ផង នោះ​ពួក​គេ​នឹង​ទទួល​ព្រះពរ​អស់កល្ប​ជានិច្ច»។