សាម៉ូអែលទី ២ (០៥)

ព្រះបាទ​ដាវីឌ​គ្រង​រាជ្យ​លើ​អ៊ីស្រាអែល​ទាំង​មូល
(១របាក្សត្រ ១១:១-៣)
 កុលសម្ព័ន្ធ​ទាំង​អស់​នៃ​ ជន​ជាតិ​អ៊ីស្រាអែល នាំ​គ្នា​មក​គាល់​ព្រះបាទ​ដាវីឌ នៅ​ក្រុង​ហេប្រូន ហើយ​ទូល​ថា៖ «ទូលបង្គំ​ទាំង​អស់​គ្នា ក៏​ជា​សាច់​សា​លោហិត​របស់​ព្រះករុណា​ដែរ។ ២ កាល​ពី​មុន នៅ​គ្រា​ដែល​ព្រះបាទ​សាអ៊ូល​គ្រង​រាជ្យ​លើ​ពួក​ទូលបង្គំ ព្រះករុណា​ធ្លាប់​ដឹក​នាំ​កងទ័ព​អ៊ីស្រា​អែល​ចេញ​ទៅ​ធ្វើ​សឹក ហើយ​ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​ព្រះករុណា​ថា “អ្នក​នឹង​គ្រប់គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង អ្នក​នឹង​ដឹក​នាំ​ពួក​គេ”»។ ដូច្នេះ ព្រឹទ្ធាចារ្យ​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រាអែល ចូល​មក​គាល់​ព្រះរាជា​នៅ​ក្រុង​ហេប្រូន។ ព្រះបាទ​ដាវីឌ​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​ព្រឹទ្ធាចារ្យ​ទាំង​នោះ ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់​នៅ​ក្រុង​ហេប្រូន រួច​ហើយ​ពួក​គេ​ចាក់​ប្រេង​អភិសេក​ព្រះបាទ​ដាវីឌ ជា​ស្ដេច​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ៤ នៅ​ពេល​ឡើង​គ្រង​រាជ្យ ព្រះបាទ​ដាវីឌ​មាន​ព្រះជន្មាយុ​សាមសិប​វស្សា ហើយ​សោយ​រាជ្យ​បាន​សែសិប​ឆ្នាំ។ ៥ នៅ​ក្រុង​ហេប្រូន ទ្រង់​សោយ​រាជ្យ​លើ​ស្រុក​យូដា​បាន​ប្រាំពីរ​ឆ្នាំ​កន្លះ បន្ទាប់​មក នៅ​ក្រុង​យេរូសាឡឹម ទ្រង់​សោយ​រាជ្យ​បាន​សាមសិប​បី​ឆ្នាំ លើ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល។

ព្រះបាទ​ដាវីឌ​លើក​រាជ​ធានី​មក​នៅ​ក្រុង​យេរូសាឡឹម
(១របាក្សត្រ ១១:៤-៩, ១៤:១-២)
 ព្រះបាទ​ដាវីឌ ព្រម​ទាំង​កងទ័ព​នាំ​គ្នា​ចេញ​ទៅ​វាយ​យក​ក្រុង​យេរូសាឡឹម។ ជន​ជាតិ​យេប៊ូស​ដែល​រស់​នៅ​តំបន់​នោះ និយាយ​ប្រមាថ​ព្រះបាទ​ដាវីឌ​ថា៖ «អ្នក​ឯង​ចូល​ក្នុង​ទីក្រុង​របស់​យើង​មិន​បាន​ទេ ទោះ​បី​មនុស្ស​ខ្វាក់ ឬ​មនុស្ស​ខ្វិន ក៏​អាច​រុញ​ច្រាន​អ្នក​អោយ​ថយ​ក្រោយ​វិញ​បាន​ដែរ»។ គេ​ពោល​ដូច្នេះ មក​ពី​គេ​គិត​ថា ព្រះបាទ​ដាវីឌ​មិន​អាច​ដណ្ដើម​យក​ទីក្រុង​បាន​ឡើយ។ ៧ ព្រះបាទ​ដាវីឌ​វាយ​យក​បាន​បន្ទាយ​នៅ​ភ្នំ​ស៊ីយ៉ូន ដែល​ក្រោយ​មក​ហៅ​ថា “បុរី​ព្រះបាទ​ដាវីឌ”។ ៨ នៅ​ថ្ងៃ​នោះ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​ចង់​វាយ​ពួក​យេប៊ូស ត្រូវ​ឡើង​តាម​ប្រឡាយ​ទឹក នោះ​នឹង​ទៅ​ដល់​ពួក​ខ្វិន និង​ពួក​ខ្វាក់ ដែល​ដាវីឌ​ស្អប់​នោះ​មិន​ខាន!»។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យ​ថា៖ «អ្នក​ខ្វាក់ អ្នក​ខ្វិន គ្មាន​សិទ្ធិ​ចូល​ក្នុង​ព្រះដំណាក់​ទេ!»។ ព្រះបាទ​ដាវីឌ​គង់​នៅ​ ក្នុង​បន្ទាយ ដែល​ស្ដេច​ហៅ​ថា «បុរី​ព្រះបាទ​ដាវីឌ»។ បន្ទាប់​មក ស្ដេច​ពង្រីក​ទីក្រុង​ចាប់​តាំង​ពី​មីឡូ រហូត​ដល់​ដំណាក់​របស់​ស្ដេច។ ១០ ព្រះបាទ​ដាវីឌ​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល គង់​នៅ​ជា​មួយ។

១១ ព្រះបាទ ​ហ៊ីរ៉ាម ជា​ស្ដេច​នៅ​ក្រុង​ទីរ៉ុស ចាត់​អ្នក​នាំ​សារ​អោយ​ចូល​មក​គាល់​ព្រះបាទ​ដាវីឌ ដោយ​នាំ​ឈើ​តាត្រៅ ជាង​សំណង់ ជាង​ដាប់​ថ្ម​មក​ជា​មួយ​ផង ដើម្បី​សង់​ដំណាក់​មួយ​ថ្វាយ​ព្រះបាទ​ដាវីឌ។ ១២ ព្រះបាទ​ដាវីឌ​ឈ្វេង​យល់​ថា ព្រះអម្ចាស់​តែងតាំង​ស្ដេច​អោយ​គ្រង​រាជ្យ​លើ​ ស្រុក​អ៊ីស្រាអែល ហើយ​ព្រះអង្គ​ក៏​ប្រោស​ប្រទាន​អោយ​រាជ​សម្បត្តិ ​របស់​ស្ដេច​បាន​ចំរុង​ចំរើន ​ឡើង ព្រោះ​តែ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ដែរ។

បុត្រ​របស់​ព្រះបាទ​ដាវីឌ ប្រសូត​នៅ​ក្រុង​យេរូសា​ឡឹម
(១របាក្សត្រ ៣:៥-៩, ១៤:៣-៧)
១៣ ក្រោយ​បាន​ចាក​ចេញ​ពី​ ក្រុង​ហេប្រូន មក​គង់​នៅ​ក្រុង​យេរូសាឡឹម ព្រះបាទ​ដាវីឌ​មាន​ស្នំ​ឯក និង​មហេសី​ផ្សេងៗ​ទៀត ដែល​ប្រសូត​បាន​បុត្រា​បុត្រី​ជា​ច្រើន​ថ្វាយ​ស្ដេច។ ១៤ នេះ​ជា​បញ្ជី​រាយ​នាម​បុត្រ​របស់​ស្ដេច ដែល​ប្រសូត​នៅ​ក្រុង​យេរូសាឡឹម គឺ​សាំមូអាសូបាប់ ណាថាន សាឡូម៉ូន ១៥ យីបហារ អេលីសួ នេផេក យ៉ាភីអា ១៦ អេលីសាម៉ា អេលីយ៉ាដា និង​អេលីផេលេត។

ជ័យជំនះ​របស់​ព្រះបាទ​ដាវីឌ​លើ​ជន​ជាតិ​ភីលីស្ទីន
(១របាក្សត្រ ១៤:៨-១៦)
១៧ កាល​ជន​ជាតិ​ភីលីស្ទីន​ឮ​ថា ជន​ជាតិ​អ៊ីស្រាអែល​បាន​អភិសេក​ព្រះបាទ​ដាវីឌ​ជា​ស្ដេច នោះ​ពួក​គេ​លើក​ទ័ព​ទាំង​អស់​មក​តាម​ចាប់​ព្រះបាទ​ដាវីឌ។ ព្រះបាទ​ដាវីឌ​ជ្រាប​ដំណឹង​នេះ ស្ដេច​យាង​ទៅ​ជ្រក​ក្នុង​ជំរក​មួយ។ ១៨ ជន​ជាតិ​ភីលីស្ទីន​មក​ដល់ ហើយ​បោះ​ទ័ព​ក្នុង​ជ្រលង​ភ្នំ​រេផាអ៊ីម។ ១៩ ព្រះបាទ​ដាវីឌ​ទូល​សួរ​ព្រះអម្ចាស់​ថា៖ «តើ​ទូលបង្គំ​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​ភីលីស្ទីន​ឬ​ទេ? តើ​ព្រះអង្គ​ប្រគល់​ពួក​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​ទូលបង្គំ​ដែរ​ឬ?»។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ទៅ​ចុះ យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ជា​មិន​ខាន!»។ ២០ ព្រះបាទ​ដាវីឌ​ក៏​យាង​ទៅ​ដល់​បាល-ពេរ៉ាស៊ីម ហើយ​វាយ​ឈ្នះ​ពួក​ភីលីស្ទីន​នៅ​ទី​នោះ។ បន្ទាប់​មក ស្ដេច​មាន​រាជឱង្ការ​ថា៖ «ព្រះអម្ចាស់​ បាន​ធ្វើ​អោយ​ខ្មាំង​សត្រូវ​បាក់​ទ័ព​នៅ​ចំពោះ​មុខ​ខ្ញុំ ដូច​ទឹក​បាក់​ទំនប់»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា បាល-ពេរ៉ាស៊ីម។ ២១ ពេល​បាក់​ទ័ព​រត់​ទៅ កងទ័ព​ភីលីស្ទីន​បាន​បោះ​បង់​ចោល​រូប​ព្រះ​របស់​គេ នៅ​នឹង​កន្លែង។ ព្រះបាទ​ដាវីឌ និង​ពល​ទាហាន​បាន​ប្រមូល​យក​រូប​ព្រះ​ទាំង​នោះ។

២២ ជន​ជាតិ​ភីលីស្ទីន​នាំ​គ្នា​មក​បោះ​ទ័ព នៅ​ក្នុង​ជ្រលង​ភ្នំ​រេផាអ៊ីម​សា​ជា​ថ្មី។ ២៣ ព្រះបាទ​ដាវីឌ​ទូល​សួរ​ព្រះអម្ចាស់ ហើយ​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ស្ដេច​វិញ​ថា៖ «កុំ​វាយ​គេ​ចំ​ពី​មុខ​ឡើយ! ចូរ​ដើរ​វាង​ទៅ​ពី​ក្រោយ ហើយ​វាយ​ពួក​គេ​ពី​ម្ដុំ​ដើម​មន​នោះ​មក​វិញ។ ២៤ កាល​ណា​អ្នក​ឮ​សន្ធឹក​ជើង​នៅ​លើ​ចុង​មន ចូរ​ប្រញាប់ប្រញាល់​ចេញ​ទៅ​ដ្បិត គឺ​ពេល​នោះ​ហើយ ដែល​យើង​ជា​ព្រះអម្ចាស់​នាំ​មុខ​អ្នក​វាយ​លុក​ទី​តាំង​ទ័ព​ភីលីស្ទីន»។

២៥ ព្រះបាទ​ដាវីឌ​ធ្វើ​តាម​បញ្ជា​របស់​ព្រះអម្ចាស់ ទ្រង់​វាយ​ឈ្នះ​ពួក​ភីលីស្ទីន ហើយ​ដេញ​តាម​ពួក​គេ​ចាប់​តាំង​ពី​ក្រុង​កេបា រហូត​ដល់​ក្រុង​កេស៊ែរ។