សាម៉ូអែលទី ២ (០៤)

ព្រះបាទ​អ៊ីសបូសែត​ត្រូវ​គេ​ធ្វើ​គុត
 ពេល​ព្រះបាទ​អ៊ីសបូសែត ជា​បុត្រ​របស់​ព្រះបាទ​សាអ៊ូល​ជ្រាប​ថា លោក​អាប់នែរ​ស្លាប់​នៅ​ក្រុង​ហេប្រូន​ទ្រង់​ក៏​ធ្លាក់​ទឹក​ចិត្ត ហើយ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង។  ព្រះបាទ​អ៊ីសបូសែត​មាន​ មេទ័ព​ពីរ​នាក់ ម្នាក់​ឈ្មោះ​បាណា ម្នាក់​ទៀត​ឈ្មោះ​រេកាប។ អ្នក​ទាំង​ពីរ​ជា​កូន​របស់​លោក​រីម៉ូន ជា​អ្នក​ភូមិ​បេរ៉ូត ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន។ គេ​ចាត់​ទុក​ភូមិ​បេរ៉ូត​នេះ ជា​ទឹក​ដី​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន  ដ្បិត​ប្រជាជន​ដែល​រស់​នៅ​ទី​នោះ​ពី​មុន បាន​ភៀស​ខ្លួន​ទៅ​គីតាអ៊ីមហើយ​រស់​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។

 សម្ដេច​ យ៉ូណាថាន ជា​បុត្រ​របស់​ព្រះបាទ​សាអ៊ូល មាន​កូន​ប្រុស​ម្នាក់ ខ្វិន​ជើង​ទាំង​ពីរ ឈ្មោះ​មេភីបូសែត ។ កាល​អាយុ​បាន​ប្រាំ​ឆ្នាំ នៅ​ពេល​អ្នក​ស្រុក​យីសរេអែល​ឮ​ដំណឹង​ថា ព្រះបាទ​សាអ៊ូល និង​សម្ដេច​យ៉ូណាថាន​សោយ​ទិវង្គត មេ​ដោះ​បាន​ពរ​កុមារ​នោះ​រត់​ទៅ ប៉ុន្តែ ដោយ​ប្រញាប់​ពេក នាង​ធ្វើ​អោយ​កុមារ​នោះ​ធ្លាក់ ហើយ​ទៅ​ជា​ខ្វិន។

 លោក​រេកាប និង​លោក​បាណា ដែល​ជា​កូន​របស់​លោក​រីម៉ូន ជា​អ្នក​ភូមិ​បេរ៉ូត បាន​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះបាទ​អ៊ីសបូសែត​នៅ​ពេល​ថ្ងៃ​ត្រង់ ពេល​នោះ ស្ដេច​កំពុង​តែ​ផ្ទំ។  ពួក​គេ​នាំ​គ្នា​ចូល​ទៅ​ ក្នុង​ដំណាក់​ស្ដេច ធ្វើ​ហាក់​ដូច​ជា​ទៅ​យក​ស្រូវ ហើយ​ចាក់​មួយ​កាំបិត​ត្រង់​ពោះ​ស្ដេច។ បន្ទាប់​មក លោក​រេកាប និង​លោក​បាណា ជា​ប្អូន​ក៏​នាំ​គ្នា​រត់​ចេញ​ទៅ។ មុន​ដំបូង ពួក​គេ​ចូល​ទៅ​ក្នុង​ដំណាក់ នៅ​ពេល​ដែល​ព្រះបាទ​អ៊ីសបូសែត​កំពុង​ផ្ទំ​លើ​ព្រះទែន​ក្នុង​ក្រឡាបន្ទំ។ ពួក​គេ​ធ្វើ​គុត​ស្ដេច ហើយ​កាត់​យក​ព្រះសិរសា រួច​នាំ​គ្នា​ចេញ​ទៅ។ ពួក​គេ​ដើរ​អស់​មួយ​យប់ កាត់​តាម​តំបន់​អារ៉ាបា។ ពួក​គេ​យក​ព្រះសិរសា​របស់ ​ព្រះបាទ​អ៊ីសបូសែត ទៅ​ថ្វាយ​ព្រះបាទ​ដាវីឌ នៅ​ក្រុង​ហេប្រូន ហើយ​ទូល​ព្រះរាជា​ថា៖ «នេះ​ជា​ព្រះសិរសា​របស់​ស្ដេច​អ៊ីសបូសែត ជា​បុត្រ​របស់​ព្រះបាទ​សាអ៊ូល ដែល​ជា​ខ្មាំង​សត្រូវ​របស់​ព្រះករុណា។ ព្រះបាទ​សាអ៊ូល​តែងតែ​ប៉ុនប៉ង​ធ្វើ​គុត​ព្រះករុណា ថ្ងៃ​នេះ​ព្រះអម្ចាស់​បាន​សងសឹក​ព្រះបាទ​សាអ៊ូល និង​រាជវង្ស ថ្វាយ​ព្រះករុណា​ជា​អម្ចាស់​ហើយ!»។  ព្រះបាទ​ដាវីឌ​មាន​ រាជឱង្ការ​ទៅ​កាន់​លោក​រេកាប និង​លោក​បាណា ជា​កូន​របស់​លោក​រីម៉ូន អ្នក​ភូមិ​បេរ៉ូត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​ទាំង​ពីរ ក្នុង​នាម​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ ហើយ​ជា​ព្រះ​ដែល​បាន​រំដោះ​ខ្ញុំ នៅ​គ្រប់​គ្រា​មាន​អាសន្ន​ថា ១០ ពេល​បុរស​ម្នាក់​មក​ ប្រាប់​ខ្ញុំ​អំពី​ព្រះបាទ​សាអ៊ូល​សោយ​ទិវង្គត​នោះ គេ​នឹក​ស្មាន​ថា ខ្លួន​នាំ​ដំណឹងល្អ​មក​ប្រាប់​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​បាន​ចេញ​បញ្ជា​អោយ​ចាប់​អ្នក​នោះ សម្លាប់​នៅ​ក្រុង​ស៊ីគឡាក់ ដើម្បី​តប​ស្នង​នឹង​ដំណឹងល្អ​របស់​គេ! ១១ ឥឡូវ​នេះ ពេល​មនុស្ស​អាក្រក់​ធ្វើ​ឃាត​មនុស្ស​សុចរិត​ដែល​កំពុង​តែ​ដេក​លក់​នៅ​ក្នុង​ ផ្ទះ​របស់​ខ្លួន តើ​ខ្ញុំ​គួរ​យក​អ្វី​ទៅ​តប​ស្នង​វិញ ក្រៅ​ពី​លុប​បំបាត់​ឃាតក​ចេញ​ពី​ផែនដី?»។ ១២ ព្រះបាទ​ដាវីឌ​បាន​ បញ្ជា​អោយ​ពួក​ទាហាន​យក​លោក​រេកាប និង​លោក​បាណា​ទៅ​សម្លាប់។ គេ​កាត់​ដៃ​កាត់​ជើង​អ្នក​ទាំង​ពីរ យក​ទៅ​ចង​ព្យួរ​ជិត​បឹង​នៅ​ក្រុង​ហេប្រូន។ រីឯ​ព្រះសិរសា​របស់​ព្រះបាទ​អ៊ីសបូសែត​វិញ គេ​យក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​លោក​អាប់នែរ នៅ​ក្រុង​ហេប្រូន។