សាម៉ូអែលទី ២ (២៤)

ស្ដេច​ដាវីឌ​ជំរឿន​ប្រជាជន​អ៊ីស្រាអែល
(១របាក្សត្រ ២១:១-៦)
 ព្រះអម្ចាស់​ ទ្រង់​ពិរោធ​សា​ជា​ថ្មី ទាស់​នឹង​ជន​ជាតិ​អ៊ីស្រាអែល។ ព្រះអង្គ​ជំរុញ​ព្រះបាទ​ដាវីឌ​អោយ​បង្ក​វិបត្តិ​មួយ​ដល់​ពួក​គេ ដោយ​បង្គាប់​ស្ដេច​អោយ​ធ្វើ​ជំរឿន​ប្រជាជន​អ៊ីស្រាអែល និង​ប្រជាជន​យូដា។

 ពេល​លោក​ យ៉ូអាប់ ជា​មេ​បញ្ជា​ការ​កងទ័ព​នៅ​ជា​មួយ​ស្ដេច ទ្រង់​ក៏​មាន​រាជឱង្ការ​ទៅ​លោក​ថា៖ «ចូរ​លោក​ធ្វើ​ដំណើរ​ទៅ​គ្រប់​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​មូល គឺ​ចាប់​ពី​ក្រុង​ដាន់ រហូត​ទៅ​ដល់​ក្រុង​បៀរសេបា ហើយ​ធ្វើ​ជំរឿន​ប្រជាជន ដ្បិត​យើង​ចង់​ដឹង​ថា ពួក​គេ​មាន​ចំនួន​ប៉ុន្មាន»។ លោក​យ៉ូអាប់​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះករុណា​សូម​ព្រះអម្ចាស់ ជា​ព្រះ​របស់​ព្រះករុណា ប្រោស​ប្រទាន​អោយ​ប្រជាជន​កើន​ចំនួន​ឡើង​មួយ​រយ​ដង ច្រើន​ជាង​នេះ ហើយ​អោយ​ព្រះករុណា​ជា​អម្ចាស់​ទត​ឃើញ​ផ្ទាល់​នឹង​ព្រះនេត្រ​ផង។ ប៉ុន្តែ ហេតុ​អ្វី​ព្រះករុណា​សព្វ​ព្រះហឫទ័យ​ប្រព្រឹត្ត​អំពើ​នេះ?»។ ដោយ​បញ្ជា​របស់​ស្ដេច​មាន ​លក្ខណៈ​ម៉ឺងម៉ាត់​ពេក លោក​យ៉ូអាប់ និង​មេទ័ព​ឯ​ទៀតៗ​ត្រូវ​តែ​អនុវត្ត​តាម។ គេ​នាំ​គ្នា​ចាក​ចេញ​ពី​ព្រះរាជា ដើម្បី​ទៅ​ជំរឿន​ប្រជាជន​អ៊ីស្រាអែល។  ពួក​គេ​ឆ្លង​ទន្លេ​យ័រដាន់ ហើយ​បោះ​ជំរំ​នៅ​ខាង​ត្បូង​ក្រុង​អាអេរ៉ូ ដែល​ស្ថិត​នៅ​កណ្ដាល​ជ្រលង​ភ្នំ​កាដ រួច​ទៅ​ក្រុង​យ៉ាស៊ែរ។  បន្ទាប់​មក ពួក​គេ​ទៅ​ដល់​ស្រុក​កាឡាដ និង​ស្រុក​តាទីម-ហុដស៊ី រួច​ទៅ​ស្រុក​ដាន់យ៉ាអន និង​តំបន់​ស៊ីដូន។  ពួក​គេ​នាំ​គ្នា​បន្ត​ ដំណើរ​ទៅ​ដល់​បន្ទាយ​ក្រុង​ទីរ៉ុស និង​ក្រុង​នានា​របស់​ជន​ជាតិ​ហេវី និង​ជន​ជាតិ​កាណាន រួច​តម្រង់​ទៅ​ក្រុង​បៀរសេបា ដែល​នៅ​ប៉ែក​ខាង​ត្បូង​ស្រុក​យូដា។ ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​កាត់​ស្រុក​ទាំង​មូល អស់​រយៈ​ពេល​ប្រាំ​បួន​ខែ​ម្ភៃ​ថ្ងៃ​មក ពួក​គេ​ក៏​វិល​ត្រឡប់​មក​ក្រុង​យេរូសាឡឹម​វិញ។ លោក​យ៉ូអាប់​ចូល​ទៅ​ទូល​ ស្ដេច​អំពី​ចំនួន​ប្រជាជន គឺ​នៅ​ស្រុក​អ៊ីស្រាអែល​មាន​ពល​ទាហាន​ដែល​អាច​ប្រដាប់​អាវុធ​ធ្វើ​សឹក​បាន ៨០០ ០០០ នាក់ និង​នៅ​ស្រុក​យូដា​មាន​ចំនួន ៥០០ ០០០ នាក់។

ព្រះជាម្ចាស់​ដាក់​ទោស​ជន​ជាតិ​អ៊ីស្រាអែល
(១របាក្សត្រ ២១:៧-១៧)
១០ ព្រះបាទ​ដាវីឌ​ដឹង​ខ្លួន​ប្រព្រឹត្ត​ខុស ដោយ​បាន​ជំរឿន​ប្រជាជន​ដូច្នេះ ស្ដេច​ទូល​ព្រះអម្ចាស់​ថា៖ «បពិត្រ​ព្រះអម្ចាស់ ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់! ឥឡូវ​នេះ សូម​ព្រះអង្គ​អត់ទោស​អោយ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ប្រព្រឹត្ត​ដូច​មនុស្ស​វង្វេង​ស្មារតី​ទាំង​ស្រុង!»។

១១ នៅ​ថ្ងៃ​បន្ទាប់ ពេល​ព្រះបាទ​ដាវីឌ​តើន​ឡើង ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​កាន់​ព្យាការី​កាដ ជា​គ្រូ​ទាយ​របស់​ព្រះបាទ​ដាវីឌ​ដូច​ត​ទៅ៖ ១២ «ចូរ​ទៅ​ប្រាប់​ស្ដេច​ដាវីឌ​ថា ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​មាន​ទណ្ឌកម្ម​បី​យ៉ាង​សំរាប់​អ្នក ចូរ​ជ្រើស​រើស​យក​មួយ​ចុះ យើង​នឹង​ដាក់​ទោស​អ្នក​តាម​នោះ!”»។

១៣ លោក​កាដ ​ចូល​ទៅ​គាល់​ព្រះបាទ​ដាវីឌ​ទូល​ថា៖ «តើ​ព្រះករុណា​សព្វ​ព្រះទ័យ​អោយ​ស្រុក​កើត​ទុរ្ភិក្ស​អស់​រយៈ​ពេល​ប្រាំ​ពីរ​ ឆ្នាំ ឬ​ក៏​ព្រះករុណា​ត្រូវ​បាក់​ទ័ព​រត់​នៅ​មុខ​ខ្មាំង​សត្រូវ​អស់​រយៈ​ពេល​បី​ខែ ឬ​ក៏​ចង់​អោយ​ជំងឺ​អាសន្នរោគ កើត​ឡើង​នៅ​ក្នុង​ស្រុក អស់​រយៈ​ពេល​បី​ថ្ងៃ? សូម​ព្រះករុណា​ពិចារណា​មើល​ចុះ ទូលបង្គំ​នឹង​នាំ​ចម្លើយ​ទៅ​ថ្វាយ​ព្រះជាម្ចាស់ ដែល​ចាត់​ទូលបង្គំ​អោយ​មក»។

១៤ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​លោក​កាដ​ថា៖ «យើង​​តប់ប្រមល់​ខ្លាំង​ណាស់! សូម​អោយ​យើង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះអម្ចាស់ ជា​ជាង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស ដ្បិត​ព្រះអង្គ​មាន​ព្រះហឫទ័យ​មេត្តា​ករុណា​ដ៏​ធំធេង»។

១៥ ព្រះអម្ចាស់​ បាន​ធ្វើ​អោយ​ជំងឺ​អាសន្នរោគ​កើត​ឡើង​ក្នុង​ស្រុក​អ៊ីស្រាអែល ចាប់​តាំង​ពី​ព្រឹក​នោះ រហូត​ដល់​ពេល​កំណត់។ ពី​ក្រុង​ដាន់ ដល់​ក្រុង​បៀរសេបា មាន​ប្រជាជន​ស្លាប់​ទាំង​អស់ ៧០ ០០០​នាក់។ ១៦ កាល​ទេវទូត​លើក​ដៃ​ឡើង​បម្រុង​បំផ្លាញ​ក្រុង​យេរូសាឡឹម ព្រះអម្ចាស់​ប្រែ​ព្រះហឫទ័យ​អាណិត មិន​ព្រម​ដាក់​ទោស​ក្រុង​នេះ​ទេ។ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​ទេវទូត ដែល​កំពុង​បំផ្លាញ​ប្រជាជន​ថា៖ «ប៉ុណ្ណឹង​បាន​ហើយ! ឈប់​ប្រហារ​ទៅ!»។ ពេល​នោះ ទេវទូតរបស់​ព្រះអម្ចាស់​ស្ថិត​នៅ​ជិត​លាន​បោក​ស្រូវ​របស់​លោក​អរ៉ូណា ជា​ជន​ជាតិ​យេប៊ូស។

១៧ កាល​ព្រះបាទ​ដាវីឌ​ឃើញ​ទេវទូត ​ប្រហារ​ជីវិត​ប្រជាជន​ដូច្នេះ ស្ដេច​ទូល​ព្រះអម្ចាស់​ថា៖ «ទូលបង្គំ​ទេ​តើ​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប! ទូលបង្គំ​បាន​ប្រព្រឹត្ត​ខុស រីឯ​ប្រជាជន​នេះ​វិញ ពុំ​បាន​ធ្វើ​អំពើ​អាក្រក់​ណា​ទេ។ សូម​ព្រះអង្គ​ដាក់​ទោស​ទូលបង្គំ និង​ក្រុម​គ្រួសារ​ទូលបង្គំ​ចុះ!»។

ស្ដេច​ដាវីឌ​សង់​អាសនៈ​ថ្វាយ​ព្រះអម្ចាស់
(១របាក្សត្រ ២១:១៨-២៦)
១៨ នៅ​ថ្ងៃ​ដដែល​នោះ ព្យាការី​កាដ​ចូល​ទៅ​គាល់​ព្រះបាទ​ដាវីឌ ទូល​ថា៖ «សូម​ព្រះករុណា​យាង​ទៅ​លាន​បោក​ស្រូវ​របស់​លោក​អរ៉ូណា ជា​ជន​ជាតិ​យេប៊ូស ហើយ​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះអម្ចាស់​នៅ​ទី​នោះ​ចុះ!»។ ១៩ ព្រះបាទ​ដាវីឌ​យាង​ទៅ​តាម​ពាក្យ​របស់​លោក​កាដ ដូច​ព្រះអម្ចាស់​បាន​បង្គាប់។ ២០ កាល​លោក​អរ៉ូណា​ក្រឡេក​ ទៅ​ឃើញ​ស្ដេច ព្រម​ទាំង​ពួក​នាម៉ឺន កំពុង​ចូល​មក​រក​លោក លោក​ក៏​ចេញ​ទៅ​ទទួល ហើយ​ក្រាប​ថ្វាយបង្គំ​ស្ដេច​អោន​មុខ​ដល់​ដី។ ២១ លោក​អរ៉ូណា​ទូល​ថា៖ «បពិត្រ​ព្រះករុណា​ជា​អម្ចាស់! ទ្រង់​យាង​មក​ផ្ទះ​ទូលបង្គំ​មាន​ការ​អ្វី​ដែរ?»។ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ «យើង​មក​ទិញ​លាន​បោក​ស្រូវ​របស់​អ្នក សង់​អាសនៈ​មួយ​ថ្វាយ​ព្រះអម្ចាស់ ដើម្បី​អោយ​ប្រជាជន​រួច​ផុត​ពី​គ្រោះ​កាច»។ ២២ លោក​អរ៉ូណា​ទូល​ព្រះបាទ ​ដាវីឌ​ថា៖ «សូម​ព្រះករុណា​ជា​អម្ចាស់​យក​អ្វីៗ តាម​តែ​ព្រះករុណា​សព្វ​ព្រះហឫទ័យ​ចុះ ហើយ​សូម​យក​គោ​ធ្វើ​ជា​តង្វាយ​ដុត​ទាំង​មូល​ថ្វាយ​ព្រះអម្ចាស់ យក​រនាស់ និង​នឹម​ធ្វើ​ជា​អុស។ ២៣ បពិត្រ​ព្រះរាជា ទូលបង្គំ​សូម​ថ្វាយ​ទាំង​អស់​ដល់​ព្រះរាជា អោយ​តែ​ព្រះអម្ចាស់ ជា​ព្រះ​របស់​ករុណា​សព្វ​ព្រះហឫទ័យ​ទទួល​តង្វាយ​នេះ!»។ ២៤ ប៉ុន្តែ ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​លោក​អរ៉ូណា​ថា៖ «ទេ យើង​ចង់​ទិញ​របស់​ទាំង​នេះ​ពី​លោក​ពេញ​ថ្លៃ។ យើង​មិន​អាច​យក​យញ្ញបូជា​ដែល​យើង​មិន​បង់​ប្រាក់ ទៅ​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង​នោះ​ឡើយ!»។ ព្រះបាទ​ដាវីឌ​ទិញ​លាន​បោក​ស្រូវ និង​គោ អស់​ប្រាក់​សុទ្ធ​ចំនួន​ហាសិប​ស្លឹង។ ២៥ ព្រះបាទ​ដាវីឌ​សង់​អាសនៈ​ថ្វាយ​ព្រះអម្ចាស់​នៅ​កន្លែង​នោះ រួច​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព។ ព្រះអម្ចាស់​ក៏​ប្រណី​សន្ដោស​ស្រុក​នោះ ហើយ​ប្រជាជន​អ៊ីស្រាអែល​ក៏​បាន​រួច​ផុត​ពី​គ្រោះ​កាច។