សាម៉ូអែលទី ២ (២៣)

ពាក្យ​បណ្ដាំ​របស់​ព្រះបាទ​ដាវីឌ
 នេះ​ជា​ពាក្យ​បណ្ដាំ​ចុង​ក្រោយ​បង្អស់
របស់​ព្រះបាទ​ដាវីឌ។
នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់
ថ្លែង​ដោយ​ព្រះបាទ​ដាវីឌ
ជា​បុត្រ​របស់​លោក​អ៊ីសាយ
ជា​មនុស្ស​ដែល​ព្រះជាម្ចាស់​លើក​តម្កើង
យ៉ាង​ខ្ពស់​បំផុត
ជា​ស្ដេច​ដែល​ព្រះ​របស់​លោក​យ៉ាកុប
បាន​ចាក់​ប្រេង​អភិសេក ជា​ស្ដេច​ដែល
ប្រជាជន​អ៊ីស្រាអែល​តែងតែ​ច្រៀង​សរសើរ។
    ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​មាន​ព្រះបន្ទូល
តាម​រយៈ​ខ្ញុំ
ព្រះអង្គ​ដាក់​ព្រះបន្ទូល​នៅ​លើ​អណ្ដាត​ខ្ញុំ។
    ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល
ព្រះអង្គ​ដែល​ជា​ថ្មដា​ការពារ​អ៊ីស្រាអែល
ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖
ស្ដេច​ណា​គ្រប់គ្រង​ប្រជាជន​ដោយ​សុចរិត
គឺ​ស្ដេច​ដែល​គ្រប់គ្រង​ប្រជាជន
ដោយ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់
    ស្ដេច​នោះ​ប្រៀប​ដូច​ជា​ពន្លឺ​ព្រះអាទិត្យ​រះ​ឡើង
នៅ​ពេល​ព្រឹក​ដែល​ផ្ទៃ​មេឃ​ស្រឡះ​ល្អ
ពន្លឺ​នោះ​ធ្វើ​អោយ​ស្មៅ​លាស់​ខៀវ​ខ្ចី
ក្រោយ​ពេល​ភ្លៀង។
    ព្រះជាម្ចាស់​ក៏​ប្រព្រឹត្ត​ចំពោះ​ពូជពង្ស​របស់​ខ្ញុំ
យ៉ាង​នោះ​ដែរ
ព្រោះ​ព្រះអង្គ​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​ខ្ញុំ
ជា​សម្ពន្ធមេត្រី​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច
ជា​សម្ពន្ធមេត្រី​ដែល​មាន​មាត្រា​ត្រឹម​ត្រូវ
មិន​អាច​ប្រែប្រួល​បាន​ឡើយ។
មាន​តែ​ព្រះអង្គ​ទេ​ដែល​ប្រទាន​ជ័យជំនះ​មក​ខ្ញុំ
ព្រម​ទាំង​ប្រទាន​អ្វីៗ​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​បាន។
៦     រីឯ​មនុស្ស​ពាល​វិញ ប្រៀប​បាន​នឹង​បន្លា
ដែល​គេ​បោះ​ចោល
គឺ​មិន​ដែល​មាន​នរណា​យក​ដៃ​ពាល់​ឡើយ។
៧    ជន​ដែល​ចង់​ពាល់​វា ត្រូវ​តែ​កាន់​ទំពក់​ដែក
ឬ​ដង​លំពែង
ហើយ​ប្រមូល​ដុត​នៅ​នឹង​កន្លែង​នោះ​ទៅ។

ទាហាន​ដ៏​អង់អាច​របស់​ព្រះបាទ​ដាវីឌ
(១របាក្សត្រ ១១:១០-៤៧)
 នេះ​ជា​បញ្ជី​រាយ​នាម​ ទាហាន​ដ៏​អង់អាច​របស់​ព្រះបាទ​ដាវីឌ: លោក​យ៉ូសេប-បាសេបេត ជា​កូន​របស់​លោក​ថាកេម៉ូន និង​ជា​ប្រមុខ​លើ​មេ​បញ្ជា​ការ​ទាំង​បី​នាក់។ គឺ​លោក​ហើយ​ដែល​បាន​សម្លាប់​ខ្មាំង​អស់​ប្រាំ​បី​រយ​នាក់​ក្នុង​ពេល​តែ​មួយ។

 បន្ទាប់​ មក គឺ​លោក​អេឡាសារ ជា​កូន​របស់​លោក​ដូដូ និង​ជា​ចៅ​រ​បស់​លោក​អហូហ៊ី។ លោក​ជា​នាយ​ទាហាន​ម្នាក់ ក្នុង​ចំណោម​នាយ​ទាហាន​ដ៏​អង់អាច​ទាំង​បី ដែល​នៅ​ជាប់​នឹង​ព្រះបាទ​ដាវីឌ ក្នុង​គ្រា​ដែល​ជន​ជាតិ​ភីលីស្ទីន​លើក​ទ័ព​មក​ច្បាំង ហើយ​កងទ័ព​អ៊ីស្រាអែល​ដក​ថយ។ ១០ ពេល​នោះ មាន​តែ​លោក​អេឡាសារ​ទេ​ដែល​នៅ​រឹងប៉ឹង និង​សម្លាប់​ពួក​ភីលីស្ទីន​ជា​ច្រើន រហូត​ទាល់​តែ​រោយ​ដៃ ហើយ​ម្រាម​ដៃ​របស់​លោក​ក្ដាប់​ជាប់​នឹង​ដង​ដាវ។ នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​ប្រោស​ប្រទាន​ជ័យជំនះ​យ៉ាង​ធំធេង​ដល់​ជន​ជាតិ​អ៊ីស្រាអែល រីឯ​កងទ័ព​វិល​មក​រក​លោក​វិញ គ្រាន់​តែ​ប្រមូល​យក​ជយភ័ណ្ឌ​ប៉ុណ្ណោះ។

១១ បន្ទាប់ ​មក​ទៀត គឺ​លោក​សាំម៉ា ជា​កូន​របស់​លោក​អកេ ពី​អំបូរ​ហារ៉ា។ នៅ​គ្រា​ដែល​កងទ័ព​ភីលីស្ទីន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ភូមិ​លេ​ហ៊ី ត្រង់​ចំការ​មួយ ដែល​មាន​ពេញ​ដោយ​សណ្ដែក។ ទាហាន​អ៊ីស្រាអែល​បាក់​ទ័ព រត់​នៅ​មុខ​ពួក​ភីលីស្ទីន។ ១២ ប៉ុន្តែ លោក​សាំម៉ា​ឈរ​នៅ​កណ្ដាល​ចំការ ហើយ​វាយ​ជន​ជាតិ​ភីលីស្ទីន ដណ្ដើម​យក​ចំការ​នោះ​មក​វិញ។ ព្រះអម្ចាស់​ប្រោស​ប្រទាន​ជ័យជំនះ​ដ៏​ធំធេង។

១៣ ថ្ងៃ​មួយ នៅ​រដូវ​ចំរូត នាយ​ទាហាន​បី​រូប​ក្នុង​ចំណោម​នាយ​ទាហាន​ទាំង​សាមសិប​នាក់ នាំ​គ្នា​ចូល​គាល់​ព្រះបាទ​ដាវីឌ​ក្នុង​ល្អាង​ភ្នំ​អាឌូឡាម ព្រោះ​ទាហាន​ភីលីស្ទីន​បាន​បោះ​ទ័ព នៅ​ជ្រលង​ភ្នំ​រេផាអ៊ីម។ ១៤ ពេល​នោះ ព្រះបាទ​ដាវីឌ​គង់​នៅ​ក្នុង​ជំរក​ដ៏​រឹងមាំ​មួយ។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ កងទ័ព​ភីលីស្ទីន​មួយ​ក្រុម​ក៏​ឈរ​ជើង​នៅ​ភូមិ​បេថ្លេហិម​ដែរ។ ១៥ ព្រះបាទ​ដាវីឌ​ស្រេក​ទឹក ស្ដេច​ក៏​មាន​រាជឱង្ការ​ថា៖ «តើ​នរណា​អាច​ដង​ទឹក​ពី​អណ្ដូង​នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេហិម មក​អោយ​យើង?»។ ១៦ ពេល​នោះ ទាហាន​ដ៏​អង់អាច​ទាំង​បី​រូប​នាំ​គ្នា​សំរុក​ចូល​ទៅ​ក្នុង​ទី​តាំង​ទ័ព​ពួក​ ភីលីស្ទីន ហើយ​ដង​ទឹក​ពី​អណ្ដូង នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេហិម យក​មក​ថ្វាយ​ព្រះបាទ​ដាវីឌ។ ប៉ុន្តែ ស្ដេច​មិន​ព្រម​សោយ​ទេ ទ្រង់​យក​ទឹក​នោះ​ទៅ​ច្រួច​លើ​ដី​ថ្វាយ​ព្រះអម្ចាស់។ ១៧ ស្ដេច​មាន​រាជឱង្ការ​ថា៖ «បពិត្រ​ព្រះអម្ចាស់! ទូលបង្គំ​គ្មាន​សិទ្ធិ​នឹង​ទទួល​ទាន​ទឹក​នេះ​ទេ ដ្បិត​ទឹក​នេះ​ដូច​ជា​ឈាម​របស់​ទាហាន​ដែល​បាន​ប្រថុយ​ជីវិត ដើម្បី​ទៅ​ដង​យក​មក»។ ដូច្នេះ ស្ដេច​មិន​ព្រម​សោយ​ទឹក​នោះ​ទេ។ នេះ​ហើយ​ជា​ស្នាដៃ ដែល​ទាហាន​អង់អាច​ទាំង​បី​រូប​បាន​ប្រព្រឹត្ត។

១៨ លោក​ អប៊ីសាយ ជា​ប្អូន​របស់​លោក​យ៉ូអាប់ និង​ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ជា​ប្រមុខ​នៃ​មេទ័ព​ទាំង​បី​រូប។ លោក​បាន​ប្រើ​លំពែង​សម្លាប់​ខ្មាំង​សត្រូវ​អស់​បី​រយ​នាក់។ លោក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នៅ​ក្នុង​ក្រុម​មេទ័ព​ទាំង​បី។ ១៩ ក្នុង​ចំណោម​មេទ័ព​ទាំង ​បី លោក​ទទួល​កិត្តិយស​ខ្លាំង​ជាង​គេ លោក​ជា​ប្រមុខ​លើ​មេទ័ព​ទាំង​បី តែ​លោក​ពុំ​អាច​ប្រៀប​ស្មើ​នឹង​ក្រុម​មេទ័ព​បី​រូប​ទៀត​ឡើយ។

២០ លោក​ បេណាយ៉ា អ្នក​ស្រុក​កាបសៀល ជា​កូន​របស់​លោក​យេហូយ៉ាដា និង​ជា​ចៅ​របស់​ទាហាន​ដ៏​អង់អាច​មួយ​រូប។ លោក​បាន​បញ្ចេញ​ស្នាដៃ​យ៉ាង​ច្រើន គឺ​លោក​ហើយ​ដែល​បាន​វាយ​ពួក​អរីអែល​ពីរ​នាក់​ពី​ស្រុក​ម៉ូអាប់ ព្រម​ទាំង​ចុះ​ទៅ​ក្នុង​រណ្ដៅ​ដើម្បី​សម្លាប់​សត្វ​សិង្ហ​មួយ នៅ​ថ្ងៃ​ធ្លាក់​ទឹក​កក។ ២១ លោក​ក៏​បាន​សម្លាប់​ជន​ ជាតិ​អេស៊ីប​ម្នាក់ ដែល​មាន​រូប​រាង​ធំ​សម្បើម ប្រដាប់​ដោយ​លំពែង។ លោក​ទៅ​ប្រយុទ្ធ​នឹង​គេ​ដោយ​មាន​តែ​ដំបង​ប៉ុណ្ណោះ លោក​ដណ្ដើម​យក​លំពែង​ពី​ដៃ​អ្នក​នោះ​បាន ហើយ​ចាក់​សម្លាប់​គេ​នឹង​លំពែង​នោះ​ទៅ។ ២២ នេះ​ហើយ​ជា​ស្នាដៃ​របស់​លោក​បេណាយ៉ា ជា​កូន​របស់​លោក​យេហូយ៉ាដា ដែល​ធ្វើ​អោយ​លោក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ក្នុង​ក្រុម​ទាំង​បី​រូប។ ២៣ ក្នុង​ចំណោម​មេ​បញ្ជា​ការ​ទាំង​សាមសិប​នាក់ លោក​ទទួល​កិត្តិយស​ច្រើន​ជាង​គេ តែ​លោក​ពុំ​អាច​ប្រៀប​ស្មើ​នឹង​មេទ័ព​ទាំង​បី​រូប​បាន​ឡើយ។ ព្រះបាទ​ដាវីឌ​បាន​តែងតាំង​លោក​ជា​មេ​បញ្ជា​ការ​កង​អង្គរក្ស។

២៤ ក្នុង​ក្រុម​ទាំង​សាមសិប​នាក់ មាន​លោក​អេសាអែល ជា​ប្អូន​របស់​លោក​យ៉ូអាប់ លោក​អែលហាណាន​ជា​កូន​របស់​លោក​ដូដូ អ្នក​ភូមិ​បេថ្លេហិម ២៥ លោក​សាំម៉ា ជា​អ្នក​ស្រុក​ហារ៉ូដ លោក​អេលីកា ជា​អ្នក​ស្រុក​ហារ៉ូដ ២៦ លោក​ហេលេស ជា​អ្នក​ស្រុក​ប៉ាលធី លោក​អ៊ីរ៉ា អ្នក​ក្រុង​ត្កូអា ជា​កូន​របស់​លោក​អ៊ីកកែស ២៧ លោក​អបៀស៊ើរ អ្នក​ស្រុក​អាណាថោត លោក​មប៊ូណាយ អ្នក​ស្រុក​ហ៊ូសាយ ២៨ លោក​សាលម៉ូន អ្នក​ស្រុក​អហូហ៊ី លោក​ម៉ាហារ៉ៃ អ្នក​ស្រុក​ពីនេតូផា ២៩ លោក​ហេលែប ជា​កូន​របស់​លោក​បាណា អ្នក​ស្រុក​ពីនេតូផា លោក​អ៊ីតតាយ ជា​កូន​របស់​លោក​រីបាយ ជា​អ្នក​ស្រុក​គីបា ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន ៣០ លោក​បេណាយ៉ា អ្នក​ស្រុក​ពីរ៉ាតូន លោក​ហ៊ីតដាយ អ្នក​ស្រុក​ណាហាលេ-កាស ៣១ លោក​អាប៊ី-អាល់បូន អ្នក​ស្រុក​អារ៉ាបា លោក​អាស្មាវែត អ្នក​ស្រុក​បាហារូម ៣២ លោក​អេលីយ៉ាបា អ្នក​ស្រុក​សាលបូន លោកបេនេ​យ៉ាសេន លោក​យ៉ូណាថាន ៣៣ លោក​សាំម៉ា អ្នក​ស្រុក​ហារ៉ា លោក​អហ៊ីយ៉ាម ជា​កូន​របស់​លោក​សារ៉ា អ្នក​ស្រុក​ហារ៉ា ៣៤ លោក​អេលីផាលេត ជា​កូន​របស់​លោក​អហាសបៃ និង​ជា​ពូជពង្ស​របស់​ពួក​ម៉ាកាធី លោក​អេលីយ៉ាម ជា​កូន​របស់​លោក​អហ៊ីតូផែល អ្នក​ស្រុក​គីឡោ ៣៥ លោក​ហេស្រាយ អ្នក​ស្រុក​កាម៉ិល លោក​បារ៉ាយ អ្នក​ស្រុក​អារ៉ាប់ ៣៦ លោក​យីកាល ជា​កូន​របស់​លោក​ណាថាន អ្នក​ស្រុក​សូបា លោក​បានី អ្នក​ស្រុក​កាដ ៣៧ លោក​សេឡេក ជា​ជន​ជាតិ​អាំម៉ូន លោក​ណាហារ៉ៃ អ្នក​ស្រុក​បេរ៉ូដ ដែល​ជា​អ្នក​កាន់​គ្រឿង​សស្រ្ដាវុធ​របស់​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ៣៨​ ​លោក​អ៊ីរ៉ា អ្នក​ស្រុក​យេទែរ លោក​ការេប អ្នក​ស្រុក​យេទែរ ៣៩ លោក​អ៊ូរី ជា​ជន​ជាតិ​ហេត។ សរុប​ទាំង​អស់ មាន​សាមសិប​ប្រាំពីរ​រូប។