ប្រជាជនស្រុកយូដាអភិសេកលោកដាវីឌ ជាស្ដេចនៅក្រុងហេប្រូន
១ ក្រោយព្រឹត្តិការណ៍ទាំងនោះ លោកដាវីឌទូលសួរព្រះអម្ចាស់ថា៖ «តើទូលបង្គំគួរទៅក្រុងណាមួយ ក្នុងស្រុកយូដាឬទេ?»។ ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «ទៅចុះ!»។ លោកដាវីឌទូលសួរថា៖ «ទូលបង្គំត្រូវទៅក្រុងណាដែរ?»។ ព្រះអម្ចាស់ឆ្លើយថា៖ «ក្រុងហេប្រូន»។ ២ លោកដាវីឌក៏ធ្វើដំណើរ ទៅក្រុងហេប្រូន ដោយនាំភរិយាទាំងពីរទៅជាមួយផង គឺនាងអហ៊ីណូអាំ ជាអ្នកស្រុកយីសរេអែលនិងនាងអប៊ីកាល ជាភរិយារបស់សពលោកណាបាលនៅភូមិកាម៉ិល។ ៣ លោកដាវីឌបាននាំអស់ អ្នកដែលនៅជាមួយលោក និងគ្រួសាររបស់អ្នកទាំងនោះទៅជាមួយដែរ រួចតាំងទីលំនៅក្នុងភូមិនានា ជុំវិញក្រុងហេប្រូន។
៤ ពេលនោះ អ្នកស្រុកយូដានាំគ្នាមកក្រុងហេប្រូន ហើយចាក់ប្រេងអភិសេកលោកដាវីឌ ជាស្ដេចរបស់ជនជាតិយូដា។ មានគេនាំដំណឹងមកទូលព្រះបាទដាវីឌថា អ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដ បាននាំគ្នាបញ្ចុះសពព្រះបាទសាអ៊ូល។ ៥ ព្រះបាទដាវីឌក៏ចាត់អ្នកនាំសារអោយទៅប្រាប់អ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដថា៖ «សូមព្រះអម្ចាស់ ប្រទានពរដល់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាសំដែងភក្ដីភាពចំពោះព្រះបាទសាអ៊ូល ជាម្ចាស់របស់អ្នករាល់គ្នា ដោយបានបញ្ចុះសពស្ដេច។ ៦ ឥឡូវនេះ សូមព្រះអម្ចាស់ សំដែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះស្ម័គ្រចំពោះអ្នករាល់គ្នាវិញ។ ដោយសារអ្នករាល់គ្នាធ្វើដូច្នេះ ខ្ញុំក៏នឹងប្រព្រឹត្តល្អចំពោះអ្នករាល់គ្នាដែរ។ ៧ ចូរមានកម្លាំង និងមានចិត្តក្លាហានឡើង! ព្រះបាទសាអ៊ូល ជាម្ចាស់របស់អ្នករាល់គ្នាបានសោយទិវង្គតផុតទៅហើយ។ ចំណែកខ្ញុំវិញ អ្នកស្រុកយូដាបានចាក់ប្រេងអភិសេកខ្ញុំ ជាស្ដេចគ្រប់គ្រងលើពួកគេ»។
លោកអាប់នែរតែងតាំងសម្ដេចអ៊ីសបូសែត ជាស្ដេចស្រុកអ៊ីស្រាអែល
៨ លោកអាប់នែរ ជាកូនរបស់លោកនែរ ដែលជាមេទ័ពរបស់ព្រះបាទសាអ៊ូល បាននាំសម្ដេចអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសាអ៊ូល ឆ្លងទៅក្រុងម៉ាហាណាអ៊ីម។ ៩ នៅទីនោះ លោកអាប់នែរ តែងតាំងសម្ដេចអ៊ីសបូសែត ជាស្ដេចគ្រប់គ្រងលើស្រុកកាឡាដ ស្រុកអស៊ែរស្រុកយីសរេអែលស្រុកអេប្រាអ៊ីម ស្រុកបេនយ៉ាមីនពោល គឺស្រុកអ៊ីស្រាអែលទាំងមូល។ ១០ ពេលព្រះបាទអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសាអ៊ូល ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល ទ្រង់មានព្រះជន្មសែសិបវស្សា ហើយសោយរាជ្យបានពីរឆ្នាំ។ មានតែស្រុកយូដាប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះបាទដាវីឌ។ ១១ ព្រះបាទដាវីឌសោយរាជ្យលើជនជាតិយូដា អស់រយៈពេលប្រាំពីរឆ្នាំកន្លះ នៅក្រុងហេប្រូន។
សង្គ្រាមរវាងយូដា និងអ៊ីស្រាអែលនៅកាបូន
១២ លោកអាប់នែរជាកូន របស់លោកនែរ និងជារាជបំរើរបស់ព្រះបាទអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសាអ៊ូល បានចាកចេញពីក្រុងម៉ាហាណាអ៊ីម ឆ្ពោះទៅក្រុងកាបូន។ ១៣ លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា ព្រមទាំងរាជបំរើរបស់ព្រះបាទដាវីឌក៏ចេញទៅច្បាំងដែរ។ កងទ័ពទាំងពីរបានមកជួបគ្នានៅត្រង់បឹងកាបូន ហើយបោះទ័ពទល់មុខគ្នានៅមាត់បឹង។ ១៤ លោកអាប់នែរមាន ប្រសាសន៍ទៅកាន់លោកយ៉ូអាប់ថា៖ «ចូរអោយពួកយុវជនក្រោកឡើង ប្រកួតគ្នានៅចំពោះមុខយើងទាំងពីរ!»។ លោកយ៉ូអាប់តបវិញថា៖ «អោយគេក្រោកឡើងប្រកួតគ្នាចុះ!»។ ១៥ យុវជនទាំងនោះក៏ចេញ មកមានចំនួនស្មើគ្នា គឺដប់ពីរនាក់ពីកុលសម្ព័ន្ធបេនយ៉ាមីន ខាងព្រះបាទអ៊ីសបូសែត ហើយដប់ពីរនាក់ទៀតជារាជបំរើព្រះបាទដាវីឌ។ ១៦ ពួកគេចាប់ក្បាលគូ សត្រូវរបស់ខ្លួន ហើយហូតដាវចាក់ត្រង់ឆ្អឹងជំនីរគ្នាទៅវិញទៅមក ជាហេតុធ្វើអោយពួកគេដួលស្លាប់ទាំងអស់គ្នា។ គេបានហៅកន្លែងនៅជិតបឹងកាបូននោះថា «ហេលកាត់-ហាត់ស៊ូរីម»។ ១៧ ការប្រយុទ្ធមួយយ៉ាងសាហាវ បានផ្ទុះឡើងនៅថ្ងៃនោះ។ លោកអាប់នែរ ព្រមទាំងទាហានរបស់លោក វាយចាញ់ទាហានរបស់ព្រះបាទដាវីឌ។ ១៨ កូនប្រុសទាំងបីរូប របស់អ្នកស្រីសេរូយ៉ា នៅទីនោះទាំងអស់គ្នា គឺលោកយ៉ូអាប់ លោកអប៊ីសាយ និងលោកអេសាអែល។ លោកអេសាអែលរត់លឿនដូចប្រើស ១៩ លោកដេញតាមលោកអាប់នែរយ៉ាងប្រកិត ឥតងាកឆ្វេងឬស្ដាំឡើយ។ ២០ លោកអាប់នែរងាកក្រោយសួរថា៖ «តើអ្នកជាអេសាអែលឬ?»។ លោកអេសាអែលឆ្លើយថា៖ «ខ្ញុំនេះហើយ!»។ ២១ លោកអាប់នែរមាន ប្រសាសន៍ថា៖ «ចូរដេញតាមក្មេងណាម្នាក់នៅខាងឆ្វេង ឬខាងស្ដាំ ហើយចាប់ដោះយកគ្រឿងអាវុធរបស់គេទៅ»។ ប៉ុន្តែ លោកអេសាអែលមិនព្រមឈប់ដេញតាមលោកអាប់នែរទេ។ ២២ លោកអាប់នែរពោលមក កាន់លោកអេសាអែលទៀតថា៖ «ចូរឈប់ដេញតាមខ្ញុំទៅ! ហេតុអ្វីបានជាបង្ខំខ្ញុំអោយសម្លាប់អ្នក? ធ្វើដូច្នេះ នៅពេលក្រោយ តើអោយខ្ញុំមើលមុខលោកយ៉ូអាប់ ជាបងរបស់អ្នកដូចម្ដេចបាន?»។ ២៣ ប៉ុន្តែ លោកអេសាអែលមិនព្រមឈប់ដេញទេ។ ពេលនោះ លោកអាប់នែរក៏បុកលោកអេសាអែលមួយលំពែង ត្រូវត្រង់ពោះធ្លុះដល់ខ្នង។ លោកអេសាអែលដួលស្លាប់នៅនឹងកន្លែង។ អស់អ្នកដែលរត់មកដល់កន្លែងលោកអេសាអែលដួលស្លាប់នោះ ក៏នាំគ្នាឈប់។ ២៤ ប៉ុន្តែ លោកយ៉ូអាប់ និងលោកអប៊ីសាយនៅតែដេញតាមលោកអាប់នែរ ហើយទៅដល់ជំរាលភ្នំអាំម៉ា ដែលស្ថិតនៅទល់មុខនឹងគីយ៉ា តាមផ្លូវទៅវាលរហោស្ថានកាបូន នៅពេលថ្ងៃលិច។ ២៥ ពលទាហានបេនយ៉ាមីនប្រមូលគ្នា មកនៅពីក្រោយលោកអាប់នែរ។ គេផ្ដុំគ្នាជាក្រុម ហើយឈប់នៅលើកំពូលភ្នំ។ ២៦ លោកអាប់នែរស្រែកសួរ លោកយ៉ូអាប់ថា៖ «តើយើងនៅតែច្បាំងគ្នារហូតឬ? តើអ្នកមិនយល់ថា ការនេះត្រូវបញ្ចប់ដោយជូរចត់ទេឬ? តើនៅរង់ចាំដល់ពេលណា ទើបបញ្ជាទាហានអោយឈប់ដេញតាមបងប្អូនរបស់ខ្លួនទៀត?»។ ២៧ លោកយ៉ូអាប់ស្រែក ប្រាប់ទៅវិញថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅថា ប្រសិនបើអ្នកមិនសុំអោយខ្ញុំឈប់ដេញតាមទេ នោះទាហានរបស់ខ្ញុំមុខជានៅតែដេញតាមអ្នករាល់គ្នា រហូតដល់ព្រឹកស្អែក»។ ២៨ លោកយ៉ូអាប់ផ្លុំត្រែ ឡើង ហើយពួកពលទាហានទាំងអស់នាំគ្នាឈប់។ ពួកគេលែងដេញតាមកងទ័ពអ៊ីស្រាអែល និងលែងប្រយុទ្ធគ្នាទៀត។
២៩ លោកអាប់នែរ និងពលទាហានរបស់លោកនាំគ្នាបន្តដំណើរពេញមួយយប់ ដោយដើរកាត់វាលទំនាបទន្លេយ័រដាន់ រួចឆ្លងទៅត្រើយម្ខាង។ បន្ទាប់ពីដើរអស់មួយព្រឹកទៀត ពួកគេឆ្លងកាត់វាលប៊ីតរ៉ូន ហើយទៅដល់ក្រុងម៉ាហាណាអ៊ីមវិញ។ ៣០ កាលលោកយ៉ូអាប់វិលមក ពីដេញតាមលោកអាប់នែរវិញ លោកប្រមូលផ្ដុំពលទាហាន ឃើញមានបាត់ទាហានរបស់ព្រះបាទដាវីឌ ចំនួនដប់ប្រាំបួននាក់ និងលោកអេសាអែលម្នាក់ទៀត។ ៣១ ប៉ុន្តែ ទាហានរបស់ព្រះបាទដាវីឌបានសម្លាប់ទាហានរបស់ពួកបេនយ៉ាមីន និងទាហានរបស់លោកអាប់នែរ អស់បីរយហុកសិបនាក់។ ៣២ គេបាននាំយកសពលោក អេសាអែល ទៅបញ្ចុះក្នុងផ្នូរដែលជាកម្មសិទ្ធិរបស់ឪពុកលោក នៅបេថ្លេហិម។ បន្ទាប់មក លោកយ៉ូអាប់ និងទាហានរបស់លោក នាំគ្នាដើរពេញមួយយប់ ហើយទៅដល់ក្រុងហេប្រូននៅពេលថ្ងៃរះ។