សាម៉ូអែលទី ២ (១៩)

ការ​ឈឺ​ចាប់​ខ្លោចផ្សា​របស់​ព្រះបាទ​ដាវីឌ
១(១៨.៣៣) ពេល​នោះ ព្រះបាទ​ដាវីឌ​ក្ដុកក្ដួល​ក្នុង​ព្រះហឫទ័យ​យ៉ាង​ខ្លាំង ស្ដេច​យាង​ឡើង​ទៅ​បន្ទប់​ខាង​លើ​ខ្លោង​ទ្វារ​ក្រុង ហើយ​ទ្រង់​ព្រះកន្សែង។ ស្ដេច​យាង​ឡើង​ទៅ​ទាំង​រៀប​រាប់​ថា៖ «អាប់សាឡុម​បុត្រ​បិតា! ឱ​បុត្រ​បិតា! អាប់សាឡុម បុត្រ​បិតា​អើយ! គួរ​តែ​អោយ​បិតា​ស្លាប់​ជំនួស​បុត្រ​វិញ! អាប់សាឡុម បុត្រ​បិតា ឱ​បុត្រ​បិតា​អើយ!»។

២(១) មាន​គេ​មក​ជំរាប​លោក​យ៉ូអាប់​ថា ស្ដេច​ទ្រង់​ព្រះកន្សែង និង​អាឡោះអាល័យ​ស្ដេច​អាប់សាឡុម។ ៣(២) ជ័យជំនះ​នៅ​ថ្ងៃ​នោះ ក្លាយ​ទៅ​ជា​ទុក្ខ​ព្រួយ ដ្បិត​កងទ័ព​ទាំង​មូល​ឮ​គេ​និយាយ​ថា ព្រះរាជា​សោក​សង្រេង​អាឡោះអាល័យ​បុត្រ។ ៤(៣) នៅ​ថ្ងៃ​នោះ ពួក​គេ​ចូល​មក​ក្នុង​ក្រុង​វិញ​ដោយ​ស្ងាត់ៗ ដូច​ជា​ទាហាន​បាក់​ទ័ព​រត់​ចោល​សមរភូមិ​ទាំង​ក្ដី​អាម៉ាស់។ ៥(៤) រីឯ​ស្ដេច​វិញ ស្ដេច​គ្រប​ព្រះភក្ត្រ​ជិត ហើយ​បន្លឺ​ព្រះសូរសៀង​យ៉ាង​ខ្លាំង​ថា៖ «អាប់សាឡុម បុត្រ​បិតា! ឱ​បុត្រ​បិតា! អាប់សាឡុម បុត្រ​បិតា​អើយ!»។

៦(៥) ពេល​នោះ លោក​យ៉ូអាប់​ចូល​គាល់​ស្ដេច​នៅ​ក្នុង​បន្ទប់ ហើយ​ទូល​ថា៖ «ពល​ទាហាន​ទាំង​អស់​បាន​សង្គ្រោះ​ព្រះករុណា ព្រម​ទាំង​បុត្រា​បុត្រី និង​ស្រី​ស្នំ​ទាំង​ប៉ុន្មាន តែ​ថ្ងៃ​នេះ ព្រះករុណា​ធ្វើ​អោយ​ពួក​គេ​ត្រូវ​អាម៉ាស់​ទៅ​វិញ។ ៧(៦) ព្រះករុណា​ស្រឡាញ់​អ្នក​ ដែល​ស្អប់​ព្រះករុណា ហើយ​ស្អប់​អ្នក​ដែល​ស្រឡាញ់​ព្រះករុណា​ទៅ​វិញ។ នៅ​ថ្ងៃ​នេះ ព្រះករុណា​បង្ហាញ​ថា ព្រះករុណា​មិន​គិតគូរ​ដល់​មេ​បញ្ជា​ការ និង​ពល​ទាហាន​ទេ។ ទូលបង្គំ​ដឹង​ថា ប្រសិន​បើ​ស្ដេច​អាប់សាឡុម​នៅ​រស់ ហើយ​ទូលបង្គំ​ទាំង​អស់​គ្នា​ស្លាប់ ព្រះករុណា​មុខ​ជា​យល់​ថា​ជា​ការ​ធម្មតា។ ៨(៧) ឥឡូវ​នេះ សូម​ព្រះករុណា​ក្រោក​ឡើង ហើយ​យាង​ចេញ​ទៅ​លើក​ទឹក​ចិត្ត​ពល​ទាហាន​ផង។ ទូលបង្គំ​សូម​ស្បថ ក្នុង​នាម​ព្រះអម្ចាស់​ថា ប្រសិន​បើ​ព្រះករុណា​មិន​យាង​ចេញ​ទៅ​ទេ យប់​នេះ នឹង​គ្មាន​នរណា​ម្នាក់​នៅ​បំរើ​ព្រះករុណា​ទៀត​ឡើយ ហើយ​ព្រះករុណា​ត្រូវ​វេទនា​លើស​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន ដែល​ព្រះករុណា​ធ្លាប់​ជួប​ប្រទះ​តាំង​ពី​ក្មេង​មក​ទល់​សព្វ​ថ្ងៃ»។ ៩(៨) ស្ដេច​ក៏​ក្រោក​ឡើង យាង​ចេញ​មក​គង់​នៅ​មាត់​ទ្វារ​ក្រុង។ គេ​ប្រកាស​ប្រាប់​ពល​ទាហាន​ទាំង​មូល​ថា ស្ដេច​គង់​នៅ​មាត់​ទ្វារ​ក្រុង។ ពល​ទាហាន​ទាំង​អស់ ក៏​នាំ​គ្នា​មក​គាល់​ស្ដេច។

ព្រះបាទ​ដាវីឌ​យាង​ចូល​ក្រុង​យេរូសាឡឹម
ពល​ទាហាន​អ៊ីស្រាអែល​បាន​បាក់​ទ័ព រត់​ចូល​ជំរំ​របស់​គេ​រៀងៗ​ខ្លួន​វិញ។ ១០(៩) នៅ​តាម​កុលសម្ព័ន្ធ​ អ៊ីស្រាអែល​ទាំង​អស់ ប្រជាជន​ទាំង​មូល​ពិភាក្សា​គ្នា​ថា៖ «ព្រះបាទ​ដាវីឌ​បាន​រំដោះ​យើង​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ជា​ពិសេស រំដោះ​យើង​អោយ​រួច​ពី​ពួក​ភីលីស្ទីន តែ​ឥឡូវ​នេះ ព្រះរាជា​បាន​ភៀស​ខ្លួន​ចេញ​ពី​ស្រុក ព្រោះ​តែ​ស្ដេច​អាប់សាឡុម។ ១១(១០) រីឯ​ស្ដេច​អាប់សាឡុម​ ដែល​យើង​ចាក់​ប្រេង​អភិសេក​ជា​ស្ដេច​នោះ បាន​សោយ​ទិវង្គត​នៅ​ក្នុង​សង្គ្រាម​ទៅ​ហើយ។ ដូច្នេះ តើ​ពួក​យើង​នៅ​រង់ចាំ​អ្វី​ទៀត ម្ដេច​មិន​ទៅ​យាង​ព្រះរាជា​អោយ​ត្រឡប់​មក​វិញ?»។ ១២(១១) រីឯ​ព្រះបាទ​ដាវីឌ ទ្រង់​ចាត់​គេ​អោយ​ទៅ​ជំរាប​លោក​បូជាចារ្យ​សាដុក និង​លោក​បូជាចារ្យ​អប៊ីយ៉ាថា​ដូច​ត​ទៅ៖ «ចូរ​សាក​សួរ​អស់​លោក​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​យូដា​ថា ហេតុ​អ្វី​បាន​ជា​អស់​លោក​នៅ​ដំអក់​ដូច្នេះ ម្ដេច​ក៏​មិន​យាង​ស្ដេច​ចូល​ក្នុង​ដំណាក់​វិញ? ស្ដេច​បាន​ជ្រាប​ពី​គោល​បំណង​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​ហើយ។ ១៣(១២) អស់​លោក​ជា​បង​ប្អូន និង​ជា​សាច់ញាតិ​របស់​ស្ដេច។ ដូច្នេះ កុំ​បង្អង់​នៅ​ចាំ​ក្រោយ​គេ ក្នុង​ការ​យាង​ស្ដេច​មក​វិញ​នោះ​ឡើយ។ ១៤(១៣) បន្ទាប់​មក សូម​លោក​ទាំង​ពីរ​ទៅ​ប្រាប់​លោក​អម៉ាសា​ផង​ថា “លោក​ជា​សាច់ញាតិ​របស់​យើង ដូច្នេះ យើង​សូម​សន្យា​ថា បើ​យើង​មិន​តែងតាំង​លោក​អោយ​ធ្វើ​ជា​មេទ័ព ជំនួស​លោក​យ៉ូអាប់​រហូត​ទេ​នោះ សូម​ព្រះជាម្ចាស់​ដាក់​ទោស​យើង​ចុះ”»។ ១៥(១៤) ព្រះបាទ​ដាវីឌ​ធ្វើ​អោយ ​អ្នក​ស្រុក​យូដា​ទាំង​មូល​ទន់​ចិត្ត ហើយ​ពួក​គេ​ព្រម​ព្រៀង​គ្នា ចាត់​មនុស្ស​អោយ​ទៅ​ទូល​ស្ដេច​ថា៖ «សូម​ព្រះករុណា​យាង​មក​វិញ ជា​មួយ​កងទ័ព​ទាំង​មូល​របស់​ព្រះករុណា​ចុះ»។ ១៦(១៥) ដូច្នេះ ស្ដេច​យាង​ត្រឡប់​មក​វិញ។ ពេល​ស្ដេច​យាង​មក​ដល់​មាត់​ទន្លេ​យ័រដាន់ អ្នក​ស្រុក​យូដា​ទាំង​មូល​នាំ​គ្នា​ទទួល​ស្ដេច​នៅ​គីលកាល់ ដើម្បី​ជួយ​ចម្លង​ស្ដេច​ឆ្លង​ទន្លេ​យ័រដាន់។