សាម៉ូអែលទី ២ (១៨)

បរាជ័យ​របស់​កងទ័ព​ស្ដេច​អាប់សាឡុម
 ព្រះបាទ​ដាវីឌ​យាង​ត្រួត​ ពិនិត្យ​កងទ័ព​ដែល​មក​ជា​មួយ ហើយ​តែងតាំង​មេ​បញ្ជា​ការ​កងពល​ធំ និង​មេ​បញ្ជា​ការ​កងពល​តូច អោយ​ត្រួត​លើ​ពួក​គេ។ ២ ស្ដេច​ចែក​ពល​ទ័ព​ជា​បី​កង: កង​ទី​មួយ​អោយ​នៅ​ក្រោម​បញ្ជា​របស់​លោក​យ៉ូអាប់ កង​ទី​ពីរ​នៅ​ក្រោម​បញ្ជា​របស់​លោក​អប៊ីសាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា និង​ជា​ប្អូន​របស់​លោក​យ៉ូអាប់ ហើយ​កង​ទី​បី​នៅ​ក្រោម​បញ្ជា​របស់​លោក​អ៊ីតតាយ ជា​ជន​ជាតិ​កាថ។ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​ពល​ទ័ព​ថា៖ «យើង​ចង់​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ»។ ពល​ទ័ព​ទូល​ថា៖ «ព្រះករុណា​មិន​ត្រូវ​យាង​ទៅ​ទេ។ ប្រសិន​បើ​យើង​ខ្ញុំ​បាក់​ទ័ព​រត់ គ្មាន​នរណា​ចាប់​អារម្មណ៍​នឹង​យើង​ខ្ញុំ​ទេ ហើយ​ប្រសិន​បើ​យើង​ខ្ញុំ​ត្រូវ​ស្លាប់​អស់​ពាក់​កណ្ដាល ក៏​គ្មាន​នរណា​ចាប់​អារម្មណ៍​ដែរ។ រីឯ​ព្រះករុណា មាន​តម្លៃ​ស្មើ​នឹង​ពួក​យើង​មួយ​ម៉ឺន​នាក់​ឯណោះ ហេតុ​នេះ​គួរ​តែ​ព្រះករុណា​គង់​នៅ​ក្នុង​ទីក្រុង​ចាំ​ជួយ​យើង​ខ្ញុំ​វិញ​»។ ៤ ព្រះបាទ​ដាវីឌ​មាន​ រាជឱង្ការ​ថា៖ «យើង​នឹង​ធ្វើ​តាម​យោបល់​របស់​អ្នក​រាល់​គ្នា»។ ពេល​នោះ ស្ដេច​គង់​នៅ​ត្រង់​មាត់​ទ្វារ​ក្រុង ហើយ​ពល​ទ័ព​ក៏​ចេញ​ទៅ តាម​កង តាម​ក្រុម​របស់​ខ្លួន។  ព្រះបាទ​ដាវីឌ​មាន​ រាជឱង្ការ​ទៅ​កាន់​លោក​យ៉ូអាប់ លោក​អប៊ីសាយ និង​លោក​អ៊ីតតាយ​ថា៖ «បើ​អស់​លោក​ស្រឡាញ់​យើង ចូរ​កុំ​ធ្វើ​បាប​អាប់សាឡុម ជា​បុត្រ​របស់​យើង​ឡើយ!»។ ពល​ទ័ព​ទាំង​មូល​បាន​ឮ​រាជឱង្ការ ដែល​ព្រះបាទ​ដាវីឌ​ផ្ដែផ្ដាំ​មេទ័ព​ទាំង​អស់ ស្ដី​អំពី​ស្ដេច​អាប់សាឡុម។

 ពល​ទ័ព​ របស់​ព្រះបាទ​ដាវីឌ​ចេញ​ទៅ​ច្បាំង​នឹង​កងទ័ព​អ៊ីស្រាអែល ហើយ​ការ​ប្រយុទ្ធ​ផ្ទុះ​ឡើង រវាង​កងទ័ព​ទាំង​ពីរ​នៅ​ក្នុង​ព្រៃ​អេប្រាអ៊ីម កងទ័ព​អ៊ីស្រាអែល​ចាញ់​ កងទ័ព​របស់​ព្រះបាទ​ដាវីឌ នៅ​ថ្ងៃ​នោះ គេ​ត្រូវ​បរាជ័យ​យ៉ាង​ធ្ងន់ គឺ​មាន​ទាហាន​ស្លាប់​អស់​ចំនួន​ពីរ​ម៉ឺន​នាក់។ ការ​ប្រយុទ្ធ​បាន​រាលដាល​ ពេញ​ស្រុក​ទាំង​មូល ហើយ​អ្នក​ដែល​បាត់​បង់​ជីវិត​នៅ​ក្នុង​ព្រៃ មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​ទៅ​ទៀត។

លោក​យ៉ូអាប់​ធ្វើ​គុត​ស្ដេច​អាប់សាឡុម
 ពេល​កំពុង​ជិះ​លា ស្ដេច​អាប់សាឡុម​បាន​ជួប​ប្រទះ​នឹង​កងទ័ព​របស់​ព្រះបាទ​ដាវីឌ។ លា​ដើរ​កាត់​ក្រោម​ដើម​ឈើ​ធំ​មួយ ដែល​មាន​មែក​សាខា ស្រាប់​តែ​ព្រះកេសា​របស់​ស្ដេច​អាប់សាឡុម ទាក់​ជាប់​នឹង​មែក​ឈើ លា​ដើរ​ទៅ​មុខ​ទៀត ទុក​អោយ​ស្ដេច​អាប់សាឡុម​នៅ​ព្យួរ ផុត​ជើង​ពី​ដី។ ១០ ពល​ទាហាន​ម្នាក់​ឃើញ​ដូច្នេះ ក៏​នាំ​ដំណឹង​ទៅ​ជំរាប​លោក​យ៉ូអាប់​ថា៖ «ខ្ញុំ​ប្របាទ​ឃើញ​ស្ដេច​អាប់សាឡុម​នៅ​ព្យួរ​ជាប់​នឹង​មែក​ឈើ»។ ១១ លោក​យ៉ូអាប់​មាន​ ប្រសាសន៍​ថា៖ «ឯង​បាន​ឃើញ​អាប់សាឡុម​ឬ! ហេតុ​អ្វី​បាន​ជា​ឯង​មិន​ប្រហារ​អោយ​ស្លាប់​នៅ​នឹង​កន្លែង​ទៅ? នោះ​ខ្ញុំ​នឹង​អោយ​ប្រាក់​ដប់​ស្លឹង និង​ខ្សែ​ក្រវាត់​មួយ​ជា​រង្វាន់​ដល់​ឯង»។ ១២ ទាហាន​នោះ​តប​ទៅ​លោក​ យ៉ូអាប់​ថា៖ «ទោះ​បី​លោក​អោយ​ប្រាក់​ខ្ញុំ​ប្របាទ​មួយ​ពាន់​ស្លឹង​ក្ដី ក៏​ខ្ញុំ​ប្របាទ​មិន​ធ្វើ​ឃាត​បុត្រ​របស់​ស្ដេច​ដែរ ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ឮ​ស្ដេច​មាន​រាជឱង្ការ​ផ្ដែផ្ដាំ​លោក ព្រម​ទាំង​លោក​អប៊ីសាយ និង​លោក​អ៊ីតតាយ​ថា “សូម​ប្រណី​ដល់​អាប់សាឡុម​ផង!”។ ១៣ ប្រសិន​បើ​ខ្ញុំ​ប្របាទ ​ធ្វើ​គុត​បុត្រ​របស់​ស្ដេច នោះ​ខ្ញុំ​ប្របាទ​ពុំ​អាច​លាក់​រឿង​នេះ មិន​អោយ​ស្ដេច​ជ្រាប​បាន​ទេ ហើយ​លោក​ផ្ទាល់​ក៏​មិន​ការពារ​ខ្ញុំ​ប្របាទ​ដែរ»។ ១៤ លោក​យ៉ូអាប់​មាន​ ប្រសាសន៍​ថា៖ «យើង​មិន​ចង់​ខាត​ពេល​វេលា​ជា​មួយ​ឯង​ទេ!»។ លោក​ចាប់​យក​ជន្លួញ​បី​ដើម មក​ចាក់​ទម្លុះ​ត្រង់​បេះដូង​ស្ដេច​អាប់សាឡុម ដែល​នៅ​រស់ ហើយ​ទាក់​ជាប់​នឹង​មែក​ឈើ។ ១៥ ពល​ទាហាន​កំលោះៗ​ចំនួន​ដប់​នាក់ ដែល​កាន់​អាវុធ​របស់​លោក​យ៉ូអាប់ នាំ​គ្នា​ឡោមព័ទ្ធ​ស្ដេច​អាប់សាឡុម ហើយ​វាយ​ប្រហារ​អោយ​សុគត​ទៅ។

១៦ បន្ទាប់​មក លោក​យ៉ូអាប់​បញ្ជា​អោយ​គេ​ផ្លុំ​ត្រែ​បញ្ឈប់​ការ​ប្រយុទ្ធ។ ដូច្នេះ ពល​ទាហាន​របស់​ព្រះបាទ​ដាវីឌ​ក៏​ឈប់​ដេញ​តាម​កងទ័ព​អ៊ីស្រាអែល។ ១៧ គេ​យក​សព​ស្ដេច​ អាប់សាឡុម ទៅ​បោះ​ចោល​ក្នុង​រណ្ដៅ​មួយ​ដ៏​ធំ នៅ​កណ្ដាល​ព្រៃ ហើយ​យក​ថ្ម​យ៉ាង​ច្រើន​មក​គរ​ពី​លើ​ផង។ ពេល​នោះ ពល​ទាហាន​អ៊ីស្រា​អែល​​រត់​​ទៅ​ជំរំ​របស់​គេ​រៀងៗ​ខ្លួន​វិញ។

១៨ កាល​នៅ​ មាន​ព្រះជន្ម​នៅ​ឡើយ ស្ដេច​អាប់សាឡុម​បាន​អោយ​គេ​កសាង​បង្គោល​ថ្ម​មួយ​នៅ​ជ្រលង​ភ្នំ​ស្ដេច ដ្បិត​ទ្រង់​គិត​ថា៖ «យើង​គ្មាន​កូន​ប្រុស​បន្ត​វង្ស​ត្រកូល​ទេ»។ ដូច្នេះ ស្ដេច​ក៏​ដាក់​ឈ្មោះ​ខ្លួន​ផ្ទាល់​លើ​បង្គោល​ថ្ម​នោះ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​បង្គោល​នោះ​ថា «ស្ដូប​អាប់សាឡុម» រហូត​ដល់​សព្វ​ថ្ងៃ។

ព្រះបាទ​ដាវីឌ​ជ្រាប​ពី​ការ​សុគត​របស់​ស្ដេច​អាប់សាឡុម
១៩ លោក​អហ៊ីម៉ាស់​ជា​កូន​របស់​លោក​សាដុក ពោល​ទៅ​កាន់​លោក​យ៉ូអាប់​ថា៖ «សូម​ទុក​អោយ​ខ្ញុំ​រត់​ទៅ​ទូល​ព្រះករុណា​អំពី​ដំណឹងល្អ​ថា ព្រះអម្ចាស់​បាន​រក​យុត្តិធម៌​អោយ​ព្រះករុណា ដោយ​​រំដោះ​ព្រះករុណា​ពី​កណ្ដាប់​ដៃ​របស់​សត្រូវ»។ ២០ លោក​យ៉ូអាប់​មាន​ ប្រសាសន៍​ថា៖ «ទេ! ចាំ​ថ្ងៃ​ក្រោយ​សឹម​លោក​នាំ​ដំណឹង​ទៅ ថ្ងៃ​នេះ លោក​មិន​មែន​នាំ​ដំណឹងល្អ​ទេ ពីព្រោះ​បុត្រ​របស់​ស្ដេច​សោយ​ទិវង្គត»។ ២១ លោក​យ៉ូអាប់​បង្គាប់​ទៅ ​ជន​ជាតិ​អេត្យូពី​ម្នាក់​ថា៖ «ចូរ​ទៅ​ទូល​ព្រះបាទ​ដាវីឌ​តាម​ហេតុការណ៍​ដែល​អ្នក​បាន​ឃើញ​ចុះ!»។ ជន​ជាតិ​អេត្យូពី​នោះ ក្រាប​សំពះ​លា​លោក​យ៉ូអាប់ ហើយ​រត់​ចេញ​ទៅ។ ២២ ពេល​នោះ លោក​អហ៊ីម៉ាស់ ជា​កូន​របស់​លោក​សាដុក ទទូច​សុំ​លោក​យ៉ូអាប់​ម្ដង​ទៀត​ថា៖ «ទោះ​បី​មាន​រឿង​អ្វី​ក៏​ដោយ ទុក​អោយ​ខ្ញុំ​រត់​ទៅ​តាម​ជន​ជាតិ​អេត្យូពី​នេះ​ផង»។ លោក​យ៉ូអាប់​សួរ​ថា៖ «កូន​អើយ​ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​រត់​ទៅ​ដូច្នេះ? ដំណឹង​នេះ​មិន​ផ្ដល់​រង្វាន់​អ្វី​ដល់​អ្នក​ទេ!»។ ២៣ លោក​អហ៊ីម៉ាស់​តប​ថា៖ «ទោះ​មាន​រឿង​អ្វី​ក៏​ដោយ ខ្ញុំ​នឹង​រត់​ទៅ!»។ លោក​យ៉ូអាប់​មាន​ប្រសាសន៍​ថា៖ «រត់​ទៅ​ចុះ!»។ លោក​អហ៊ីម៉ាស់​រត់​ចេញ​ទៅ​តាម​ផ្លូវ​វាល​ទំនាប​ទន្លេ​យ័រដាន់ ហើយ​រត់​ទៅ​មុន​ជន​ជាតិ​អេត្យូពី។

២៤ ពេល​នោះ ព្រះបាទ​ដាវីឌ​គង់​នៅ​ត្រង់​ចន្លោះ​ទ្វារ​ខាង​ក្រៅ និង​ទ្វារ​ខាង​ក្នុង​នៃ​កំពែង​ក្រុង។ អ្នក​យាម​ម្នាក់​ឡើង​ទៅ​លើ​កំពែង​ក្រុង ហើយ​សម្លឹង​មើល​ទៅ​ឃើញ​មនុស្ស​ម្នាក់​កំពុង​រត់​តម្រង់​មក។ ២៥ គេ​ស្រែក​ទូល​ស្ដេច ហើយ​ស្ដេច​មាន​រាជឱង្ការ​ថា៖ «ប្រសិន​បើ​គេ​មក​តែ​ម្នាក់​ឯង គេ​មុខ​ជា​នាំ​ដំណឹងល្អ​មក​ហើយ»។ អ្នក​នោះ​រត់​ចូល​មក​កាន់​តែ​ជិត។ ២៦ អ្នក​យាម​ក្រឡេក​ទៅ​ឃើញ ​មនុស្ស​ម្នាក់​ទៀត​រត់​តម្រង់​មក គេ​ក៏​ស្រែក​ប្រាប់​អ្នក​យាម​ទ្វារ​ថា៖ «មាន​ម្នាក់​ទៀត​រត់​តម្រង់​មក​ដែរ»។ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ «អ្នក​នោះ​ក៏​នាំ​ដំណឹងល្អ​មក​ដែរ»។ ២៧ អ្នក​យាម​ទូល​ថា៖ «តាម​មើល​របៀប​រត់​នេះ​ទូលបង្គំ​ស្គាល់​ច្បាស់​ថា អ្នក​ដែល​រត់​មក​មុន គឺ​លោក​អហ៊ីម៉ាស់ ជា​កូន​របស់​លោក​សាដុក»។ ស្ដេច​មាន​រាជឱង្ការ​ថា៖ «គាត់​ជា​មនុស្ស​ល្អ គាត់​ពិត​ជា​នាំ​ដំណឹងល្អ​មក​ហើយ»។ ២៨ ពេល​មក​ដល់ លោក​អហ៊ីម៉ាស់​ទូល​ថា៖ «សូម​ក្រាប​ថ្វាយបង្គំ​ព្រះករុណា!​»។ គាត់​ក្រាប​ថ្វាយបង្គំ​ស្ដេច​ដល់​ដី ហើយ​ទូល​ថា៖ «សូម​លើក​តម្កើង​ព្រះអម្ចាស់ ជា​ព្រះ​របស់​ព្រះករុណា​ដែល​បាន​ប្រគល់​ពួក​បះបោរ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះករុណា!»។ ២៩ ស្ដេច​មាន​រាជឱង្ការ​ សួរ​ថា៖ «ចុះ​អាប់សាឡុម​សុខ​សប្បាយ​ទេ?»។ លោក​អហ៊ីម៉ាស់​ទូល​ថា៖ «ពេល​លោក​យ៉ូអាប់​ចាត់​ទូលបង្គំ និង​អ្នក​បំរើ​ម្នាក់​ទៀត​មក​នោះ ទូលបង្គំ​សង្កេត​ឃើញ​មាន​ការ​ជ្រួលច្រ​បល់​យ៉ាង​ខ្លាំង ប៉ុន្តែ ទូលបង្គំ​មិន​ដឹង​ថា​មាន​ហេតុការណ៍​អ្វី​កើត​ឡើង​ទេ»។ ៣០ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ «ចូរ​ថយ​ទៅ​ឈរ​នៅ​ជិត​នោះ​ចុះ»។ លោក​អហ៊ីម៉ាស់​ក៏​ដក​ខ្លួន ហើយ​ឈរ​ចាំ។ ៣១ រំពេច​នោះ​ជន​ជាតិ​អេត្យូពី​មក​ដល់ ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះករុណា! ទូលបង្គំ​នាំ​ដំណឹងល្អ​មក​ថ្វាយ​ព្រះក​រុណា​។ ថ្ងៃ​នេះ ព្រះអម្ចាស់​បាន​រក​យុត្តិធម៌​ថ្វាយ​ព្រះករុណា​ហើយ ព្រះអង្គ​បាន​រំដោះ​ព្រះករុណា អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ពួក​បះបោរ​ទាំង​ប៉ុន្មាន»។ ៣២ ស្ដេច​មាន​រាជឱង្ការ​ សួរ​ថា៖ «ចុះ​អាប់សាឡុម​សុខ​សប្បាយ​ឬ​ទេ?»។ ជន​ជាតិ​អេត្យូពី ទូល​ថា៖ «បពិត្រ​ព្រះករុណា! សូម​អោយ​ខ្មាំង​សត្រូវ និង​ពួក​បះបោរ​ប្រឆាំង​នឹង​ព្រះករុណា​ត្រូវ​វិនាស ដូច​យុវជន​នោះ​ចុះ!»។