សាម៉ូអែលទី ២ (១៦)

ព្រះបាទ​ដាវីឌ និង​ស៊ីបា
 ព្រះបាទ​ដាវីឌ​យាង​ផុត​ពី ​កំពូល​ភ្នំ​បន្តិច ស្រាប់​តែ​ស៊ីបា ជា​អ្នក​បំរើ​របស់​លោក​មេភីបូសែត ក៏​មក​ជួប​ថ្វាយបង្គំ​ស្ដេច គាត់​នាំ​យក​សត្វ​លា​ពីរ​ក្បាល ដែល​មាន​ដឹក​នំបុ័ង​ចំនួន​ពីរ​រយ​ដុំ ទំពាំងបាយជូរ​ក្រៀម​ចំនួន​មួយ​រយ​កញ្ចប់ ផ្លែ​ឈើ​ស្រស់​ចំនួន​មួយ​រយ​ផ្លែ ព្រម​ទាំង​ស្រា​ទំពាំងបាយជូរ​មួយ​ថង់​ស្បែក​ផង។ ២ ព្រះរាជា​សួរ​ស៊ីបា​ថា៖ «តើ​អ្នក​យក​របស់​ទាំង​នេះ​មក​ធ្វើ​អ្វី?»។ ស៊ីបា​ទូល​ថា៖ «បពិត្រ​ព្រះករុណា សត្វ​លា​ទាំង​ពីរ​នេះ ជា​ជំនិះ​សំរាប់​ព្រះរាជវង្ស នំបុ័ង និង​ផ្លែ​ឈើ ជា​អាហារ​របស់​ពល​ទាហាន ហើយ​ស្រា​នេះ ទុក​សំរាប់​អ្នក​ដែល​អស់​កម្លាំង​នៅ​វាល​រហោ​ស្ថាន»។ ៣ ព្រះរាជា​សួរ​ថា៖ «តើ​កូន​របស់​ម្ចាស់​អ្នក​នៅ​ឯ​ណា?»។ ស៊ីបា​ទូល​ថា៖ «លោក​នៅ​ឯ​ក្រុង​យេរូសាឡឹម ដ្បិត​លោក​គិត​ថា ថ្ងៃ​នេះ​ជន​ជាតិ​អ៊ីស្រាអែល​នឹង​ប្រគល់​រាជ្យ​របស់​ជីតា​លោក មក​អោយ​លោក​វិញ»។ ៤ ស្ដេច​មាន​រាជឱង្ការ​ថា៖ «អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​មេភីបូសែត យើង​ប្រគល់​អោយ​អ្នក​ទាំង​អស់»។ ស៊ីបា​ក្រាប​ថ្វាយបង្គំ​ស្ដេច ហើយ​ទូល​ថា៖ «បពិត្រ​ព្រះករុណា​ជា​អម្ចាស់ សូម​ទ្រង់​ប្រណី​សន្ដោស​ទូលបង្គំ​រហូត​ត​ទៅ!»។

លោក​ស៊ីម៉ាយ​ជេរ​ប្រទេចផ្ដាសា​ព្រះបាទ​ដាវីឌ
 ពេល​ព្រះបាទ​ដាវីឌ​យាង​ទៅ ​ដល់​ភូមិ​បាហ៊ូរីម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ាយ ជា​កូន​របស់​លោក​កេរ៉ា ក្នុង​អំបូរ​របស់​ស្ដេច​សាអ៊ូល បាន​ចេញ​ពី​ភូមិ ហើយ​ជេរ​ប្រទេចផ្ដាសា​ព្រះបាទ​ដាវីឌ។  គាត់​ចោល​ដុំ​ថ្ម​ទៅ​លើ​ព្រះបាទ​ដាវីឌ និង​នាម៉ឺន​មន្ត្រី​របស់​ស្ដេច ទោះ​បី​មាន​បណ្ដាជន និង​ពល​ទាហាន នៅ​អម​សង​ខាង​ស្ដេច​ក៏​ដោយ។ ៧ គាត់​ជេរ​ប្រទេចផ្ដាសា​ស្ដេច​ថា៖ «ចេញ​ទៅ! ចេញ​ទៅ! អា​ឃាតក! អា​ចោលម្សៀត! ព្រះអម្ចាស់​ដាក់​ទោស​ឯង ដើម្បី​សងសឹក​ជំនួស​រាជវង្ស​របស់​ព្រះបាទ​សាអ៊ូល​ ដែល​ឯង​បាន​ដណ្ដើម​រាជ្យ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់​ដក​រាជ្យ​ពី​ឯង ប្រគល់​ទៅ​អោយ​សម្ដេច​អាប់សាឡុម​ជា​កូន​វិញ។ ឥឡូវ​នេះ ឯង​ត្រូវ​រង​ទុក្ខ​វេទនា ដ្បិត​ឯង​ជា​ឃាតក»។  លោក​អប៊ីសាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះករុណា ម្ដេច​ក៏​ទុក​អោយ​អា​ឆ្កែ​ងាប់​នេះ ជេរ​ប្រទេចផ្ដាសា​ព្រះករុណា​ជា​អម្ចាស់​ដូច្នេះ? ទូលបង្គំ​សូម​ទៅ​កាត់​ក​វា»។ ១០ ​ស្ដេច​មាន​រាជឱង្ការ​ ថា៖ «លោក​អប៊ីសាយ និង​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា​អើយ ចូរ​កុំ​លូក​ដៃ​ក្នុង​រឿង​នេះ​អី! ប្រសិន​បើ​ព្រះអម្ចាស់​បង្គាប់​អោយ​គាត់​ដាក់​បណ្ដាសា​យើង​ដូច្នេះ មិន​ត្រូវ​អោយ​នរណា​ម្នាក់​ស្ដី​បន្ទោស​គាត់​ឡើយ!»។ ១១ ព្រះបាទ​ដាវីឌ​មាន​ រាជឱង្ការ​ទៅ​កាន់​លោក​អប៊ីសាយ និង​មន្ត្រី​ទាំង​អស់​ថា៖ «សូម្បី​តែ​បុត្រ​បង្កើត ដែល​ជា​សាច់​ឈាម​របស់​យើង ក៏​វា​រក​សម្លាប់​យើង​ទៅ​ហើយ ប្រសិន​បើ​ព្រះអម្ចាស់​បង្គាប់​ដូច្នេះ ទុក​អោយ​អ្នក​ស្រុក​បេនយ៉ាមីន​ម្នាក់​នេះ ជេរ​ប្រទេចផ្ដាសា​យើង​ទៅ! ១២ ប្រហែល​ជា​ព្រះអម្ចាស់​ទត​ឃើញ​ទុក្ខ​វេទនា​របស់​យើង ហើយ​ធ្វើ​អោយ​ពាក្យ​បណ្ដាសា​នៅ​ថ្ងៃ​នេះ ក្លាយ​ទៅ​ជា​ពាក្យ​ជូន​ពរ​ទៅ​វិញ»។

១៣ ព្រះបាទ ​ដាវីឌ និង​ពល​ទាហាន​បន្ត​ដំណើរ​ទៅ​មុខ ហើយ​លោក​ស៊ីម៉ាយ​ដើរ​តាម​ចង្កេះ​ភ្នំ​ម្ខាង​ទៀត នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រះបាទ​ដាវីឌ។ គាត់​ដើរ​បណ្ដើរ​ជេរ​ប្រទេចផ្ដាសា​បណ្ដើរ ព្រម​ទាំង​យក​ដុំ​ថ្ម​គប់ និង​បាច​ដី​មក​លើ​ស្ដេច​ផង។ ១៤ ស្ដេច និង​បណ្ដាជន​ទាំង​មូល ដែល​រួម​ដំណើរ​ជា​មួយ ក៏​ទៅ​ដល់​ទន្លេ​យ័រដាន់​ពួក​គេ​អស់​កម្លាំង ហើយ​ឈប់​សំរាក​នៅ​ទី​នោះ។

លោក​ហ៊ូសាយ​ចូល​គាល់​ស្ដេច​អាប់សាឡុម
១៥ ស្ដេច​អាប់សាឡុម និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ចូល​ដល់​ក្រុង​យេរូសាឡឹម។ លោក​អហ៊ីតូផែល​ក៏​នៅ​ជា​មួយ​ស្ដេច​អាប់សាឡុម​ដែរ។ ១៦ លោក​ហ៊ូសាយ ជា​ជន​ជាតិ​អគី ដែល​ជា​មន្ត្រី​ជំនិត​របស់​ព្រះបាទ​ដាវីឌ ចូល​ទៅ​គាល់​ស្ដេច​អាប់សាឡុម ពោល​ថា៖ «ជយោ​ព្រះរាជា! ជយោ​ព្រះរាជា!»។ ១៧ ស្ដេច​អាប់សាឡុម​មាន​ រាជឱង្ការ​ទៅ​កាន់​លោក​ថា៖ «ចិត្ត​ស្មោះ​ត្រង់​ចំពោះ​បិតា​ខ្ញុំ ដែល​ជា​មិត្ត​សម្លាញ់​របស់​លោក​នោះ​នៅ​ឯ​ណា? ហេតុ​អ្វី​បាន​ជា​លោក​មិន​ទៅ​តាម​បិតា​ខ្ញុំ?»។ ១៨ លោក​ហ៊ូសាយ​ទូល​ថា៖ «ទេ! បើ​ព្រះអម្ចាស់ និង​ប្រជាជន​អ៊ីស្រាអែល ព្រម​ទាំង​កងទ័ព​ទាំង​មូល​ជ្រើស​រើស​ស្ដេច​ណា ទូលបង្គំ​នៅ​ជា​មួយ​ស្ដេច​នោះ​ហើយ។ ១៩ ម្យ៉ាង​ទៀត ទូលបង្គំ​ត្រូវ​បំរើ​អ្នក​ណា? ព្រះករុណា​ជា​បុត្រ​របស់​មិត្ត​សម្លាញ់​ទូលបង្គំ ដូច្នេះ ទូលបង្គំ​នឹង​បំរើ​ព្រះករុណា ដូច​ទូលបង្គំ​បាន​បំរើ​បិតា​របស់​ព្រះករុណា​ដែរ»។

ស្ដេច​អាប់សាឡុម និង​ពួក​ស្រី​ស្នំ​របស់​ព្រះបាទ​ដាវីឌ
២០ ស្ដេច​អាប់សាឡុម​មាន​រាជឱង្ការ ​ទៅ​កាន់​លោក​អហ៊ីតូ​ផែល​​ថា៖ «ចូរ​អស់​លោក​ពិភាក្សា​គ្នា អំពី​កិច្ចការ​ដែល​ពួក​យើង​ត្រូវ​ធ្វើ​នោះ​ទៅ»។ ២១ លោក​អហ៊ីតូផែល​ទូល​ ស្ដេច​អាប់សាឡុម​ថា៖ «សូម​យាង​ទៅ​រួម​ដំណេក​ជា​មួយ​ពួក​ស្រី​ស្នំ ដែល​បិតា​របស់​ព្រះករុណា​ទុក​អោយ​នៅ​ចាំ​ដំណាក់​នោះ​ចុះ។ ធ្វើ​ដូច្នេះ ប្រជា​ជន​​អ៊ីស្រាអែល​ទាំង​មូល​នឹង​ដឹង​ថា ព្រះករុណា​តាំង​ខ្លួន​ជា​សត្រូវ​នឹង​បិតា ហើយ​បក្ស​ពួក​របស់​ព្រះករុណា​ក៏​នឹង​មាន​កម្លាំង​ចិត្ត​ឡើង​ដែរ»។ ២២ គេ​បាន​ដំឡើង​ពន្លា​មួយ ​ថ្វាយ​ស្ដេច​អាប់សាឡុម តាម​ថែវ​នៅ​ជាន់​ខាង​លើ​ដំណាក់ ហើយ​ស្ដេច​អាប់សាឡុម​ក៏​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​ស្រី​ស្នំ​របស់​បិតា អោយ​ប្រជាជន​អ៊ីស្រា​អែល​ទាំង​មូល​ឃើញ។

២៣ នៅ​គ្រា​នោះ យោបល់​របស់​លោក​អហ៊ីតូផែល​មាន​ឥទ្ធិពល​ដូច​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ដែរ។ ព្រះបាទ​ដាវីឌ និង​ស្ដេច​អាប់សាឡុម ​តែងតែ​ធ្វើ​តាម​យោបល់​ទាំង​ប៉ុន្មាន​របស់​លោក។