សាម៉ូអែលទី ២ (១២)

ព្យាការី​ណាថាន​ទូល​ព្រះបាទ​ដាវីឌ​អោយ​ស្គាល់​កំហុស
 ព្រះអម្ចាស់​ បាន​ចាត់​ព្យាការី*​ណាថាន​អោយ​ទៅ​ជួប​ព្រះបាទ​ដាវីឌ​។ លោក​ណាថាន​ចូល​គាល់​ស្ដេច​ហើយ​ទូល​ថា៖ «នៅ​ក្នុង​ក្រុង​មួយ មាន​បុរស​ពីរ​នាក់ ម្នាក់​ជា​សេដ្ឋី ម្នាក់​ទៀត​ជា​អ្នក​ក្រ។ សេដ្ឋី​មាន​ហ្វូង​គោ និង​ហ្វូង​ចៀម​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។ រីឯ​អ្នក​ក្រ​វិញ មាន​កូន​ចៀម​ញី​តែ​មួយ​គត់ ដែល​គាត់​បាន​ទិញ​មក។ គាត់​ចិញ្ចឹម​វា ហើយ​វា​ក៏​ធំ​ឡើង​ជា​មួយ​កូនៗ​របស់​គាត់។ វា​ធ្លាប់​ស៊ី​ចំណី​អាហារ និង​ផឹក​ទឹក​ក្នុង​ពែង​របស់​គាត់ គាត់​ដេក​ឱប​វា ហើយ​គាត់​ស្រឡាញ់​វា​ទុក​ដូច​ជា​កូន​ស្រី​របស់​គាត់។ ថ្ងៃ​មួយ មាន​អ្នក​ដំណើរ​ម្នាក់ បាន​មក​ដល់​ផ្ទះ​របស់​សេដ្ឋី។ សេដ្ឋី​នោះ​ពុំ​ដាច់​ចិត្ត​យក​សត្វ​ក្នុង​ហ្វូង​ចៀម ឬ​ហ្វូង​គោ​របស់​គាត់ មក​សម្លាប់​ធ្វើ​ម្ហូប​អាហារ​ជូន​ភ្ញៀវ​ទេ ផ្ទុយ​ទៅ​វិញ គាត់​បែរ​ជា​ទៅ​យក​កូន​ចៀម​របស់​អ្នក​ក្រ មក​កាប់​ធ្វើ​ម្ហូប​ទទួល​ភ្ញៀវ»។

 ព្រះបាទ​ដាវីឌ​ខ្ញាល់​នឹង​សេដ្ឋី​នោះ​យ៉ាង​ខ្លាំង ហើយ​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ណាថាន​ថា៖ «យើង​សូម​ស្បថ​ក្នុង​នាម​ព្រះអម្ចាស់ ដែល​មាន​ព្រះជន្ម​គង់​នៅ​ថា មនុស្ស​ដែល​ប្រព្រឹត្ត​ដូច្នេះ ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់។  គេ​ត្រូវ​សង​កូន​ចៀម​វិញ​មួយ​ជា​បួន ព្រោះ​គេ​ប្រព្រឹត្ត​ដូច្នេះ​ដោយ​គ្មាន​ចិត្ត​ត្រា​ប្រណី​សោះ»។

 ព្យាការី​ណាថាន​ទូល​ព្រះបាទ​ដាវីឌ​វិញ​ថា៖ «បុរស​នោះ គឺ​ព្រះករុណា​ហ្នឹង​ហើយ! ព្រះអម្ចាស់​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ ព្រះបន្ទូល​ថា “យើង​បាន​ចាក់​ប្រេង​អភិសេក​អ្នក ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​យើង​ក៏​បាន​រំដោះ​អ្នក អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​សាអ៊ូល​ដែរ។  យើង​បាន​ប្រគល់​រាជ​ សម្បត្តិ ព្រម​ទាំង​ស្រី​ស្នំ​ទាំង​ប៉ុន្មាន​របស់​ម្ចាស់​អ្នក មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក។ យើង​ក៏​បាន​អោយ​អ្នក​គ្រប់គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល និង​យូដា​ដែរ។ បើ​អ្នក​នៅ​តែ​មិន​ស្កប់​ទេ យើង​អាច​បន្ថែម​លើស​ពី​នេះ​ទៅ​ទៀត! ចុះ​ហេតុ​ដូច​ម្ដេច​បាន​ ជា​អ្នក​មើលងាយ​ព្រះបន្ទូល​របស់​យើង ដោយ​ប្រព្រឹត្ត​អំពើ​ដែល​មិន​គាប់​ចិត្ត​យើង​ គឺ​អ្នក​បាន​ធ្វើ​ឃាត​អ៊ូរី ជា​ជន​ជាតិ​ហេត ដោយ​ប្រគល់​ទៅ​អោយ​ជន​ជាតិ​អាំម៉ូន​សម្លាប់ រួច​យក​ប្រពន្ធ​របស់​អ៊ូរី​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្លួន​ឯង។ ១០ ហេតុ​នេះ​ហើយ ​បាន​ជា​នៅ ​ក្នុង​គ្រួសារ​របស់​អ្នក​តែងតែ​មាន​មនុស្ស​ស្លាប់ ដោយ​មុខ​ដាវ​ជានិច្ច ព្រោះ​អ្នក​បាន​មើលងាយ​យើង​ដោយ​យក​ប្រពន្ធ​របស់​អ៊ូរី ជា​ជន​ជាតិ​ហេត​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្លួន”។ ១១ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ថា “យើង​នឹង​ធ្វើ​អោយ​មាន​រឿង​អពមង្គល​កើត​ចេញ​ពី​ក្នុង​គ្រួសារ​របស់​អ្នក។ យើង​នឹង​យក​ស្ត្រី​ស្នំ​ទាំង​ប៉ុន្មាន​របស់​អ្នក ប្រគល់​អោយ​មនុស្ស​ម្នាក់ ដែល​ជា​សាច់​ឈាម​របស់​អ្នក។ គេ​នឹង​រួម​ដំណេក​ជា​មួយ​ស្ត្រីៗ​នោះ នៅ​កណ្ដាល​វាល ចំពោះ​មុខ​អ្នក​ផង។ ១២ អ្នក​បាន​ប្រព្រឹត្ត​ អំពើ​អាក្រក់​ដោយ​ស្ងាត់​កំបាំង រីឯ​យើង យើង​នឹង​ប្រព្រឹត្ត​ការ​នេះ​ចំពោះ​អ្នក​វិញ​នៅ​កណ្ដាល​វាល អោយ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ឃើញ”»។

១៣ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ណាថាន​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះហឫទ័យ​ព្រះអម្ចាស់​ហើយ!»។ ១៤ ព្យាការី​ណាថាន​ទូល​ថា៖ «ព្រះអម្ចាស់​ លើកលែង​ទោស​អោយ​ព្រះករុណា ព្រះករុណា​នឹង​មិន​សោយ​ទិវង្គត​ទេ។ ប៉ុន្តែ ដោយ​ព្រះករុណា​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់​នេះ ជា​ឱកាស​អោយ​ខ្មាំង​សត្រូវ​ប្រមាថ​មើលងាយ​ព្រះអម្ចាស់ បុត្រ​របស់​ព្រះករុណា​ដែល​ទើប​ប្រសូត​មក​នោះ នឹង​ត្រូវ​សុគត​ជា​មិន​ខាន»។ ១៥ បន្ទាប់​មក ព្យាការី​ណាថាន ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​វិញ។

កូន​របស់​នាង​បាត​សេបា​ស្លាប់
ព្រះអម្ចាស់​ធ្វើ​អោយ​កូន ដែល​នាង​បាតសេបា ជា​ភរិយា​របស់​សព​លោក​អ៊ូរី បាន​បង្កើត​ថ្វាយ​ព្រះបាទ​ដាវីឌ​នោះ​មាន​ជំងឺ។ ១៦ ព្រះបាទ​ដាវីឌ​ទូលអង្វរ​ព្រះជាម្ចាស់​អោយ​កូន​នោះ ទាំង​តម​អាហារ។ កាល​ស្ដេច​យាង​ចូល​ក្រឡាបន្ទំ ស្ដេច​ផ្ទំ​ផ្ទាល់​នឹង​ដី។ ១៧ ពួក​ព្រឹទ្ធាចារ្យ​នៅ​ ក្នុង​ដំណាក់​ទទូច​សូម​អោយ​ស្ដេច​តើន​ឡើង ប៉ុន្តែ ទ្រង់​មិន​ព្រម​ទេ ហើយ​ក៏​មិន​សោយ​ព្រះស្ងោយ​ជា​មួយ​ពួក​គេ​ដែរ។ ១៨ នៅ​ថ្ងៃ​ទី​ប្រាំពីរ កូន​នោះ​ក៏​ស្លាប់។ រាជ​បំរើ​មិន​ហ៊ាន​ទូល​ដំណឹង​នេះ​ថ្វាយ​ព្រះបាទ​ដាវីឌ​ទេ ព្រោះ​ពួក​គេ​និយាយ​គ្នា​ថា៖ «កាល​កូន​មាន​ជីវិត​នៅ​ឡើយ យើង​បាន​និយាយ​ជា​មួយ​ព្រះករុណា តែ​ព្រះករុណា​ពុំ​ព្រម​ស្ដាប់​យើង​ទេ ចុះ​ឥឡូវ​នេះ កូន​ស្លាប់​ហើយ តើ​យើង​ត្រូវ​ទូល​យ៉ាង​ដូច​ម្ដេច ដើម្បី​កុំ​អោយ​ស្ដេច​ធ្វើ​បាប​ខ្លួន​ឯង»។ ១៩ កាល​ព្រះបាទ​ដាវីឌ​ទត​ ឃើញ​រាជ​បំរើ​ខ្សឹបខ្សៀវ​គ្នា ទ្រង់​ក៏​យល់​ថា​កូន​នោះ​ស្លាប់​ហើយ។ ព្រះរាជា​សួរ​ពួក​គេ​ថា៖ «កូន​របស់​យើង​ស្លាប់​ហើយ​ឬ?»។ ពួក​គេ​ទូល​ថា៖ «បពិត្រ​ព្រះករុណា! ព្រះឱរស​នោះ​សុគត​ហើយ»។ ២០ ព្រះបាទ​ដាវីឌ​ក្រោក​ពី​ដី ស្រង់​ទឹក ប្រោះ​ទឹក​អប់ ព្រម​ទាំង​ផ្លាស់​ព្រះភូសា រួច​យាង​ចូល​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ដើម្បី​ថ្វាយបង្គំ​ព្រះអង្គ។ ពេល​ត្រឡប់​មក​វិញ ស្ដេច​បញ្ជា​អោយ​គេ​រៀបចំ​ព្រះស្ងោយ ហើយ​ទ្រង់​ក៏​សោយ។ ២១ ពួក​រាជ​បំរើ​ទូល​សួរ​ ថា៖ «បពិត្រ​ព្រះករុណា ស្ដេច​ប្រព្រឹត្ត​បែប​នេះ​មាន​ន័យ​ដូច​ម្ដេច​ដែរ? កាល​ព្រះឱរស​មាន​ជីវិត​នៅ​ឡើយ ព្រះករុណា​តម​អាហារ ហើយ​សោក​សង្រេង​ទៀត​ផង។ ឥឡូវ​នេះ ព្រះឱរស​សុគត​ផុត​ហើយ ព្រះករុណា​បែរ​ជា​ក្រោក​ឡើង សោយ​ព្រះស្ងោយ​ទៅ​វិញ!»។ ២២ ព្រះបាទ​ដាវីឌ​តប​វិញ​ថា៖ «កាល​កូន​របស់​យើង​រស់​នៅ​ឡើយ យើង​តម​អាហារ និង​សោក​សង្រេង​ដោយ​នឹក​ថា ព្រះអម្ចាស់​ប្រហែល​ជា​ប្រណី​សន្ដោស​ដល់​យើង ហើយ​ទុក​អោយ​កូន​នោះ​មាន​ជីវិត​ត​ទៅ​ទៀត។ ២៣ ឥឡូវ​នេះ កូន​យើង​ស្លាប់​ផុត​ទៅ​ហើយ តើ​យើង​តម​អាហារ​ធ្វើ​អ្វី​ទៀត? យើង​មិន​អាច​ធ្វើ​អោយ​វា​រស់​ឡើង​វិញ​បាន​ឡើយ! យើង​ទេ​តើ​ដែល​នឹង​ទៅ​ជួប​វា គឺ​មិន​មែន​វា​ទេ ដែល​នឹង​មក​ជួប​យើង»។

កំណើត​របស់​សម្ដេច​សាឡូម៉ូន
២៤ ព្រះបាទ​ដាវីឌ​សំរាល​ ទុក្ខ​នាង​បាតសេបា ជា​មហេសី ហើយ​ក៏​រួម​រស់​ជា​មួយ​នាង។ នាង​ប្រសូត​បាន​បុត្រ​មួយ​អង្គ រួច​ប្រទាន​នាម​ថា​សាឡូម៉ូន។ ព្រះអម្ចាស់​ស្រឡាញ់​បុត្រ​នោះ​ណាស់ ២៥ ព្រះអង្គ​ចាត់​ព្យាការី ​ណាថាន​អោយ​ទៅ​ប្រាប់​ព្រះបាទ​ដាវីឌ​ជ្រាប ហើយ​ថ្វាយ​នាម​បុត្រ​នោះ​ថា «យេឌីឌីយ៉ា» មាន​ន័យ​ថា «អ្នក​ជា​ទី​ស្រឡាញ់​របស់​ព្រះអម្ចាស់»។

ព្រះបាទ​ដាវីឌ​វាយ​យក​បាន​ក្រុង​រ៉ាបា
(១របាក្សត្រ ២០:១-៣)
២៦ នៅ​គ្រា​នោះ លោក​យ៉ូអាប់​វាយ​យក​ទីក្រុង​រ៉ាបា ជា​រាជ​ធានី​របស់​ជន​ជាតិ​អាំម៉ូន ហើយ​ដណ្ដើម​យក​វាំង​របស់​ស្ដេច។ ២៧ លោក​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​ទូល​ព្រះបាទ​ដាវីឌ​ថា៖ «ទូល​​បង្គំ​វាយ​ទីក្រុង​រ៉ាបា ហើយ​ដណ្ដើម​យក​បាន​កន្លែង​ដែល​រក្សា​ទឹក​ទៀត​ផង។ ២៨ ឥឡូវ​នេះ សូម​ព្រះករុណា​ប្រមូល​ទ័ព​ដែល​នៅ​សល់​មក​វាយ​យក​ទីក្រុង​នោះ ដោយ​ផ្ទាល់​ចុះ ក្រែង​ទូលបង្គំ​វាយ​យក​បាន ហើយ​គេ​ថា ក្រុង​នោះ​ជា​កម្មសិទ្ធិ​របស់​ទូលបង្គំ»។ ២៩ ព្រះបាទ​ដាវីឌ​ប្រមូល​ទ័ព​ទាំង​អស់​ទៅ​វាយ​ក្រុង​រ៉ាបា ហើយ​ដណ្ដើម​យក​បាន។ ៣០ ព្រះបាទ​ដាវីឌ​យក​បាន​ មកុដ​ដែល​ស្ថិត​នៅ​លើ​ព្រះសិរសា​ស្ដេច​របស់​ជន​ជាតិ​អាំម៉ូន។ មកុដ​នោះ​ធ្វើ​អំពី​មាស ទម្ងន់​ជាង​សាមសិប​ប្រាំ​គីឡូ​ក្រាម ហើយ​មាន​ដាំ​ត្បូង​ពេជ្រ​ទៀត​ផង។ គេ​យក​មកុដ​នោះ​មក​បំពាក់​លើ​ព្រះសិរ​សា​របស់​ព្រះបាទ​ដាវីឌ។ ព្រះបាទ​ដាវីឌ​ក៏​រឹប​អូស​យក​ជយភ័ណ្ឌ​យ៉ាង​ច្រើន​ពី​ក្រុង​នោះ។ ៣១ រីឯ​ប្រជាជន​នៅ​ក្រុង​ នោះ​វិញ ព្រះបាទ​ដាវីឌ​បាន​កៀរ​យក​មក​ធ្វើ​ជា​ឈ្លើយ ព្រម​ទាំង​បង្ខំ​ពួក​គេ​អោយ​អារ​ឈើ​ដាប់​ថ្ម កាប់​អុស និង​ធ្វើ​ឥដ្ឋ។ ព្រះបាទ​ដាវីឌ​ធ្វើ​ដូច្នេះ ចំពោះ​ក្រុង​ឯ​ទៀតៗ​របស់​ជន​ជាតិ​អាំម៉ូន​ដែរ។ បន្ទាប់​មក ស្ដេច​វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡឹម​វិញ ជា​មួយ​កងទ័ព​ទាំង​មូល។