សាម៉ូអែលទី ២ (១១)

ព្រះបាទ​ដាវីឌ និង​នាង​បាតសេបា
 មួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​រដូវ​ដែល​ស្ដេច​នានា​មាន​ទម្លាប់​ចេញ​ទៅ​ធ្វើ​សឹក ព្រះបាទ​ដាវីឌ​ចាត់​លោក​យ៉ូអាប់ ព្រម​ទាំង​នាយ​ទាហាន និង​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល អោយ​ចេញ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​អាំម៉ូន។ ពួក​គេ​បាន​កំទេច​ស្រុក​នោះ ហើយ​ឡោមព័ទ្ធ​ក្រុង​រ៉ាបា។ រីឯ​ព្រះបាទ​ដាវីឌ​គង់​នៅ​ក្រុង​យេរូសាឡឹម។

 មាន​ថ្ងៃ​មួយ នៅ​ពេល​រសៀល ព្រះបាទ​ដាវីឌ​តើន​ពី​ផ្ទំ ហើយ​ស្ដេច​យាង​កំសាន្ត​តាម​ថែវ ដែល​នៅ​ជាន់​ខាង​លើ​ព្រះដំណាក់។ ស្ដេច​ទត​ឃើញ​ស្ត្រី​ម្នាក់​កំពុង​មុជ​ទឹក ស្ត្រី​នោះ​មាន​រូប​ឆោម​ល្អ​ណាស់។ ស្ដេច​ក៏​ស៊ើបសួរ​ពី​ស្ត្រី​នោះ​គេ​ទូល​ថា «នាង​ឈ្មោះ​បាតសេបា ជា​កូន​របស់​លោក​អេលីយ៉ាំ និង​ជា​ប្រពន្ធ​របស់​លោក​អ៊ូរី ជា​ជន​ជាតិ​ហេត»។ ព្រះបាទ​ដាវីឌ​ចាត់​គេ​ អោយ​ទៅ​នាំ​នាង​មក នាង​មក​ឯ​ដំណាក់​ស្ដេច ហើយ​ស្ដេច​ក៏​រួម​ដំណេក​ជា​មួយ​នាង រួច​នាង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ពេល​នោះ នាង​ទើប​នឹង​មាន​រដូវ ហើយ​ធ្វើ​ជំរះ​កាយ​អោយ​បរិសុទ្ធ។  នាង​បាតសេបា​ក៏​មាន​ផ្ទៃ​ពោះ នាង​ចាត់​គេ​អោយ​ទៅ​ទូល​ព្រះ​បាទ​ដាវីឌ​ថា៖ «ខ្ញុំ​ម្ចាស់​មាន​គភ៌​ហើយ»។

 ពេល​នោះ ព្រះបាទ​ដាវីឌ​ចាត់​គេ​អោយ​ទៅ​ប្រាប់​លោក​យ៉ូអាប់​ថា៖ «ចូរ​បញ្ជូន​អ៊ូរី ជា​ជន​ជាតិ​ហេត​មក​ជួប​យើង»។ លោក​យ៉ូអាប់​ក៏​បញ្ជូន​លោក​អ៊ូរី​មក។ លុះ​លោក​អ៊ូរី​មក​ដល់ ព្រះបាទ​ដាវីឌ​សាក​សួរ​ដំណឹង​ពី​លោក​យ៉ូអាប់ និង​កងទ័ព ព្រម​ទាំង​សភាព​ការណ៍​សឹក។ បន្ទាប់​មក ស្ដេច​មាន​រាជឱង្ការ​ថា៖ «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ ហើយ​ទៅ​រួម​សុខ​ទុក្ខ​ជា​មួយ​គ្រួសារ​ចុះ»។ លោក​អ៊ូរី​ចាក​ចេញ​ពី​ដំណាក់ ហើយ​ស្ដេច​ក៏​អោយ​គេ​យក​អំណោយ​ទៅ​ជូន​លោក​តាម​ក្រោយ។ ប៉ុន្តែ លោក​អ៊ូរី​ពុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​ទេ គឺ​លោក​ទទួល​ទាន​ដំណេក​ជា​មួយ​ពួក​នាយ​ទាហាន នៅ​ខ្លោង​ទ្វារ​ដំណាក់​ស្ដេច។ ១០ មាន​គេ​ទូល​ព្រះបាទ​ ដាវីឌ​ថា លោក​អ៊ូរី​ពុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​ទេ។ ពេល​នោះ ស្ដេច​សួរ​លោក​អ៊ូរី​ថា៖ «អ្នក​ទើប​នឹង​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​វិល​ទៅ​ផ្ទះ​របស់​អ្នក?»។ ១១ លោក​អ៊ូរី​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះករុណា ហិប​របស់​ព្រះអម្ចាស់​ស្ថិត​នៅ​ក្នុង​ព្រះពន្លា ហើយ​កងទ័ព​អ៊ីស្រាអែល និង​យូដា​ស្នាក់​នៅ​ក្នុង​ជំរំ រីឯ​លោក​យ៉ូអាប់ ជា​វីរបុរស​របស់​ទូលបង្គំ និង​នាយ​ទាហាន​ក៏​សំរាក​នៅ​តាម​វាល​ដែរ។ តើ​ពេល​នេះ អោយ​ទូលបង្គំ​ទៅ​ផ្ទះ ទទួល​ទាន​អាហារ​ឆ្ងាញ់ និង​ដេក​ឱប​ប្រពន្ធ​ម្ដេច​កើត? ទូលបង្គំ​សូម​ស្បថ​ថា ដរាប​ណា​ព្រះករុណា​មាន​ព្រះជន្ម​គង់​នៅ ទូលបង្គំ​មិន​ប្រព្រឹត្ត​ដូច្នេះ​ឡើយ!»។ ១២ ស្ដេច​តប​វិញ​ថា៖ «ថ្ងៃ​នេះ​ចូរ​អ្នក​នៅ​ទី​នេះ​សិន​ចុះ ចាំ​ស្អែក​យើង​អោយ​អ្នក​ត្រឡប់​ទៅ​វិញ»។ លោក​អ៊ូរី​ស្នាក់​នៅ​ក្រុង​យេរូសាឡឹម​រហូត​ដល់​ស្អែក។ ១៣ ព្រះបាទ​ដាវីឌ​អញ្ជើញ​ លោក​មក ជប់លៀង​រួម​តុ ព្រម​ទាំង​បង្អក​ស្រា​លោក​អោយ​ស្រវឹង​ថែម​ទៀត​ផង។ លុះ​ដល់​ល្ងាច លោក​អ៊ូរី​ទៅ​ទទួល​ទាន​ដំណេក​ជា​មួយ​នាយ​ទាហាន​របស់​ស្ដេច​ដដែល គឺ​លោក​ពុំ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​ទេ។ ១៤ ព្រលឹម​ឡើង ព្រះបាទ​ដាវីឌ​សរសេរ​សំបុត្រ​មួយ​ផ្ញើ​ទៅ​លោក​យ៉ូអាប់ តាម​រយៈ​លោក​អ៊ូរី។ ១៥ ក្នុង​សំបុត្រ​នោះ​ ស្ដេច​សរសេរ​ថា៖ «ចូរ​ដាក់​អ៊ូរី​អោយ​នៅ​សមរភូមិ​មុខ ត្រង់​ចំណុច​ដែល​ក្ដៅ​បំផុត រួច​ដក​ទ័ព​ថយ​មក​វិញ ទុក​អោយ​គាត់​នៅ​តែ​ម្នាក់​ឯង ដើម្បី​អោយ​បច្ចាមិត្ត​ប្រហារ​ជីវិត​គាត់»។

មរណភាព​របស់​លោក​អ៊ូរី
១៦ លោក​យ៉ូអាប់ សង្កេត​មើល​ទីក្រុង​ដែល​លោក​ឡោមព័ទ្ធ ហើយ​ដាក់​លោក​អ៊ូរី​នៅ​កន្លែង​ដែល​លោក​ដឹង​ថា មាន​សត្រូវ​ខ្លាំង​ពូកែ។ ១៧ កងទ័ព​សត្រូវ​ចេញ​មក​ ច្បាំង​តទល់​នឹង​កងទ័ព​របស់​លោក​យ៉ូអាប់។ ពួក​គេ​សម្លាប់​ពល​ទាហាន​ខ្លះ ក្នុង​ជួរ​ទ័ព​របស់​ព្រះបាទ​ដាវីឌ រីឯ​លោក​អ៊ូរី ជា​ជន​ជាតិ​ហេត​ក៏​ស្លាប់​ដែរ។ ១៨ លោក​យ៉ូអាប់​បាន​ចាត់​គេ​អោយ​ទៅ​រាយការណ៍​ថ្វាយ​ព្រះបាទ​ដាវីឌ យ៉ាង​សព្វ​គ្រប់​អំពី​សភាព​ការណ៍​ចំបាំង ១៩ គឺ​លោក​បញ្ជា​អ្នក​នាំ​សារ​ថា៖ «ពេល​អ្នក​រាយការណ៍​អំពី​សភាព​ការណ៍​ចំបាំង​ចប់​សព្វ​គ្រប់​ហើយ ២០ ប្រសិន​បើ​ស្ដេច​ខ្ញាល់ ហើយ​មាន​រាជឱង្ការ​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចូល​ទៅ​ជិត​កំពែង​ក្រុង ក្នុង​ពេល​ប្រយុទ្ធ? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ខ្មាំង​បាញ់​ព្រួញ​ពី​លើ​កំពែង​ក្រុង​មក​ទេ​ឬ?២១ តើ​អ្នក​រាល់​គ្នា​មិន​ ដឹង​ទេ​ឬ​ថា លោក​អប៊ីមេឡេក ជា​កូន​របស់​លោក​យេរូបាល​ត្រូវ​ស្លាប់​នៅ​តេបេ ព្រោះ​តែ​ស្ត្រី​ម្នាក់​ទម្លាក់​ថ្ម​ត្បាល់​ពី​លើ​កំពែង​មក​ចំ​លោក។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចូល​ជិត​កំពែង​ក្រុង​យ៉ាង​នេះ?” នោះ​ត្រូវ​ទូល​ស្ដេច​ថា លោក​អ៊ូរី ជន​ជាតិ​ហេត ដែល​ជា​អ្នក​បំរើ​របស់​ព្រះករុណា​ក៏​ស្លាប់​ដែរ»។

២២ អ្នក​នាំ​សារ​ចេញ​ទៅ រាយការណ៍​ថ្វាយ​ព្រះបាទ​ដាវីឌ នូវ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​យ៉ូអាប់​បាន​បង្គាប់។ ២៣ អ្នក​នាំ​សារ​នោះ បាន​រៀប​រាប់​ទូល​ព្រះបាទ​ដាវីឌ​ថា៖ «ពួក​ខ្មាំង​មាន​ប្រៀប​ជាង​យើង​ខ្ញុំ គេ​ចេញ​មក​វាយ​យើង​ខ្ញុំ​នៅ​តាម​វាល។ យើង​ខ្ញុំ​បាន​វាយ​បក​ទៅ​វិញ និង​រុញ​ពួក​គេ​រហូត​ដល់​ខ្លោង​ទ្វារ​ក្រុង។ ២៤ ប៉ុន្តែ ពេល​នោះ ពួក​ខ្មាំង​បាន​បាញ់​ព្រួញ​ពី​លើ​កំពែង​តម្រង់​មក​រក​យើង​ខ្ញុំ ធ្វើ​អោយ​ពល​ទាហាន​ខ្លះ​ស្លាប់ រីឯ​លោក​អ៊ូរី ជា​ជន​ជាតិ​ហេត និង​ជា​អ្នក​បំរើ​របស់​ព្រះករុណា​ក៏​ស្លាប់​ដែរ»។ ២៥ ​ព្រះបាទ​ដាវីឌ​មាន​ រាជឱង្ការ​ទៅ​កាន់​អ្នក​នាំ​សារ​នោះ​ថា៖ «ចូរ​លើក​ទឹក​ចិត្ត​លោក​យ៉ូអាប់​ថា កុំ​អោយ​ពិបាក​ចិត្ត​ព្រោះ​តែ​រឿង​នេះ​ឡើយ ដ្បិត​ក្នុង​សង្គ្រាម​តែងតែ​មាន​ការ​ស្លាប់​ទាំង​សង​ខាង​ដូច្នេះ។ ចូរ​ខំ​ប្រឹង​ច្បាំង​អោយ​កាន់​តែ​ខ្លាំងក្លា​ឡើង ហើយ​បំផ្លាញ​ក្រុង​នោះ​អោយ​បាន»។

២៦ ពេល​នាង​បាតសេបា​ដឹង​ថា​ប្ដី​ស្លាប់ នាង​ក៏​កាន់​ទុក្ខ។ ២៧ លុះ​ចប់​ពេល​កាន់​ទុក្ខ​ហើយ ព្រះបាទ​ដាវីឌ​ចាត់​គេ​អោយ​ទៅ​ហៅ​នាង ចូល​មក​ក្នុង​ដំណាក់ នាង​ធ្វើ​ជា​មហេសី​របស់​ស្ដេច ហើយ​សំរាល​បាន​បុត្រ​មួយ​ថ្វាយ​ស្ដេច។ អំពើ​ដែល​ព្រះបាទ​ដាវីឌ​ប្រព្រឹត្ត​នេះ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់​ឡើយ។