ពាក្យលំនាំ

កណ្ឌ​«មរណៈ​សាក្សី នៃ​ជន​ជាតិ​អ៊ីស្រា​អែល​ទី​២» មិន​មែន​តពី​កណ្ឌ​ទី​១​ទេ ។ កណ្ឌ​នេះ​ជា​សេចក្តី​សង្ខេប​របស់​សៀវ​ភៅ​ប្រាំ ដែល​លោក​យ៉ាសូន​ជា​អ្នក​ស្រុក​គីរែន និពន្ធ​ជា​ភាសា​ក្រិក។ ក្នុង​កណ្ឌ​នោះ​មាន​រៀប​រាប់​ពី​ព្រឹត្តិ​ការណ៍​ដែក​កើត​ឡើង​ចាប់​តាំង​ពី​ព្រះ​បាទ​សេលើ​គូស (ឡើង​គ្រង​រាជ្យ​មុន​ព្រះ​បាទ​អន់ទី​យ៉ូគូស-អេពី​ផាន) រហូត​ដល់​លោក​នីកាន័រ បាត់​បង់​ជីវិត​នៅ​ឆ្នាំ​១៦០ មុន ​គ. ស.។

ក្នុង​ភាគ​ទី​១ (ជំពួក​១ និង​២) អ្នក​និពន្ធ​មាន​បំណង​ដាស់​តឿន​ជន​ជាតិ​អេស៊ីប ដែល​រស់​នៅ​ស្រុក​អេស៊ីប ឲ្យ​ធ្វើ​បុណ្យ​រំលឹក​ថ្ងៃ​ដែល​លោក​យូដា ធ្វើ​បុណ្យ​ឆ្លង​ព្រះ​វិហារ​យេរូ​សាឡឹម ក្រោយ​ពី​ដណ្តើម​យក​ក្រុង​បាន។

ក្នុង​ភាគ​ទី​២ (ជំពួក​៣ ដល់​៧) មាន​តំណាល​អំពី​ជន​ជាតិ​ក្រិក​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ដែល កប់​ទុក​ក្នុង​ព្រះ​វិហារ បង្ខិត​បង្ខំ​ជន​ជាតិ​យូដា ឲ្យ​លះ​បង់​ចោល​ជំនឿ​របស់​ខ្លួន មក​កាន់​សាស​នា​របស់​ជន​ជាតិ​ក្រិក​វិញ។

ក្នុង​ភាគ​ទី​៣​(ជំពួក​៨​ដល់​១៥) មាន​តំណាល​អំពី​ការ​បះ​បោរ​របស់​លោក​យូដា​ម៉ាកា​បាយ ដែល​វាយ​ឈ្នះ​កង​ទ័ព​ក្រិក ហើយ​ជំរះ​ព្រះ​វិហារ។

ជួន​កាល​អ្នក​និពន្ធ​កណ្ឌ​ទី​២ និទាន​តំណាល​អំពី​ព្រឹត្តិ​ការណ៍​ច្បាស់​ជាង​អ្នក​និពន្ធ​កណ្ឌ​ទី១។ ប៉ុន្តែ លោក​តំណាល​ការ​អស្ចារ្យ​ច្រើន​ពេក ដើម្បី​បញ្ជាក់​ជំនឿ​របស់​លោក​ចំពោះ​ព្រះ​ជាម្ចាស់ ដែល​គាំទ្រ​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ​ជានិច្ច។ លោក​បក​ប្រែ​លិខិត​ប្រាំពីរ​ភាសា​ក្រិក។ ដោយ​សំបុត្រ​មួយ​ត្រូវ​រាជ​ការ​ផ្ញើ​នៅ​ឆ្នាំ​១២៤​មុន គ.ស. អ្នក​និពន្ធ​បាន​តែង​កណ្ឌ​នេះ ក្រោយ​ពេល​នោះ​ទៅ​ទៀត។

គួរ​ឲ្យ​កត់​សំគាល់​សេចក្តី​ពីរ​យ៉ាង គឺ​លោក​យូដា​អង្វរ​ព្រះ​ជាម្ចាស់ ឲ្យ​វិញ្ញាណ​ក្ខ័ន្ធ​នៃ​យុទ្ធជន​ដែល​បាត់​បង់​ជីវិត​លើស​មរភូមិ​(ជំពួក​១២)។ លោក​ក៏​ឃើញ​មហា​បូជា​ចារ្យ​អូនីយ៉ាស និង​ព្យាការី​យេរេមី អង្វរ​ព្រះ​ជាម្ចាស់ សម្រាប់​ប្រជា​ជន​ដែរ។ មាន​តែ​ក្នុង​កណ្ឌ​នេះ​ទេ ដែល​មាន​រៀប​រាប់​សេចក្តី​ដូច្នេះ។ ក្រុម​ជំនុំ​ប្រូតេ​ស្តាំង មិន​ទទួល​កណ្ឌ​នេះ ទុក​ជា​ព្រះ​បន្ទូល​ព្រះ​ជាម្ចាស់​ទេ ក៏​មិន​ទទួល​ស្គាល់​ថា មាន​អ្នក​អាច​ធ្វើ​អន្តរាគមន៍​ចំពោះ​ព្រះ​ជាម្ចាស់ ក្រៅ​ពី​ព្រះ​គ្រីស្ត​បាន​ឡើយ។