ពង្សាវតារក្សត្រ  ទី  ២ (០៩)

លោក​យេហ៊ូ​ទទួល​ពិធី​ចាក់​ប្រេង​អភិសេក​ជា​ស្ដេច
 ព្យាការី​អេលីសេ​បាន​ហៅ​ បុរស​ម្នាក់​ដែល​ជា​សមាជិក​ក្រុម​ព្យាការី​មក រួច​មាន​ប្រសាសន៍​ថា៖ «ចូរ​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ ហើយ​យក​ដប​ប្រេង​ទៅ​ជា​មួយ​ផង។ ២ ពេល​ទៅ​ដល់ អ្នក​ត្រូវ​ជួប​លោក​យេហ៊ូ ជា​កូន​របស់​លោក​យ៉ូសាផាត និង​ជា​ចៅ​របស់​លោក​នឹម​ស៊ី។ អ្នក​ត្រូវ​ចូល​ទៅ​ហៅ​លោក​អោយ​ក្រោក​ចេញ​ពី​ចំណោម​បង​ប្អូន​របស់​លោក ហើយ​នាំ​ទៅ​បន្ទប់​ខាង​ក្នុង​បំផុត។  ចូរ​យក​ដប​ប្រេង មក​ចាក់​បង្ហូរ​លើ​ក្បាល​របស់​លោក ទាំង​ពោល​ថា ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​ចាក់​ប្រេង​អភិសេក​អ្នក ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល”។ បន្ទាប់​មក អ្នក​ត្រូវ​បើក​ទ្វារ​រត់​ចេញ​ទៅ កុំ​បង្អែបង្អង់​ឡើយ»។ យុវបុរស​ជា​ព្យាការី​នោះ​ក៏​ចេញ​ដំណើរ​ទៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ ៥ កាល​ទៅ​ដល់​គាត់​ឃើញ​ពួក​ មេទ័ព​កំពុង​អង្គុយ​ជុំ​គ្នា។ គាត់​ពោល​ឡើង​ថា៖ «លោក​មេទ័ព ខ្ញុំ​ប្របាទ​មាន​កិច្ចការ​មួយ​ជំរាប​លោក!»។ លោក​យេហ៊ូ​សួរ​ថា៖ «ក្នុង​ចំណោម​ពួក​យើង តើ​អ្នក​ចង់​ជួប​នរណា?»។ គាត់​ជំរាប​ថា៖ «បាទ! គឺ​លោក​ហ្នឹង​ហើយ!»។ លោក​យេហ៊ូ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ។ យុវបុរស​នោះ​ក៏​យក​ប្រេង​ចាក់​បង្ហូរ​លើ​ក្បាល​លោក ទាំង​ពោល​ថា៖ «ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​ចាក់​ប្រេង​អភិសេក​អ្នក​ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង។ ៧ អ្នក​ត្រូវ​ប្រហារ​ ពូជពង្ស​អខាប់​ជា​ម្ចាស់​របស់​អ្នក ហើយ​យើង​នឹង​សង​បំណុល​ឈាម អោយ​ពួក​ព្យាការី ជា​អ្នក​បំរើ​របស់​យើង និង​សង​បំណុល​ឈាម​ពួក​អ្នក​បំរើ​ឯ​ទៀតៗ​របស់​យើង ដែល​យេសាបិល​បាន​សម្លាប់។ ៨ ពូជពង្ស​អខាប់​ទាំង​មូល នឹង​ត្រូវ​វិនាស ហើយ​យើង​នឹង​ប្រហារ​កូន​ប្រុសៗ​នៅ​ក្នុង​ក្រុម​គ្រួសារ​អខាប់ ទាំង​អ្នក​ជា​ទាំង​អ្នក​ងារ​អោយ​អស់​ពី​ស្រុក​អ៊ីស្រាអែល។ យើង​នឹង​ប្រព្រឹត្ត​ចំពោះ ​ក្រុម​គ្រួសារ​អខាប់ ដូច​យើង​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុម​គ្រួសារ​យេរ៉ូបោម ជា​កូន​របស់​នេបាត និង​ក្រុម​គ្រួសារ​បាសា ជា​កូន​របស់​អហ៊ីយ៉ា។ ១០ ឆ្កែ​នឹង​ហែក​សាច់​ យេសាបិលស៊ី នៅ​ក្នុង​ចំការ​យេសាបិល ហើយ​គ្មាន​នរណា​កប់​សព​នាង​ទេ”»។ យុវ​បុរស​​ជា​ព្យាការី​ក៏​បើក​ទ្វារ ហើយ​រត់​ចេញ​ទៅ។

១១ ពេល​លោក ​យេហ៊ូ​ចេញ​មក​ជួប​ពួក​មេទ័ព​របស់​ស្ដេច​វិញ គេ​សួរ​លោក​ថា៖ «តើ​មាន​ការ​អ្វី? ហេតុ​ដូច​ម្ដេច​បាន​ជា​មនុស្ស​ចំកួត​នេះ​មក​រក​លោក?»។ លោក​យេហ៊ូ​ឆ្លើយ​ថា៖ «អស់​លោក​ធ្លាប់​ដឹង​ថា​ព្យាការី​ចំពូក​នេះ​តែងតែ​ថ្លែង​ពី​រឿង​អ្វី​ស្រាប់ ​ហើយ»​។​ ១២ ពួក​មេទ័ព​តប​ថា៖ «លោក​និយាយ​មិន​ពិត​ទេ! សូម​ប្រាប់​ពួក​យើង​អោយ​ត្រង់​មក!»។ លោក​ឆ្លើយ​ថា៖ «ព្យាការី​នោះ​ប្រាប់​ខ្ញុំ​ថា ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​ចាក់​ប្រេង​អភិសេក​អ្នក ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល”»។ ១៣ ពួក​មេទ័ព​ ប្រញាប់ប្រញាល់​ដោះ​អាវ​រៀងៗ​ខ្លួន ក្រាល​លើ​ក្បាល​ជណ្ដើរ ជូន​លោក​យេហ៊ូ​អង្គុយ រួច​នាំ​គ្នា​ផ្លុំ​ស្នែង​ឡើង ហើយ​ស្រែក​ថា៖ «ជយោ! ព្រះបាទ​យេហ៊ូ!»។

ព្រះបាទ​យេហ៊ូ​ធ្វើ​គុត​ព្រះបាទ​យ៉ូរ៉ាម និង​ព្រះបាទ​អហាស៊ីយ៉ា
១៤ លោក​យេហ៊ូ ជា​កូន​របស់​លោក​យ៉ូសាផាត និង​ជា​ចៅ​របស់​លោក​នឹម​ស៊ី មាន​គំនិត​ក្បត់​នឹង​ព្រះបាទ​យ៉ូរ៉ាម។ គ្រា​នោះ ព្រះបាទ​យ៉ូរ៉ាម និង​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល កំពុង​តែ​ការពារ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ​តទល់​នឹង​ព្រះបាទ​ហាសាអែលជា​ស្ដេច​ស្រុក​ស៊ីរី។ ១៥ ប៉ុន្តែ ព្រះបាទ​យ៉ូរ៉ាម​បាន​ត្រឡប់​ទៅ​កាន់​ក្រុង​យីសរេអែល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កងទ័ព​ស៊ីរី​បាន​វាយ នៅ​ពេល​ប្រយុទ្ធ​ជា​មួយ​ព្រះបាទ​ហាសាអែលជា​ស្ដេច​ស្រុក​ស៊ីរី។

លោក​យេហ៊ូ​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​អស់​លោក​គាំទ្រ​ខ្ញុំ​មែន! សូម​ប្រយ័ត្ន កុំ​អោយ​នរណា​ម្នាក់​ចេញ​ពី​ទីក្រុង នាំ​ដំណឹង​ទៅ​ប្រាប់​អ្នក​ក្រុង​យីសរេអែល​ឡើយ!»។ ១៦ លោក​យេហ៊ូ​ឡើង​ជិះ​ រទេះ ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​យីសរេអែល។ ពេល​នោះ ព្រះបាទ​យ៉ូរ៉ាម​កំពុង​សំរាក​ព្យាបាល​របួស ហើយ​ព្រះបាទ​អហាស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា ក៏​យាង​មក​សួរ​សុខ​ទុក្ខ​ព្រះបាទ​យ៉ូរ៉ាម​ដែរ។ ១៧ រីឯ​អ្នក​យាម​ដែល​ស្ថិត ​នៅ​លើ​ប៉ម​កំពែង​ក្រុង​យីសរេអែល ឃើញ​ពល​ទាហាន​កំពុង​ធ្វើ​ដំណើរ​សំដៅ​មក​ជា​មួយ​លោក​យេហ៊ូ គាត់​ស្រែក​ឡើង​ថា៖ «មាន​មនុស្ស​មួយ​ក្រុម​កំពុង​តែ​ចូល​មក!»។ ព្រះបាទ​យ៉ូរ៉ាម​មាន​រាជឱង្ការ​ថា៖ «ចូរ​ចាត់​ពល​ទាហាន​ម្នាក់​អោយ​ជិះ​សេះ​ទៅ​ជួប​ពួក​គេ​សួរ​ថា៖ តើ​អ្នក​រាល់​គ្នា​មក​ដោយ​សន្តិភាព​ឬ?»។ ១៨ អ្នក​ដែល​ជិះ​សេះ​ទៅ​ នោះ​បាន​ជួប​លោក​យេហ៊ូ​ពោល​ថា៖ «ព្រះករុណា​អោយ​សួរ​ថា តើ​លោក​មក​ដោយ​សន្តិភាព​ឬ?»។ លោក​យេហ៊ូ​ឆ្លើយ​ថា៖ «សន្តិភាព ឬ​មិន​សន្តិភាព គ្មាន​អ្វី​ពាក់ព័ន្ធ​ដល់​អ្នក​ទេ! ចូរ​បក​ក្រោយ ហើយ​មក​តាម​ខ្ញុំ»។ អ្នក​យាម​រាយការណ៍​ថា៖ «អ្នក​ដែល​ព្រះករុណា​ចាត់​អោយ​ទៅ​ជួប​គេ​នោះ​បាន​ទៅ​ដល់​ហើយ តែ​មិន​ត្រឡប់​មក​វិញ​ទេ»។ ១៩ ព្រះបាទ​យ៉ូរ៉ាម​ចាត់​ ពល​ទាហាន​ម្នាក់​ទៀត​អោយ​ជិះ​សេះ​ទៅ។ ពេល​ទៅ​ដល់​អ្នក​នោះ​ពោល​ថា៖ «ព្រះករុណា​អោយ​សួរ​ថា តើ​លោក​មក​ដោយ​សន្តិភាព​ឬ?»។ លោក​យេហ៊ូ​ឆ្លើយ​ថា៖ «សន្តិភាព ឬ​មិន​សន្តិភាព គ្មាន​អ្វី​ពាក់ព័ន្ធ​ដល់​អ្នក​ទេ! ចូរ​បក​ក្រោយ ហើយ​មក​តាម​ខ្ញុំ»។ ២០ អ្នក​យាម​រាយការណ៍​ថា៖ «អ្នក​នោះ​បាន​ទៅ​ដល់​ហើយ តែ​មិន​ត្រឡប់​មក​វិញ​ទេ។ រីឯ​អ្នក​ដែល​បរ​រទេះ​នោះ មើល​ទៅ​ដូច​លោក​យេហ៊ូ ជា​ចៅ​របស់​លោក​នឹម​ស៊ី ព្រោះ​លោក​បរ​រទេះ​លឿន ដូច​មនុស្ស​កំរោល​ចូល»។ ២១ ព្រះបាទ​យ៉ូរ៉ាម​បញ្ជា​ អោយ​គេ​ទឹម​រាជរថ ហើយ​ឡើង​គង់​លើ​រាជរថ​នោះ។ រីឯ​ព្រះបាទ​អហាស៊ីយ៉ា ក៏​ឡើង​គង់​លើ​រាជរថ​របស់​ស្ដេច​ដែរ។ ព្រះរាជា​ទាំង​ពីរ​អង្គ​យាង​ចេញ​ទៅ​រក​លោក​យេហ៊ូ ហើយ​ជួប​គ្នា​នៅ​ត្រង់​ចំការ​របស់​លោក​ណាបុត ជា​អ្នក​ស្រុក​យីសរេអែល។

២២ កាល​ ព្រះបាទ​យ៉ូរ៉ាម​ទត​ឃើញ​លោក​យេហ៊ូ​ទ្រង់​មាន​រាជឱង្ការ​ថា៖ «តើ​លោក​មក ដោយ​សន្តិភាព​ឬ?»។ លោក​យេហ៊ូ​ឆ្លើយ​ថា៖ «គ្មាន​សន្តិភាព​ទេ​ដរាប​ព្រះករុណា​នៅ​តែ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ និង​អំពើ​អាបធ្មប់​យ៉ាង​ច្រើន ដូច​ម្ចាស់​ក្សត្រី​យេសាបិល​ជា​មាតា!»។ ២៣ ព្រះបាទ​យ៉ូរ៉ាម​ទាញ​ បង្ហៀរ​សេះ​អោយ​បក​ក្រោយ រួច​បំបោល​ចេញ​ទៅ ទាំង​មាន​រាជឱង្ការ​ប្រាប់​ព្រះបាទ​អហាស៊ីយ៉ា​ថា៖ «ព្រះករុណា​អើយ! នេះ​ជា​ការ​ក្បត់​ទេ!»។ ២៤ លោក​យេហ៊ូ​យឹត​ធ្នូ​ បាញ់​ចំ​ខ្នង​របស់​ព្រះបាទ​យ៉ូរ៉ាម។ ព្រួញ​ចាក់​ទម្លុះ​បេះដូង​របស់​ស្ដេច រួច​ធ្លុះ​ចេញ​មក​ក្រៅ ហើយ​ស្ដេច​ដួល​ក្នុង​រាជរថ។ ២៥ លោក​យេហ៊ូ​ប្រាប់​លោក​ ប៊ីឌកា​ជា​អ្នក​ជំនួយ​ការ​របស់​លោក​ថា៖ «ចូរ​លើក​សព​នេះ បោះ​ទៅ​ក្នុង​ចំការ​របស់​លោក​ណាបុត ជា​អ្នក​ស្រុក​យីសរេអែល​ទៅ! តើ​លោក​នឹក​ចាំ​ទេ កាល​លោក និង​ខ្ញុំ​ជិះ​ក្នុង​រទេះ​ជា​មួយ​គ្នា ដង្ហែ​ស្ដេច​អខាប់ ជា​បិតា​របស់​ស្ដេច​យ៉ូរ៉ាម ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​ស្ដេច​ថា ២៦ “ម្សិលមិញ យើង​បាន​ឃើញ​ឈាម​របស់​ណាបុត និង​ឈាម​កូន​ប្រុសៗ​របស់​គាត់។ ដូច្នេះ យើង​នឹង​ធ្វើ​អោយ​ឈាម​របស់​អ្នក​ហូរ​នៅ​ក្នុង​ចំការ​នេះ​ដែរ – នេះ​ជា​ព្រះបន្ទូល​​​​របស់​ព្រះអម្ចាស់!”។ ឥឡូវ​នេះ ចូរ​លើក​សព​របស់​ស្ដេច​យ៉ូរ៉ាម​បោះ​ទៅ​ក្នុង​ចំការ ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់»។

ព្រះបាទ​អហាស៊ីយ៉ា ស្ដេច​ស្រុក​យូដា សោយ​ទិវង្គត
(២របាក្សត្រ ២២:៧-៩)
២៧ កាល​ព្រះបាទ​អហាស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា​ឃើញ​ដូច្នេះ ស្ដេច​រត់​ឆ្ពោះ​ទៅ​បេតកាន តែ​លោក​យេហ៊ូ​ដេញ​តាម​ហើយ​បញ្ជា​ថា៖ «ចូរ​ប្រហារ​ស្ដេច​នេះ​ទៅ!» គេ​ក៏​ប្រហារ​ស្ដេច​នៅ​ក្នុង​រទេះ។ ពេល​នោះ ស្ដេច​កំពុង​ឡើង​តាម​ផ្លូវ​ទៅ​ភូមិ​កួរ​ជិត​ក្រុង​យីប​ឡាម​។ ស្ដេច​ភៀស​ខ្លួន​ទៅ​ដល់​ក្រុង​មេគីដូ ហើយ​សុគត​នៅ​ទី​នោះ។ ២៨ ពួក​មន្ត្រី​របស់​ ព្រះបាទ​អហាស៊ីយ៉ា នាំ​សព​ដាក់​ក្នុង​រទេះ​មក​ក្រុង​យេរូសាឡឹម រួច​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជវង្ស​នៅ​បុរី​ព្រះបាទ​ដាវីឌ។ ២៩ ព្រះបាទ​អហាស៊ីយ៉ា​ឡើង​សោយរាជ្យ​លើ​ស្រុក​យូដា នៅ​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះបាទ​អខាប់។

ព្រះនាង​យេសាបិល​សោយ​ទិវង្គត
៣០ បន្ទាប់​មក លោក​យេហ៊ូ​ចូល​មក​ដល់​ក្រុង​យីសរេអែល។ កាល​ព្រះនាង​យេសាបិល​ដឹង​ដំណឹង​នេះ ព្រះនាង​ផាត់​រង្វង់​ភ្នែក និង​តុបតែង​សក់ រួច​ទត​មើល​តាម​បង្អួច។ ៣១ ពេល​លោក​យេហ៊ូ​កំពុង​ ចូល​តាម​ទ្វារ​ក្រុង ព្រះនាង​យេសាបិល​ពោល​ថា៖ «នែ៎ ស៊ីមរី​ ជា​ឃាតក​ម្ចាស់​របស់​ខ្លួន​អើយ តើ​អ្នក​មក​ដោយ​សន្តិភាព​ឬ?»។ ៣២ លោក​យេហ៊ូ​ងើប​មុខ​ឡើង ​មើល​ទៅ​បង្អួច​រួច​ពោល​ថា៖ «តើ​អ្នក​ណា​ស្ម័គ្រ​ចិត្ត​ចុះ​ចូល​មក​ខាង​ខ្ញុំ?»។ ពេល​នោះ មាន​មហាតលិក​ពីរ​បី​នាក់​អើត​មើល​មក​លោក។ ៣៣ លោក​បញ្ជា​ថា៖ «ចូរ​បោះ​នាង​ចុះ​មក!»។ ពួក​គេ​ក៏​បោះ​នាង​ចុះ​មក ឈាម​របស់​នាង​ខ្ទាត​ប្រឡាក់​ជញ្ជាំង និង​សេះ ហើយ​លោក​យេហ៊ូ​បរ​រទេះ​កិន​សាកសព​នោះ។ ៣៤ បន្ទាប់​មក លោក​យេហ៊ូ​ចូល​ទៅ​ក្នុង​វាំង​រួច​បរិភោគ​លោក​មាន​ប្រសាសន៍​ថា៖ «សូម​អស់​លោក​យក​សាកសព​ស្ត្រី​ដែល​ត្រូវ​បណ្ដាសា​នេះ​ទៅ​កប់​ផង ព្រោះ​គាត់​ក៏​ជា​កូន​ស្ដេច​ដែរ»។ ៣៥ ពួក​គេ​ចេញ​ទៅ​យក​សព​នោះ​មក​កប់ ប៉ុន្តែ ឃើញ​នៅ​សល់​តែ​លលាដ៍​ក្បាល​ជើង និង​ដៃ​ប៉ុណ្ណោះ។ ៣៦ ពួក​គេ​នាំ​ដំណឹង​មក​ជំរាប​លោក​យេហ៊ូ​វិញ លោក​ក៏​មាន​ប្រសាសន៍​ថា៖ «ហេតុការណ៍​នេះ​កើត​មាន​ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​បាន​ថ្លែង​តាម​រយៈ​ព្យាការី​អេលី ជា​អ្នក​ស្រុក​ទីសបេ​ថា​ឆ្កែ​នឹង​ហែក​ស៊ី​សាច់​យេសាបិល​ក្នុង​ចំការ​យីសរេអែល។ ៣៧ ​សាកសព ​របស់​នាង​យេសាបិល​នឹង​ក្លាយ​ជា​ជី​ក្នុង​ចំការ​យីសរេ​អែល។ ដូច្នេះ គ្មាន​នរណា​អាច​ពោល​ថា​នេះ​ជា​ផ្នូរ​របស់​យេសាបិល​បាន​ទេ»។