ពង្សាវតារក្សត្រ  ទី  ២ (០៧)

 លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់! ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ស្អែក​ពេល​ថ្មើរ​នេះ នៅ​មាត់​ទ្វារ​ក្រុង​សាម៉ារី អង្ករ​មួយ​តៅ​ថ្លៃ​តែ​មួយ​កាក់ ហើយ​ពោត​មួយ​ថាំង​ក៏​ថ្លៃ​តែ​មួយ​កាក់​ដែរ»។  អង្គរក្ស​របស់​ស្ដេច​ឆ្លើយ​ទៅ​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​វិញ​ថា៖ «ទោះ​បី​ព្រះអម្ចាស់​ បើក​ទ្វារ​មេឃ​ក្ដី ក៏​ហេតុការណ៍​នោះ​មិន​អាច​កើត​មាន​ដែរ?»។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ចាំ​មើល​ចុះ​លោក​មុខ​ជា​ឃើញ​ផ្ទាល់​នឹង​ភ្នែក តែ​លោក​ពុំ​បាន​បរិភោគ​ទេ»។

 នៅ​មាត់​ ទ្វារ​ក្រុង មាន​មនុស្ស​ឃ្លង់​បួន​នាក់​ជជែក​គ្នា​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​នាំ​គ្នា​អង្គុយ​រង់ចាំ​សេចក្ដី​ស្លាប់​នៅ​ទី​ នេះ? ប្រសិន​បើ​យើង​សំរេច​គ្នា​ថា ចូល​ទៅ​ក្នុង​ក្រុង យើង​មុខ​ជា​អត់​បាយ​ស្លាប់ ព្រោះ​នៅ​ក្នុង​ក្រុង​គ្មាន​អ្វី​បរិភោគ​ឡើយ។ ប្រសិន​បើ​យើង​នៅ​ទី​នេះ យើង​ក៏​ស្លាប់​ដែរ។ ដូច្នេះ គួរ​យើង​នាំ​គ្នា​រត់​ទៅ​ចុះ​ចូល​នឹង​កងទ័ព​ស៊ីរី​ទៅ ក្រែងលោ​គេ​ទុក​ជីវិត​អោយ​យើង ហើយ​យើង​នឹង​បាន​រស់​រាន​មាន​ជីវិត! ប្រសិន​បើ​ពួក​គេ​សម្លាប់ យើង​ក៏​ស្លាប់​ដូច​តែ​គ្នា!»។ នៅ​ពេល​ថ្ងៃ​លិច ពួក​គេ​ក្រោក​ឡើង នាំ​គ្នា​ដើរ​ឆ្ពោះ​ទៅ​ទី​តាំង​ទ័ព​ស៊ីរី។ កាល​មនុស្ស​ឃ្លង់​ទាំង​បួន​នាក់​ទៅ​ជិត​ដល់​ទី​តាំង​ទ័ព ពួក​គេ​ពុំ​ប្រទះ​ឃើញ​មាន​នរណា​ម្នាក់​សោះ។ ពី​មុន​នោះ ព្រះអម្ចាស់​បាន​ធ្វើ​អោយ​កងពល​ស៊ីរី​នៅ​ក្នុង​ទី​ តាំង​ទ័ព ឮ​ស្នូរ​សន្ធឹក​រទេះ​ចំបាំង និង​ទ័ព​សេះ ព្រម​ទាំង​កងទ័ព​មួយ​យ៉ាង​ធំ។ ពួក​គេ​និយាយ​គ្នា​ថា៖ «ពិត​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ​ទៅ​ពឹង​ទ័ព​របស់​ស្ដេច​ជន​ជាតិ​ហេត និង​ទ័ព​របស់​ស្ដេច​ស្រុក​អេស៊ីប អោយ​មក​ច្បាំង​នឹង​យើង​ហើយ!»។ នៅ​ពេល​ថ្ងៃ​លិច​កងទ័ព​ ស៊ីរី​នាំ​គ្នា​ក្រោក​ឡើង រត់​ប្រាស​អាយុ ដោយ​បោះ​បង់​ចោល​តង់ត៍ ព្រម​ទាំង​សេះ និង​លា​ផង។ ពួក​គេ​ទុក​អ្វីៗ​ទាំង​អស់​ចោល​នៅ​ក្នុង​ជំរំ ហើយ​រត់​យក​តែ​រួច​ខ្លួន​ប៉ុណ្ណោះ។ ក្រោយ​ពី​ដើរ​មើល​ជុំវិញ​ កន្លែង​បោះ​ទ័ព​រួច​ហើយ មនុស្ស​ឃ្លង់​ទាំង​នោះ​ក៏​ចូល​ទៅ​ក្នុង​តង់ត៍​មួយ​នាំ​គ្នា​ស៊ី​ផឹក រួច​ជញ្ជូន​យក​មាស​ប្រាក់ និង​សម្លៀកបំពាក់​ទៅ​លាក់​ទុក។ លុះ​ត្រឡប់​មក​វិញ ពួក​គេ​ចូល​ទៅ​ក្នុង​តង់ត៍​មួយ​ទៀត ប្រមូល​របស់​របរ ដែល​មាន​នៅ​ទី​នោះ​យក​ទៅ​លាក់​ទៀត។

ចុង​បញ្ចប់​នៃ​ទុរ្ភិក្ស
 មនុស្ស​ឃ្លង់​ទាំង​បួន​ នាក់​និយាយ​គ្នា​ថា៖ «ពួក​យើង​ធ្វើ​ដូច្នេះ​មិន​សម​ទេ ដ្បិត​ថ្ងៃ​នេះ​ពួក​យើង​ដឹង​ដំណឹងល្អ ប្រសិន​បើ​យើង​នៅ​ស្ងៀម​រង់ចាំ រហូត​ដល់​ភ្លឺ ព្រះជាម្ចាស់​ពិត​ជា​ដាក់​ទោស​យើង​មិន​ខាន។ ដូច្នេះ ចូរ​យើង​នាំ​ដំណឹងល្អ​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ក្នុង​វាំង»។ ១០ មនុស្ស​ឃ្លង់​ទាំង​បួន​ នាក់​នាំ​គ្នា​ទៅ​ហៅ​អ្នក​យាម​ទ្វារ​ក្រុង ហើយ​ប្រាប់​ថា៖ «ពួក​យើង​បាន​ចូល​ទៅ​ក្នុង​ទី​តាំង​ទ័ព​របស់​ពួក​ស៊ីរី តែ​ពុំ​ប្រទះ​ឃើញ​នរណា​ម្នាក់ ឬ​ក៏​ឮ​សូរ​សំឡេង​មនុស្ស​ណា​សោះ​ឡើយ។ ពួក​យើង​ឃើញ​មាន​តែ​សេះ លា ដែល​គេ​ចង​ទុក និង​តង់ត៍​ដែល​គេ​បោះ​បង់​ចោល​ប៉ុណ្ណោះ»។ ១១ អ្នក​យាម​ទ្វារ​ស្រែក​ប្រាប់​អ្នក​នៅ​ខាង​ក្នុង អោយ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ក្នុង​វាំង។ ១២ ស្ដេច​តើន​ឡើង​ទាំង​យប់ រួច​មាន​រាជឱង្ការ​ទៅ​កាន់​ពួក​មន្ត្រី​ថា៖ «សូម​អស់​លោក​ជ្រាប​ថា​នេះ​ជា​ឧបាយកល​របស់​ពួក​ស៊ីរី​ប្រឆាំង​នឹង​យើង។ ពួក​គេ​ដឹង​ថា យើង​ទាំង​អស់​គ្នា​កំពុង​តែ​អត់​ឃ្លាន ដូច្នេះ ពួក​គេ​ចេញ​ពី​ទី​តាំង​ទ័ព​ទៅ​លាក់​ខ្លួន​នៅ​ឯ​វាល ដោយ​នឹក​គិត​ថា​កាល​ណា​ពួក​យើង​ចេញ​ពី​ទីក្រុង នោះ​ពួក​គេ​នឹង​ចាប់​ពួក​យើង​ទាំង​រស់ រួច​ចូល​មក​ក្នុង​ក្រុង»។ ១៣ មាន​មន្ត្រី​ម្នាក់​ទូល ​ស្ដេច​ថា៖ «សូម​អោយ​គេ​យក​សេះ​ប្រាំ​ក្បាល ដែល​នៅ​សល់​ក្នុង​ទីក្រុង​មក ហើយ​ចាត់​អ្នក​ខ្លះ​អោយ​ទៅ​ជា​មួយ​សេះ​ទាំង​នោះ ដើម្បី​ពិនិត្យ​មើល​ហេតុការណ៍។ ទោះ​បី​យ៉ាង​ណា​ក្ដី ក៏​សេះ​ទាំង​នេះ​មុខ​ជា​ងាប់ ដូច​ប្រជាជន​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង​ដែរ»។ ១៤ គេ​យក​រទេះ​ចំបាំង​ពីរ​ គ្រឿង​ទឹម​ដោយ​សេះ​មក​ថ្វាយ​ស្ដេច ហើយ​ស្ដេច​ក៏​ចាត់​មនុស្ស​ចេញ​ទៅ​តាម​កងទ័ព​ស៊ីរី ដោយ​មាន​រាជឱង្ការ​ថា៖ «ចូរ​ចេញ​ទៅ​ពិនិត្យ​មើល​ហេតុការណ៍​នោះ​ចុះ!»។ ១៥ ពួក​គេ​ចេញ​ទៅ​តាម​ កងទ័ព​ស៊ីរី រហូត​ដល់​ទន្លេ​យ័រដាន់ ហើយ​នៅ​តាម​ផ្លូវ​ឃើញ​មាន​សុទ្ធ​តែ​ខោអាវ និង​របស់​របរ​ដែល​កងទ័ព​ស៊ីរី​ដោះ​បោះ​ចោល​រប៉ាត់រប៉ាយ ព្រោះ​ប្រញាប់​រត់​យក​រួច​ជីវិត។ អ្នក​ដែល​ស្ដេច​ចាត់​អោយ​ទៅ ក៏​វិល​មក​វិញ​រាយការណ៍​ថ្វាយ​ស្ដេច។

១៦ ពេល​នោះ ប្រជាជន​នាំ​គ្នា​ចេញ​ពី​ទីក្រុង ទៅ​ដណ្ដើម​យក​របស់​របរ​នៅ​ក្នុង​ទី​តាំង​ទ័ព​ស៊ីរី។ ដូច្នេះ អង្ករ​មួយ​តៅ​ថ្លៃ​តែ​មួយ​កាក់ ហើយ​ពោត​មួយ​ថាំង​ក៏​ថ្លៃ​តែ​មួយ​កាក់ ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។ ១៧ ស្ដេច​បញ្ជា​អង្គរក្ស​ អោយ​ចេញ​ទៅ​ត្រួត​ពិនិត្យ​មើល​ខុស​ត្រូវ នៅ​មាត់​ទ្វារ​ក្រុង ប៉ុន្តែ មហាជន​បាន​ជាន់​គាត់​ស្លាប់​នៅ​ទី​នោះ ស្រប​តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​ព្រះជា​ម្ចាស់​ថ្លែង នៅ​ពេល​ស្ដេច​ទៅ​ជួប​លោក។

១៨ ហេតុការណ៍ ​នេះ​កើត​មាន ដូច​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​បាន​ទូល​ស្ដេច​ថា “ស្អែក ពេល​ថ្មើរ​នេះ នៅ​មាត់​ទ្វារ​ក្រុង​សាម៉ារី អង្ករ​មួយ​តៅ​ថ្លៃ​តែ​មួយ​កាក់ ហើយ​ពោត​មួយ​ថាំង​ក៏​ថ្លៃ​តែ​មួយ​កាក់​ដែរ”។ ១៩ ពេល​នោះ អង្គរក្ស​របស់​ស្ដេច​ឆ្លើយ​ទៅ​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​វិញ​ថា “ទោះ​បី​ព្រះអម្ចាស់​ បើក​ទ្វារ​មេឃ​ក្ដី ក៏​ហេតុការណ៍​បែប​នេះ​មិន​កើត​មាន​ដែរ!”។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា “ចាំ​មើល​ចុះ លោក​មុខ​ជា​ឃើញ​ផ្ទាល់​នឹង​ភ្នែក តែ​លោក​ពុំ​បាន​បរិភោគ​ទេ”។ ២០ ហេតុការណ៍​នេះ​ក៏​កើត​មាន​ចំពោះ​គាត់​មែន គឺ​មហាជន​បាន​ជាន់​គាត់​ស្លាប់​នៅ​មាត់​ទ្វារ​ក្រុង។