របាក្សត្រ ទី ២ (០៤)

 ស្ដេច​អោយ​គេ​ធ្វើ​អាសនៈ​មួយ​ពី​លង្ហិន មាន​បណ្ដោយ​​​ប្រាំ​ហត្ថ ទទឹង​ម្ភៃ​ហត្ថ និង​កំពស់​ដប់​ហត្ថ។

អាង​ធំ​ពី​លង្ហិន
(១​ពង្សាវតារក្សត្រ ៧:២៣-២៦)
 ស្ដេច​អោយ​គេ​ធ្វើ​អាង​ មួយ​យ៉ាង​ធំ​ពី​លង្ហិន ដែល​មាន​រាង​មូល មាន​អង្កត់​ផ្ចិត​ដប់​ហត្ថ មាន​កំពស់​ប្រាំ​ហត្ថ និង​រង្វង់​ជុំវិញ​សាមសិប​ហត្ថ។ ៣ នៅ​ក្រោម​គែម​មាត់​អាង មាន​សិត​រូប​គោ​ពីរ​ជួរ គឺ​ក្នុង​ប្រវែង​មួយ​ហត្ថ មាន​សិត​រូប​គោ​ដប់​ព័ទ្ធ​ជុំវិញ​អាង។ រូប​គោ​ទាំង​ពីរ​ជួរ​នោះ​សិត​ជាប់​ជា​មួយ​អាង។ ៤ អាង​នោះ​ទ្រ​ដោយ​រូប​គោ​ លង្ហិន​ចំនួន​ដប់ពីរ គោ​បី​បែរ​ទៅ​ខាង​ជើង គោ​បី​បែរ​ទៅ​ខាង​លិច គោ​បី​បែរ​ទៅ​ខាង​ត្បូង និង​គោ​បី​ទៀត​បែរ​ទៅ​ខាង​កើត។ រីឯ​ខ្លួន​វា​បែរ​ចូល​ក្នុង​ដើម្បី​ទ្រ​អាង។ ៥ អាង​នេះ​មាន​កំរាស់​មួយ​ទះ មាត់​របស់​វា​រីក ដូច​មាត់​ពែង និង​មាន​រាង​ដូច​ផ្កា​ម្លិះ ហើយ​មាន​ចំណុះ ប្រមាណ ៣ ០០០ អំរែក។

 ស្ដេច​អោយ ​គេ​ធ្វើ​អាង​ពី​លង្ហិន ចំនួន​ដប់​ទៀត ហើយ​ដាក់​​ប្រាំ​នៅ​ខាង​ស្ដាំ និង​ប្រាំ​នៅ​ខាង​ឆ្វេង​សំរាប់​ធ្វើ​ពិធី​ជំរះ និង​លាង​សត្វ​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល រីឯ​ពួក​បូជាចារ្យ​ត្រូវ​ធ្វើ​ពិធី​ជំរះ​កាយ​ក្នុង​អាង​ធំ​ធ្វើ​ពី​លង្ហិន​ វិញ។

បញ្ជី​របស់​របរ​ដែល​លោក​ហ៊ូរ៉ាមបាន​ធ្វើ
(១​ពង្សាវតារក្សត្រ ៧:៤០-៥១)
 ស្ដេច​អោយ​គេ​ធ្វើ​ជើង​ ចង្កៀង​អំពី​មាស ចំនួន​ដប់​តាម​ក្បួន​តម្រា​ស្ដី​អំពី​ជើង​ចង្កៀង​នេះ រួច​យក​ទៅ​ដាក់​នៅ​ក្នុង​ព្រះវិហារ ជើង​ចង្កៀង​ប្រាំ​នៅ​ខាង​ស្ដាំ និង​ប្រាំ​ទៀត​នៅ​ខាង​ឆ្វេង។  ស្ដេច​អោយ​គេ​ធ្វើ​តុ​ ចំនួន​ដប់ សំរាប់​ដាក់​ក្នុង​ព្រះវិហារ គឺ​តុ​ប្រាំ​នៅ​ខាង​ស្ដាំ និង​ប្រាំ​នៅ​ខាង​ឆ្វេង។ ស្ដេច​ក៏​អោយ​គេ​ធ្វើ​ផើង​ដាក់​ឈាម​ពី​មាស ចំនួន​មួយ​រយ​ដែរ។ ៩ ស្ដេច​អោយ​គេ​ធ្វើ​ទីលាន​ មួយ​សំរាប់​ពួក​បូជាចារ្យ និង​ទីធ្លា​យ៉ាង​ធំ​មួយ​ទៀត ព្រម​ទាំង​មាន​ទ្វារ​ផង ហើយ​សន្លឹក​ទ្វារ​ទាំង​នោះ​មាន​ស្រោប​លង្ហិន។ ១០ រីឯ​អាង​ធំ ស្ដេច​បាន​អោយ​គេ​តម្កល់​នៅ​ខាង​ស្ដាំ​ព្រះដំណាក់ ត្រង់​ទិស​អាគ្នេយ៍។

១១ កាល​លោក ​ហ៊ូរ៉ាម​ធ្វើ​អាង ប្រដាប់​ចូក​ផេះ និង​ផើង​ដាក់​ឈាម​រួច​រាល់​ហើយ កិច្ចការ​ទាំង​អស់​ដែល​លោក​ធ្វើ​ថ្វាយ​ព្រះបាទ​សាឡូម៉ូន នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ក៏​បាន​ចប់​សព្វ​គ្រប់ ១២ គឺ​មាន​សសរ​ពីរ ក្បាល​សសរ​រាង​មូល​ទាំង​ពីរ ដែល​ស្ថិត​នៅ​ខាង​ចុង​សសរ ព្រម​ទាំង​ក្បាច់​ក្រឡា​សំណាញ់​ពីរ សំរាប់​គ្រប​ពី​លើ​ក្បាល​សសរ​នៅ​ខាង​លើ​សសរ ១៣ ក្បាច់​ផ្លែ​ទទឹម​ចំនួន ​បួន​រយ​ចង​ភ្ជាប់​នឹង​ក្រឡា​សំណាញ់​ទាំង​ពីរ គឺ​ផ្លែ​ទទឹម​ពីរ​ជួរ សំរាប់​ភ្ជាប់​នឹង​ក្រឡា​សំណាញ់​នីមួយៗ ដែល​គ្រប​ពី​លើ​ក្បាល​សសរ​នៅ​ខាង​លើ​សសរ។ ១៤ លោក​ហ៊ូរ៉ាម​ក៏​បាន​ធ្វើ​រទេះ និង​អាង​ដាក់​លើ​រទេះ​ទាំង​នោះ ១៥ អាង​ធំ និង​រូប​គោ​ចំនួន​ដប់ពីរ​សំរាប់​ទ្រ​អាង ១៦ ធុង​សំរាប់​ដាក់​ផេះ ប្រដាប់​ចូក​ផេះ និង​សម​សំរាប់​ចាក់​សាច់។ គ្រឿង​ប្រដាប់​ទាំង​អស់​ដែល​លោក​ហ៊ូរ៉ាម​ធ្វើ​ថ្វាយ​ព្រះបាទ​សាឡូម៉ូន សំរាប់​ដាក់​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ សុទ្ធ​តែ​ធ្វើ​អំពី​លង្ហិន ដែល​ខាត់​យ៉ាង​រលោង។ ១៧ ស្ដេច​អោយ​គេ​សិត​គ្រឿង​ប្រដាប់​ទាំង​នោះ ក្នុង​ពុម្ព​ដី​ឥដ្ឋ នៅ​វាល​ទំនាប​ទន្លេ​យ័រដាន់ ត្រង់​ចន្លោះ​ស៊ូកូត និង​សេរេដា។ ១៨ ព្រះបាទ​សាឡូម៉ូន ​បាន​អោយ​គេ​ធ្វើ​គ្រឿង​ប្រដាប់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ហេតុ​នេះ គេ​ពុំ​អាច​គិត​ពី​ទម្ងន់​លង្ហិន​បាន​ទេ។

១៩ ព្រះបាទ​សាឡូម៉ូន ​បាន​អោយ​គេ​ធ្វើ​គ្រឿង​ប្រដាប់​ផ្សេង​ទៀត​អំពី​មាស សំរាប់​ព្រះដំណាក់​របស់​ព្រះអម្ចាស់ គឺ​មាន អាសនៈ​មាស តុ​សំរាប់​តម្កល់​នំបុ័ង​ថ្វាយ​ព្រះអម្ចាស់ ២០ ជើង​ចង្កៀង និង​ចង្កៀង​ធ្វើ​អំពី​មាស​សុទ្ធ ដែល​ត្រូវ​ដុត​តាម​ក្បួន​តម្រា​នៅ​មុខ​ទីសក្ការៈ។ ២១ ផ្នែក​ដាក់​ប្រេង តួ​ចង្កៀង និង​ឃ្នាប​ប្រឆេះ ក៏​ធ្វើ​អំពី​មាស​ដ៏​សុទ្ធ​បំផុត​ដែរ។ ២២ កាំបិត ផើង​ដាក់​ឈាម ពែង និង​ភាជន៍​ធ្វើ​អំពី​មាស​សុទ្ធ​ទាំង​អស់។ រីឯ​សន្លឹក​ទ្វារ​ប៉ែក​ខាង​ក្នុង​របស់​ព្រះដំណាក់ សំរាប់​ចូល​ទៅ​ក្នុង​ទីសក្ការៈ​បំផុត និង​សន្លឹក​ទ្វារ​ចូល​ព្រះដំណាក់​សុទ្ធ​តែ​ធ្វើ​ពី​មាស។