របាក្សត្រ ទី ២ (៣៦)

ព្រះបាទ​យ៉ូអាខាស់​សោយ​រាជ្យ​នៅ​ស្រុក​យូដា
(២​ពង្ស.២៣:៣០-៣៥)
 ប្រជាជន​យូដា​នាំ​គ្នា​តែងតាំង​ព្រះបាទ​យ៉ូអា​ខាស់ ជា​បុត្រ​របស់​ព្រះបាទ​យ៉ូស្យាស​អោយ​ឡើង​ស្នង​រាជ្យ​បិតា នៅ​ក្រុង​យេរូសាឡឹម។ ២ កាល​ព្រះបាទ​យ៉ូអាខាស់​ឡើង​សោយ​រាជ្យ ស្ដេច​មាន​ជន្មាយុ​ម្ភៃ​បី​ព្រះវស្សា ហើយ​សោយ​រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូសាឡឹម។ ស្ដេច​ស្រុក​អេស៊ីប​បាន​ ទម្លាក់​រាជ្យ​របស់​ព្រះបាទ​យ៉ូអាខាស់ ហើយ​តំរូវ​អោយ​ស្រុក​យូដា​បង់​សួយសារអាករ ជា​ប្រាក់​ហាសិប​ហាប និង​មាស​កន្លះ​ហាប​ទៀត​ផង។ ៤ ព្រះចៅ​ផារ៉ោននេកូ​បាន​ តែងតាំង​ព្រះបាទ​អេលីយ៉ាគីម ជា​អនុជ​របស់​ព្រះបាទ​យ៉ូអាខាស់​អោយ​សោយ​រាជ្យ​លើ​ស្រុក​យូដា និង​ក្រុង​យេរូសាឡឹម ហើយ​ដូរ​នាម​ថា យ៉ូយ៉ាគីម​វិញ។ រីឯ​ព្រះបាទ​យ៉ូអាខាស់​ព្រះចៅ​នេកូ​នាំ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អេស៊ីប។

ព្រះបាទ​យ៉ូយ៉ាគីម​សោយ​រាជ្យ​នៅ​ស្រុក​យូដា
(២​ពង្ស.២៣:៣៦-២៤:៧)
 កាល​ព្រះបាទ​យ៉ូយ៉ាគីម​ ឡើង​សោយ​រាជ្យ​ ទ្រង់​មាន​ជន្មាយុ​ម្ភៃ​ប្រាំ​ព្រះវស្សា ហើយ​ទ្រង់​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ជា​ព្រះ​របស់​ស្ដេច​ទេ។ ព្រះចៅ​នេបូកានេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន បាន​លើក​ទ័ព​ចេញ​មក​ច្បាំង​នឹង​ព្រះបាទ​យ៉ូយ៉ាគីម ហើយ​ចាប់​ស្ដេច​ចង​នឹង​ច្រវាក់​ធ្វើ​ពី​លង្ហិន នាំ​យក​ទៅ​ស្រុក​បាប៊ីឡូន។ ៧ ព្រះចៅ​នេបូកានេសា​ក៏​បាន​នាំ​យក​វត្ថុ​ផ្សេងៗ​ពី​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ទៅ​ទុក​ក្នុង​វាំង​របស់​ស្ដេច​នៅ​ក្រុង​បាប៊ីឡូន​ដែរ។

 រាជកិច្ច​ ផ្សេងៗ​ទៀត​របស់​ព្រះបាទ​យ៉ូយ៉ាគីម គឺ​អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម ដែល​ស្ដេច​ផ្ទាល់​បាន​ប្រព្រឹត្ត សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល និង​ស្ដេច​ស្រុក​យូដា។ ព្រះបាទ​យ៉ូយ៉ាគីន ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។

ព្រះបាទ​យ៉ូយ៉ាគីន​សោយ​រាជ្យ​លើ​ស្រុក​យូដា
(២​ពង្ស.២៤:៨-១៧)
 កាល​ព្រះបាទ​យ៉ូយ៉ាគីន​ ឡើង​សោយ​រាជ្យ ស្ដេច​មាន​ជន្មាយុ​ប្រាំ​បី​ព្រះវស្សា​ ហើយ​សោយ​រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូសា​ឡឹម​។ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះ​អ​ម្ចាស់​ទេ។ ១០ នៅ​ពេល​ចូល​ឆ្នាំ​ព្រះចៅ​នេបូកានេសា​ចាប់​ស្ដេច ព្រម​ទាំង​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ នាំ​ទៅ​ស្រុក​បាប៊ីឡូន។ ព្រះចៅ​នេបូកានេសា​បាន​តែងតាំង​ព្រះបាទ​សេដេខ្យាស ជា​អនុជ​របស់​ព្រះបាទ​យ៉ូយ៉ាគីន អោយ​សោយ​រាជ្យ​លើ​ស្រុក​យូដា និង​ក្រុង​យេរូសាឡឹម។

ព្រះបាទ​សេដេខ្យាស​សោយ​រាជ្យ​លើ​ស្រុក​យូដា ចុង​បញ្ចប់​នៃ​អាណាចក្រ​យូដា
(២​ពង្ស.២៤:១៨-២៥:២១, យរ ៣៩.១-១០, ៥២.១-២៧)
១១ កាល​ព្រះបាទ​សេដេខ្យាស​ឡើង​សោយ​រាជ្យ ស្ដេច​មាន​ជន្មាយុ​ម្ភៃ​មួយ​ព្រះវស្សា ស្ដេច​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ ១២ ព្រះបាទ​សេដេខ្យាស​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ជា​ព្រះ​របស់​ស្ដេច​ទេ ហើយ​ពេល​ព្យាការី​យេរេមី​ថ្លែង​ព្រះបន្ទូល​ក្នុង​នាម​ព្រះអម្ចាស់ ក៏​ស្ដេច​ពុំ​ព្រម​សារភាព​កំហុស​ដែរ។ ១៣ ព្រះចៅ​នេបូកានេសា​បាន ​អោយ​ស្ដេច​ស្បថ​ក្នុង​នាម​ព្រះជាម្ចាស់ ប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​ស្ដេច​នៅ​តែ​បះបោរ​ប្រឆាំង​នឹង​ព្រះចៅ​នេបូកានេសា​ដែរ។ ស្ដេច​តាំង​ចិត្ត​មានះ មិន​ព្រម​វិល​ត្រឡប់​មក​រក​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទេ។ ១៤ មេ​ដឹក​នាំ​ទាំង​អស់​ របស់​ក្រុម​បូជាចារ្យ​ព្រម​ទាំង​ប្រជាជន នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​ក្បត់​ព្រះជាម្ចាស់​កាន់​តែ​ច្រើន​ឡើងៗ ពួក​គេ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ប្រជាជាតិ​នានា ហើយ​បន្ថោក​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ដែល​ព្រះអង្គ​បាន​ញែក​ជា​សក្ការៈ​នៅ​ក្រុង​យេរូសាឡឹម។

១៥ ព្រះអម្ចាស់​ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ពួក​គេ បាន​ចាត់​អ្នក​បំរើ​របស់​ព្រះអង្គ អោយ​ទៅ​ដាស់​តឿន​ពួក​គេ​ជា​ច្រើន​ដង ព្រោះ​ព្រះអង្គ​មាន​ព្រះហឫទ័យ​មេត្តា​ប្រជារាស្ត្រ និង​ព្រះដំណាក់​របស់​ព្រះអង្គ​ផ្ទាល់។ ១៦ ប៉ុន្តែ ពួក​គេ​បែរ​ជា​ប្រមាថ​អ្នក​ដែល​ព្រះអង្គ​ចាត់​អោយ​ទៅ ពួក​គេ​មើលងាយ​ព្រះបន្ទូល​របស់​ព្រះអង្គ ព្រម​ទាំង​ប្រមាថ​ពួក​ព្យាការី រហូត​ធ្វើ​អោយ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​ទាស់​នឹង​ប្រជារាស្ត្រ​របស់​ ព្រះអង្គ​យ៉ាង​ខ្លាំង មិន​អាច​ប្រែប្រួល​បាន។

១៧ ពេល​នោះ ព្រះអម្ចាស់​ក៏​បាន​ចាត់​ស្ដេច​នៃ​ជន​ជាតិ​ខាល់ដេ អោយ​លើក​ទ័ព​មក​វាយ​ពួក​គេ។ ស្ដេច​នោះ​សម្លាប់​យុវជន​របស់​ពួក​គេ​នៅ​ក្នុង​ព្រះវិហារ ហើយ​សម្លាប់​រង្គាល​ប្រជាជន​ទាំង​អស់ ឥត​សំចៃ​នរណា​ម្នាក់​ឡើយ គឺ​សម្លាប់​យុវជន​ទាំង​ប្រុស​ទាំង​ស្រី និង​មនុស្ស​ចាស់​ជរា​សក់​ស្កូវ។ ព្រះអង្គ​ប្រគល់​ពួក​គេ​ទាំង​អស់​គ្នា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​នោះ។ ១៨ ព្រះចៅ​នេបូកានេសា​ប្រមូល​វត្ថុ​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ គឺ​របស់​ទាំង​តូច ទាំង​ធំ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ដំណាក់​ស្ដេច និង​ផ្ទះ​របស់​ពួក​មន្ត្រី នាំ​យក​ទៅ​ស្រុក​បាប៊ីឡូន។ ១៩ កងទ័ព​បាប៊ីឡូន​បាន​ដុត ​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ ផ្ដួល​រំលំ​កំពែង​ក្រុង​យេរូសាឡឹម ព្រម​ទាំង​ដុត​វិមាន​ផ្សេងៗ និង​កំទេច​វត្ថុ​ដ៏​មាន​តម្លៃ​ទាំង​អស់​ចោល។ ២០ ព្រះចៅ​នេបូកានេសា​កៀរ ​ប្រជាជន ដែល​នៅ​សេសសល់​ពី​សង្គ្រាម យក​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ីឡូន​។ អ្នក​ទាំង​នោះ​ធ្វើ​ជា​ទាសករ​របស់​ព្រះចៅ​នេបូកានេសា និង​បុត្រ​របស់​ស្ដេច រហូត​ដល់​អាណាចក្រ​ពែរ្ស​គ្រប់គ្រង​ស្រុក។ ២១ ហេតុការណ៍​នេះ​កើត​មាន​ស្រប​តាម​ព្រះបន្ទូល ដែល​ព្រះអ​ម្ចាស់​ បាន​ថ្លែង​តាម​រយៈ​ព្យាការី​យេរេមី​ថា «ស្រុក​ទេស​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន អស់​រយៈ​ពេល​ចិតសិប​ឆ្នាំ ដូច្នេះ ក្នុង​អំឡុង​ពេល​នោះ ទឹក​ដី​នឹង​បាន​សំរាក​ជំនួស​ឆ្នាំ​សប្ប័ទ*​ដែល​ប្រជាជន​ពុំ​បាន​គោរព»។

ព្រះចៅ​ស៊ីរូស​អនុញ្ញាត​អោយ​សង់​ព្រះវិហារ​ឡើង​វិញ
(អែសរ៉ា ១:១-៣)
២២ ក្នុង​ឆ្នាំ​ទី​មួយ ​នៃ​រជ្ជកាល​ព្រះចៅ​ស៊ីរូស​ជា​ស្ដេច​ស្រុក​ពែរ្ស ព្រះអម្ចាស់​បាន​ជំរុញ​ព្រះហឫទ័យ​ព្រះចៅ​ស៊ីរូស អោយ​ចេញ​ប្រកាស និង​រាជក្រឹត្យ​ក្នុង​អាណាចក្រ​របស់​ស្ដេច​ទាំង​មូល ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ថ្លែង តាម​រយៈ​លោក​យេរេមី មាន​សេចក្ដី​ដូច​ត​ទៅ៖

២៣ «ព្រះចៅ​ស៊ីរូស ជា​ស្ដេច​ស្រុក​ពែរ្ស​មាន​រាជឱង្ការ​ដូច​ត​ទៅ: ព្រះអម្ចាស់​ជា​ព្រះ​នៃ​ស្ថាន​បរមសុខ បាន​ប្រគល់​នគរ​ទាំង​អស់​នៅ​លើ​ផែនដី មក​អោយ​យើង​គ្រប់គ្រង។ ព្រះអង្គ​បញ្ជា​អោយ​យើង​សង់​ព្រះដំណាក់​មួយ​នៅ​ក្រុង​យេរូសាឡឹម ក្នុង​ស្រុក​យូដា ថ្វាយ​ព្រះអង្គ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ អ្នក​នោះ​វិល​ទៅ​កាន់​ក្រុង​យេរូសាឡឹម​វិញ ហើយ​សូម​អោយ​ព្រះ​របស់​គេ គង់​នៅ​ជា​មួយ​គេ»។