របាក្សត្រ ទី ២ (២៧)

ព្រះបាទ​យ៉ូថាម​សោយ​រាជ្យ​លើ​ស្រុក​យូដា
(២​ពង្សាវតារក្សត្រ ១៥:៣២-៣៨)
 ព្រះបាទ​យ៉ូថាម​ឡើង​សោយ​ រាជ្យ ក្នុង​ជន្មាយុ​ម្ភៃ​ប្រាំ​ព្រះវស្សា ទ្រង់​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យេរូសា ជា​កូន​របស់​លោក​សាដុក។ ២ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ដូច​ព្រះបាទ​អូស្យាស​ជា​បិតា​ដែរ។ ប៉ុន្តែ ស្ដេច​មិន​បាន​ចូល​ទៅ​ក្នុង​ព្រះវិហារ​របស់​ព្រះអម្ចាស់​ទេ។ ពេល​នោះ ប្រជាជន​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើងៗ។

 ព្រះបាទ​យ៉ូថាម​បាន​សង់​ទ្វារ ដែល​នៅ​ខាង​លើ​ព្រះដំណាក់​របស់​ព្រះអម្ចាស់ និង​ពង្រឹង​កន្លែង​ផ្សេងៗ​នៃ​កំពែង​ក្រុង​ត្រង់​អូផែល អោយ​រឹត​តែ​មាំ​ថែម​ទៀត។ ស្ដេច​បាន​សង់​ក្រុង​នៅ​តាម​តំបន់​ភ្នំ​នៃ​ស្រុក​យូដា ព្រម​ទាំង​សង់​បន្ទាយ និង​ប៉ម​ចាំ​យាម​នៅ​តាម​ព្រៃ​ផង។ ស្ដេច​បាន​ធ្វើ​សង្គ្រាម​ ទល់​នឹង​ស្ដេច​ស្រុក​អាំម៉ូន ហើយ​យក​ជ័យជំនះ​លើ​ពួក​គេ។ នៅ​ឆ្នាំ​នោះ ជន​ជាតិ​អាំម៉ូន​យក​ប្រាក់​ចំនួន​បី​តោន ស្រូវ​បី​ពាន់​តោន និង​ពោត​បី​ពាន់​តោន មក​ថ្វាយ​ជា​សួយសារអាករ​ដល់​ព្រះបាទ​យ៉ូថាម។ នៅ​ឆ្នាំ​បន្ទាប់ និង​ឆ្នាំ​ទី​បី ពួក​គេ​ក៏​ថ្វាយ​បែប​នោះ​ដែរ។ ព្រះបាទ​យ៉ូថាម​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ព្រោះ​ទ្រង់​ប្រព្រឹត្ត​តាម​មាគ៌ា​របស់​ព្រះអម្ចាស់​យ៉ាង​ជាប់លាប់។

 រាជកិច្ច​ ផ្សេងៗ​ទៀត​របស់​ព្រះបាទ​យ៉ូថាម ព្រម​ទាំង​សង្គ្រាម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល និង​ស្ដេច​ស្រុក​យូដា។  នៅ​ពេល​ឡើង​សោយ​រាជ្យ ស្ដេច​មាន​ជន្មាយុ​ម្ភៃ​ប្រាំ​ព្រះវស្សា ហើយ​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។   ព្រះបាទ​យ៉ូថាម​សោយ​ ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជវង្ស​នៅ​បុរី​ព្រះបាទ​ដាវីឌ ហើយ​ព្រះបាទ​អខាស​ជា​បុត្រ ឡើង​ស្នង​រាជ្យ។