របាក្សត្រ ទី ២ (២៦)

ព្រះបាទ​អូស្យាស​ឡើង​គ្រង​រាជ្យ​ជា​ស្ដេច​ស្រុក​យូដា
(២​ពង្សាវតារក្សត្រ ១៤:២១-២២, ១៥:១-៣)
 ប្រជាជន​ស្រុក​យូដា​ទាំង​ មូល​នាំ​គ្នា​លើក​ព្រះបាទ​អូស្យាស​ ដែល​មាន​ព្រះជន្ម​ដប់​ប្រាំ​មួយ​វស្សា អោយ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះបាទ​អម៉ាស៊ីយ៉ា​ជា​បិតា។  ក្រោយ​ពេល​ព្រះបាទ​ អម៉ាស៊ីយ៉ា​សោយ​ទិវង្គត ព្រះបាទ​អូស្យាស​បាន​សង់​ក្រុង​អេឡាត​ឡើង​វិញ រួច​ដាក់​អោយ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ស្រុក​យូដា​ដូច​ពី​មុន។ ៣ ព្រះបាទ​អូស្យាស​ឡើង​សោយ​ រាជ្យ​លើ​ស្រុក​យូដា ក្នុង​ជន្មាយុ​ដប់​ប្រាំ​មួយ​ព្រះវស្សា ទ្រង់​សោយ​រាជ្យ​បាន​ហាសិប​ពីរ​ឆ្នាំ នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យេកូលីយ៉ា ជា​អ្នក​ក្រុង​យេរូសាឡឹម។ ៤ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ដែល​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ដូច​ព្រះបាទ​អម៉ាស៊ីយ៉ា​ជា​បិតា​ដែរ។

ព្រះបាទ​អូស្យាស​បែក​ចិត្ត​ចេញ​ពី​ព្រះអម្ចាស់
 ព្រះបាទ​អូស្យាស​យក​ ព្រះហឫទ័យ​ទុក​ដាក់​ស្វែង​រក​ព្រះជា​ម្ចាស់ ក្នុង​ពេល​ដែល​លោក​សាការី​នៅ​រស់​នៅ​ឡើយ ព្រោះ​លោក​ណែនាំ​ស្ដេច​អោយ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​។ ដរាប​ណា​ស្ដេច​ស្វែង​រក​ព្រះជាម្ចាស់ ព្រះអង្គ​ប្រទាន​អោយ​ស្ដេច​បាន​ចំរុង​ចំរើន​ជានិច្ច។ ៦ ស្ដេច​លើក​ទ័ព​ទៅ​វាយ​ជន​ ជាតិ​ភីលីស្ទីន ហើយ​ទម្លុះ​កំពែង​ក្រុង​កាថ ក្រុង​យ៉ាប់ណេ និង​ក្រុង​អាស្ដូដ។ ស្ដេច​បាន​សង់​ក្រុង​នៅ​តំបន់​ក្រុង​អាស្ដូដ និង​ក្នុង​ទឹក​ដី​ភីលីស្ទីន។  ព្រះជាម្ចាស់​ជួយ​ស្ដេច​ នៅ​ពេល​ធ្វើ​សង្គ្រាម​ទល់​នឹង​ជន​ជាតិ​ភីលីស្ទីន ជន​ជាតិ​អារ៉ាប់​ដែល​រស់​នៅ​ក្រុង​កួរ-បាល និង​ជន​ជាតិ​ម៉ាអូន។ ៨ ជន​ជាតិ​អាំម៉ូន​នាំ​យក​ សួយសារអាករ​មក​ថ្វាយ​ព្រះបាទ​អូស្យាស។ ព្រះកិត្តិនាម​របស់​ស្ដេច​ល្បីរន្ទឺ រហូត​ដល់​ទល់​ដែន​ស្រុក​អេស៊ីប ដ្បិត​ទ្រង់​មាន​ឫទ្ធិ​អំណាច​យ៉ាង​ខ្លាំង។ ៩ ព្រះបាទ​អូស្យាស​ បាន​សង់​ប៉ម​ដ៏​រឹងមាំ​នៅ​ក្រុង​យេរូសាឡឹម ខាង​លើ​ខ្លោង​ទ្វារ​នៅ​ជ្រុង​កំពែង​ទ្វារ​ជ្រលង​ភ្នំ និង​នៅ​លើ​មុម​កំពែង។ ១០ ស្ដេច​បាន​សង់​ប៉ម​ចាំ​ យាម​នៅ​តាម​វាល​រហោស្ថាន និង​ជីក​ស្រះ​ជា​ច្រើន ដ្បិត​ស្ដេច​មាន​ហ្វូង​សត្វ​ដ៏​សន្ធឹក​សន្ធាប់​នៅ​តំបន់​ខ្ពង់​រាប និង​តំបន់​វាល​ទំនាប ហើយ​ស្ដេច​ក៏​មាន​កសិករ​ដែល​ធ្វើ​ស្រែ និង​ដាំ​ទំពាំងបាយជូរ​ថ្វាយ​នៅ​តាម​តំបន់​ភ្នំ និង​នៅ​ភ្នំ​កាម៉ែល​ដែរ ព្រោះ​ស្ដេច​សព្វ​ព្រះហឫទ័យ​ខាង​វិស័យ​កសិកម្ម។ ១១ ព្រះបាទ​អូស្យាស​មាន​ កងទ័ព ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម។ កងទ័ព​នេះ​ចែក​ជា​កងពល​ផ្សេងៗ ដូច​លោក​យេអ៊ីអែល​ជា​ស្មៀន​ហ្លួង និង​លោក​ម៉ាសេយ៉ា ជា​មន្ត្រី​រដ្ឋបាល​បាន​ជំរឿន ហើយ​ដឹក​នាំ​ដោយ​លោក​ហាណានីយ៉ា ជា​មេទ័ព​របស់​ស្ដេច។ ១២ ទាហាន​ដ៏​អង់អាច​ទាំង​នោះ ស្ថិត​នៅ​ក្រោម​បញ្ជា​មេ​ក្រុម​គ្រួសារ ២ ៦០០ រូប ១៣ និង​មាន​ចំនួន​ទាំង​អស់ ៣០៧ ៥០០ នាក់ ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ខ្លាំង​ពូកែ មាន​ចិត្ត​អង់អាច ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ប្រយុទ្ធ​ទល់​នឹង​ខ្មាំង​សត្រូវ​របស់​ព្រះរាជា។ ១៤ ព្រះបាទ​អូស្យាស​បាន​ប្រគល់​ខែល លំពែង មួក​ដែក អាវក្រោះ ធ្នូ ព្រម​ទាំង​ដង្ហក់​សំរាប់​បាញ់​គ្រួស​អោយ​ទាហាន​គ្រប់ៗ​រូប។ ១៥ នៅ​ក្រុង​យេរូសាឡឹម ស្ដេច​អោយ​ជាង​ដ៏​ជំនាញ​ផលិត​គ្រឿង​សស្រ្ដាវុធ​ដាក់​នៅ​តាម​ប៉ម និង​តាម​មុម​កំពែង​ក្រុង ដើម្បី​បាញ់​ព្រួញ និង​ចោល​ដុំ​ថ្ម។ កិត្តិនាម​របស់​ស្ដេច​បាន​ល្បី​ខ្ចរខ្ចាយ​រហូត​ដល់​ស្រុក​ឆ្ងាយៗ ដ្បិត​ព្រះជាម្ចាស់​បាន​ជួយ​ស្ដេច​យ៉ាង​ច្រើន​បំផុត​ ធ្វើ​អោយ​ស្ដេច​ពង្រឹង​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ។

ព្រះបាទ​អូស្យាស​កើត​រោគ​ឃ្លង់
១៦ ប៉ុន្តែ ពេល​បាន​អំណាច​រឹងប៉ឹង​ហើយ ស្ដេច​ក៏​មាន​អំនួត រហូត​ដល់​បណ្ដាល​អោយ​ស្ដេច​ត្រូវ​វិនាស។ ស្ដេច​ក្បត់​ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន គឺ​ស្ដេច​បាន​ចូល​ទៅ​ក្នុង​ព្រះវិហារ​របស់​ព្រះអម្ចាស់ ហើយ​ដុត​គ្រឿង​ក្រអូប នៅ​លើ​អាសនៈ​ថ្វាយ​គ្រឿង​ក្រអូប​។ ១៧ លោក​បូជាចារ្យ​អសារីយ៉ា​ចូល​មក​តាម​ក្រោយ​ស្ដេច ដោយ​មាន​បូជាចារ្យ​របស់​ព្រះអម្ចាស់​ចំនួន​ប៉ែតសិប​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​អង់អាច​មក​ជា​មួយ​ផង។ ១៨ ​លោក​​​ទាំង​នោះ​ឈរ​នៅ​មុខ​ស្ដេច​ទូល​ថា៖ «បពិត្រ​ព្រះករុណា​អូស្យាស ព្រះរាជា​គ្មាន​សិទ្ធិ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះអម្ចាស់​ ឡើយ គឺ​មាន​តែ​ក្រុម​បូជាចារ្យ​ជា​ពូជពង្ស​របស់​លោក​អរ៉ុន​ប៉ុណ្ណោះ ដែល​បាន​ទទួល​ពិធី​តែងតាំង​សំរាប់​ដុត​គ្រឿង​ក្រអូប។ សូម​ព្រះករុណា​យាង​ចេញ​ពី​ទីសក្ការៈ​នេះ​ទៅ ដ្បិត​ព្រះករុណា​ក្បត់​ព្រះជាម្ចាស់ ហើយ​ព្រះករុណា​នឹង​មិន​ទទួល​កិត្តិយស​អ្វី​ពី​ព្រះជាអម្ចាស់​ឡើយ»។ ១៩ ព្រះបាទ​អូស្យាស​កាន់​ពាន ​សំរាប់​ដុត​គ្រឿង​ក្រអូប ហើយ​ពេល​ស្ដេច​ខ្ញាល់​ឡើង​ទាស់​នឹង​បូជាចារ្យ ស្រាប់​តែ​មាន​រោគ​ឃ្លង់​កើត​ពាសពេញ​ថ្ងាស នៅ​ចំពោះ​មុខ​ក្រុម​បូជាចារ្យ ក្បែរ​អាសនៈ​ដុត​គ្រឿង​ក្រអូប​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់។ ២០ លោក​មហាបូជាចារ្យ​អសារីយ៉ា និង​បូជាចារ្យ​ទាំង​អស់ បែរ​ទៅ​ឃើញ​ស្ដេច​កើត​ឃ្លង់​នៅ​លើ​ថ្ងាស​ដូច្នេះ ពួក​លោក​ក៏​នាំ​ស្ដេច​ចេញ​មក​ក្រៅ​ជា​បន្ទាន់។ រីឯ​ស្ដេច​ផ្ទាល់​ក៏​ប្រញាប់​ចេញ​មក​ដែរ ព្រោះ​ស្ដេច​ជ្រាប​ថា ព្រះអម្ចាស់​បាន​វាយ​ប្រហារ​ស្ដេច។ ២១ ព្រះបាទ​អូស្យាស​កើត​ ឃ្លង់ រហូត​ដល់​ថ្ងៃ​ដែល​ទ្រង់​អស់​ព្រះជន្ម។ ដោយ​ស្ដេច​កើត​ឃ្លង់​ដូច្នេះ ទ្រង់​ត្រូវ​គង់​នៅ​ក្នុង​ដំណាក់​មួយ​ដាច់​ឡែក​ពី​គេ ហើយ​មិន​អាច​ចូល​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ បាន​ឡើយ។ សម្ដេច​យ៉ូថាម​ជា​បុត្រ​មាន​ភារកិច្ច​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​វាំង និង​ទទួល​បន្ទុក​គ្រប់គ្រង​ប្រជាជន​នៅ​ក្នុង​ស្រុក។ ២២ ព្យាការី​អេសាយ​ជា​កូន​របស់​លោក​អម៉ូស​បាន​កត់ត្រា​ទុក នូវ​រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​អូស្យាស​តាំង​ពី​ដើម​ដល់​ចប់។ ២៣ ព្រះបាទ​អូស្យាស​សោយ​ ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​នៅ​ក្នុង​ទីធ្លា​នៃ​ផ្នូរ​របស់​រាជវង្ស ដ្បិត​ស្ដេច​កើត​ឃ្លង់។ ព្រះបាទ​យ៉ូថាម​ជា​បុត្រ​ឡើង​ស្នង​រាជ្យ។