របាក្សត្រ ទី ២ (២៥)

ព្រះបាទ​អម៉ាស៊ីយ៉ា​សោយ​រាជ្យ​លើ​ស្រុក​យូដា
(២​ពង្សាវតារក្សត្រ ១៤:១-៧)
 ព្រះបាទ​អម៉ាស៊ីយ៉ា​ឡើង​ សោយ​រាជ្យ នៅ​ពេល​មាន​ជន្មាយុ​ម្ភៃ​ប្រាំ​ព្រះវស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​បួន​ឆ្នាំ នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យ៉ូអាដាន ជា​អ្នក​ក្រុង​យេរូសាឡឹម។ ២ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ តែ​មិន​មែន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ។ ក្រោយ​ពី​ឡើង​គ្រង​រាជ្យ និង​ពង្រឹង​អំណាច​ហើយ ស្ដេច​ប្រហារ​ជីវិត​ពួក​មេទ័ព​ដែល​បាន​ធ្វើ​គុត​បិតា​របស់​ស្ដេច។ ៤ ប៉ុន្តែ ស្ដេច​ពុំ​បាន​អោយ​គេ​ប្រហារ​ជីវិត​កូន​ចៅ​របស់​ពួក​ឃាតក​ទេ ដ្បិត​ស្ដេច​គោរព​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​វិន័យ​របស់​លោក​ម៉ូសេ គឺ​ព្រះអម្ចាស់​បាន​បង្គាប់​ថា៖ «ឪពុក​មិន​ត្រូវ​ស្លាប់ ព្រោះ​តែ​ទោស​របស់​កូន ហើយ​កូន​ក៏​មិន​ត្រូវ​ស្លាប់ ព្រោះ​តែ​ទោស​របស់​ឪពុក​ដែរ គឺ​ត្រូវ​ប្រហារ​ជីវិត​មនុស្ស​ម្នាក់ៗ តាម​អំពើ​បាប​ដែល​ខ្លួន​ប្រព្រឹត្ត»។

 ព្រះបាទ​ អម៉ាស៊ីយ៉ា​ប្រមូល​ទាហាន​នៅ​ស្រុក​យូដា គឺ​ប្រជាជន​ក្នុង​កុលសម្ព័ន្ធ​យូដា និង​កុលសម្ព័ន្ធ​បេនយ៉ាមីន ហើយ​ចែក​ពួក​គេ​ជា​កង តាម​អំបូរ​របស់​ខ្លួន ក្រោម​ការ​ដឹក​នាំ​របស់​មេ​បញ្ជាការ​កងពល​ធំ និង​មេ​បញ្ជាការ​កងពល​តូច។ បន្ទាប់​មក ស្ដេច​ជំរឿន​ប្រុសៗ​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឃើញ​មាន​ទាំង​អស់ ៣០០ ០០០​នាក់ ជា​ទាហាន​ដ៏​ចំណាន​ដែល​ប្រើ​លំពែង ប្រើ​ខែល​ចេញ​ទៅ​ធ្វើ​សឹក​បាន។ ស្ដេច​ក៏​បាន​យក​ប្រាក់​សុទ្ធ​មួយ​រយ​ណែន​ទៅ​ជួល​ទាហាន​ដ៏​ពូកែ​អង់អាច​ចំនួន ១០០ ០០០ នាក់ ពី​ស្រុក​អ៊ីស្រាអែល។

 មាន​អ្នក​ ជំនិត​របស់​ព្រះជាម្ចាស់​មួយ​រូប មក​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះរាជា សូម​កុំ​អោយ​ទាហាន​អ៊ីស្រាអែល​ចេញ​ទៅ​ជា​មួយ​ព្រះករុណា​ឡើយ ដ្បិត​ព្រះអម្ចាស់​មិន​គង់​ជា​មួយ​អ៊ីស្រា​អែល គឺ​ព្រះអង្គ​មិន​គង់​ជា​មួយ​កូន​ចៅ​អេប្រាអ៊ីម​ទាំង​នេះ​ទេ។  ប្រសិន​បើ​ព្រះករុណា​អោយ​ ពួក​គេ​ទៅ​ជា​មួយ ទោះ​បី​ព្រះករុណា​ខំ​ប្រឹង​ប្រយុទ្ធ​យ៉ាង​ណា​ក្ដី ក៏​ព្រះជាម្ចាស់​ធ្វើ​អោយ​ព្រះករុណា​បរាជ័យ នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ​ដែរ ដ្បិត​មាន​តែ​ព្រះជាម្ចាស់​ប៉ុណ្ណោះ ដែល​ប្រទាន​ជ័យជំនះ ឬ​ធ្វើ​អោយ​បរាជ័យ»។ ព្រះបាទ​អម៉ាស៊ីយ៉ា​មាន​ រាជឱង្ការ​ទៅ​កាន់​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ថា៖ «តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច ចំពោះ​ប្រាក់​ដែល​យើង​បាន​អោយ​ទៅ​ទាហាន​អ៊ីស្រាអែល​ទាំង​នោះ!»។ អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ទូល​ស្ដេច​ថា៖ «ព្រះអម្ចាស់​អាច​ប្រទាន​ប្រាក់​មក​ព្រះករុណា​វិញ​ច្រើន​ជាង​នេះ​ទៅ​ទៀត»។ ១០ ពេល​នោះ ព្រះបាទ​អម៉ាស៊ីយ៉ា ​បំបែក​ទាហាន​អេប្រាអ៊ីម​ចេញ​ពី​ជួរ​ទ័ព អោយ​​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ។ ទាហាន​ទាំង​នោះ​ខឹង​ជន​ជាតិ​យូដា​យ៉ាង​ខ្លាំង គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​ក្ដៅ​ក្រហាយ។

១១ ព្រះបាទ​អម៉ាស៊ីយ៉ា​តាំង​ចិត្ត​ក្លាហាន នាំ​មុខ​កងទ័ព ឆ្ពោះ​ទៅ​ជ្រលង​ភ្នំ​អំបិល ហើយ​ប្រហារ​ទាហាន​អេដុម​ អស់​មួយ​ម៉ឺន​នាក់។ ១២ ទាហាន​យូដា​ចាប់​បាន​ ខ្មាំង​មួយ​ម៉ឺន​នាក់​ទៀត ហើយ​នាំ​ឡើង​ទៅ​លើ​ចំណោត​ថ្ម​មួយ រួច​ច្រាន​ទម្លាក់​ចុះ​មក ធ្វើ​អោយ​ពួក​គេ​ស្លាប់​ទាំង​អស់​គ្នា។

១៣ រីឯ​ ទាហាន​អ៊ីស្រាអែល​ដែល​ព្រះបាទ​អម៉ាស៊ីយ៉ា​បណ្ដេញ​អោយ​វិល​ទៅ​ផ្ទះ​វិញ ដើម្បី​កុំ​អោយ​ទៅ​ច្បាំង​ជា​មួយ​នោះ បាន​នាំ​គ្នា​រាត​ត្បាត​ក្រុង​នានា ក្នុង​ស្រុក​យូដា ដែល​នៅ​ចន្លោះ​ក្រុង​សាម៉ារី និង​ក្រុង​បេតហូរ៉ូន ហើយ​សម្លាប់​ប្រជាជន​អស់​បី​ពាន់​នាក់ ព្រម​ទាំង​រឹប​អូស​យក​ជយភ័ណ្ឌ​ជា​ច្រើន​ទៀត​ផង។

ព្រះបាទ​អម៉ាស៊ីយ៉ា​ច្បាំង​ចាញ់​ស្ដេច​ស្រុក​អ៊ីស្រាអែល
(២​ពង្សាវតារក្សត្រ ១៤:៨-១៤)
១៤ ក្រោយ​ពេល​វាយ​ឈ្នះ​ជន​ ជាតិ​អេដុម​ហើយ ព្រះបាទ​អម៉ាស៊ីយ៉ា​វិល​ត្រឡប់​មក​វិញ ទាំង​នាំ​យក​ព្រះ​របស់​ជន​ជាតិ​អេដុម​មក​ជា​មួយ។ ស្ដេច​យក​ព្រះ​ទាំង​នោះ​ធ្វើ​ជា​ព្រះ​របស់​ខ្លួន​ដោយ​ក្រាប​ថ្វាយបង្គំ និង​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ​ទាំង​នោះ​ទៀត​ផង។ ១៥ ពេល​នោះ ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​នឹង​ព្រះបាទ​ អម៉ាស៊ីយ៉ា​យ៉ាង​ខ្លាំង ព្រះអង្គ​ចាត់​ព្យាការី​អោយ​ទៅ​គាល់​ស្ដេច​ទូល​ថា៖ «ព្រះ​ទាំង​នេះ​មិន​បាន​រំដោះ​ប្រជាជន​របស់​ខ្លួន​អោយ​រួច​ពី​កណ្ដាប់​ដៃ​ របស់​ព្រះករុណា​ទេ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះករុណា​បែរ​ទៅ​គោរព​ព្រះ​របស់​សាសន៍​នោះ​ ដូច្នេះ!»។ ១៦ ​លោក​មាន​ប្រសាសន៍​មិន​ ទាន់​ផុត​ផង ព្រះបាទ​អម៉ាស៊ីយ៉ា​មាន​រាជឱង្ការ​ទៅ​លោក​ថា៖ «តើ​យើង​បាន​តែងតាំង​អ្នក​អោយ​ធ្វើ​ជា​ទី​ប្រឹក្សា​របស់​ស្ដេច​ពី​អង្កាល់? ប្រសិន​បើ​អ្នក​មិន​ចង់​អោយ​គេ​វាយ​អ្នក​ទេ​នោះ ចូរ​នៅ​ស្ងៀម​ទៅ!»។ ប៉ុន្តែ មុន​នឹង​បញ្ចប់​ព្យាការី​ថ្លែង​ថា៖ «ទូលបង្គំ​ដឹង​ហើយ​ថា ព្រះជាម្ចាស់​បាន​សំរេច​នឹង​បំផ្លាញ​ព្រះករុណា ដ្បិត​ព្រះករុណា​ប្រព្រឹត្ត​បែប​នេះ ហើយ​ព្រះករុណា​ ក៏​បដិសេធ​មិន​ព្រម​ស្ដាប់​យោបល់​របស់​ទូលបង្គំ​ដែរ​»។

១៧ ក្រោយ​ ពី​បាន​សួរ​យោបល់​ទី​ប្រឹក្សា​ឯ​ទៀតៗ​រួច​ហើយ ព្រះបាទ​អម៉ាស៊ីយ៉ា​ជា​ស្ដេច​ស្រុក​យូដា ចាត់​គេ​អោយ​ទៅ​ទូល​ព្រះបាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាខាស និង​ជា​ចៅ​របស់​ព្រះបាទ​យេហ៊ូ​ថា៖ «ចូរ​ចេញ​មក យើង​ប្រយុទ្ធ​តទល់​គ្នា!»។ ១៨ ព្រះបាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ចាត់​មនុស្ស​អោយ​មក​ទូល​ព្រះបាទ​អម៉ាស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា​វិញ​ថា៖ «គ្រា​មួយ​នោះ​គុម្ព​បន្លា​ដែល​ដុះ​នៅ​ភ្នំ​លីបង់ ចាត់​គេ​អោយ​ទៅ​ប្រាប់​ដើម​តាត្រៅ​នៅ​ភ្នំ​លីបង់​ថា “ចូរ​លើក​កូន​ស្រី​របស់​អ្នក​អោយ​មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​យើង”។ ប៉ុន្តែ មាន​សត្វ​ព្រៃ​ដើរ​កាត់​តាម​នោះ ហើយ​ជាន់​គុម្ព​បន្លា​ខ្ទេចខ្ទី​អស់។ ១៩ ព្រះ​ករុណា​អួត​ខ្លួន​ថា ​វាយ​ឈ្នះ​ជន​ជាតិ​អេដុម ដូច្នេះ ព្រះរាជា​កំពុង​តែ​មាន​មោទនភាព ហើយ​លើក​តម្កើង​ខ្លួន​ឯង។ ឥឡូវ​នេះ សូម​គង់​ក្នុង​ព្រះដំណាក់​ទៅ! ហេតុ​អ្វី​បាន​ជា​ព្រះករុណា​ចង់​ធ្វើ​សង្គ្រាម​ដែល​បង្ក​អោយ​វេទនា​ដូច្នេះ? ព្រះករុណា និង​ប្រជាជន​យូដា​មុខ​ជា​បរាជ័យ​មិន​ខាន!»។ ២០ ប៉ុន្តែ ព្រះបាទ​អម៉ាស៊ីយ៉ា​ពុំ​ព្រម​ស្ដាប់ តាម​សេចក្ដី​ព្រមាន​នេះ​ទេ ដ្បិត​ព្រះជាម្ចាស់​បណ្ដាល​អោយ​កើត​មាន​ដូច្នេះ ដើម្បី​អោយ​ស្ដេច និង​កងទ័ព​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បច្ចាមិត្ត ព្រោះ​ស្ដេច​បាន​បែក​ចិត្ត​ទៅ​រក​ព្រះ​នានា​របស់​ជន​ជាតិ​អេដុម។ ២១ ពេល​នោះ ព្រះបាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ឡើង​មក​ប្រយុទ្ធ​តទល់​នឹង​ព្រះបាទ​អម៉ាស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា នៅ​ក្រុង​បេតសេមេស​ក្នុង​ស្រុក​យូដា។ ២២ កងទ័ព​យូដា​វាយ​ចាញ់​កងទ័ព​អ៊ីស្រាអែល ហើយ​ពល​ទាហាន​យូដា ​បាក់​ទ័ព​រត់​មក​កាន់​ទី​លំនៅ​រៀងៗ​ខ្លួន​វិញ។ ២៣​​ ព្រះបាទ​យ៉ូអាស​ជា​ ស្ដេច​ស្រុក​អ៊ីស្រាអែល ចាប់​បាន​ព្រះបាទ​អម៉ាស៊ីយ៉ា ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាស និង​ជា​ចៅ​របស់​ព្រះបាទ​យ៉ូអាខាស​នៅ​បេតសេមេស ធ្វើ​ជា​ឈ្លើយ។ បន្ទាប់​មក ព្រះបាទ​យ៉ូអាស នាំ​ព្រះបាទ​អម៉ាស៊ីយ៉ា​ទៅ​ក្រុង​យេរូសាឡឹម ហើយ​វាយ​បំបែក​កំពែង​ក្រុង​ចាប់​តាំង​ពី​ទ្វារ​អេប្រាអ៊ីម រហូត​ដល់​ទ្វារ​នៅ​ជ្រុង​កំពែង​ដែល​មាន​ប្រវែង​បួន​រយ​ហត្ថ។ ២៤ ស្ដេច​ប្រមូល​យក​មាស​ ប្រាក់ និង​វត្ថុ​មាន​តម្លៃ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​ ដែល​មាន​លោក​អូបេដ-អេដុម ជា​អ្នក​មើល​ខុស​ត្រូវ ព្រម​ទាំង​វត្ថុ​នៅ​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ ហើយ​នាំ​ចំណាប់​ខ្មាំង​វិល​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។

ចុង​បញ្ចប់​នៃ​រជ្ជកាល​ព្រះបាទ​អម៉ាស៊ីយ៉ា
(២​ពង្សាវតារក្សត្រ ១៤:១៥-២០)
២៥ ក្រោយ​ពី​ព្រះបាទ​ យ៉ូអាស ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាខាស​ស្ដេច​អ៊ីស្រាអែល​សោយ​ទិវង្គត ព្រះបាទ​អម៉ាស៊ីយ៉ា​ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាស ស្ដេច​ស្រុក​យូដា មាន​ព្រះជន្ម​គង់​នៅ​បាន​ដប់​ប្រាំ​វស្សា​ទៀត។ ២៦ រាជកិច្ច​ផ្សេងៗ​របស់​ព្រះបាទ​អម៉ាស៊ីយ៉ា សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្ដេច​ស្រុក​យូដា និង​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ២៧ ក្រោយ​ពេល​ដែល​ព្រះបាទ​អម៉ាស៊ី​យ៉ា​បែក​ចិត្ត​ចេញ​ពី​ព្រះអម្ចាស់ នៅ​ក្រុង​យេរូសាឡឹម មាន​មនុស្ស​ឃុបឃិត​គ្នា​ក្បត់​នឹង​ស្ដេច ដូច្នេះ ស្ដេច​ក៏​ភៀស​ខ្លួន​ទៅ​ក្រុង​ឡាគីស តែ​គេ​បាន​ដេញ​តាម​ព្រះរាជា​រហូត​ដល់​ក្រុង​ឡាគីស​ទៀត ហើយ​ធ្វើ​គុត​ស្ដេច​នៅ​ទី​នោះ។ ២៨ គេ​ដឹក​សព​របស់​ព្រះបាទ​អម៉ាស៊ីយ៉ា ដាក់​លើ​ខ្នង​សេះ នាំ​មក​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជវង្ស នៅ​បុរី​ស្រុក​យូដា​។