របាក្សត្រ ទី ២ (១៦)

សង្គ្រាម​រវាង​ព្រះបាទ​អសា និង​ព្រះបាទ​បាសា ស្ដេច​ស្រុក​អ៊ីស្រាអែល
(១​ពង្សាវតារក្សត្រ ១៥:១៦-២២)
 នៅ​ឆ្នាំ​ទី​សាមសិប​ប្រាំ​មួយ នៃ​រជ្ជកាល​ព្រះបាទ​អសា ព្រះបាទ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​លើក​ទ័ព​មក​វាយ​ស្រុក​យូដា ហើយ​សង់​កំពែង​ជុំវិញ​ក្រុង​រ៉ាម៉ា ដើម្បី​កុំ​អោយ​ប្រជាជន​របស់​ព្រះបាទ​អសា ជា​ស្ដេច​ស្រុក​យូដា​អាច​ចេញ​ចូល​បាន។ ២ ព្រះបាទ​អសា​យក​មាស ប្រាក់ ពី​ក្នុង​ឃ្លាំង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ និង​នៅ​ក្នុង​ឃ្លាំង​ព្រះរាជវាំង ហើយ​ចាត់​គេ​អោយ​យក​ទៅ​ថ្វាយ​ព្រះបាទ​បេន-ហាដាឌ​ជា​ស្ដេច​ស្រុក​ស៊ីរី ដែល​គង់​នៅ​ក្រុង​ដាម៉ាស ដោយ​ទូល​ថា៖ «ទូលបង្គំ​សូម​ចង​ សម្ពន្ធមិត្ត​ជា​មួយ​ព្រះករុណា ដូច​បិតា​របស់​ទូលបង្គំ​បាន​ចង​ជា​មួយ​បិតា​របស់​ព្រះករុណា​ដែរ។ ទូលបង្គំ​សូម​ផ្ញើ​មាស និង​ប្រាក់​នេះ មក​ថ្វាយ​ព្រះករុណា។ សូម​ព្រះករុណា​ផ្ដាច់​ចំណង​សម្ពន្ធមិត្ត​ជា​មួយ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ទៅ ដើម្បី​កុំ​អោយ​ស្ដេច​នោះ​ឡើង​មក​វាយ​ទូលបង្គំ​ទៀត»។  ព្រះ​បាទ​​បេនហាដាឌ​យល់​ ព្រម​តាម​សំណូម​ពរ​របស់​ព្រះបាទ​អសា ហើយ​ចាត់​មេទ័ព​អោយ​ទៅ​វាយ​ក្រុង​នានា​របស់​ស្រុក​អ៊ីស្រាអែល​។ ពួក​គេ​វាយ​យក​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ ក្រុង​អេបិល-ម៉ាអ៊ីម និង​ក្រុង​ទាំង​ប៉ុន្មាន ព្រម​ទាំង​កន្លែង​ផ្ទុក​ស្បៀង នៅ​ស្រុក​ណែបថាលី។ ៥ កាល​ព្រះបាទ​បាសា​ជ្រាប​ពី​ដំណឹង​នេះ ទ្រង់​ក៏​ឈប់​សង់​កំពែង​ក្រុង​រ៉ាម៉ា គឺ​ទ្រង់​ផ្អាក​កិច្ចការ​ទាំង​អស់។

 ពេល​នោះ ព្រះបាទ​អសា​បាន​កេណ្ឌ​ជន​ជាតិ​យូដា​ទាំង​មូល អោយ​ជញ្ជូន​ថ្ម និង​ឈើ​ដែល​ព្រះបាទ​បាសា​ប្រើប្រាស់​សំរាប់​សង់​កំពែង​ក្រុង​រ៉ាម៉ា។ ស្ដេច​យក​ថ្ម និង​ឈើ​ទាំង​នោះ​ទៅ​សង់​កំពែង​ក្រុង​កេបា និង​ក្រុង​មីសប៉ា។

ព្រះបាទ​អសា​ឃុំឃាំង​ព្យាការី​ហាណានី
 នៅ​គ្រា​នោះ​លោក​ហាណានី​ ជា​គ្រូ​ទាយ ចូល​ទៅ​គាល់​ព្រះបាទ​អសា​ស្ដេច​ស្រុក​យូដា​ទូល​ថា៖ «ដោយ​ព្រះករុណា​ពឹង​ផ្អែក​លើ​ស្ដេច​ស្រុក​ស៊ីរី គឺ​ពុំ​បាន​ពឹង​ផ្អែក​លើ​ព្រះអម្ចាស់ ជា​ព្រះ​របស់​ព្រះករុណា​ទេ​នោះ កងទ័ព​របស់​ស្ដេច​ស្រុក​ស៊ីរី​បាន​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ព្រះករុណា។ កាល​ជន​ជាតិ​អេត្យូពី និង​ជន​ជាតិ​លីប៊ី លើក​ទ័ព​មក​ជា​មួយ​គ្នា ទោះ​បី​ពួក​គេ​មាន​ពល​ទ័ព​រទេះ​ចំបាំង និង​ទ័ព​សេះ​ច្រើន​ឥត​គណនា​ក្ដី ក៏​ព្រះអម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះករុណា​ដែរ ដ្បិត​ព្រះករុណា​បាន​ពឹង​ផ្អែក​លើ​ព្រះអង្គ។ ៩ ព្រះអម្ចាស់​ រំពៃ​មើល​មក​ផែនដី​ទាំង​មូល ដើម្បី​គាំទ្រ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ លើក​នេះ ព្រះករុណា​ប្រព្រឹត្ត​ដោយ​គ្មាន​វិចារណញ្ញាណ​។ ដូច្នេះ ចាប់​ពី​ពេល​នេះ​ទៅ ព្រះករុណា​ជួប​ប្រទះ​តែ​នឹង​សង្គ្រាម​ជានិច្ច»។

១០ ព្រះបាទ ​អសា​ខ្ញាល់​នឹង​គ្រូ​ទាយ​ជា​ខ្លាំង ទ្រង់​ក៏​អោយ​គេ​យក​លោក​ទៅ​ឃុំឃាំង ដ្បិត​ពាក្យ​របស់​លោក​បាន​ធ្វើ​អោយ​ទ្រង់​ក្រេវក្រោធ។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ព្រះបាទ​អសា​សង្កត់សង្កិន​ប្រជាជន​មួយ​ចំនួន។

ព្រះបាទ​អសា​សោយ​ទិវង្គត
(១​ពង្សាវតារក្សត្រ ១៥:២៣-២៤)
១១ រាជកិច្ច​ផ្សេងៗ​របស់​ ព្រះបាទ​អសា ចាប់​ពី​ដើម រហូត​ដល់​ចុង​បញ្ចប់ មាន​កត់ត្រា​ទុក​នៅ​ក្នុង​ក្រាំង​របស់​ស្ដេច​ស្រុក​យូដា និង​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ១២ នៅ​ឆ្នាំ​ទី​សាមសិប​ ប្រាំ​បួន នៃ​រជ្ជកាល​របស់​ស្ដេច ទ្រង់​កើត​រោគា​យ៉ាង​ធ្ងន់​នៅ​ព្រះបាទា ប៉ុន្តែ ទោះ​បី​ទ្រង់​ប្រឈួន​យ៉ាង​នេះ​ក្ដី ក៏​ទ្រង់​ពុំ​បាន​ទូលអង្វរ​សូម​ព្រះអម្ចាស់​ជួយ​ដែរ គឺ​ទ្រង់​បែរ​ជា​រក​គ្រូ​ពេទ្យ​ព្យាបាល​ទៅ​វិញ។ ១៣ ព្រះបាទ​អសា​សោយ​ទិវង្គត ទៅ​ជួបជុំ​នឹង​ពួក​អយ្យកោ នៅ​ឆ្នាំ​ទី​សែសិប​មួយ​នៃ​រជ្ជកាល​របស់​ស្ដេច។ ១៤ គេ​យក​សព​ទៅ​បញ្ចុះ​ ក្នុង​ផ្នូរ​មួយ ដែល​ទ្រង់​បាន​អោយ​គេ​ជីក​នៅ​បុរី​ព្រះបាទ​ដាវីឌ។ គេ​តម្កល់​សព​របស់​ស្ដេច​លើ​គ្រែ​មួយ ដោយ​មាន​អប់​គ្រឿង​ក្រអូប​ដែល​រៀបចំ​ឡើង តាម​ក្បួន​តម្រា​របស់​អ្នក​អប់​សព ហើយ​គេ​ក៏​បាន​ដុត​គ្រឿង​ក្រអូប​យ៉ាង​ច្រើន ដើម្បី​ទុក​ជា​គារវកិច្ច​ចំពោះ​ស្ដេច។