ព័ត៌មានភូមិភាគភ្នំពេញ

ប្រជាពលរដ្ឋ៥៣២គ្រួសារ ក្នុងស្រុកពីរនៃខេត្តកណ្តាលទទួលអំណោយពី អភិបាលកាតូលិក

[:kh]កណ្តាល៖​ លោក អូលីវីយេ ជ្មីតហស្ល៊ែរ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​អញ្ជើញ​ចែក​សម្ភារៈ និង​គ្រឿង​បរិភោគ​ដល់​បងប្អូន​ដែលរងគ្រោះ​ដោយ​ទឹកជំនន់​នៅតាម​ដងទន្លេ​មេគង្គចំនួន​៥៣២គ្រួសារ ដែលមកពី​ភូមិ​រោងចក្រ ភូមិសំរោងធំ ស្រុកកៀនស្វាយ​ ភូមិកំពង់ចម្លង និងភូមិព្រែកដាច់ ស្រុក​លើកដែក ខេត្តកណ្តាល នាថ្ងៃទី​៤ ខែតុលា ឆ្នាំ២០១៨។

ក្រុម​​គ្រួសារ​​ប្រជារងគ្រោះទាំង​នោះទទួលបាន​សម្ភារៈ និង​គ្រឿងបរិភោគ មានដូចជា​៖ អង្ករ២៥គ.ក មី១កេស ទឹកស៊ីអ៊ីវ ទឹកត្រី ប្រេងឆា អំបិល ស្ករស ស្ករគ្រាប់ និងម៉ុង១ ដែល បានមកពី​ការរួមសហការរវាងព្រះសហគមន៍​កាតូលិកភូមិភាគភ្នំពេញ ព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង ជាមួួយនឹងអង្គការការីតាស​កម្ពុជា​។

ក្នុងឱកាសនោះលោក វីរៈជ័យ ជាបូជាចារ្យទទួលខុសត្រូវ ព្រះសហគមន៍មណ្ឌលសកម្មភាពមេគង្គ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ លោកអភិបាល អូលីវីយេ និងនាយកប្រតិបត្តិ អង្គការការីតាស​កម្ពុជា​ ដែលបានអញ្ជើញមកសួរសុខទុក្ខ និងនាំយកសំភារៈប្រើប្រាស់ គ្រឿងបរិភោគ ចែកជួនបងប្អូនដែលរងគ្រោះដោយទឹកជំនន់តាមដងទន្លេមេគង្គចំនួន​៥៣២គ្រួសារនាពេលនេះ។

ក្នុងពេលសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកគីម រតនា នាយកប្រតិបត្តិ អង្គការការីតាស​កម្ពុជា បានបញ្ជាក់ថាអង្គការការីតាស​កម្ពុជា ជាអង្គការមនុស្សធម៌នៃព្រះសហគមន៍កាតូលិកដែលមានបេសកកម្មបង្ហាញធម៌មេត្តាករុណា របស់ព្រះជាម្ចាស់ដល់មនុស្សទាំងអស់ ជាពិសេសប្រជាជនក្រីក្រ ជនងាយរងគ្រោះ និងជនរងគ្រោះ ពីការរំលោភបំពាន និងគ្រោះធម្មជាតិ ។ លោកបន្តថាអង្គការការីតាស​មានសមាជិកចំនួន១៦៨ប្រទេសលើពិភពលោក។ ចំពោះសំភារៈដែលយកមកប្រគល់ជូនបងប្អូននៅពេលនេះ គឺបានមកពីថវិកានៃការចូលរួមរបស់ប្រជាជនពីប្រទេសនានាលើសាកលលោក។ ចាប់តាំងពីមានទឹកជំនន់រហូតមកពេលនេះអង្គការការីតាស​កម្ពុជាបាននាំយកសំភារៈជាជំនួយមនុស្សធម៌ទៅប្រគល់ជូនជនរងគ្រោះដោយទឹកជំនន់ និងគ្រោះធម្មជាតិនានា បានចំនួនប្រមាណជិត៥០០០គ្រួសារ។ លោកនាយកប្រតិបត្តិអង្គការការីតាស​ក៏មិនភ្លេចរំលឹកដាស់តឿនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព រស់នៅប្រកបដោយអនាម័យ និងចូលរួមថែរក្សាបរិស្ថាន។

នៅក្នុងឱកាសដ៏មានអត្ថន័យលោកអភិបាល អូលីវីយេ បានបញ្ជាក់បន្ថែមអំពី អត្តសញ្ញាណរបស់អង្គការការីតាស ជាអង្គការនៃព្រះសហគមន៍កាតូលិក មានបេសកកម្មជួយជនរងគ្រោះ ទាំងនៅកម្ពុជា និងនៅប្រទេសផ្សេងៗទៀត ជាក់ស្តែងថ្មីៗនេះពេលមានទឹកជំនន់ពីការបាក់ទំនប់វារីអគ្គីសនី នៅប្រទេសឡាវ អង្គការការីតាសកម្ពុជាក៏បានជួយជនរងគ្រោះនៅប្រទេសឡាវ ក៏ដូចនៅកម្ពុជាយើងដែរ។

លោកអភិបាលក៏បានបញ្ជាក់អំពីនិមិត្តសញ្ញារបស់អង្គការនេះដែល រូបសញ្ញាឈើឆ្កាង ពណ៌ក្រហម និងពាក្យការីតាសជាភាសាបរទេស ដែលមានន័យខ្មែរថា ករុណា ជាសេចក្តីស្រឡាញ់ដែលមកពី្រពះជាម្ចាស់ ។ បងប្អូនជុំវិញពិភពលោកបានចូលរួមជាមួយគ្នាក្នុងសេចក្តីស្រឡាញ់នេះ ។ ពេលយើងអង្គុយនៅទីនេះដូចអង្គុយជាមួយបងប្អូនទាំងនោះដែរ។ លោកក៏លើកទឹកចិត្តឲ្យបងប្អូនចេះចែករំលែក និងគិតគូរពីអ្នកដទៃផង ពេលបងប្អូនបានទទួលច្រើនហើយនោះ។ លោកអភិបាលក៏បានជំរុញឲ្យបងប្អូនយកចិត្តទុកដាក់ថែរក្សាកូនៗកុំឲ្យមានជំងឺឬ លង់ទឹកស្លាប់។ ជាពិសេសត្រូវជំរុញកូនៗឲ្យចុះឈ្មោះចូលរៀនបានគ្រប់ៗគ្នា។ កុំឲ្យកូនឈប់រៀនដើម្បីរកលុយឡើយ ។ លោកថាជាគ្រីស្តបរិស័ទ បើមិនឲ្យកូនៗបានរៀនសូត្រទេគឺ ជាអំពើបាប។

ព្រះសហគមន៍កាតូលិក នៅភូមិភាគភ្នំពេញ ក៏ដូចជាអង្គការការីតាស់កម្ពុជា បានយកចិត្តទុកខិតខំបំពេញបេសកកម្មរបស់ខ្លួន បម្រើប្រជាពលរដ្ឋកម្ពុជា ក្នុងវិស័យអប់រំ កិច្ចការមនុស្សធម៌ សុខាភិបាល កសិកម្ម អភិវឌ្ឍន៍ជនបទ ជួយជនពិការ ចាស់ជរា កុមារកំព្រាជាដើម។ ល។[:]

Leave a Reply

Your email address will not be published.