សាម៉ូអែលទី ១ (០៤)

 លោក​សាមូអែល​ក៏​នាំ​យក​ព្រះបន្ទូល​នេះ ទៅ​ប្រកាស​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល។

ជន​ជាតិ​ភីលីស្ទីន​ដណ្ដើម​យក​បាន​ហិប​នៃ​សម្ពន្ធមេត្រី
ថ្ងៃ​មួយ ជន​ជាតិ​អ៊ីស្រាអែល​បាន​ចេញ​ទៅ​ច្បាំង​តទល់​នឹង​ជន​ជាតិ​ភីលីស្ទីន។ ពួក​គេ​បោះ​ទ័ព​នៅ​ជិត​អេបេន-អេស៊ែរ រីឯ​ពួក​ភីលីស្ទីន​បោះ​ទ័ព​នៅ​អាផេក។ ២ ជន​ជាតិ​ភីលីស្ទីន​តំរៀប​ ទ័ព​ប្រឈម​មុខ​នឹង​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ការ​ប្រយុទ្ធ​ក៏​ផ្ទុះ​ឡើង​។ ជន​ជាតិ​ភីលីស្ទីន​វាយ​ឈ្នះ​ជន​ជាតិ​អ៊ីស្រាអែល និង​សម្លាប់​ទាហាន​អ៊ីស្រាអែល​នៅ​លើ​សមរភូមិ អស់​ប្រហែល​បួន​ពាន់​នាក់។  ទាហាន​ដែល​នៅ​សេសសល់ នាំ​គ្នា​វិល​ត្រឡប់​មក​ទី​តាំង​ទ័ព​វិញ។ ពួក​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ពោល​ថា៖ «ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​ព្រះអម្ចាស់​បណ្ដោយ​ឲ្យ​យើង​ចាញ់​ពួក​ភីលីស្ទីន​ដូច្នេះ? ចូរ​យើង​ទៅ​ស៊ីឡូ នាំ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់​យក​មក​ជា​មួយ​ពួក​យើង ដើម្បី​ឲ្យ​ហិប​នោះ​សង្គ្រោះ​ពួក​យើង​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ»។ ៤ គេ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ីឡូ ហើយ​នាំ​យក​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់​ នៃ​ពិភព​ទាំង​មូល ជា​ព្រះ​ដែល​គង់​នៅ​លើ​ពួក​ខេរូប៊ីន*។ កូន​ប្រុស​ទាំង​ពីរ​របស់​លោក​អេលី គឺ​ហូបនី និង​ភីនេអាស មក​ជា​មួយ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះជាម្ចាស់​ដែរ។

 ពេល​គេ​នាំ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់​មក​ដល់​ទី​តាំង​ទ័ព ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​ស្រែក​ជយឃោស​យ៉ាង​ខ្លាំង រហូត​ដល់​ធ្វើ​ឲ្យ​ខ្ទរ​ផែនដី។ កាល​ពួក​ភីលីស្ទីន​ឮ​ សំរែក​ជ័យ​ឃោស​យ៉ាង​ខ្លាំង​នេះ ក៏​ពោល​ថា៖ «តើ​មាន​រឿង​អ្វី​បាន​ជា​ពួក​ហេប្រឺ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​នៅ​ក្នុង​ជំរំ​ ខ្លាំង​ម៉្លេះ?»។ បន្ទាប់​មក ទើប​ពួក​នេះ​យល់​ថា​ហិប​របស់​ព្រះអម្ចាស់​មក​ដល់​ជំរំ​ហើយ។ ​ ​ពួក​ភីលីស្ទីន​ក៏​ភិតភ័យ ហើយ​ពោល​ថា៖ «ព្រះ​របស់​ពួក​គេ​យាង​មក​ដល់​ជំរំ​របស់​គេ​ហើយ។ យើង​មុខ​ជា​ត្រូវ​វេទនា​ពុំខាន ដ្បិត​ពី​មុន មិន​ដែល​មាន​ហេតុការណ៍​ដូច្នេះ​ទេ។ យើង​មុខ​ជា​ត្រូវ​វេទនា​ ពុំខាន! តើ​នរណា​នឹង​រំដោះ​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះ​ដ៏​ខ្លាំង​ពូកែ​នោះ? គឺ​ព្រះ​នោះ​ហើយ​ដែល​បាន​វាយ​ជន​ជាតិ​អេស៊ីប​ឲ្យ​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង នៅ​វាល​រហោ​ស្ថាន។ ភីលីស្ទីន​អើយ! ចូរ​មាន​កម្លាំង និង​ចិត្ត​អង់អាច​ឡើង ដើម្បី​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ទៅ​ជា​ខ្ញុំ​បំរើ​របស់​ពួក​ហេប្រឺ ដូច​ពួក​គេ​បាន​ធ្វើ​ជា​ខ្ញុំ​បំរើ​របស់​យើង​ដែរ។ ចូរ​មាន​ចិត្ត​អង់អាច ហើយ​ប្រយុទ្ធ​នឹង​ពួក​គេ​ចុះ!»។ ១០ ពួក​ភីលីស្ទីន​ក៏​ចូល​ ប្រយុទ្ធ ហើយ​វាយ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​បរាជ័យ បាក់​ទ័ព រត់​ទៅ​ជំរំ​របស់​គេ​រៀងៗ​ខ្លួន។ នៅ​ពេល​នោះ ពួក​អ៊ីស្រាអែល​បរាជ័យ​យ៉ាង​ធ្ងន់ គឺ​កងពល​ថ្មើរ​ជើង​របស់​គេ​ស្លាប់​អស់​បី​ម៉ឺន​នាក់។ ១១ ហិប​របស់​ព្រះ​ជាម្ចាស់​ ត្រូវ​ខ្មាំង​ដណ្ដើម​យក​បាន ហើយ​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​អេលី គឺ​ហូបនី និង​ភីនេអាស​ក៏​បាត់​បង់​ជីវិត​ដែរ។

មរណភាព​របស់​លោក​បូជាចារ្យ​អេលី ព្រម​ទាំង​កូន​ប្រសា​ស្រី​របស់​លោក
១២ នៅ​ថ្ងៃ​ដដែល​នោះ បុរស​ម្នាក់​ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន​បាន​រត់​ពី​សមរភូមិ​ទៅ​ដល់​ស៊ីឡូ ខោអាវ​របស់​គាត់​រហែក​ដាច់​អស់ ហើយ​ក្បាល​គាត់​ប្រឡាក់​ទៅ​ដោយ​ធូលី​ដី​ផង។ ១៣ កាល​បុរស​នោះ​មក​ដល់ លោក​អេលី​កំពុង​តែ​អង្គុយ​លើ​កៅអី រង់ចាំ​នៅ​មាត់​ផ្លូវ ចិត្ត​របស់​លោក​អន្ទះសា ដោយ​នឹក​បារម្ភ​អំពី​ហិប​នៃ​ព្រះជាម្ចាស់។ បុរស​នោះ​ចូល​មក​ក្នុង​ទីក្រុង រួច​ប្រកាស​ដំណឹង​ដល់​ប្រជាជន។ អ្នក​ក្រុង​ទាំង​មូល​នាំ​គ្នា​ស្រែក​យំ​យ៉ាង​ខ្លោចផ្សា​។ ១៤ កាល​ឮ​ប្រជាជន​ស្រែក​យំ ​ដូច្នេះ លោក​អេលី​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាន​សំរែក​អឺងកង​យ៉ាង​នេះ?»។ បុរស​នោះ​ក៏​ប្រញាប់ប្រញាល់​ចូល​ទៅ​ជំរាប​ដំណឹង​ដល់​លោក។ ១៥ នៅ​គ្រា​នោះ លោក​អេលី​មាន​អាយុ​កៅសិប​ប្រាំ​បី​ឆ្នាំ​ហើយ ភ្នែក​របស់​លោក​ងងឹត​មើល​អ្វី​លែង​ឃើញ។ ១៦ បុរស​នោះ​ជំរាប​លោក​ អេលី​ថា៖ «ខ្ញុំ​ប្របាទ​មក​ពី​សមរភូមិ ហើយ​ទើប​នឹង​រត់​មក​ដល់​ថ្ងៃ​នេះ»។ លោក​អេលី​ក៏​សួរ​ថា៖ «យ៉ាងម៉េច​ទៅ​ហើយ កូន​អើយ?»។ ១៧ បុរស​ដែល​នាំ​ដំណឹង​មក​ នោះ ជំរាប​លោក​ថា៖ «ពួក​អ៊ីស្រាអែល​យើង​បាន​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​ពួក​ភីលីស្ទីន គឺ​យើង​ទទួល​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ កូន​ប្រុស​ទាំង​ពីរ​របស់​លោក គឺ​ហូបនី និង​ភីនេអាស​ក៏​ស្លាប់ រីឯ​ហិប​របស់​ព្រះជាម្ចាស់​ក៏​ត្រូវ​គេ​ដណ្ដើម​យក​ទៅ​ដែរ»។ ១៨ ពេល​គេ​រៀប​រាប់​អំពី​ ហិប​របស់​ព្រះជាម្ចាស់​មិន​ទាន់​ចប់​ស្រួលបួល​ផង លោក​អេលី​ធ្លាក់​ពី​កៅអី បោក​ត្រូវ​លើ​ជ្រុង​ទ្វារ បាក់​ក​ស្លាប់​មួយ​រំពេច ព្រោះ​លោក​មាន​វ័យ​ចាស់​ជរា ព្រម​ទាំង​ធាត់​ទៀត​ផង។ លោក​អេលី​គ្រប់គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល អស់​រយៈ​ពេល​សែសិប​ឆ្នាំ។

១៩ រីឯ​កូន ​ប្រសា​ស្រី​របស់​លោក​អេលី គឺ​ប្រពន្ធ​របស់​លោក​ភីនេអាស មាន​ផ្ទៃ​ពោះ​គ្រប់​ខែ​ហើយ។ កាល​នាង​ទទួល​ដំណឹង​ថា គេ​បាន​ដណ្ដើម​យក​ហិប​របស់​ព្រះជាម្ចាស់ ហើយ​ឪពុក​ក្មេក និង​ប្ដី​របស់​នាង​ក៏​ស្លាប់​ដែរ នោះ​នាង​ទន់​ជង្គង់ ចាប់​ផ្ដើម​ឈឺ​ផ្ទៃ ហើយ​សំរាល​កូន។ ២០ ពេល​នាង​ជិត​ផុត​ដង្ហើម ពួក​ស្រីៗ​ដែល​នៅ​ឈរ​ក្បែរ​នាង​ពោល​ឡើង​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី ព្រោះ​នាង​សំរាល​បាន​កូន​ប្រុស​មួយ!»។ ប៉ុន្តែ នាង​ពុំ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ឬ​ឆ្លើយ​តប​ទៅ​ពួក​គេ​វិញ​ទេ។ ២១ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា «អ៊ីកាបុដ» ដែល​មាន​ន័យ​ថា «សិរីរុងរឿង​បាន​ចាក​ចេញ​ពី​ជន​ជាតិ​អ៊ីស្រាអែល​ហើយ!»។ នាង​ពោល​ដូច្នេះ មក​ពី​ខ្មាំង​ដណ្ដើម​យក​បាន​ហិប​របស់​ព្រះជាម្ចាស់ ហើយ​ឪពុក​ក្មេក និង​ប្ដី​របស់​នាង​ក៏​ស្លាប់​ដែរ។ ២២ នាង​ពោល​ថា៖ «សិរីរុងរឿង​បាន​ចាក​ចេញ​ពី​ជន​ជាតិ​អ៊ីស្រាអែល​ហើយ» ដ្បិត​ខ្មាំង​ដណ្ដើម​យក​បាន​ហិប​របស់​ព្រះជាម្ចាស់!