សាម៉ូអែលទី ១ (៣១)

ព្រះបាទ​សាអ៊ូល និង​បុត្រា​សោយ​ទិវង្គត
 កងទ័ព​ភីលីស្ទីន​វាយ​ ប្រហារ​កងទ័ព​អ៊ី​ស្រា​អែល។ ពល​ទាហាន​អ៊ីស្រាអែល​បាក់​ទ័ព រត់​នៅ​មុខ​ពួក​ភីលីស្ទីន ហើយ​ទាហាន​អ៊ីស្រាអែល​ជា​ច្រើន​នាក់​បាន​ស្លាប់​នៅ​លើ​ភ្នំ​គីលបោ។ ២ ពួក​ភីលីស្ទីន​ដេញ​តាម​ ព្រះបាទ​សាអ៊ូល និង​បុត្រា​យ៉ាង​ប្រកិត ពួក​គេ​សម្លាប់​សម្ដេច​យ៉ូណាថាន សម្ដេច​អប៊ីណាដាប់ និង​សម្ដេច​ម៉ាល់គីស៊ូអា ជា​បុត្រ​របស់​ព្រះបាទ​សាអ៊ូល។ ៣ បន្ទាប់​មក ពួក​គេ​សំរុក​ទៅ​លើ​ព្រះបាទ​សាអ៊ូល ទ័ព​បាញ់​ព្រួញ​បាន​ដេញ​តាម​ទាន់​ព្រះបាទ​សាអ៊ូល ធ្វើ​ឲ្យ​ស្ដេច​តក់ស្លុត​យ៉ាង​ខ្លាំង​។ ៤ ស្ដេច​មាន​រាជឱង្ការ​ទៅ​ សេនា​ដែល​កាន់​គ្រឿង​សស្រ្ដាវុធ​របស់​ស្ដេច​ថា៖ «ចូរ​ហូត​ដាវ​របស់​ឯង​ចាក់​យើង​មក ព្រោះ​យើង​មិន​ចង់​ស្លាប់​ដោយ​ដៃ​របស់​សាសន៍​ដទៃ ហើយ​ឲ្យ​ពួក​គេ​ប្រមាថ​មើលងាយ​យើង​ទេ»។ ប៉ុន្តែ សេនា​នោះ​មិន​ហ៊ាន​សម្លាប់​ស្ដេច​ឡើយ ព្រោះ​គាត់​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ដូច្នេះ ព្រះបាទ​សាអ៊ូល​ក៏​ហូត​ដាវ ហើយ​ផ្ដួល​ខ្លួន​ទៅ​លើ​មុខ​ដាវ​នោះ។ ៥ កាល​សេនា​ដែល​កាន់​គ្រឿង​ សស្រ្ដា​របស់​ស្ដេច​ឃើញ​ស្ដេច​សោយ​ទិវង្គត​ដូច្នេះ គាត់​ក៏​ហូត​ដាវ រួច​ផ្ដួល​ខ្លួន​ទៅ​លើ​មុខ​ដាវ ស្លាប់​ជា​មួយ​ស្ដេច​ដែរ។ ដូច្នេះ ព្រះបាទ​សាអ៊ូល បុត្រា​ទាំង​បី​អង្គ សេនា​ដែល​កាន់​គ្រឿង​សស្រ្ដា​របស់​ស្ដេច និង​ពល​ទាហាន​ទាំង​អស់ បាន​ស្លាប់​ជា​មួយ​គ្នា ក្នុង​ថ្ងៃ​តែ​មួយ។

​​ ​​កាល​ទ័ព​ អ៊ីស្រាអែល​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង​ទៀត និង​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ដឹង​ថា អ៊ីស្រាអែល​បាក់​ទ័ព ហើយ​ព្រះបាទ​សាអ៊ូល ព្រម​ទាំង​បុត្រា​សុគត​អស់ នោះ​ពួក​គេ​ក៏​បោះ​បង់​ទីក្រុង​ចោល រត់​ភៀស​ខ្លួន​អស់។ កងទ័ព​ភីលីស្ទីន​ចូល​មក​កាន់​កាប់​ក្រុង​ទាំង​នោះ។ ស្អែក​ឡើង ពួក​ភីលីស្ទីន​នាំ​គ្នា​ដើរ​ប្រមូល​របស់​របរ​ដែល​នៅ​ជាប់​នឹង​សាកសព ហើយ​ឃើញ​សាកសព​របស់​ព្រះបាទ​សាអ៊ូល និង​បុត្រា​ទាំង​បី​អង្គ នៅ​លើ​ភ្នំ​គីលបោ។ ពួក​គេ​ក៏​កាត់​ក​ស្ដេច ព្រម​ទាំង​ដោះ​គ្រឿង​សស្រ្ដាវុធ​ចេញ​ពី​សព​ផង រួច​ផ្ញើ​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​ភីលីស្ទីន​ទាំង​មូល។ គេ​ប្រកាស​ដំណឹង​នេះ​នៅ​តាម​វិហារ​នៃ​ព្រះ​របស់​ពួក​គេ និង​ក្នុង​ចំណោម​ប្រជាជន​ផង។ ១០ បន្ទាប់​មក ពួក​គេ​យក​គ្រឿង​សស្រ្ដាវុធ​របស់​ព្រះបាទ​សាអ៊ូល​ទៅ​តម្កល់​ទុក​ក្នុង​វិហារ​នៃ ​ព្រះ​អាស្តារ៉ូត ហើយ​យក​សព​របស់​ស្ដេច​ទៅ​ព្យួរ​នៅ​កំពែង​ក្រុង​បេតសាន។

១១ អ្នក​ក្រុង​យ៉ាបេស ក្នុង​ស្រុក​កាឡាដ បាន​ដឹង​អំពី​ហេតុការណ៍​ដែល​ពួក​ភីលីស្ទីន​ប្រព្រឹត្ត​ចំពោះ​ព្រះបាទ​សាអ៊ូល។ ១២ ពួក​ទាហាន​ដ៏​អង់អាច​នៅ ​ក្រុង​នោះ​ក៏​នាំ​គ្នា​ចេញ​ដំណើរ​ទៅ។ ក្រោយ​ពី​ដើរ​អស់​រយៈ​ពេល​ពេញ​មួយ​យប់ ពួក​គេ​បាន​ទៅ​ដល់​ក្រុង​បេតសាន ហើយ​ស្រាយ​សព​របស់​ព្រះបាទ​សាអ៊ូល និង​បុត្រា ចុះ​ពី​កំពែង​ក្រុង​នោះ រួច​នាំ​គ្នា​វិល​ត្រឡប់​មក​ក្រុង​យ៉ាបេស​វិញ យក​សព​ទាំង​នោះ​ទៅ​បូជា។ ១៣ ពួក​គេ​រើស​ធាតុ​យក​ទៅ​បញ្ចុះ​ក្រោម​ដើម​ជ្រៃ​នៅ​ក្រុង​យ៉ាបេស ហើយ​នាំ​គ្នា​តម​អាហារ ចំនួន​ប្រាំពីរ​ថ្ងៃ។