សាម៉ូអែលទី ១ (២៨)

 នៅ​គ្រា​នោះ ជន​ជាតិ​ភីលីស្ទីន​បាន​ប្រមូល​កងពល​របស់​ពួក​គេ​មក​ផ្ដុំ​គ្នា​ជា​កងទ័ព​តែ​ មួយ ដើម្បី​ចេញ​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល។ ព្រះបាទ​អគីស​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «លោក​ដឹង​ច្បាស់​ហើយ​ថា​លោក និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ត្រូវ​ចូល​រួម​ក្នុង​កងពល​របស់​យើង»។ លោក​ដាវីឌ​ទូល​តប​ថា៖ «ទូលបង្គំ​ជា​អ្នក​បំរើ​របស់​ព្រះករុណា​ស្រាប់​ហើយ ដូច្នេះ ព្រះករុណា​ជ្រាប​ថា ទូលបង្គំ​អាច​បំពេញ​មុខងារ​ណា​មួយ​បាន»។ ព្រះបាទ​អគីស​មាន​រាជឱង្ការ​តប​ថា៖ «ល្អ​ហើយ! យើង​នឹង​តែងតាំង​លោក​ជា​អង្គរក្ស​របស់​យើង​រហូត​ត​ទៅ»។

ស្ដេច​សាអ៊ូល​ទៅ​រក​មេមត់
 នៅ​គ្រា​នោះ លោក​សាមូអែល​ទទួល​មរណភាព​ផុត​ទៅ​ហើយ ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​នាំ​គ្នា​កាន់​ទុក្ខ ហើយ​ធ្វើ​ពិធី​បញ្ចុះ​សព​លោក​នៅ​រ៉ាម៉ា ជា​ភូមិ​កំណើត​របស់​លោក។ នៅ​ជំនាន់​នោះ ព្រះបាទ​សាអ៊ូល​បាន​លុប​បំបាត់​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ខាប​ព្រលឹង ចេញ​ពី​ស្រុក​អ៊ីស្រាអែល។ ៤ ថ្ងៃ​មួយ ជន​ជាតិ​ភីលីស្ទីន​ប្រមូល​ផ្ដុំ​គ្នា មក​បោះ​ទ័ព​នៅ​ស៊ូណែម។ រីឯ​ព្រះបាទ​សាអ៊ូល​ក៏​ប្រមូល​កងពល​អ៊ីស្រាអែល​ទាំង​មូល មក​បោះ​ទ័ព​នៅ​គីលបោ​ដែរ។ ៥ កាល​ព្រះបាទ​សាអ៊ូល​ឃើញ​ជំរំ​របស់​កងទ័ព​ភីលីស្ទីន ទ្រង់​ភ័យ​ខ្លាច ហើយ​ញ័រ​រន្ធត់​ជា​ខ្លាំង។ ៦ ព្រះបាទ​សាអ៊ូល​ទូល​សួរ​ព្រះអម្ចាស់ ប៉ុន្តែ ព្រះអង្គ​មិន​ឆ្លើយ​តប​វិញ​ឡើយ ទោះ​បី​តាម​ការ​យល់​សប្ដិ ការ​ផ្សង​យូរីម* ឬ​តាម​រយៈ​ព្យាការី​ក្ដី។  ព្រះបាទ​សាអ៊ូល​មាន​ រាជឱង្ការ​ទៅ​កាន់​រាជ​បំរើ​ថា៖ «ចូរ​នាំ​គ្នា​រក​ស្ត្រី​ណា​ម្នាក់ ដែល​ចេះ​អន្ទង​ខ្មោច យើង​នឹង​ទៅ​សាក​សួរ​គេ»។ រាជ​បំរើ​ទូល​ស្ដេច​វិញ​ថា៖ «នៅ​ឯ​អេនឌ័រមាន​ស្ត្រី​ម្នាក់​ចេះ​អន្ទង​ខ្មោច»។ ព្រះបាទ​សាអ៊ូល​ក្លែង​ខ្លួន ដោយ​ស្លៀក​ពាក់​ដូច​ប្រជាជន​ធម្មតា រួច​ចេញ​ដំណើរ​ទៅ​ជា​មួយ​សេនា​ពីរ​នាក់​ទៀត។ ស្ដេច​យាង​ទៅ​ដល់​ផ្ទះ​ស្ត្រី​នោះ​នៅ​ពេល​យប់ ហើយ​មាន​រាជ​ឱង្ការ​ទៅ​នាង​ថា៖ «ខ្ញុំ​ចង់​ឲ្យ​នាង​ចូល​រូប ហើយ​ខាប​ព្រលឹង​មនុស្ស​ម្នាក់ ដែល​ខ្ញុំ​នឹង​ប្រាប់​នាង​ឲ្យ​ដឹង»។ ស្ត្រី​នោះ​ឆ្លើយ​ថា៖ «លោក​ដឹង​ស្រាប់​ហើយ​ថា ព្រះបាទ​សាអ៊ូល​បាន​លុប​បំបាត់​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ខាប​ព្រលឹង​ចេញ​ពី​ស្រុក។ ហេតុ​អ្វី​បាន​ជា​លោក​ចង់​ដាក់​អន្ទាក់​ខ្ញុំ លោក​ចង់​ឲ្យ​ខ្ញុំ​បាត់​បង់​ជីវិត​ឬ?»។ ១០ ព្រះបាទ​សាអ៊ូល​បាន​ស្បថ​ក្នុង​នាម​ព្រះអម្ចាស់ ដែល​មាន​ព្រះជន្ម​គង់​នៅ​ថា «នាង​មិន​ទទួល​ទោស​អ្វី​ក្នុង​រឿង​នោះ​ឡើយ​»​។ ១១ ស្ត្រី​នោះ​សួរ​ថា៖ «តើ​លោក​ចង់​ឲ្យ​ខ្ញុំ​ខាប​ព្រលឹង​នរណា​?»។ ស្ដេច​ឆ្លើយ​ថា៖ «ចូរ​ហៅ​លោក​សាមូអែល​ឲ្យ​ខ្ញុំ!»។ ១២ ពេល​ស្ត្រី​នោះ​ឃើញ​លោក ​សាមូអែល នាង​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​ទូល​សួរ​ព្រះបាទ​សាអ៊ូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះករុណា​បញ្ឆោត​ខ្ញុំ​ម្ចាស់​ដូច្នេះ ព្រះករុណា​ជា​ព្រះបាទ​សាអ៊ូល​ទេ​តើ!»។ ១៣ ព្រះរាជា​មាន​រាជឱង្ការ​ថា៖ «កុំ​ខ្លាច​អ្វី! ចូរ​ប្រាប់​យើង​មក តើ​នាង​បាន​ឃើញ​អ្វី​ខ្លះ?»។ ស្ត្រី​នោះ ទូល​ថា៖ «ខ្ញុំ​ម្ចាស់​ឃើញ​វិញ្ញាណ​មួយ​ ងើប​ចេញ​ពី​ក្នុង​ដី​មក»។ ១៤ ស្ដេច​សួរ​ទៀត​ថា៖ «តើ​គេ​មាន​ទ្រង់​ទ្រាយ​ដូច​ម្ដេច​ដែរ?»។ នាង​ទូល​ថា៖ «គឺ​មនុស្ស​ចាស់​ម្នាក់​ដណ្ដប់​អាវ​ធំ កំពុង​តែ​ឡើង​មក»។ ព្រះបាទ​សាអ៊ូល​ជ្រាប​ភ្លាម​ថា​ជា​លោក​សាមូអែល ស្ដេច​ក៏​ក្រាប​ចុះ អោន​ព្រះភក្ត្រ​ដល់​ដី។ ១៥ លោក​សាមូអែល​ទូល​សួរ​ ព្រះបាទ​សាអ៊ូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះករុណា​រំខាន​ទូលបង្គំ ដោយ​ហៅ​ទូលបង្គំ ឡើង​មក​ដូច្នេះ?»។ ព្រះបាទ​សាអ៊ូល​មាន​រាជឱង្ការ​តប​ថា៖ «ខ្ញុំ​មាន​ទុក្ខធុរៈ​ធ្ងន់​ណាស់ ព្រោះ​ពួក​ភីលីស្ទីន​នាំ​គ្នា​មក​ធ្វើ​សង្គ្រាម​នឹង​ខ្ញុំ ហើយ​ព្រះជាម្ចាស់​បោះ​បង់​ខ្ញុំ​ចោល ព្រះអង្គ​លែង​ឆ្លើយ​តប​មក​ខ្ញុំ​ទៀត​ហើយ ទោះ​បី​តាម​រយៈ​ព្យាការី ឬ​ការ​យល់​សប្ដិ​ក្ដី។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អញ្ជើញ​លោក​មក ដើម្បី​ឲ្យ​លោក​ប្រាប់​ខ្ញុំ​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណា?»។ ១៦ លោក​សាមូអែល​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះករុណា​សួរ​យោបល់​ពី​ទូលបង្គំ​ដូច្នេះ? ព្រះអម្ចាស់​បាន​បោះ​បង់​ព្រះករុណា​ចោល ហើយ​ព្រះអង្គ​ក្លាយ​ទៅ​ជា​បច្ចាមិត្ត​របស់​ព្រះករុណា។ ១៧ ព្រះ​អម្ចាស់​ ប្រព្រឹត្ត​ចំពោះ​ព្រះករុណា ស្រប​តាម​ព្រះបន្ទូល ដែល​ទូលបង្គំ​ទូល​ថ្វាយ​រួច​ស្រេច​ហើយ។ ព្រះអង្គ​បាន​ដក​ហូត​យក​រាជ​សម្បត្តិ​ពី​ព្រះករុណា ដើម្បី​ប្រគល់​ទៅ​ឲ្យ​លោក​ដាវីឌ ១៨ ដ្បិត​ព្រះករុណា​ពុំ​បាន​គោរព​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ទេ គឺ​ព្រះ​ករុណា​ពុំ​បាន​បំផ្លាញ​ជន​ជាតិ​អាម៉ាឡេក តាម​ព្រះពិរោធ​របស់​ព្រះអម្ចាស់​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ព្រះករុណា​នៅ​ថ្ងៃ​នេះ។ ១៩ ព្រះអម្ចាស់​ នឹង​ប្រគល់​ព្រះករុណា ព្រម​ទាំង​អ៊ីស្រាអែល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ភីលីស្ទីន។ ស្អែក ព្រះករុណា ព្រម​ទាំង​បុត្រា​របស់​ព្រះករុណា នឹង​ទៅ​ជួប​ទូលបង្គំ​នៅ​ស្ថាន​មនុស្ស​ស្លាប់ ហើយ​ព្រះអម្ចាស់​នឹង​ប្រគល់​កងទ័ព​អ៊ីស្រាអែល​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ភីលីស្ទីន»។ ២០ រំពេច​នោះ ព្រះបាទ​សាអ៊ូល​ដួល​ទាំង​ជំហរ ព្រោះ​ពាក្យ​របស់​លោក​សាមូអែល​ធ្វើ​ឲ្យ​ស្ដេច​ភ័យ​តក់ស្លុត​យ៉ាង​ខ្លាំង។ មួយ​វិញ​ទៀត ព្រះបាទ​សាអ៊ូល​អស់​កម្លាំង ព្រោះ​ទ្រង់​ពុំ​បាន​សោយ​ព្រះស្ងោយ​មួយ​ថ្ងៃ​មួយ​យប់​មក​ហើយ។ ២១ ស្ត្រី​នោះ​ក៏​ចូល​ទៅ​ ជិត​ស្ដេច ឃើញ​ថា ទ្រង់​ភ័យ​តក់ស្លុត​យ៉ាង​ខ្លាំង។ ដូច្នេះ នាង​ទូល​ស្ដេច​ថា៖ «ខ្ញុំ​ម្ចាស់​បាន​គោរព​តាម​បញ្ជា​របស់​ព្រះករុណា​ហើយ។ ខ្ញុំ​ម្ចាស់​ប្រថុយ​ជីវិត​ដោយ​ធ្វើ​តាម​សំណូម​ពរ​របស់​ព្រះករុណា។ ២២ ឥឡូវ​នេះ សូម​ស្ដាប់​ខ្ញុំ​ម្ចាស់​សិន សូម​រាជានុញ្ញាត​ឲ្យ​ខ្ញុំ​ម្ចាស់​រៀបចំ​ព្រះស្ងោយ​ថ្វាយ​ព្រះករុណា ដើម្បី​ឲ្យ​ព្រះករុណា​សោយ ហើយ​មាន​កម្លាំង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត»។ ២៣ ព្រះបាទ​សាអ៊ូល​ប្រកែក​មិន ​ព្រម​សោយ​ទេ តែ​ដោយ​ពួក​រាជ​បំរើ និង​ស្ត្រី​នោះ ទទូច​អង្វរ​ពេក ស្ដេច​ក៏​យល់​ព្រម។ ស្ដេច​ក្រោក​ពី​ដី ឡើង​ទៅ​គង់​លើ​គ្រែ។ ២៤ ស្ត្រី​នោះ​ ប្រញាប់ប្រញាល់​ទៅ​ចាប់​កូន​គោ​មួយ​យ៉ាង​ធាត់ ដែល​នាង​បាន​ចិញ្ចឹម​យក​មក​សម្លាប់ រួច​នាង​យក​ម្សៅ​មក​ច្របាច់ ហើយ​ដុត​ធ្វើ​នំបុ័ង​ឥត​មេ។ ២៥ បន្ទាប់​មក នាង​លើក​ម្ហូប​អាហារ​មក​ថ្វាយ​ព្រះបាទ​សាអ៊ូល និង​រាជ​បំរើ។ ក្រោយ​មក ស្ដេច​ក្រោក​ឡើង ចេញ​ដំណើរ​ជា​មួយ​រាជ​បំរើ​ត្រឡប់​ទៅ​វិញ នៅ​យប់​ដដែល​នោះ។