សាម៉ូអែលទី ១ (២៥)

លោក​ណាបាល​បដិសេធ​មិន​ព្រម​ជួយ​លោក​ដាវីឌ
 នៅ​គ្រា​នោះ លោក​សាមូអែល​ទទួល​មរណ​ភាព​។ ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​បាន​មក​ជួបជុំ​គ្នា ធ្វើ​ពិធី​កាន់​ទុក្ខ​សព​លោក។ គេ​យក​សព​លោក​ទៅ​បញ្ចុះ​ក្នុង​ភូមិ​ដ្ឋាន​របស់​លោក​នៅ​រ៉ាម៉ា។

បន្ទាប់​មក លោក​ដាវីឌ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោស្ថាន​បារ៉ន​វិញ។ នៅ​ម៉ាអូន មាន​មហា​សេដ្ឋី​មួយ​រូប ដែល​មាន​ដីធ្លី​នៅ​ភូមិ​កាម៉ិល។ គាត់​មាន​ចៀម​បី​ពាន់​ក្បាល និង​ពពែ​មួយ​ពាន់​ក្បាល។ ពេល​នោះ គាត់​កំពុង​តែ​កាត់​រោម​ចៀម​នៅ​ភូមិ​កាម៉ិល។  បុរស​នោះ​ឈ្មោះ​ណាបាល ភរិយា​គាត់​ឈ្មោះ​នាង​អប៊ីកាអ៊ីល​ដែល​ជា​ស្ត្រី​ម្នាក់​មាន​ប្រាជ្ញា​វាងវៃ រូប​សម្ផស្ស​ស្រស់​ល្អ រីឯ​ប្ដី​នាង​ជា​មនុស្ស​កំរោល និង​មាន​ចិត្ត​ឃោរឃៅ។ គាត់​ជា​មនុស្ស​ក្នុង​អំបូរ​កាលែប។ ពេល​លោក​ដាវីឌ​នៅ​វាល​រហោស្ថាន លោក​បាន​ឮ​ដំណឹង​ថា លោក​ណាបាល​កំពុង​តែ​កាត់​រោម​ចៀម។ លោក​ដាវីឌ​ចាត់​យុវជន​ដប់ ​នាក់​ឲ្យ​ទៅ​ជួប​លោក​ណាបាល ទាំង​ប្រាប់​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ផ្ទះ​លោក​ណាបាល​នៅ​ភូមិ​កាម៉ិលហើយ​សួរ​សុខ​ទុក្ខ​លោក​ឲ្យ​ខ្ញុំ​ផង។ ត្រូវ​ជំរាប​លោក​ថា “សូម​ឲ្យ​លោក​មាន​អាយុ​វែង ប្រកប​ដោយ​សេចក្ដី​សុខ! ហើយ​សូម​ឲ្យ​ក្រុម​គ្រួសារ​លោក និង​អ្វីៗ​ជា​របស់​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ដែរ! ខ្ញុំ​ដឹង​ថា លោក​បាន​ហៅ​គេ​មក​កាត់​រោម​ចៀម នៅ​ផ្ទះ​លោក។ ពេល​ពួក​គង្វាល​របស់​លោក​ស្នាក់​នៅ​ជា​មួយ​យើង យើង​ មិន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ​ចំពោះ​ពួក​គេ​ឡើយ ហើយ​ក្នុង​ពេល​ពួក​គេ​ស្នាក់​នៅ​ឯ​ភូមិ​កាម៉ិលនោះ​ក៏​មិន​ដែល​បាត់​បង់​អ្វី​ដែរ។ លោក​អាច​សាក​សួរ​កូន​ចៅ​ របស់​លោក​ក៏​បាន ពួក​គេ​នឹង​ជំរាប​ការ​ពិត​ជូន​លោក។ ដូច្នេះ សូម​លោក​អាណិត​មេត្តា​ពួក​យុវជន​របស់​ខ្ញុំ ដែល​មក​ជួប​លោក​នៅ​ថ្ងៃ​បុណ្យ​នេះ​ផង។ សូម​លោក​មេត្តា​ចែក​រំលែក​អ្វីៗ​ដែល​លោក​មាន​ឲ្យ​ពួក​ខ្ញុំ​ប្របាទ និង​ឲ្យ​ខ្ញុំ ដាវីឌ ដែល​ជា​កូន​ចៅ​របស់​លោក​ផង”»។

 ពេល​ពួក​យុវជន​ទៅ​ដល់ ពួក​គេ​ក៏​រៀប​រាប់​ពាក្យ​ទាំង​នេះ​ជំរាប​លោក​ណាបាល ក្នុង​នាម​លោក​ដាវីឌ រួច​ពួក​គេ​រង់ចាំ​ចម្លើយ។ ១០ លោក​ណាបាល​ឆ្លើយ​តប​ថា៖ «តើ​ដាវីឌ​នោះ​ជា​នរណា? តើ​កូន​លោក​យេសាយ​នោះ​ជា​ស្អី? សព្វ​ថ្ងៃ​នេះ សម្បូណ៌​ខ្ញុំ​កញ្ជះ​រត់​ចេញ​ពី​ម្ចាស់​របស់​ខ្លួន​ណាស់! ១១ តើ​គួរ​ឲ្យ​អញ​យក​ នំបុ័ង យក​ទឹក និង​សាច់ ដែល​អញ​បាន​បម្រុង​ទុក​សំរាប់​ពួក​អ្នក​កាត់​រោម​ចៀម ទៅ​ឲ្យ​មនុស្ស​ដែល​អញ​មិន​ដឹង​ថា មក​ពី​ណា​ផង​នោះ​ឬ?»។

១២ ពួក​យុវជន​ត្រឡប់​ទៅ​វិញ រៀប​រាប់​ហេតុការណ៍​ទាំង​អស់​ជំរាប​លោក​ដាវីឌ។ ១៣ លោក​ដាវីឌ​ក៏​បញ្ជា​ទៅ​ អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ថា៖ «ចូរ​យក​ដាវ​គ្រប់ៗ​គ្នា​មក!»។ ពួក​គេ​យក​ដាវ​មក​សៀត​នៅ​ចង្កេះ ហើយ​លោក​ដាវីឌ​ក៏​សៀត​ដាវ​នៅ​ចង្កេះ​ដែរ។ លោក​នាំ​មនុស្ស​ប្រមាណ​បួន​រយ​នាក់​ចេញ​ទៅ​ជា​មួយ ហើយ​ទុក​ពីរ​រយ​នាក់​ទៀត​ឲ្យ​នៅ​រក្សា​របស់​របរ។

នាង​អប៊ីកាអ៊ីលនិង​លោក​ដាវីឌ
១៤ មាន​អ្នក​បំរើ​ម្នាក់​ របស់​លោក​ណាបាល​រត់​មក​ជំរាប​នាង​អប៊ីកាអ៊ីលជា​ភរិយា​របស់​ម្ចាស់​ខ្លួន​ថា៖ «លោក​ដាវីឌ​បាន​ចាត់​អ្នក​នាំ​សារ​ពី​វាល​រហោស្ថាន ឲ្យ​មក​សួរ​សុខ​ទុក្ខ​លោក​ម្ចាស់​របស់​យើង តែ​លោក​បាន​ជេរ​ប្រមាថ​ពួក​គេ។ ១៥ តាម​ពិត ពួក​គេ​ល្អ​នឹង​យើង​ណាស់ ពួក​គេ​មិន​ដែល​ប្រព្រឹត្ត​អ្វី​អាក្រក់​ចំពោះ​យើង​ទេ ហើយ​ក្នុង​ពេល​យើង​នៅ​ជា​មួយ​ពួក​គេ ឯ​ទី​វាល​នោះ យើង​ពុំ​ដែល​បាត់​បង់​អ្វី​ឡើយ។ ១៦ ពួក​គេ​ប្រៀប​ដូច​ជា​កំពែង​ការពារ​យើង ទាំង​ថ្ងៃ ទាំង​យប់ ក្នុង​អំឡុង​ពេល​យើង​ឃ្វាល​ចៀម​នៅ​ជិត​ពួក​គេ។ ១៧ ឥឡូវ​នេះ សូម​អ្នក​ស្រី​គិតគូរ​ពិចារណា​មើល​ថា តើ​អ្នក​ស្រី​ត្រូវ​ធ្វើ​យ៉ាង​ណា ដ្បិត​មហន្តរាយ​មុខ​ជា​កើត​មាន​ដល់​លោក​ម្ចាស់ និង​ក្រុម​គ្រួសារ​ទាំង​មូល​មិន​ខាន។ លោក​ម្ចាស់​យើង​មាន​ចរិត​អាក្រក់​ណាស់ គ្មាន​នរណា​អាច​និយាយ​ជា​មួយ​លោក​បាន​ទេ»។

១៨ នាង​ អប៊ីកាអ៊ីល​ប្រញាប់ប្រញាល់​យក​នំបុ័ង​ពីរ​រយ​ដុំ ស្រា​ទំពាំងបាយជូរ​ពីរ​ថង់​ស្បែក ចៀម​ដែល​គេ​រៀបចំ​ជា​ស្រេច​ចំនួន​ប្រាំ​ក្បាល លាជ​ប្រាំ​តៅ ទំពាំងបាយជូរ​ក្រៀម​មួយ​រយ​កញ្ចប់ និង​នំ​ផ្លែ​ឧទុម្ពរ​ក្រៀម​ពីរ​រយ ផ្ទុក​លើ​ខ្នង​លា ១៩ រួច​បញ្ជា​ពួក​អ្នក​ បំរើ​ថា៖ «ចូរ​ចេញ​ទៅ​មុន​ចុះ ខ្ញុំ​នឹង​ទៅ​តាម​ក្រោយ»។ នាង​អប៊ីកាអ៊ីល​ពុំ​បាន​ប្រាប់​លោក​ណាបាល​ជា​ប្ដី​ឲ្យ​ដឹង​ទេ។ ២០ នាង​បាន​ជិះ​លា​សសៀរ​ចុះ​តាម​ភ្នំ។ លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ ក៏​ចុះ​តម្រង់​មក​រក​នាង​ដែរ នាង​ជួប​ប្រទះ​ពួក​គេ។ ២១ លោក​ដាវីឌ​ទើប​នឹង​គិត​ថា៖ «ខ្ញុំ​ខំ​ការពារ​ទ្រព្យ​ទាំង​ប៉ុន្មាន​របស់​អ្នក​នោះ​នៅ​វាល​រហោស្ថាន មិន​ឲ្យ​អ្វី​មួយ​បាត់​បង់​ឡើយ តែ​គ្មាន​បាន​ផល​ប្រយោជន៍​អ្វី​ទាំង​អស់ គឺ​គាត់​បែរ​ជា​ប្រព្រឹត្ត​អាក្រក់​តប​នឹង​អំពើ​ល្អ ដែល​ខ្ញុំ​បាន​ធ្វើ​ចំពោះ​គេ។ ២២ ដូច្នេះ បើ​ខ្ញុំ​ទុក​ជីវិត​មនុស្ស​ប្រុស​ណា​ម្នាក់ ក្នុង​ក្រុម​គ្រួសារ​របស់​ណាបាល ឲ្យ​នៅ​រស់​រហូត​ដល់​ព្រឹក​ស្អែក សូម​ព្រះជាម្ចាស់​ដាក់​ទោស​ខ្ញុំ​​យ៉ាង​ធ្ងន់ធ្ងរ​ចុះ»។ ២៣ ពេល​នាង​អប៊ីកាអ៊ីល​ឃើញ​លោក​ដាវីឌ នាង​ចុះ​ពី​លើ​ខ្នង​លា​យ៉ាង​ប្រញាប់ រួច​ក្រាប​ថ្វាយបង្គំ​លោក​ដាវីឌ​អោន​មុខ​ដល់​ដី។ ២៤ នាង​ក្រាប​សំពះ​បាត​ជើងលោក ហើយ​ពោល​ថា៖ «លោក​ម្ចាស់! នេះ​ជា​កំហុស​របស់​នាង​ខ្ញុំ​ទេ! សូម​លោក​ម្ចាស់​អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ​ជំរាប​សិន សូម​មេត្តា​ស្ដាប់​ពាក្យ​របស់​នាង​ខ្ញុំ​ផង! ២៥ សូម​លោក​ម្ចាស់​កុំ​ រវល់​នឹង​លោក​ណាបាល ជា​មនុស្ស​មាន​ចរិត​អាក្រក់​នោះ​ធ្វើ​អ្វី ដ្បិត​គាត់​មាន​អត្តចរិត​ដូច​ឈ្មោះ​របស់​គាត់​មែន។ គាត់​ឈ្មោះ​ណាបាល​ ជា​មនុស្ស​ឥត​ដឹង​ខុស​ត្រូវ។ រីឯ​នាង​ខ្ញុំ​វិញ នាង​ខ្ញុំ​ពុំ​បាន​ជួប​ពួក​យុវជន ដែល​លោក​ម្ចាស់​ចាត់​ឲ្យ​ទៅ​នោះ​ទេ។ ២៦ លោក​ម្ចាស់​អើយ ឥឡូវ​នេះ នាង​ខ្ញុំ​សូម​ជំរាប​លោក​ក្នុង​នាម​ព្រះអម្ចាស់​ ដែល​មាន​ព្រះជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ម្ចាស់​ផ្ទាល់ ដែល​មាន​ជីវិត​រស់​នៅ​ថា ព្រះ​អម្ចាស់​បាន​ឃាត់​លោក​មិន​ឲ្យ​ទៅ​បង្ហូរ​ឈាម ដើម្បី​សងសឹក ដោយ​ដៃ​របស់​លោក​ម្ចាស់​ផ្ទាល់​ឡើយ។ សូម​ឲ្យ​ខ្មាំង​សត្រូវ​របស់​លោក​ម្ចាស់ ព្រម​ទាំង​អស់​អ្នក​ដែល​ចង់​ធ្វើ​អាក្រក់​ចំពោះ​លោក​ម្ចាស់ ទទួល​ទោស​ដូច​លោក​ណាបាល​ដែរ។ ២៧ សូម​មេត្តា​ទទួល​យក​ជំនូន ដែល​នាង​ខ្ញុំ​នាំ​យក​មក​ជូន​លោក​ម្ចាស់ ចែក​ឲ្យ​ពួក​យុវជន​ដែល​មក​ជា​មួយ​លោក​ម្ចាស់​ផង​ចុះ។ ២៨ សូម​លោក​មេត្តា​អត់ទោស​ឲ្យ​នាង​ខ្ញុំ​ផង។ ព្រះអម្ចាស់​ប្រាកដ​ជា​ប្រោស​ប្រទាន​រាជ​សម្បត្តិ​ដ៏​គង់វង្ស​ជូន​លោក ដ្បិត​លោក​ម្ចាស់​ចូល​រួម​ធ្វើ​សង្គ្រាម​របស់​ព្រះអម្ចាស់។ ម្យ៉ាង​ទៀត អស់​មួយ​ជីវិត​របស់​លោក​ម្ចាស់ គ្មាន​នរណា​ឃើញ​ថា​លោក​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ​ឡើយ។ ២៩ មាន​គេ​ប្រឆាំង តាម​ព្យាបាទ និង​រក​ប្រហារ​ជីវិត​លោក​ម្ចាស់ តែ​ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក នឹង​ការពារ​ជីវិត​លោក​ជានិច្ច មិន​ឲ្យ​លោក​ឃ្លាត​ឆ្ងាយ​ពី​ព្រះអង្គ​ឡើយ។ រីឯ​ជីវិត​ខ្មាំង​សត្រូវ​របស់​លោក​វិញ ព្រះអង្គ​បោះ​ចោល​ទៅ​ឆ្ងាយ ដូច​គេ​បាញ់​ខ្សែ​ដង្ហក់។ ៣០ នៅ​ពេល​ព្រះអម្ចាស់​ ប្រោស​ប្រទាន​ពរ​ទាំង​ប៉ុន្មាន​ដល់​លោក​ម្ចាស់ ដូច​ទ្រង់​បាន​សន្យា គឺ​នៅ​ពេល​ព្រះអង្គ​តែងតាំង​លោក​ជា​មគ្គទេសក៍​លើ​ប្រជាជន​អ៊ីស្រាអែល ៣១ លោក​ម្ចាស់​មិន​ត្រូវ​ សោក​ស្ដាយ ឬ​មាន​វិប្បដិសារី ព្រោះ​បាន​បង្ហូរ​ឈាម​មនុស្ស​ម្នាក់​ដោយ​ឥត​ហេតុ​ផល និង​បាន​សងសឹក​ដោយ​ផ្ទាល់​ដៃ​ឡើយ។ កាល​ណា​ព្រះអម្ចាស់​ប្រោស​ប្រទាន​ពរ​លោក​ហើយ សូម​លោក​ម្ចាស់​នឹក​ដល់​នាង​ខ្ញុំ​ផង»។

៣២ លោក​ដាវីឌ​តប​ទៅ​នាង​អប៊ីកាអ៊ីល​វិញ​ថា៖ «សូម​អរ​ព្រះគុណ​ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​បាន​ចាត់​នាង​ឲ្យ​មក​ជួប​ខ្ញុំ នៅ​ថ្ងៃ​នេះ។ ៣៣ សូម​អរ​ព្រះគុណ​ ព្រះជាម្ចាស់ ដែល​ប្រទាន​ឲ្យ​នាង​មាន​យោបល់​ល្អ។ សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​នាង ព្រោះ​ថ្ងៃ​នេះ នាង​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​បង្ហូរ​ឈាម និង​សងសឹក​ដោយ​ផ្ទាល់​ដៃ។ ៣៤ ព្រះអម្ចាស់​ពិត​ជា​ឃាត់​ខ្ញុំ​មិន​ឲ្យ​ធ្វើ​បាប​នាង​មែន ដ្បិត​ប្រសិន​បើ​នាង​មិន​ប្រញាប់ប្រញាល់​មក​ជួប​ខ្ញុំ​ទេ នោះ​ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​មាន​ព្រះជន្ម​គង់​នៅ​ថា ពេល​ថ្ងៃ​រះ មុខ​ជា​គ្មាន​បុរស​ណា​ម្នាក់ ក្នុង​ក្រុម​គ្រួសារ​របស់​លោក​ណាបាល នៅ​មាន​ជីវិត​ឡើយ»។ ៣៥ លោក​ដាវីឌ​សុខ​ចិត្ត​ ទទួល​យក​ជំនូន ដែល​នាង​អប៊ីកាអ៊ីល​នាំ​យក​មក​ជូន រួច​លោក​មាន​ប្រសាសន៍​ថា៖ «សូម​នាង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​សុខសាន្ត​ចុះ ខ្ញុំ​ស្ដាប់​តាម​ពាក្យ​អង្វរ​របស់​នាង​ហើយ ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​នាង!»។

មរណភាព​របស់​លោក​ណាបាល
៣៦ ពេល​នាង​អប៊ីកាអ៊ីល​ទៅ​ដល់ផ្ទះ​វិញ នាង​ឃើញ​លោក​ណាបាល​កំពុង​ធ្វើ​ពិធី​ជប់លៀង​យ៉ាង​ធំ​មួយ ដូច​ពិធី​ជប់លៀង​របស់​ស្ដេច។ លោក​ណាបាល​សប្បាយ​ចិត្ត​ក្រៃលែង ហើយ​ស្រវឹង​យ៉ាង​ខ្លាំង​ទៀត ហេតុ​នេះ នាង​ពុំ​បាន​និយាយ​អ្វី​មួយ​ម៉ាត់​ប្រាប់​លោក រហូត​ដល់​ថ្ងៃ​រះ។ ៣៧ លុះ​ព្រឹក​ឡើង ពេល​លោក​ស្វាង​ស្រា ភរិយា​របស់​លោក​រៀប​រាប់​ប្រាប់​នូវ​ហេតុការណ៍​ដែល​កើត​មាន។ ឮ​ដូច្នោះ លោក​ណាបាល​ក៏​គាំង​បេះដូង​ដេក​ស្ដូក​នៅ​មួយ​កន្លែង។ ៣៨ ប្រមាណ​ជា​ដប់​ថ្ងៃ​ក្រោយ​មក ព្រះអម្ចាស់​បាន​ប្រហារ​លោក ហើយ​លោក​ក៏​ទទួល​មរណភាព។ ៣៩ កាល​លោក​ដាវីឌ​ឮ​ដំណឹង​ថា​លោក​ណាបាល​ស្លាប់ លោក​ពោល​ថា៖ «សូម​អរ​ព្រះគុណ​ព្រះអម្ចាស់​ដែល​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ នៅ​ពេល​លោក​ណាបាល​ជេរ​ប្រមាថ​ខ្ញុំ ហើយ​ព្រះអង្គ​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់។ ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ​អំពើ​អាក្រក់​នេះ​ធ្លាក់​ទៅ​លើ​ក្បាល​លោក​ណាបាល​វិញ»។

បន្ទាប់​មក លោក​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ស្នើ​នាង​អប៊ីកាអ៊ីល​មក​ធ្វើ​ជា​ភរិយា។ ៤០ ពួក​អ្នក​បំរើ​របស់​លោក ​ដាវីឌ​ទៅ​ដល់​ផ្ទះ​នាង​អប៊ីកាអ៊ីលនៅ​ភូមិ​កាម៉ិលហើយ​ពោល​ទៅ​នាង​ថា៖ «លោក​ដាវីឌ​ចាត់​យើង​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​ស្រី ដើម្បី​ស្នើ​អ្នក​ស្រី​ធ្វើ​ជា​ភរិយា​របស់​លោក»។ ៤១ នាង​អប៊ីកាអ៊ីល​ក្រោក​ឡើង ហើយ​ក្រាប​ចុះ អោន​មុខ​ដល់​ដី ទាំង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​នេះ​ជា​ទាសី ដើម្បី​លាង​ជើង​ជូន​ពួក​អ្នក​បំរើ​របស់​លោក​ម្ចាស់»។ ៤២ នាង​ប្រញាប់ប្រ​ញាល់​ ក្រោក​ឡើង ជិះ​លា​ចេញ​ទៅ ដោយ​មាន​ក្មេង​បំរើ​ស្រី​ប្រាំ​នាក់​ទៅ​ជា​មួយ។ នាង​ទៅ​តាម​ពួក​អ្នក​នាំ​សារ​របស់​លោក​ដាវីឌ រួច​ធ្វើ​ជា​ភរិយា​លោក។

៤៣ ពី​មុន លោក​ដាវីឌ​ក៏​បាន​រៀបការ​ជា​មួយ​នាង​អហ៊ីណូ​អាំ​ជា​អ្នក​ស្រុក​យីសរេអែល​ដែរ។ ដូច្នេះ នាង​អហ៊ីណូអាំនិង​នាង​អប៊ីកាអ៊ីលទាំង​ពីរ​នាក់​សុទ្ធ​តែ​ជា​ភរិយា​របស់​លោក។ ៤៤ រីឯ​ភរិយា​ទី​មួយ​របស់​ លោក​ដាវីឌ គឺ​ព្រះនាង​មិកាល់ ជា​បុត្រី​របស់​ព្រះបាទ​សាអ៊ូល នោះ​បាន​ត្រូវ​បិតា​យក​ទៅ​រៀបការ​ជា​មួយ​លោក​ប៉ាល់ទី ជា​កូន​របស់​លោក​ឡាអ៊ីស ជា​អ្នក​ស្រុក​កាលីម​វិញ។