សាម៉ូអែលទី ១ (២៣)

លោក​ដាវីឌ​សង្គ្រោះ​ប្រជាជន​នៅ​ក្រុង​កៃឡា
 ថ្ងៃ​មួយ មាន​មនុស្ស​ម្នាក់​មក​ប្រាប់​លោក​ដាវីឌ​ថា៖ «ពួក​ភីលីស្ទីន​មក​វាយ​ក្រុង​កៃឡា ហើយ​ប្លន់​យក​ស្រូវ​ពី​លាន​បោក​បែន»។ ២ លោក​ដាវីឌ​ទូល​សួរ​ព្រះ​អម្ចាស់​ថា៖ «តើ​ទូលបង្គំ​ត្រូវ​ចេញ​ទៅ​វាយ​ពួក​ភីលីស្ទីន​ទាំង​នោះ​ឬ​ទេ?»។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​វាយ​ពួក​ភីលីស្ទីន ហើយ​រំដោះ​ក្រុង​កៃឡា​ចុះ!»។ ៣ ប៉ុន្តែ អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ដាវីឌ ជំរាប​លោក​ថា៖ «នៅ​ស្រុក​យូដា​នេះ យើង​ភ័យ​ខ្លាច​ទៅ​ហើយ ចុះ​ទំរាំ​បើ​យើង​ទៅ​ក្រុង​កៃឡា ប្រយុទ្ធ​នឹង​ទ័ព​ភីលីស្ទីន​នោះ តើ​យើង​រឹត​តែ​ភ័យ​យ៉ាង​ណា​ទៅ​ទៀត?»​។ ៤ លោក​ដាវីឌ​ទូល​សួរ​ព្រះអម្ចាស់​ ជា​ថ្មី ព្រះអង្គ​មាន​ព្រះបន្ទូល​មក​លោក​វិញ​ថា៖ «ចូរ​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ​ក្រុង​កៃឡា​ចុះ យើង​ប្រគល់​ពួក​ភីលីស្ទីន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ​»​។ ៥ លោក​ដាវីឌ និង​អ្នក​ដែល​នៅ​ជា​មួយ​លោក​ចេញ​ដំណើរ​ទៅ​ក្រុង​កៃឡា ហើយ​វាយ​ពួក​ភីលីស្ទីន។ ពួក​គេ​ដណ្ដើម​បាន​ហ្វូង​សត្វ ព្រម​ទាំង​ធ្វើ​ឲ្យ​ពួក​ភីលីស្ទីន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ។ លោក​ដាវីឌ​រំដោះ​អ្នក​ក្រុង​កៃឡា តាម​របៀប​នេះ​ឯង។  កាល​លោក​អប៊ីយ៉ាថារ​ជា​កូន​របស់​លោក​អហ៊ីមេឡេកភៀស​ខ្លួន​ មក​ជ្រក​ជា​មួយ​លោក​ដាវីឌ​នៅ​ក្រុង​កៃឡា លោក​បាន​នាំ​អាវ​អេផូដ*​មក​ជា​មួយ​ផង។ មាន​គេ​មក​ទូល​ព្រះបាទ​ សាអ៊ូល​ថា លោក​ដាវីឌ​បាន​ទៅ​ដល់​ក្រុង​កៃឡា។ ព្រះបាទ​សាអ៊ូល​ក៏​មាន​រាជឱង្ការ​ថា៖ «ព្រះជាម្ចាស់​ប្រគល់​វា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ហើយ ដ្បិត​វា​បាន​ឃុំ​ខ្លួន​ឯង ដោយ​ចូល​ទៅ​ក្នុង​ក្រុង​ដែល​មាន​ទ្វារ និង​រនុក»។ ៨ ព្រះបាទ​សាអ៊ូល​ប្រមូល​កងទ័ព​ទាំង​មូល ដើម្បី​ទៅ​ឡោមព័ទ្ធ​ចាប់​លោក​ដាវីឌ និង​បក្ស​ពួក​នៅ​ក្រុង​កៃឡា។  ​លោក​​ដាវីឌ​ជ្រាប​អំពី​ គំរោងការ​អាក្រក់​ដែល​ព្រះបាទ​សាអ៊ូល​គ្រោង​ទុក ដើម្បី​ប្រឆាំង​នឹង​លោក លោក​ក៏​សុំ​ឲ្យ​បូជាចារ្យ​អប៊ីយ៉ាថារ​យក​អាវ​អេផូដ​មក ដើម្បី​ទូល​សួរ​ព្រះអម្ចាស់។ ១០ ​លោក​ដាវីឌ​ទូល​ថា៖ «បពិត្រ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ទូលបង្គំ​ឮ​ថា ព្រះបាទ​សាអ៊ូល​បម្រុង​នឹង​មក​ក្រុង​កៃឡា ដើម្បី​កំទេច​ក្រុង​នេះ ព្រោះ​តែ​ទូលបង្គំ។ ១១ តើ​អ្នក​ក្រុង​កៃឡា​នឹង ​ប្រគល់​ទូលបង្គំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះបាទ​សាអ៊ូល​ឬ​ទេ? តើ​ស្ដេច​នឹង​យាង​មក​វាយ​ក្រុង​នេះ ដូច​គេ​ប្រាប់​ទូលបង្គំ​នោះ​មែន​ឬ​ទេ។ ឱ​ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ី​ស្រាអែល​អើយ សូម​មេត្តា​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ផង!»។ ព្រះ​អម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ស្ដេច​សាអ៊ូល​នឹង​មក​មែន»។ ១២ លោក​ដាវីឌ​ទូល​សួរ​ទៀត​ថា៖ «តើ​អ្នក​ក្រុង​កៃឡា​នេះ​នឹង​ប្រគល់​ទូលបង្គំ ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ទូលបង្គំ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះបាទ​សាអ៊ូល​ឬ​ទេ?»។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ពួក​គេ​នឹង​ប្រគល់​មែន!»។ ១៣ ពេល​នោះ លោក​ដាវីឌ ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក មាន​ចំនួន​ទាំង​អស់​ប្រមាណ​ប្រាំ​មួយ​រយ​នាក់ ក៏​ចាក​ចេញ​ពី​ក្រុង​កៃឡា ហើយ​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ មាន​គេ​ទូល​ព្រះបាទ​សាអ៊ូល​ថា លោក​ដាវីឌ​បាន​រត់​គេច​ចេញ​ពី​ក្រុង​កៃឡា​ហើយ ដូច្នេះ ស្ដេច​ក៏​លែង​ដេញ​តាម​លោក​ដាវីឌ។

លោក​ដាវីឌ​នៅ​វាល​រហោស្ថាន​ស៊ីភ
១៤ លោក​ដាវីឌ​ទៅ​ពួន​នៅ​ តាម​វាល​រហោស្ថាន​ស៊ីភ ត្រង់​កន្លែង​ដែល​ពិបាក​ទៅ​ដល់ ហើយ​រស់​នៅ​តាម​តំបន់​ភ្នំ​ក្នុង​វាល​រហោស្ថាន​នោះ។ ព្រះបាទ​សាអ៊ូល​តាម​រក​លោក​ដាវីឌ​ជានិច្ច តែ​ព្រះជាម្ចាស់​មិន​ប្រគល់​លោក​ដាវីឌ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ឡើយ។ ១៥ លោក​ដាវីឌ​ដឹង​ថា ព្រះបាទ​សាអ៊ូល​តែង​លើក​ទ័ព​ស្វែង​រក​សម្លាប់​លោក ដូច្នេះ លោក​ស្នាក់​នៅ​ហូរ៉េសា ក្នុង​វាល​រហោស្ថាន​ស៊ីភ។ ១៦ ថ្ងៃ​មួយ សម្ដេច​យ៉ូណាថាន ជា​បុត្រ​របស់​ព្រះបាទ​សាអ៊ូល បាន​ទៅ​ជួប​លោក​ដាវីឌ​នៅ​ហូរ៉េសា ដើម្បី​លើក​ទឹក​ចិត្ត​លោក​ឲ្យ​ពឹង​ផ្អែក​លើ​ព្រះជាម្ចាស់ ១៧ ដោយ​ពោល​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ព្រះបាទ​សាអ៊ូល ជា​បិតា​ខ្ញុំ មិន​អាច​ធ្វើ​អ្វី​លោក​ប្អូន​ទេ ដ្បិត​លោក​ប្អូន​នឹង​សោយ​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រាអែល រីឯ​ខ្ញុំ​វិញ ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​បន្ទាប់​ពី​លោក​ប្អូន​ប៉ុណ្ណោះ។ ព្រះបាទ​សាអ៊ូល​ជា​បិតា​ខ្ញុំ ក៏​ជ្រាប​ការ​នេះ​ដែរ»។ ១៨ លោក​ទាំង​ពីរ​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​គ្នា នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអម្ចាស់។ បន្ទាប់​មក សម្ដេច​យ៉ូណាថាន​វិល​ត្រឡប់​មក​កាន់​ទី​លំនៅ​វិញ រីឯ​លោក​ដាវីឌ​ស្នាក់​នៅ​ហូរ៉េសា​ដដែល។

១៩ អស់​ អ្នក​ដែល​រស់​នៅ​វាល​រហោស្ថាន​ស៊ីភ បាន​ចូល​ទៅ​គាល់​ព្រះបាទ​សាអ៊ូល​នៅ​គីបា ហើយ​ទូល​ថា៖ «លោក​ដាវីឌ​ពួន​នៅ​ក្នុង​ចំណោម​យើង​ខ្ញុំ ត្រង់​កន្លែង​ដែល​ពិបាក​ទៅ​ដល់ គឺ​នៅ​ហូរ៉េសា លើ​ភ្នំ​ហាគីឡា ដែល​ស្ថិត​នៅ​ខាង​ត្បូង​វាល​យេស៊ីម៉ូន។ ២០ បពិត្រ​ព្រះករុណា បើ​សិន​ជា​ស្ដេច​សព្វ​ព្រះហឫទ័យ​យាង​ទៅ សូម​យាង​ទៅ​ចុះ យើង​ខ្ញុំ​ចាប់​គាត់​ថ្វាយ​ព្រះករុណា»។ ២១ ព្រះ​បាទ​សាអ៊ូល​មាន​រាជឱង្ការ​ថា៖ «សូម​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ជួយ​ឈឺឆ្អាល​ខ្ញុំ។ ២២ ឥឡូវ​នេះ សូម​មេត្តា​ទៅ​ពិនិត្យ​មើល​ម្ដង​ទៀត ហើយ​យក​ការណ៍​ឲ្យ​បាន​ច្បាស់​ថា វា​ពួន​នៅ​កន្លែង​ណា នរណា​បាន​ឃើញ​វា។ មាន​គេ​ប្រាប់​យើង​ថា វា​នេះ​ឆ្លាត​ណាស់។ ២៣ ចូរ​ទៅ​ពិនិត្យ​ឲ្យ​ ច្បាស់ ហើយ​ស៊ើប​អំពី​កន្លែង​ទាំង​ប៉ុន្មាន​ដែល​វា​ធ្លាប់​ពួន រួច​ត្រឡប់​មក​រក​យើង​វិញ ដោយ​នាំ​ពត៌មាន​ច្បាស់​លាស់​មក​ផង នោះ​យើង​នឹង​ទៅ​ជា​មួយ​អ្នក​រាល់​គ្នា។ ប្រសិន​បើ​វា​នៅ​ក្នុង​ស្រុក​មែន​នោះ យើង​នឹង​រក​វា​គ្រប់​ទី​កន្លែង​ក្នុង​ទឹក​ដី​យូដា រហូត​ទាល់​តែ​បាន​ឃើញ​»។ ២៤ ពួក​គេ​ក៏​ចេញ​ទៅ​មុន​ ព្រះបាទ​សាអ៊ូល វិល​ត្រឡប់​ទៅ​វាល​រហោស្ថាន​ស៊ីភ​វិញ។ ពេល​នោះ លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ស្ថិត​នៅ​វាល​រហោស្ថាន​ម៉ាអូន ក្នុង​តំបន់​អារ៉ាបា ដែល​នៅ​ខាង​ត្បូង​វាល​យេស៊ីម៉ូន។ ២៥ ព្រះបាទ​សាអ៊ូល ព្រម​ទាំង​ពល​ទាហាន ចេញ​ទៅ​តាម​រក​លោក​ដាវីឌ។ មាន​គេ​ប្រាប់​ដំណឹង​នេះ​ដល់​លោក​ដាវីឌ លោក​ក៏​ទៅ​ពួន​នៅ​តាម​ផ្ទាំង​ថ្ម ក្នុង​វាល​រហោស្ថាន​ម៉ាអូន។ កាល​ព្រះបាទ​សាអ៊ូល​ជ្រាប​ហើយ ទ្រង់​តាម​រក​លោក​នៅ​វាល​រហោស្ថាន​នោះ។ ២៦ ​ព្រះបាទ​សាអ៊ូល​ដើរ​តាម​ ជំរាល​ភ្នំ​ម្ខាង រីឯ​លោក​ដាវីឌ និង​ពួក​លោក​ដើរ​តាម​ជំរាល​ភ្នំ​ម្ខាង​ទៀត។ លោក​ប្រញាប់ប្រញាល់​រត់​គេច​ពី​ព្រះបាទ​សាអ៊ូល ប៉ុន្តែ ព្រះបាទ​សាអ៊ូល និង​ពល​ទាហាន បាន​ព័ទ្ធ ហើយ​បម្រុង​នឹង​ចាប់​ខ្លួន​ពួក​លោក។ ២៧ ពេល​នោះ ស្រាប់​តែ​មាន​អ្នក​នាំ​សារ​ម្នាក់​មក​ទូល​ព្រះបាទ​សាអ៊ូល​ថា៖ «សូម​​ស្ដេច​យាង​ទៅ​វិញ​ជា​ប្រញាប់ ដ្បិត​ពួក​ភីលីស្ទីន​កំពុង​តែ​វាយ​លុក​ចូល​ស្រុក​ហើយ!»។ ២៨ ព្រះបាទ​សាអ៊ូល​ក៏​ឈប់​ដេញ ​តាម​លោក​ដាវីឌ ហើយ​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ថ្ម​នៃ​ការ​បែក​គ្នា»​។