ម៉ាកាបាយ (០៩)

លោក​យូដា​ទទួល​មរណភាព
១​ព្រះ​បាទ​ដេម៉េទ្រីយ៉ូស ទទួល​ដំណឹង​ថា លោក​នីកាន័រ​បាត់​បង់​ជីវិត នៅ​លើ​សមរ​ភូមិ ហើយ​កង​ទ័ព​របស់​លោក ត្រូវ​ជន​ជាតិ​យូដា​វាយ​កម្ទេច​ដូច្នេះ

ទ្រង់​ចាត់​លោក​បាកឃី​ដែស​ និង​លោក​អាលគីម ឲ្យ​ទៅ​វាយ​ស្រុក​យូដា​ម្ដង​ទៀត ដោយ​មាន​កង​ទ័ព​ពិសេស​ទៅ​ជាមួយ​ផង។ លោក​ទាំង​ពីរ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ស្រុក​កាលីឡេ ហើយ​ឡោម​ព័ទ្ធ​ក្រុង​ម៉េសាឡូត ដែល​នៅ​ក្នុង​ទឹក​ដី​ពួក​អបែល។ គេ​វាយ​ដណ្ដើម​យក​ក្រុង​នោះ​បាន ហើយ​កាប់​សម្លាប់​ប្រជា​ជន​មួយ​ចំនួន​ធំ។ នៅ​ខែ​ទី​មួយ​ឆ្នាំ​១៥២ ពួក​គេ​បោះ​ទ័ព​នៅ​ទល់​មុខ​ក្រុង​យេរូសាឡឹម។ បន្ទាប់​មក ពួក​គេ​ចាក​ចេញ​ពី​ទី​នោះ​ទៅ​កាន់​ភូមិ​បេសែត ដោយ​នាំ​ទាំង​ពល​ទាហាន​ថ្មើរ​ជើង​ពីរ​ម៉ឺន​នាក់ និង​ពល​សេះ​ពីរ​ពាន់​នាក់​ផង។ រីឯ​លោក​យូដា​បាន​បោះ​ជំរំ​នៅ​ភូមិ​អេឡាសា ដោយ​មាន​ពល​ទាហាន​ពិសេស​ចំនួន​បី​ពាន់​នាក់​នៅ​ជាមួយ។ ពល​ទាហាន​របស់​លោក​យូដា ឃើញ​កង​ទ័ព​សត្រូវ​មាន​គ្នា​ច្រើន​យ៉ាង​នេះ ពួក​គេ​ខ្លាច​ជា​ខ្លាំង ហើយ​រត់​ចោល​ជួរ​អស់​ជាច្រើន គឺ​នៅ​សល់​តែ​ប្រាំបី​រយ​នាក់​ប៉ុណ្ណោះ។ លោក​យូដា​ឃើញ​ថា ពេល​ប្រយុទ្ធ​ជិត​ចាប់​ផ្ដើម​កង​ទ័ព​របស់​លោក​រលួស​ដូច្នេះ លោក​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​លោក​គ្មាន​ពេល​នឹង​ប្រមូល​ទ័ព​របស់​លោក​ឡើង​វិញ​បាន។ លោក​តប់​ប្រមល់​ ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​ពល​ទ័ព ​ដែល​នៅ​សល់​ថា៖ ​«ចូរ​នាំ​គ្នា​ចេញ​ទៅ​ប្រយុទ្ធ​ជាមួយ​ខ្មាំង! យើង​ប្រហែល​អាច​វាយ​ឈ្នះ​ពួក​គេ»។ រីឯ​ទាហាន​មិន​យល់​ស្រប​តាម​លោក​ទេ ហើយ​និយាយ​ថា៖​«ឥឡូវ​នេះ​យើង​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ​ក្រៅ​ពី​រត់​ឲ្យ​រួច​ជីវិត​សិន​ប៉ុណ្ណោះ! ចាំ​ពេល​ក្រោយ​យើង​និង​ត្រឡប់​មក វិញ​ជាមួយ​បង​ប្អូន​យើង ដើម្បី​ប្រយុទ្ធ​នឹង​ពួក​គេ​ទៀត! ព្រោះ​ពេល​នេះ​យើង​មាន​គ្នា​តិច​ពេក!។ ១០លោក​យូដា​ឆ្លើយ​តប​ថា៖ «ទេ! ខ្ញុំ​មិន​រត់​ចោល​សមរភូមិ​ជា​ដាច់​ខាត ប្រសិន​បើ​ដល់​ពេល​យើង​ត្រូវ​ស្លាប់​នោះ យើង​ស្លាប់​ដោយ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ប្រជា​ជន​យើង។ យើង​មិន​ត្រូវ​បង្អាប់​បង្អោន​កិត្តិ​នាម​របស់​យើង​ទេ»។

១១កង​ទ័ព​របស់​ខ្មាំង​ចេញ​ពី​ជំរំ​ មក​រៀប​ជា​មុខ​សញ្ញា​វាយ​ប្រហារ​លើ​ពួក​យូដា។ កង​ទ័ព​សេះ​បាន​បែង​ចែក​គ្នា​ជា​ពីរ កង​ពល​កាន់​ដង្ហក់ និង​ដើរ​នាំ​មុខ​កង​ទ័ព។ ពួក​គេ​សុទ្ធ​តែ​ជា​ទាហាន​ក្លាហាន​បំផុត! ១២​លោក​បាន​ឃីដែស បញ្ជា​ខាង​ស្ដាំ។ កង​ទ័ព​ថ្មើរ​ជើង​ចេញ​ទៅ​ជា​ពីរ​មុខ​ព្រួញ​តាម​សំឡេង​ត្រែ។ កង​ទ័ព​របស់​លោក​យូដា​ក៏​ផ្លុំ​ត្រែ​ដែរ។ ១៣ផែនដី​កក្រើក​រញ្ជួយ ដោយ​សារ​តែ​ស្នូរ​សន្ធឹក​នៃ​កង​ទ័ព​ទាំង​ពីរ។ គេ​ច្បាំង​គ្នា​ តាំង​ពី​ព្រលឹម​រហូត​ដល់​ល្ងាច។ ១៤លោក​យូដា​ឃើញ​ថា​លោក​បាកឃី​ដែស និង​កង​ទ័ព​មួយ​ភាគ​ធំ​របស់​គេ​នៅ​ខាង​ស្ដាំ។ ពល​ទាហាន​ដែល​មាន​ចិត្ត​ក្លាហាន មក​រួម​នៅ​ជាមួយ​លោក​យូដា។ ១៥ពួក​គេ​បាន​វាយ​កម្ទេច​កង​ទ័ព​ខាង​ស្ដាំ​របស់​ខ្មាំង ហើយ​ដេញ​តាម​រហូត​ដល់​ជើង​ភ្នំ​អសារ៉ា។ ១៦ប៉ុន្តែ កង​ទ័ព​ដែល​នៅ​ខាង​ឆ្វេង​ឃើញ​ថា កង​ទ័ព​ខាង​ស្តាំ​របស់​គេ​ត្រូវ​បាក់​ទ័ព​ដូច្នេះ ពួក​គេ​ក៏​ព័ទ្ធ​ពី​ខាង​ក្រោយ ហើយ​វាយ​ប្រហារ​មក​លើ​លោក​យូដា​វិញ។ ១៧គេ​ច្បាំង​គ្នា​យ៉ាង​ខ្លាំង​ក្លា​ជា​ទី​បំផុត ហើយ​បាត់​បង់​ពល​ទាហាន​ជាច្រើន​ទាំង​សង​ខាង។ ១៨លោក​យូដា​ក៏​បាត់​បង់​ជីវិត​នៅ​ពេល​នោះ​ដែរ ហើយ​ពួក​ទាហាន​ដែល​នៅ​សេស​សល់​ទាំង​ប៉ុន្មាន ក៏​បាក់​ទ័ព​អស់។ លោក​យូណាថាន និង​លោក​ស៊ីម៉ូន នាំ​គ្នា​យក​សាក​សព​របស់​លោក​យូដា​ ជា​បង​ប្អូន​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ដូន​តា​លោក នៅ​ស្រុក​ម៉ូឌីន។ ២០ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល យំ​អាណិត​លោក​យូដា ហើយ​កាន់​ទុក​ជា​យូរ​ថ្ងៃ។ ពួក​គេ​និយាយ​ថា៖ ២១«ម្ដេច​ក៏​វីរ​បុរស​សង្គ្រោះ​អ៊ីស្រា​អែល បាត់​បង់​ជីវិត​ដូច្នេះ?» ២២​កិច្ចការ​ឯទៀត​ៗ​ដែល​លោក​យូដា​បាន​ធ្វើ​សង្គ្រាម និង​ការ​អស្ចារ្យ​ដ៏​ល្បី​ល្បាញ​របស់​លោក​ មាន​ច្រើន​សន្ធឹក​សន្ធាប់ ដែល​ពុំ​អាច​សរសេរ​រៀប​រាប់​អស់​ឡើយ។

លោក​យូណាថាន​ បន្ត​មុខ​តំណែង​ពី​លោក​យូដា
២៣​បន្ទាប់​ពី លោក​យូដា​បាត់​បង់​ជីវិត​ទៅ​ហើយ​នោះ ពួក​ជន​ពាល​ក៏​លេច​មុខ​ទៀត​នៅ​ស្រុក​អ៊ីស្រា​អែល​ទាំង​មូល ហើយ​អស់​ជន​ទុច្ចរិត​ក៏​ងើប​មុខ​ដែរ។ ២៤​ពេល​នោះ​មាន​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង ប្រជា​ជន​នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន ក៏​សុខ​ចិត្ត​ចុះ​ចូល​ជាមួយ​ពួក​គេ។ ២៥លោក​បាកឃី​ដែស​បាន ជ្រើស​រើស​អ្នក​ខ្លះ​ក្នុង​ចំណោម​ជន​ពាល​ទាំង​នោះ ឲ្យ​គ្រប់​គ្រង​ស្រុក។ ២៦ពួក​គេ​ស្វែង​រក​ចាប់​បក្ស​ពួក​របស់​លោក​យូដា មក​សួរ​ចម្លើយ រួច​នាំ​ទៅ​ជួប​លោក​បាកឃី​ដែស ដើម្បី​ធ្វើ​ទារុណ​កម្ម និង​ចំអក​ដាក់​បក្ស​ពួក​របស់​លោក​យូដា​ទៀត​ផង។ ២៧​នៅ​សម័យ​នោះ គេ​ជិះ​ជាន់​សង្កត់​សង្កិន​ប្រជា​ជន​អ៊ីស្រាអែល​យ៉ាង​ខ្លាំង តាំង​ពី​ពេល​ដែល​លែង​មាន​ព្យាការី​មក គេ​មិន​ដែល​ជួប​ប្រទះ​ទល់​តែ​សោះ។ ២៨​ពេល​នោះ​មិត្ត​ភក្តិ​របស់​លោក​យូដា​ទាំង​ប៉ុន្មាន​ក៏​មក​ជួប​ជុំ​គ្នា ហើយ​និយាយ​ទៅ​កាន់​លោក​យ៉ូណាថាន​ ថា៖ ២៩«តាំង​ពី​ពេល​លោក​យូដា​ជា​បង​បាត់​បង់​ជីវិត​ទៅ គ្មាន​នរណា​ម្នាក់​ដូច​លោក​យូដា អាច​ដឹក​នាំ​ពួក​យើង​ក្នុង​ការ​ប្រឆាំង​នឹង​សត្រូវ​លោក​បាកឃីដែស និង​ជន​ក្បត់​ជាតិ​យើង​ដូច​គាត់​ឡើយ។ ៣០​ដូច្នេះ នៅ​ថ្ងៃ​នេះ យើង​ខ្ញុំ​សូម​ជ្រើស​រើស​លោក​ដើម្បី​បន្ត​ដំណែង​ពី​លោក​យូដា គឺ​ធ្វើ​ជា មេ​ដឹក​នាំ​របស់​យើង​ខ្ញុំ និង​ធ្វើ​ជា​មេ​បញ្ជា​ការ​យើង​ខ្ញុំ​ក្នុង​ការ​ប្រយុទ្ធ»។ ៣១​លោក​យ៉ូណាថាន​ទទួល​មុខងារ​ជា​មេ​ដឹក​នាំ ហើយ​បន្ត​ដំណែង​ពី​លោក​យូដា​ជា​បង​របស់​លោក។

លោក​យ៉ូណាថាប​នៅ​វាល​រហោស្ថាន
៣២​កាល​ លោក​បាកឃី​ដែស​ជ្រាប​ដំណឹង​នេះ លោក​ក៏​រក​មធ្យោបាយ សម្លាប់​លោក​យ៉ូណាថាន។ ៣៣​មាន​គេ​ប្រាប់​លោក​យ៉ូណាថាន និង​លោក​ស៊ីម៉ូន​ជា​បង​របស់​លោក ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជាមួយ​​គម្រោង​ការ​នេះ។ ពួក​គេ​រត់​ភៀស​ខ្លួន​ទៅ​វាល​រហោ​ស្ថាន​តេគូអា ហើយ​បោះ​ទីតាំង​នៅ​ក្បែរ​អាង​ទឹក​នៅ​អស័រ។ ៣៤​លោក​បាកឃី​ដែស​ទទួល​ដំណឹង​នេះ​នៅ​ថ្ងៃ​សប្ប័ទ។ លោក​និង​កង​ទ័ព​ទាំង​អស់​របស់​លោក​ នាំ​គ្នា​ឆ្លង​កាត់​ទន្លេ​យ័រដាន់។ ៣៥លោក​យ៉ូណាថាន​ចាត់​លោក​យ៉ូហាន ជា​បង​របស់​លោក ជា​អ្នក​ទទួល​ខុស​ត្រូវ ចំពោះ​អស់​អ្នក​ដែល​មិន​មែន​ជា​ទ័ព​ច្បាំង ឲ្យ​ទៅ​សុំ​ការ​អនុញ្ញាត​ពី​ជន​ជាតិ​ណាបាតេ ជា​មិត្ត​ដើម្បី​ផ្ញើ​ឥវ៉ាន់ និង​ស្បៀង​អាហារ​យ៉ាង​ច្រើន​របស់​ពួក​គេ នៅ​ក្នុង​ស្រុក​ណាបាតេ​ផង។ ៣៦​ប៉ុន្តែ កូន​ចៅ​របស់​លោក​យ៉ាមប្រ៊ី នៅ​តំបន់​ម៉ាដាប៉ា វាយ​ស្ទាក់​លោក​យ៉ូហាន​នៅ​តាម​ផ្លូវ ព្រម​ទាំង​ចាប់​រូប​លោក និង​រឹប​អូស​ឥវ៉ាន់​ទាំង​អស់​យក​ទៅ។ ៣៧​ក្រោយ​ពី​ហេតុ​ការណ៍​នោះ​មក លោក​យ៉ូណាថាន និង​លោក​ស៊ីម៉ូន​ជា​បង​របស់​លោក ទទួល​ដំណឹង​ថា កូន​ចៅ​លោក​យ៉ាមប្រ៊ី កំពុង​រៀប​ចំ​មង្គល​ការ​មួយ​យ៉ាង​អធិក​អធម គឺ​ពួក​គេ​ដង្ហែ​កូន​ក្រមុំ​ពី​ក្រុង​ណា​បាតេ​មក។ នាង​ជា​កូន​របស់​អភិ​ជន​មួយ​រូប​នៅ​ស្រុក​កាណាន។ ៣៨​លោក​យ៉ូណាថាន និង​លោក​ស៊ីម៉ូន​នៅ​ចាំ​ច្បាស់​ថា គឺ​ពួក​គេ​ហើយ​ដែល​បាន​សម្លាប់​លោក​យូហាន ជា​បង​របស់​លោក។ ពួក​គេ​ឡើង​ទៅ​ពួន​ក្នុង​គុហា ឃើញ​មាន​មនុស្ស​ជាច្រើន កំពុង​ហែ​មក​យ៉ាង​គគ្រឹក​គគ្រេង និង​មាន​ឥវ៉ាន់​ជាច្រើន​នាំ​មក​ជាមួយ​ផង គឺ​មាន​កូន​កំឡោះ ញាតិ​មិត្ត​អ្នក​កំដរ​កំពុង​ធ្វើ​ដំណើរ​ទៅ​ទទួល​កូន​ក្រមុំ ទាំង​មាន​គេ​វាយ​ស្គរ និង​ប្រគំ​ភ្លេង​យ៉ាង​ពីរោះ ព្រម​ទាំង​ប្រដាប់​អាវុធ​ផង។ ៤០​លោក យ៉ូណាថាន និង​ពួក​លោក​ចេញ​ពី​កន្លែង​លាក់​ខ្លួន ស្ទុះ​ទៅ​វាយ​ប្រហារ​សត្រូវ​ សម្លាប់​ពួក​គេ​អស់​ជា​ច្រើន​នាក់។ រីឯ​អ្នក​ដែល​សេស​សល់​ពី​ស្លាប់ រត់​ទៅ​តំបន់​ភ្នំ។ ពួក​យូដា​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​គេ​ទាំង​អស់។ ៤១​ដូច្នេះ ពិធី​មង្គល​ការ​ត្រឡប់​ទៅ​ជា​ពិធី​កាន់​ទុក្ខ ហើយ​ភ្លេង​ការ​ក៏​ក្លាយ​ជា​បទ​ទំនួញ​ទួញ​សោក​សង្រេង​វិញ​ដែរ។ ៤២​លោក​យ៉ូណាថាន​​និង​លោក​ស៊ីម៉ូន​ធ្វើ​ដូច្នេះ ដើម្បី​សង​សឹក​ពួក​គេ​ដែល​បាន​សម្លាប់​បង​របស់​ខ្លួន ហើយ​ត្រឡប់​មក​កាន់​មាត់​ទន្លេ​យ័រដាន់​វិញ។

ចម្បាំង​នៅ​មាត់​ទន្លេយ័រដាន់
៤៣​ក្រោយ​ពី​ បាន​ទទួល​ដំណឹង​ពី​រឿង​នេះ​ហើយ​លោក​បាកឃី​ដែស ក៏​ចេញ​ដំណើរ​មក​កាន់ មាត់​ទន្លេ​យ័រដាន់​នៅ​ថ្ងៃ​សប្ប័ទ ទាំង​នាំ​កង​ទ័ព​មួយ​ចំនួន​ធំ​មក​ជាមួយ​ផង។ ៤៤លោក​យ៉ូណាថាន មាន​ប្រសាសន៍​ទៅ​កាន់​កង​ទ័ព​របស់​លោក​ថា៖ «ចូរ​ក្រោក​ឡើង! យើង​នាំ​គ្នា​ប្រយុទ្ធ​ដើម្បី​អាយុ​ជីវិត​របស់​យើង។ យើង​មិន​ដែល​ជួប​ប្រទះ​សភាព​ការណ៍​ដ៏​ធ្ងន់​ធ្ងរ​ដូច​ថ្ងៃ​នេះ​ទេ! ៤៥​ខ្មាំង​នៅ​ពី​មុខ​យើង ទឹក​ទន្លេ​នៅ​ពី​ខាង​ក្រោយ មាន​ភក់ និង​គុម្ពោត​យ៉ាង​ក្រាស់​គ្រប់​កន្លែង យើង​គ្មាន​ផ្លូវ​ថយ​ក្រោយ​ឡើយ។ ៤៦ដូច្នេះ ឥឡូវ​នេះ​ចូរ​ស្រែក​អង្វរ​ព្រះ​ជាម្ចាស់ សូម​ព្រះ​អង្គ​ប្រោស​យើង ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ!»។ ៤៧ការ​ប្រយុទ្ធ​ក៏​ចាប់​ផ្ដើម លោក​យ៉ូណាថាន​លើក​ដៃ​ បម្រុង​នឹង​សម្លាប់​លោក​បាកឃី​ដែស តែ​លោក​បាកឃី​ដែស​គេច​ផុត​ទៅ​ខាង​ក្រោយ​កង​ទ័ព​វិញ ហើយ​ក៏​រួច​ខ្លួន​ទៅ។ ៤៨លោក​យ៉ូណា​ថាន និង​កង​ទ័ព​របស់​លោក លោត​ចូល​ក្នុង​ទន្លេ​យ័រ​ដាន់ ហែល​ឆ្លង​ទៅ​ត្រើយ​ម្ខាង។ ប៉ុន្តែ ខ្មាំង​មិន​បាន​ឆ្លង​ទន្លេ​យ័រដាន់​ដេញ​តាម​ពួក​គេ​ទេ។ ៤៩​នៅ​ថ្ងៃ​នោះ ទ័ព​របស់​លោក​បាកឃីដែស បាន​បាត់​បង់​ជីវិត អស់​ប្រហែល​មួយ​ពាន់​នាក់​នៅ​លើ​សមរភូមិ។

លោក​បាកឃីដែស​នៅ​ស្រុក​យូដា
៥០លោក​បាកឃី​ដែស ត្រឡប់​មក​ក្រុង​យេរូ​សាឡឹម​វិញ ហើយ​សង់​កំពែង​ក្រុង​ជាច្រើន​នៅ​ស្រុក​យូដា។ លោក​សង់​កំពែង​ខ្ពស់ ព្រម​ទាំង​ទ្វារ​និង​ធ្នឹម​ទៀត​ផង គឺ​កំពែង​ក្រុង​យេរីខូ អេម៉ាអូស បេតហូរ៉ូន បេតអែស តាម៉ាតា ផារ៉ាតូន តេផូន។ ៥១លោក​បាកឃី​ដែស​ដាក់​ទ័ព​ក្នុង​ក្រុង​ទាំង​នោះ ដើម្បី​វាយ​ប្រហារ​ជន​ជាតិ​អ៊ីស្រា​អែល។ ៥២លោក​សង់​កំពែង​ក្រុង​បេតសួរ ក្រុង​ហ្កាសារ៉ា និង​បន្ទាយ ក្រុង​យេរូ​សាឡឹម។ លោក​ក៏​ដាក់​ទ័ព និង​ឃ្លាំង​ស្បៀង​អាហារ​ក្នុង​ក្រុង​នីមួយៗ។ ៥៣លោក​ចាប់​កូន ប្រុស​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក ធ្វើ​ជា​ចំណាប់​ខ្មាំង ហើយ​ដាក់​គុក​កូន​ទាំង​នោះ​នៅ​ក្នុង​បន្ទាយ ក្រុង​យេរូ​សាឡឹម។

៥៤នៅ​ខែ​ទី​ពីរ​ឆ្នាំ ១៥៣ លោក​អាល​គីម​បាន​បង្គាប់​ឲ្យ​គេ​រំលំ​ជញ្ជាំង​នៃ​ផ្ទៃ​ខាង​ក្នុង​ព្រះ​វិហារ គឺ​លោក​បំផ្លាញ​ស្នាដៃ ដែល​ព្យាការី​បាន​កសាង។ លោក​ឲ្យ​គេ​ចាប់​ផ្ដើម រុះរើ​ជញ្ជាំង​នោះ ចោល។ ៥៥ពេល​នោះ លោក​អាល​គីម​ឡើង​ឈាម ស្ពឹក​ដៃ​ជើង គេ​ក៏​ឈប់​រុះ​ជញ្ជាំង​នោះ​ទៅ។ លោក​មិន​អាច​បើក​មាត់​រួច សូម្បី​តែ​និយាយ​ស្តី​មួយ​មាត់​ក៏​មិន​បាន ហើយ​ផ្តែ​ផ្តាំ​អ្វី​ដល់​គ្រួសារ​មួយ​មាត់​ក៏​មិន​កើត​ដែរ។ ៥៦លោក​អាល​គីម​ទទួល​មរណ​ភាព នៅ​ពេល​នោះ ទាំង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង។ ៥៧កាល​លោក​បាកឃី​ដែស​ដឹង​ដំណឹង​ថា លោក​អាល​គីម​ស្លាប់​ហើយ លោក​ក៏​ត្រឡប់ ទៅ​ប្រាប់​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​វិញ។ ស្រុក​យូដា​ក៏​បាន​សេចក្ដី​សុខ​សាន្ត​ត្រាណ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ។

លោកបាកឃីដែសបរាជ័យ       
៥៨គ្រា​នោះ ជន​ជាតិទ​ាំង​ប៉ុន្មាន​មក​ជួប​ជុំ​ពិភាក្សា​គ្នា ហើយ​ពោល​ថា៖ «សូម​គិត​មើល​លោក​យូណា​ថាន និង​បក្ស​ពួក​របស់​គេ​រស់​នៅ​ដោយ​សេចក្ដី​សុខ​សាន្ត ហើយ​គេ​គ្មាន​ប្រយ័ត្ន​ប្រយែង​អ្វី​ឡើយ!។ ឥឡូវ​នេះ យើង​សូម​អញ្ជើញ​លោក​បាកឃី​ដែស​មក។ លោក​មុខ​ជា​ចាប់​ពួក​គេ​ទាំង​អស់ តែ​មួយ​យប់​ប៉ុណ្ណោះ»។ ៥៩ពួក​ជន​ពាល​ក៏​នាំ​គ្នា​ទៅ​ពិភាក្សា​ជាមួយ​លោក​បាកឃី​ដែស។ ៦០លោក​បាកឃី​ដែស​ចេញ​ដំណើរ​ភ្លាម ទាំង​នាំ​កង​ទ័ព​យ៉ាង​ច្រើន​ទៅ​ជាមួយ​ផង។ លោក​សរសេរ​លិខិត​ជា​សម្ងាត់ ទៅ​ឲ្យ​បក្ស​ពួក​របស់​លោក​នៅ​ស្រុក​យូដា សូមឲ្យ​ពួក​គេ​ចាប់​លោក​យូណាថាន និង​អស់​អ្នក​នៅ​ជាមួយ​ផង។ ប៉ុន្តែ ពួក​គេ​មិន​អាច​សម្រេច​គម្រោង​ការ​នេះ​ឡើយ ព្រោះ​ត្រូវ​បែក​ការណ៍។ ៦១ផ្ទុយ​ទៅវិញ លោក​យូណាថាន ចាប់​ពួក​មេ​បង្កើត​គម្រោង​ការ​នេះ​នៅ​ក្នុង​ស្រុក​ចំនួន​ហាសិប​នាក់ យក​ទៅ​សម្លាប់​ចោល។ ៦២បន្ទាប់​មក លោក​យូណាថាន លោក​ស៊ីម៉ូន និង​បក្ស​ពួក​របស់​លោក ក៏​ភៀស​ខ្លួន​ទៅ​វាល​រហោ​ស្ថាន​ត្រង់​ក្រុង​បេតបាស៊ី។ ពួក​គេ​ជួស​ជុល​ក្រុង​ដែល​បាក់​បែក​នោះ ហើយ​សង់​កំពែង​ក្រុង​នោះ​ផង។ ៦៣កាល​លោក​បាកឃី​ដែស​ជ្រាប​ដំណឹង​នេះ ក៏​ប្រមួល​កង​ទ័ព​មក​ជួប​ជុំ​គ្នា និង​ប្រាប់​បក្ស​ពួក​របស់​គាត់​ដែល​នៅ​ស្រុក​យូដា ឲ្យ​ត្រៀម​ខ្លួន។ ៦៤លោក​ក៏​បោះ​ទ័ព​នៅ​ទល់​មុខ ​ក្រុង​បេតបាស៊ី​នេះ អស់​រយៈ​ពេល​ជា​យូរ​ថ្ងៃ ដោយ​ប្រើ​គ្រឿង​សឹក​ទៀត​ផង។ ៦៥លោក​យូណាថាន ទុក​លោក​ស៊ីម៉ូន​ជា​បង​ឲ្យ​នៅ​ក្នុង​ក្រុង​នោះ រួច​លោក​នាំ​ពល​ទាហាន​មួយ​ចំនួន​តូច ចេញ​ពី​ក្រុង​ទៅ​កាន់​ទីវាល។ ៦៦លោក​វាយ​ឈ្នះ​លោក​អូដូម៉េរ៉ា និង​បង​ប្អូន​គេ ព្រម​ទាំង​កូន​ចៅ​របស់​ផាស៊ីរ៉ូន​ដែល​ស្ថិត​នៅ​ក្នុង​ជំរំ។ ពួក​នេះ​សុខ​ចិត្ត​ចូល​រួម​ជាមួយ​លោក​យ៉ូណាថាន ហើយ​នាំ​គ្នា​វាយ​សម្រុក​លើ​កង​ទ័ព​របស់​លោក​បាកឃី​ដែស។ ៦៧ពេល​នោះ​លោក​ស៊ីម៉ូន និង​កង​ទ័ព​របស់​លោក​ចេញ​ពី​ទី​ក្រុង​មក ហើយ​ដុត​បំផ្លាញ​គ្រឿង​សឹក​របស់​ខ្មាំង​ចោល។ ៦៨ពួក​គេ​វាយ​កម្ទេច​កង​ទ័ព​របស់​លោក​បាកឃី​ដែស ហើយ​លោក​បាកឃី​ដែស​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​គម្រោង​ការ​របស់​គាត់​ត្រូវ​បរា​ជ័យ។ ៦៩លោក​ខឹង​នឹង​ជន​ជាតិ​យូដា​ដែល​ហៅ​លោក​ឲ្យ​មក​តំបន់​នោះ។ លោក​សម្លាប់​ពួក​គេ​ជា​ច្រើន រួច​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​ស្រុក​របស់​លោក​វិញ។ ៧០កាល​លោក​យូណាថាន​ជ្រាប​ដំណឹង​នេះ គាត់​ចាត់​អ្នក​នាំ​សារ​ទៅ ជួប​លោក​បាកឃី​ដែស ដើម្បី​ចរចា​រក​សន្តិ​ភាព និង​ចរចា​អំពី​ឈ្លើយ​ឲ្យ​ត្រឡប់​មក​ស្រុក​វិញ។ ៧១លោក​យល់​ព្រម​តាម​សំណូម​ពរ របស់​លោក​យូណាថាន ដោយ​ស្បថ​យ៉ាង​ម៉ឺង​ម៉ាត់​ថា លោក​មិន​រក រឿង​ជាមួយ​លោក​យូណាថាន​អស់​មួយ​ជីវិត។ ៧២លោក​បាកឃី​ដែស​ប្រគល់​អស់​អ្នក ដែល​លោក ចាប់​ជា​ឈ្លើយ​នៅ​ស្រុក​យូដា ឲ្យ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ ហើយ​ឈប់​មក​ឈ្លាន​ពាន​ទឹក​ដី​យូដា​ទៀត។ គ្រា​នោះ ស្រុក​អ៊ីស្រា​អែល​លែង​មាន​សង្គ្រាម​ទៀត​ហើយ។ លោក​យ៉ូណាថាន​បាន​ស្នាក់​នៅ​ក្នុង​ក្រុង​ម៉ាខម៉ា។ លោក​គ្រប់​គ្រង​ប្រជា​ជន ហើយ​លុប​បំបាត់​ជន​ពាល​ចេញ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រា​អែល។