ម៉ាកាបាយ (០៨)

​ ពាក្យ​សរសើរ​ជនជាតិ​រ៉ូម៉ាំង
១​លោក​យូដា​ឮ​គេ​និយាយ អំពី​ឈ្មោះ​ល្បី​របស់​ជន​ជាតិ​រ៉ូម៉ាំង គឺ​ជន​ជាតិ​នោះ​សុទ្ធ​តែ​ជា​អ្នក ចម្បាំង​ដ៏​អង់​អាច។ ពួក​គេ​មាន​ចិត្ត​សប្បុរស​ចំពោះ​ប្រជា​ជន​ដែល​ចូល​រួម​ជាមួយ​គេ។ ពួក​គេ តែង​តែ​គាំ​ទ្រ​អស់​អ្នក ​ដែល​សូម​ទាក់​ទង​ជាមួយ​ពួក​គេ។ ជន​ជាតិ​នោះ​សុទ្ធ​តែ​ជា​អ្នក​ចម្បាំង​ដ៏​អង់​អាច​មែន។ គេ​រៀប​រាប់​ប្រាប់​លោក​យូដា អំពី​ការ​ធ្វើ​សង្គ្រាម​របស់​ពួក​គេ ជា​ពិសេស​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ​របស់​ពួក​គេ​នៅ​ស្រុក​ហ្គោល គឺ​ពួក​គេ​បាន​បង្ក្រាប​អ្នក​ស្រុក ហើយ​បង្ខំ​ឲ្យ​បង់​សួយ​សារ​អាករ​ទៀត​ផង។ ៣​គេ​រៀប​រាប់​អំពី​សឹក​សង្គ្រាម​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​នៅ​ស្រុក​អេស្ប៉ាញ ដើម្បី​ដណ្ដើម​យក​រ៉ែ​មាស និង​ប្រាក់​នៅ​ស្រុក​នោះ។ ៤​ទោះ​ជា​ស្រុក​នេះ​នៅ​ឆ្ងាយ​ពី​ក្រុង​រ៉ូម​ក៏​ដោយ ក៏​ពួក​គេ​វាយ​ដណ្ដើម​យក​ស្រុក​នោះ បាន​ដោយ​ប្រាជ្ញា​វាង​វៃ និង​ចិត្ត​ព្យាយាម​របស់​ពួក​គេ។ ជន​ជាតិ​រ៉ូម៉ាំង​មាន​ជ័យ​ជម្នះ​លើ​ស្ដេច​ទាំង​ប៉ុន្មាន ដែល​យាង​មក​ពី​ស្រុក​ដាច់​ស្រយាល​នៃ​ផែន​ដី ដើម្បី​វាយ​ប្រហារ​ពួក​គេ។ ពួក​គេ​ក៏​បាន​វាយ​កម្ទេច​ស្ដេច​ទាំង​នោះ​ដែរ នាំ​ឲ្យ​ស្ដេច​ទាំង​នោះ​រង​ការ​អន្ត​រាយ​ជា​ទម្ងន់ ហើយ​បង្ខំ​ស្ដេច​ឯទៀត​ៗ​ឲ្យ​បង់​សួយ​អាករ​ប្រចាំ​ឆ្នាំ។ ៥​ទី​បញ្ចប់ ជន​ជាតិ​រ៉ូម៉ាំង​បាន​វាយ​ឈ្នះ​ព្រះ​បាទ​ភីលីព និង​ព្រះបាទ​ពែរសេ ជា​ស្ដេច​ស្រុក​ម៉ាសេដូន ព្រម​ទាំង​បង្ក្រាប​ជន​ជាតិ​ណា​ដែល​លើក​គ្នា ប្រឆាំង​នឹង​ពួក​គេ​ទៀត​ផង។

ព្រះបាទ​អន់ទីយ៉ូគូស​ ជា​ស្ដេច​ស្រុក​អាស៊ី យាង​ចេញ​ទៅ​ប្រយុទ្ធ​នឹង​ជន​ជាតិ​រ៉ូម៉ាំង ដោយ​នាំ​ទ័ព​ដំរី​ចំនួន ១២០ ក្បាល​ កង​ទ័ព​សេះ​រទេះ​ចម្បាំង និង​កង​ទ័ព​ថ្មើរ​ជើង​ជា​ច្រើន​ទៅ​ជាមួយ​ផង។ ប៉ុន្តែ កង​ទ័ព​រ៉ូម៉ាំង​វាយ​កម្ទេច​កង​ទ័ព​ទាំង​នោះ ចាប់​ស្ដេច​ទាំង​រស់ និង​បង្ខំ​ទាំង​ព្រះ​រាជា ទាំង​ស្ដេច​ដែល​ស្នង​រាជ​ បន្ទាប់​ៗ​មក ឲ្យ​បង់​សួយ​សារ​អាករ​មួយ​ដ៏​ធ្ងន់​តាម​ពេល​កំណត់ ព្រម​ទាំង​ត្រូវ​បញ្ជូន​ជា​ចំណាប់​ខ្មាំង​ទៀត​ផង។ ជន​ជាតិ​រ៉ូម៉ាំង​ក៏​រំដោះ ស្រុក​ឥណ្ឌា ស្រុក​ម៉ែដ ស្រុក​លីឌី និង​អាណា​ខេត្ត​ខ្លះ​ដ៏​ល្អ​ជាង​គេ ពី​ការ​គ្រប់​គ្រង​របស់​ព្រះ​បាទ​ដេម៉េទ្រី​យ៉ូស​ថ្វាយ​ព្រះ​បាទ​អើ​មែន​ដែរ។ ជន​ជាតិ​ក្រិក​សម្រេច​ចិត្ត​ ទៅ​វាយ​កម្ទេច​ជន​ជាតិ​រ៉ូម៉ាំង​ ឲ្យ​សាប​សូន្យ។ ១០ជន​ជាតិ​រ៉ូម៉ាំង​ជ្រាប​គម្រោង​ការ​នេះ ហើយ​ចាត់​មេទ័ព​តែ​ម្នាក់​ឲ្យ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​គេ។ ពល​ទាហាន​ក្រិក​ជាច្រើន​ស្លាប់​នៅ​សមរភូមិ ហើយ​ជន​ជាតិ​រ៉ូម៉ាំង​ចាប់​ប្រពន្ធ​កូន​ពួក​គេ​នាំ​ទៅ​ជា​ឈ្លើយ។ ជន​ជាតិ​រ៉ូម៉ាំង រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ ធ្វើ​ជា​ជយ​ភណ្ឌ​គ្រប់​គ្រង​ស្រុក​របស់​ពួក​គេ កម្ទេច​ក្រុង​នានា​របស់​ពួកគេ​ចោល ហើយ​យក​ជន​ជាតិ​ក្រិក​ធ្វើ​ជា​ទាសករ​រហូត​ដល់​សព្វ​ថ្ងៃ។

១១ជន​ជាតិ​រ៉ូម៉ាំង​បាន​បំផ្លាញ និង​បង្ក្រាប​រាជា​ណាចក្រ​ឯទៀត​ៗ និង​កោះ​ទាំង​ប៉ុន្មាន​ដែល​ប្រឆាំង​នឹង​ពួក​គេ។ ១២ប៉ុន្តែ ពួក​គេ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​មិត្ត​ភក្តិ​គេ ចំពោះ​អស់​អ្នក​ដែល​ចង​សម្ព័ន្ធ​មេត្រី និង​ពឹង​ពាក់​គេ។ ជន​ជាតិ​រ៉ូម៉ាំង​បាន​បង្ក្រាប​ស្ដេច​ទាំង​ជិត ទាំង​ឆ្ងាយ។ អស់​អ្នក​ដែល​ឮ​កិត្តិ​នាម​របស់​គេ​នាំ​គ្នា​ភ័យ​ខ្លាច​ជា​ខ្លាំង។ ១៣គេ​តែង​តាំង​អ្នក​ដែល​គេ​ទុក​ចិត្ត​ឲ្យ​ធ្វើ​ជា​ស្ដេច​ គឺ​ជន​ណា​ដែល​ពួក​គេ​យល់​ឃើញ​ថា​គួរ​ឲ្យ​គ្រង​រាជ្យ និង​គួរ​ឲ្យ​ទទួល​ការ​ឧបត្ថម្ភ​ពី​ពួក​គេ។ រីឯ​ស្ដេច​ដទៃ​ទៀត ពួក​គេ​ទម្លាក់​ចុះ​ពី​បល្ល័ង្ក។ ឥឡូវ​នេះ​អំណាច​របស់​គេ​ឡើង​ដល់​កំពូល​ហើយ។ ១៤ប៉ុន្តែ ទោះ​យ៉ាង​នេះ​ក្ដី ក៏​គ្មាន​ជន​ជាតិ​រ៉ូម៉ាំង​ណា​ម្នាក់​ឡើយ ​សោយ​រាជ្យ​ដោយ​ពាក់​មកុដ​ឬ​ពាក់​ព្រះ​ភូសា​ឡើយ!។ ១៥ពួក​គេ​បង្កើត​ព្រឹទ្ធ​សភា​មួយ ដែល​មាន​សមាជិក​៣២០​នាក់​ប្រជុំ​គ្នា​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​របស់​ប្រជា​ជន និង​រក​សេចក្ដី​សុខ​សាន្ត ឲ្យ​ប្រជា​ជន​ទៀត​ផង។ ១៦រៀងរាល់​ឆ្នាំ គេ​ផ្ញើ អំណាច​លើ​មនុស្ស​តែ​ម្នាក់​ដែល​ពួក​គេ​តែង​តាំង ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​ពួក​គេ និង​ត្រួត​ត្រា​លើ ចក្រភព​ទាំង​មូល​របស់​គេ។ ប្រជា​ជន​ទាំង​អស់ ស្ដាប់​បង្គាប់​មនុស្ស​តែ​ម្នាក់​នោះ​ ដោយ​គ្មាន​ចិត្ត​ច្រណែន​ឈ្នានីស​ឡើយ។

ជនជាតិ​យូដា​ចង​សម្ពន្ធមិត្ត​ជាមួយ​ជនជាតិ​រ៉ូម៉ាំង
១៧​លោក​យូដា​ជ្រើស​រើស​លោក​អឺបួលែម ជា​កូន​របស់​លោក​យូហាន ជា​ចៅ​របស់​លោក​អគូស ព្រម​ទាំង​លោក​យ៉ាសូន​ ជា​កូន​របស់​លោក​អេឡាសារ ហើយ​ចាត់​លោក​ទាំង​ពីរ​ឲ្យ​ទៅ​ក្រុង​រ៉ូម ដើម្បី​ចុះ​សន្ធិ​សញ្ញា និង​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​ជន​ជាតិ​រ៉ូម៉ាំង។ ១៨​លោក​យូដា​ធ្វើ​ដូច្នេះ ដើម្បី​រំដោះ​ជន​ជាតិ​របស់​ខ្លួន ឲ្យ​រួច​ពី​នឹម​របស់​ពួក​ស៊ីរី​ដែល​ជិះ​ជាន់ និង​ធ្វើ​ឲ្យ​ប្រជា​ជន​អ៊ីស្រាអែល​ទៅ​ជា​ទាសករ​របស់​គេ។ ១៩​លោក​ទាំង​ពីរ​ចេញ​ដំណើរ​ទៅ​ក្រុង​រ៉ូម។ ក្រោយ​ពី​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​យ៉ាង​យូរ លោក​អឺប៉ូលែម​ និង​លោក​យ៉ាសូន​មក​ដល់​ក្រុង​រ៉ូម ហើយ​ចូល​ទៅ​ជួប​ព្រឹទ្ធ​សភា រួច​មាន​ប្រសាសន៍​ថា៖ ២០«លោក​យូដា​ម៉ាកាបាយ​និង​បង​ប្អូន​របស់​លោក រួម​ទាំង​ប្រជា​ជន​យូដា ចាត់​យើង​ខ្ញុំ​ឲ្យ​មក​សុំ​សន្តិ​ភាព និង​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​អស់​លោក»។ ២១​ព្រឹទ្ធសភា​ពេញ​ចិត្ត ហើយ​យល់​ព្រម​តាម​សំណូម​ពរ​របស់​លោក​ទាំង​ពីរ។

២២នេះ​ជា​សេចក្ដី​ចម្លង​នៃ​លិខិត ដែល​អស់​លោក​បាន​ចារឹក​លើ​បន្ទះ​លង្ហិន ផ្ញើ​ទៅ​ក្រុង​យេរូ​សាឡឹម ដើម្បី​រំលឹក​ជន​ជាតិ​យូដា អំពី​សន្ធិ​សញ្ញា​សម្ព័ន្ធ​មិត្ត និង​សន្តិ​ភាព៖

២៣«សូម​ឲ្យ​ជន​ជាតិ​រ៉ូម៉ាំង និង​ជន​ជាតិ​យូដា​រីក​ចម្រើន​ឡើង ទាំង​នៅ​លើ​ដែន​សមុទ្រ ទាំង​នៅ​លើ​ផែន​ដី​ជា​ដ៏​រាប​ត​រៀង​ទៅ! សូម​ឲ្យ​ខ្មាំង​សត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ជាតិ​ទាំង​ពីរ!។ ២៤ប៉ុន្តែ បើ​ខ្មាំង​សត្រូវ​វាយ​ប្រហារ​ក្រុង​រ៉ូម ឬ សម្ព័ន្ធ​មិត្ត​ណា​មួយ​នៃ​ក្រុង​នេះ នៅ​កន្លែង​ណា​ដែល​ជន​ជាតិ​រ៉ូម៉ាំង​គ្រប់​គ្រង ២៥ប្រជាជាតិ​យូដា​នឹង​ចូល​រួម​ជាមួយ​ក្រុង​ធ្វើ​សង្គ្រាម ដោយ​អស់​ពីចិត្ត​ពី​ថ្លើម តាម​សេចក្ដី​ត្រូវ​ការ​នៅ​ពេល​នោះ។ ២៦តាម​ការ​សម្រេច របស់​ក្រុង​រ៉ូម ជន​ជាតិ​យូដា​មិន​ត្រូវ​ផ្ដល់​ស្បៀង​អាហារ អាវុធ ប្រាក់ ឬ សំពៅ​ឲ្យ​ពួក​ខ្មាំង​សត្រូវ សូម្បី តែ​ខ្ចី​ក៏​មិន​បាន​ដែរ។ ជន​ជាតិ​យូដា​ត្រូវ​តែ​គោរព​កិច្ច​ព្រម​ព្រៀង​នេះ ដោយ​មិន​ទទួល​អ្វី​ជា​សគុណ​វិញ​ឡើយ។ ២៧តាម​របៀប​ដដែល ប្រសិន​បើ​ខ្មាំង​សត្រូវ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ជន​ជាតិ​យូដា ជន​ជាតិ រ៉ូម៉ាំង​នឹង​ចូល​រួម​ជាមួយ​ជន​ជាតិ​យូដា​ធ្វើ​សង្គ្រាម ដោយ​អស់​ពីចិត្ត​ថ្លើម តាម​សេចក្ដី​ត្រូវ​ការ​នៅ​ពេល​នោះ​ដែរ។ ២៩ជន​ជាតិ​រ៉ូម៉ាំង​ក៏​មិន​ត្រូវ​ផ្ដល់​ស្បៀង អាវុធ ប្រាក់ ឬ​សំពៅ​ឲ្យ​ខ្មាំង​តាម​ការ​សម្រេច​របស់​ក្រុង​រ៉ូម​ដូច​គ្នា។ ជន​ជាតិ​រ៉ូម៉ាំង​នឹង​គោរព​កិច្ច​ព្រម​ព្រៀង​នេះ​ដោយ​ស្មោះ។ ជន​ជាតិ​រ៉ូម៉ាំង​ចុះ​សន្ធិ​សញ្ញា​ជាមួយ​ជន​ជាតិ​យូដា តាម​លក្ខន្តិកៈ​នេះ។ ៣០នៅ​ពេល​អនាគត ប្រសិន​បើ​សម្ព័ន្ធ​មិត្ត​ទាំង​ពីរ​សម្រេច​ចិត្ត​នឹង​បន្ថែម ឬ​បន្ថយ​សេចក្ដី​ណា​មួយ ក្នុង​កិច្ច​ព្រមព្រៀង​នេះ គេ​នឹង​ប្រព្រឹត្ត​បាន​តាម​ការ​សម្រេច​របស់​ពួក​គេ ហើយ​ត្រូវ​អនុវត្ត​តាម​សេចក្ដី​បន្ថែម ឬ​បន្ថយ​នោះ ទុក​ជា​ផ្លូវ​ការ​តាម​ច្បាប់»។ ៣១ចំពោះ​អំពើ​អាក្រក់​ដែល​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​បាន​ប្រព្រឹត្ត មក​លើ​ប្រជា​ជន​យូដា យើង​បាន​សរសេរ​លិខិត ថ្វាយ​ព្រះ​មហា​ក្សត្រ ដែល​មាន​សេចក្ដី​ដូច​តទៅ៖ «ហេតុអ្វី​បាន​ជា​ព្រះ​ករុណា​ជិះ​ជាន់​សង្កត់​សង្កិន​ប្រជា​ជន​យូដា ដែល​ជា​មិត្ត និង​សម្ព័ន្ធ​មិត្ត​របស់​យើង​ដូច្នេះ? ៣២​ប្រសិន​បើ​ពួក​គេ​នៅ​តែ​ប្ដឹង​យើង​អំពី​ព្រះ ករុណា​ម្ដង​ទៀត យើង​នឹង​គាំទ្រ​ពួក​គេ ហើយ​ចេញ​ទៅ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ព្រះ​ករុណា ទាំង​នៅ​ដែន​សមុទ្រ ទាំង​នៅ​លើ​ដី​ផង»។