ម៉ាកាបាយ (០៧)

ព្រះបាទ​ដេម៉េទ្រីយ៉ូស​ឡើង​សោយរាជ្យ
១​នៅ​ឆ្នាំ ១៥១ ព្រះ​អង្គ​ម្ចាស់​ដេម៉េទ្រីយ៉ូស ជា​បុត្រ​របស់​ព្រះ​បាទ​សេលើគូស រត់​ចេញ​ពី​ក្រុង រ៉ូម​ទាំង​នាំ​ពល​ទាហាន​មួយ​ក្រុម​តូច​មក​ជាមួយ​ផង។ ព្រះ​អង្គ​ម្ចាស់​យាង​ទៅ​គង់​ក្នុង​ក្រុង​មួយ​ នៅ​តាម​ឆ្នេរ​សមុទ្រ ហើយ​ប្រកាស​ខ្លួន​ជា​ស្ដេច​សោយ​រាជ្យ។ ២​ពេល​ព្រះ​បាទ​ដេម៉េទ្រីយ៉ូស យាង​ចូល​ទៅ​រាជ​វាំង​របស់​អយ្យកោ កង​ទ័ព​បាន​ចាប់​ព្រះ​អន់​ទី​យ៉ូគូស និង​លោក​លីស៊ីយ៉ា​បម្រុង​នឹង​បញ្ជូន​មក​ថ្វាយ​ស្ដេច។ ៣​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​ជ្រាប​ដំណឹង​នេះ​ហើយ ក៏​មាន​រាជ​ឱង្ការ​ថា៖ «យើង​មិន​ចង់​ឃើញ​មុខ​ពួក​គេ​ទេ!»។ ៤​ដូច្នេះ​កង​ទ័ព​ប្រហារ​ជីវិត​លោក​ទាំង​ពីរ ហើយ​ព្រះ​បាទ​ដេទ្រី​យ៉ូស​ក៏​ឡើង​សោយ​រាជ្យ។ ៥​នៅ​គ្រា​នោះ​ជន​ពាល​ក្បត់​សាសនា​ដែល​រស់​នៅ​ស្រុក​អ៊ីស្រាអែល មួយ​ចំនួន​ចូល​មក​គាល់​ស្ដេច ដោយ​មាន​លោក​អាល់​គីម​ជា​អ្នក​នាំ​មុខ​គេ។ លោក​អាលគីម​នោះ​មាន​ចិត្ត​លោភ​លន់ ចង់​បាន​មុខ​ងារ​ជា​មហា​បូជាចារ្យ។ ពួក​គេ​ក៏​និយាយ​មួល​បង្កាច់​ប្រជា​ជន​ របស់​ខ្លួន ដោយ​ទូល​ស្ដេច​ថា៖​«លោក​យូដា និង​បង​ប្អូន​គាត់​បាន​សម្លាប់​អស់​អ្នក​ដែល​គាំ​ទ្រ​ស្ដេច ហើយ​បណ្ដេញ​ទូល​បង្គំ​យើង​ខ្ញុំ​ ចេញ​ពី​ស្រុក​ទៀត​ផង។ ហេតុ​នេះ សូម​ព្រះ​ករុណា​ចាត់​មនុស្ស​ម្នាក់​ដែល​គួរ​ទុក​ចិត្ត ឲ្យ​ទៅ​ពិនិត្យ​មើល​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​លោក​យូដា​បាន​បំផ្លាញ​នៅ​លើ​ទឹក​ដី​របស់​ទូល​បង្គំ​យើងខ្ញុំ និង​ក្នុង​ស្រុក​ព្រះ​ករុណា។ សូម​ព្រះ​អង្គ​ដាក់​ទោស​លោក​យូដា បង​ប្អូន​គាត់ និង​បក្ស​ពួក​ដែល​ជួយ​គេ​ផង»។

បេសកកម្ម​របស់​លោក​បាកឃីដែស
៨​ព្រះ​មហា​ក្សត្រ​ជ្រើស​រើស​លោក​បាឃីដែស ជា​មន្ត្រី​ជំនិត ដែល​ត្រួត​លើ​ស្រុក​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត។ លោក​មាន​ឋានៈ​ខ្ពង់​ខ្ពស់​ក្នុង​រាជា​ណា​ចក្រ ហើយ​ស្មោះ​ត្រង់​ចំពោះ​ស្ដេច។ ៩​ព្រះ​រាជា លោក​ឲ្យ​ទៅ​ជាមួយ​ជន​ពាល​អាលគីម។ ទ្រង់​ក៏​តែង​តាំង​លោក​អាលគីម​ឲ្យ​បំពេញ​មុខ​ងារ​ជា​មហា​បូជាចារ្យ ហើយ​បញ្ជា​ឲ្យ​លោក​អាលគីម​ធ្វើ​បាប​ជន​ជាតិ​យូដា ដើម្បី​សង​សឹក។ ១០​លោក​ទាំង​ពីរ​ចេញ ដំណើរ ដោយ​នាំ​កង​ទ័ព​ជាច្រើន​ទៅ​ជាមួយ​ផង។ លុះ​មក​ដល់​ស្រុក​យូដា គេ​ចាត់​អ្នក​នាំ​សារ​ទៅ​ជួប​លោក​យូដា និង​បង​ប្អូន​លោក​ដើម្បី​សុំ​សន្តិ​ភាព ក្នុង​គោល​បំណង​បញ្ឆោត​អស់​លោក។ ១១​ប៉ុន្តែ ជន​ជាតិ​យូដា​ឃើញ​ថា​ លោក​ទាំង​ពីរ​មក​ស្រុក​គេ​ទាំង​នាំ​កង​ទ័ព​ដ៏​ខ្លាំង​ពូកែ​មក​ជាមួយ​ផង​នោះ គេ​ក៏​មិន​ជឿ​ទុក​ចិត្ត​លើ​កិច្ច​ចរចា​ របស់​លោក​ទាំង​ពីរ​ទេ។ ១២ប៉ុន្តែ មាន​គណៈ​កម្មការ​ធម្មាចារ្យ​ទៅ​ជួប​ជុំ នៅ​ផ្ទះ​លោក​អាលគីម និង​លោក​បាឃីដែស ដើម្បី​ចរចា​ស្វែង​រក​សន្តិភាព​ដ៏​ត្រឹម​ត្រូវ។ ១៣​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល មាន​ពួក​ហាស្ស៊ីឌីម​សុខ​ចិត្ត​ចុះ​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​មុន​គេ។ ១៤​ពួក​ហ្ស៊ីឌីម​នោះ​និយាយ​ថា៖​«លោក​អាលគីម​ដែល​មក​ជាមួយ​កង​ទ័ព​របស់​ស្ដេច ជា​បូជាចារ្យ​ម្នាក់​ក្នុង​វង្ស ត្រកូល​លោក​អរ៉ូន! លោក​ពិត​ជា​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ចំពោះ​ពួក​យើង​ទេ!»។ ១៥​លោក​អាលគីម​ចេះ​តែ​ពោល​ជាមួយ​គេ អំពី​សន្តិ​ភាព ហើយ​អះ​អាង​ដោយ​ស្បថ​ថា៖ «យើង​មិន​ធ្វើ​បាប​អ្វី​ចំពោះ​បង​ប្អូន ឬ​ចំពោះ​មិត្តភ័ក្ដិ​របស់​បង​ប្អូន​ឡើយ!»។ ១៦​ពួកគេ​ជឿ​ទុក​ចិត្ត​ពាក្យ​សំដី​ផ្អែម​ល្ហែម​របស់​លោក​អាលគីម។ ប៉ុន្តែ លោក​អាលគីម​ចាប់​ពួក​ហាស្ស៊ីឌីម​ចំនួន​ហុកសិប​នាក់​ យក​ទៅ​ប្រហារ​ជីវិត ក្នុង​ថ្ងៃ​តែ​មួយ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា៖១៧«ពួក​គេ​បាន​បង្ហូរ​ឈាម​អ្នក​បម្រើ​ដ៏​បរិសុទ្ធ​របស់​ព្រះ​អង្គ ព្រម​ទាំង​ទុក​សាក​សព​ចោល ពាស​ពេញ​នៅ​ជុំវិញ​ក្រុង​យេរូសាឡឹម។ គ្មាន​នរណា​ម្នាក់​យក​សាក​សព​របស់​គេ​ទៅ​បញ្ចុះ​ឡើយ»។ ១៨​ពេល​នោះ ប្រជា​ជន​ទាំង​អស់​ជ្រួល​ច្របល់ និង​ភ័យ​ខ្លាច​ហើយ​និយាយ​ថា៖ ​«ពួក​នេះ​ជា​មនុស្ស​កុហក​បោក​ប្រាស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​​ គេ​មិន​គោរព​កិច្ច​ព្រម​ព្រៀង និង​បំពាន​សម្បថ​របស់​គេ​ហើយ»។ ១៩​រីឯ​លោក​បាន​ឃីដែស​វិញ លោក​ចាក​ចេញ​ពី​ក្រុង​យេរូ​សាឡឹម ទៅ​បោះ​ទ័ព​នៅ​ក្រុង​បេតសែត។ លោក​បញ្ជា​ឲ្យ​គេ​ទៅ​ចាប់​ជន​ជាតិ​យូដា​ជាច្រើន ដែល​ចូល​ខាង លោក និង​ប្រជា​ជន​ខ្លះ​យក​ទៅ​កាត់​ក ហើយ​យក​សាក​សព​របស់​ពួក​គេ ទៅ​បោះ​ចោល​ក្នុង​អណ្តូង​ដ៏​ជ្រៅ​មួយ។ ២០​លោក​ប្រគល់​អាណា​ខេត្ត​នេះ ឲ្យ​លោក​អាលគីម​កាន់​កាប់ ព្រម​ទាំង​ទុក​កង​ទ័ព​សម្រាប់​ជួយ​លោក​ផង រួច​លោក​បាកឃី​ដែស​វិល​ត្រឡប់​ ទៅ​រក​ព្រះ​មហា​ក្សត្រ​វិញ។ ២១លោក​អាលគីម​ខិត​ខំ​រិះរក​មធ្យោបាយ ដើម្បី​ឲ្យ​ប្រជា​ជន​ទទួល​ស្គាល់​លោក​ ជា​មហា​បូជាចារ្យ។ ២២ពួក​អ្នក​បង្ក​ចលាចល ក្នុង​ចំណោម​ប្រជា​ជន ក៏​បាន​ចូល​រួម​ជាមួយ​ដែរ។ ពួក​គេ​កាន់​កាប់​ស្រុក​យូដា និង​ធ្វើ​បាប​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ខ្លាំង​ផង។ ២៣​លោក​យូដា​យល់​ឃើញ​ថា លោក​អាលគីម និង​បក្ស​ពួក​គេ ធ្វើ​បាប​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល ខ្លាំង​ជាង​សាសន៍​ដទៃ ដែល​បាន​ធ្វើ​បាប​ប្រជា​ជន​អ៊ីស្រាអែល ពីមុន​នោះ​ទៅ​ទៀត។ ២៤ដូច្នេះ លោក​ធ្វើ​ដំណើរ​ទៅ​គ្រប់​តំបន់​នៃ​ស្រុក​យូដា​ទាំង​មូល។ លោក​ប្រហារ​ជីវិត​ពួក​ក្បត់​សាសនា និង​រារាំង​ផ្លូវ​ពួក​គេ​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​បាន​ឡើយ។

លោក​នីកាន័រ
២៥​លោក​អាលគីម​យល់​ឃើញ​ថា លោក​យូដា​និង​មិត្ត​ភក្តិ​របស់​លោក មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង​ៗ មិន​អាច​ទប់​ទល់​បាន​ដូច្នេះ គាត់​ក៏​ត្រឡប់​ទៅ​គល់​ព្រះ​មហា​ក្សត្រ​វិញ ហើយ​ចោទ​ប្រកាន់​ថា ពួក​គេ​ប្រព្រឹត្ត​ការ​អាក្រក់​ជា​ច្រើន។

២៦ព្រះ​រាជា​ចាត់​លោក​នីកាន័រ ជា​មេទ័ព​ម្នាក់​ក្នុង​ចំណោម​មេទ័ព​ ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​ជាង​គេ ជា​អ្នក​ដែល​ស្អប់ ហើយ​ប្រឆាំង​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ខ្លាំង។ លោក​ទទួល​រាជ​បញ្ជា​ឲ្យ ប្រល័យ​ពូជ​សាសន៍​អ៊ីស្រាអែល​ ទាំង​អស់។ ២៧លោក​មក​ដល់​ក្រុង​យេរូសាឡឹម ទាំង​នាំ​កង​ទ័ព​ជា​ច្រើន​មក​ជាមួយ​ផង។ លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យូដា និង​បង​ប្អូន​របស់​លោក​អំពី​សន្តិ​ភាព ដោយ​មាន​បំណង​ចង់​បញ្ឆោត​គេ​ថា៖ ២៨«យើង​មិន​ត្រូវ​វាយ​ប្រយុទ្ធ​គ្នា​ឡើយ។ ខ្ញុំ​មក​ជួប​អស់​លោក​ដើម្បី​ចរចា​រក​សន្តិ​ភាព ខ្ញុំ​នាំ​កង​ការពារ​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​មក​ជាមួយ»។ ២៩លោក​មក​ដល់​ផ្ទះ​លោក​យូដា ហើយ​លោក​ទាំង​ពីរ​សួរ​សុខ​ទុក្ខ​គ្នា​ដូច​មិត្ត​ធម្មតា ប៉ុន្តែ ពួក​សត្រូវ​ត្រៀម​នឹង​ចាប់​លោក​យូដា។ ៣០លោក​យូដា​យល់​ឃើញ​ថា លោក​នីកាន័រ​មក​ផ្ទះ​គាត់​នេះ គឺ​មាន​គម្រោង​បោក​បញ្ឆោត គាត់​ភ័យ​ខ្លាច ហើយ​មិន​ព្រម​និយាយ​ចរចា​ទៀត​ឡើយ។ ៣១ពេល​នោះ លោក​នីកាន័រ​យល់​ឃើញ​ថា គេ​ស្គាល់​កល​ល្បិច​របស់​ខ្លួន ក៏​នាំ​កង​ទ័ព​ទៅ​ប្រយុទ្ធ​នឹង​លោក​យូដា នៅ​ក្បែរ​ក្រុង​ខាផា​សាឡាម៉ា។ ៣២ពេល​នោះ​មាន​កង​ទ័ព​របស់​លោក​នីកាន័រ ប្រហែល​ប្រាំ​រយ​នាក់ បាត់​បង់​ជីវិត​នៅ​លើ​សមរភូមិ ហើយ​កង​ទ័ព​ដែល​នៅ​សេស​សល់​ពី​ស្លាប់ រត់​គេច​ខ្លួន​ទៅ​កាន់​បុរី​ព្រះ​បាទ​ដាវីឌ។ ៣៣ក្រោយ​ពី​ហេតុ​ការណ៍​មក លោក​នីកាន័រ​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំ​ស៊ីយ៉ូន។ ពេល​នោះ​មាន​ក្រុម​បូជាចារ្យ និង​ព្រឹទ្ធាចារ្យ​ខ្លះ​ចេញ​ពី​ព្រះ​វិហារ​ទៅ​ទទួល​លោក​នីកាន័រ​យ៉ាង​រាក់​ទាក់ ព្រម​ទាំង​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ដែល​គេ​ធ្លាប់​ថ្វាយ​ព្រះជាម្ចាស់ ដើម្បី​ឲ្យ​ព្រះ​អង្គ​ប្រទាន​ពរ​ដល់​ព្រះ​មហា​ក្សត្រ។ ៣៤ប៉ុន្តែ លោក​នីកាន័រ​ចំអក ហើយ​ជេរ​ប្រមាថ​ពួក​គេ ដោយ​ពោល​ពាក្យ​យ៉ាង​ព្រហើន​ផង។ ៣៥លោក​ខឹង​ជា​ខ្លាំង​ហើយ​ស្បថ​ថា៖ «លើក​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បញ្ជូន​យូដា និង​កង​ទ័ព​របស់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ​ទេ ហើយ​ប្រសិន​បើ​ខ្ញុំ​ទទួល​ជ័យ​ជម្នះ​នោះ ពេល​ខ្ញុំ​វិល​ត្រឡប់​មក​វិញ ខ្ញុំ​មុខ​ជា​ដុត​បំផ្លាញ​ព្រះ​វិហារ​នេះ​ចោល!»។ លោក​ចេញ​ទៅ​ទាំង​ក្រេវ​ក្រោធ​យ៉ាង​ខ្លាំង។ ៣៦លោក​បូជាចារ្យ នាំគ្នា​ចូល​ខាង​ក្នុង​ព្រះ​វិហារ​វិញ រូច​ឈរ​នៅ​មុខ​អាសនៈ និង​នៅ​មុខ​ព្រះ​វិហារ ហើយ​ទូល​អង្វរ​ដោយ​យំ​ថា៖ ៣៧«បពិត្រ​ព្រះជាម្ចាស់! ព្រះ​អង្គ​បាន​ជ្រើស​រើស​ព្រះ​ដំណាក់​នេះ ជា​ព្រះ​ដំណាក់​របស់​ព្រះ​អង្គ​ផ្ទាល់ ដើម្បី​ឲ្យ​ទៅ​ជា​កន្លែង​អធិដ្ឋាន និង​អង្វរ​ព្រះ​អង្គ​ផង។ ៣៨សូម​ទ្រង់​ព្រះ​មេត្តា​ដាក់​ទោស​ជន​នេះ និង​កង​ទ័ព​របស់​គេ! សូម​ឲ្យ​ពួក​គេ​ស្លាប់​ដោយ​មុខ​ដាវ! សូម​កុំ​បំភ្លេច​ពាក្យ​ប្រមាថ​របស់​ពួក​គេ! សូម​កុំ​ត្រា​ប្រណី​ពួក​គេ​ឡើយ»។                                                                  

 លោក​នីកាន័រ​បាត់បង់​ជីវិត
៣៩​លោក​នីកាន័រ​ចាក​ចេញ​ ពី​ក្រុង​យេរូសាឡឹម​ទៅ​បោះ​ទ័ព​នៅ​ក្រុង​បេត​ហូរ៉ូន។ មាន​កង​ទ័ព​ពី​ស្រុក​ស៊ីរី ចូល​មក​រួម​ជាមួយ​លោក​នៅ​ទីនោះ។ ៤០រីឯ​លោក​យូដា និង​ពល​ទ័ព​ចំនួន​បី​ពាន់​នាក់​វិញ បាន​បោះ​ទ័ព​នៅ​ភូមិ​អាដាសា។ លោក​យូដា​ទូល​អង្វរ​ព្រះជាម្ចាស់​ដូច​តទៅ៖ ៤១«បពិត្រ​ព្រះ​ជា​ម្ចាស់! កាល​ពីដើម នៅ​ពេល​មាន​អ្នក​នាំ​សារ​របស់​ស្ដេច​ប្រមាថ​ព្រះអង្គ ទេវទូត​របស់​ព្រះ​អង្គ​យាង​មក ហើយ​ប្រហារ​ជីវិត​សត្រូវ អស់​មួយ​សែន​ប្រាំបី​ម៉ឺន​ប្រាំ​ពាន់​នាក់។ ៤២​នៅ​ថ្ងៃ​នេះ សូម​ព្រះ​អង្គ​កម្ទេច​កង​ទ័ព​នោះ នៅ​មុខ​ពួក​យើង​ខ្ញុំ​ផង! សូម​ឲ្យ​កង​ទ័ព​ឯទៀត​ៗ​ដឹង​ថា លោក​នីកាន័រ​បាន​ជេរ​ប្រមាថ​ទី​សក្ការៈ​របស់​ព្រះ​អង្គ។ សូម​ដាក់​ទោស​គាត់ តាម​អំពើ​អាក្រក់​ដែល​គាត់​បាន​ធ្វើ»។ ៤៣​ថ្ងៃ​ទី​១៣​ខែ​អាដារ ដែល​ត្រូវ​នឹង​ខែ​ផល្គុន កង​ទ័ព​ទាំង​ពីរ​ប្រយុទ្ធ​គ្នា ហើយ​កង​ទ័ព​របស់​លោក​យូដា​កម្ទេច​កង​ទ័ព​របស់​លោក​នីកាន័រ។ លោក​នីកាន័រ​ក៏​បាត់​បង់​ជីវិត​នៅ​លើ​សមរ​ភូមិ​មុន​គេ​បង្អស់។ ៤៤​កាល​ពល​ទាហាន​របស់​លោក​នីកាន័រ​ឃើញ​ថា មេទ័ព​របស់​ខ្លួន​ត្រូវ​គេ​សម្លាប់​ហើយ ពួក​គេ​បោះ​អាវុធ​ចោល ហើយ​រត់​យក​តែ​ប្រាស​អាយុ​គ្រប់​ៗ​គ្នា។ ៤៥កង​ទ័ព​យូដា​ដេញ​តាម​ពួក​គេ​អស់​មួយ​ថ្ងៃ តាំង​ពី​ក្រុង​អាដាសារ រហូត​ដល់​ទីវាល​ក្បែរ​ក្រុង​ហ្កាសារ៉ា ព្រម​ទាំង​មាន​ស្នូរ​ត្រែ​ លាន់​ឮ​រំពង​ទៀត​ផង។ ៤៦ប្រជា​ជន​យូដា​ចេញ​ពី​គ្រប់​សមរភូមិ​ មក​ឡោម​ព័ទ្ធ​ពួក​គេ និង​ដេញ​កៀង​ពួក​គេ ទៅ​ឲ្យ​កង​ទ័ព​របស់​លោក​យូដា។ សត្រូវ​ដួល​នៅ​មុខ​ដាវ ហើយ​គ្មាន​នរណា​ម្នាក់​រត់​រួច​ពី​ស្លាប់​ឡើយ។ ៤៧​ជន​ជាតិ​យូដា​ប្រមូល​អាវុធ​របស់​សត្រូវ និង​ជយ​ភណ្ឌ។ គេ​កាត់​ក​និង​ដៃ​ស្តាំ​របស់​លោក​នីកាន័រ គឺ​ដៃ​ដែល​លោក​បាន​លើក​ឡើង​យ៉ាង​ព្រហើន​ប្រឆាំង​នឹង​ព្រះ​វិហារ។ គេ​យក​ទាំង​ក្បាល​និង​ដៃ​របស់​លោក ទៅ​តាំង​នៅ​ក្រុង​យេរូសាឡឹម ឲ្យ​មនុស្ស​ម្នា​ឃើញ​គ្រប់ ៗ​ គ្នា។ ៤៨​ប្រជា​ជន​យូដា​ត្រេក​អរ​យ៉ាង​ក្រៃ​លែង គេ​នាំ​គ្នា​ធ្វើ​បុណ្យ​នៅ​ថ្ងៃ​នោះ​ផង។ ៤៩​គេ​ចេញ​ច្បាប់​កំណត់​យក​ថ្ងៃ​ទី​១៣ ខែ​អាដារ ដែល​ត្រូវ​នឹង​ខែ​ផល្គុន ឲ្យ​ប្រជា​ជន​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ជា​រៀង​រាល់​ឆ្នាំ។ សន្តិ​ភាព​ក៏​កើត​មាន​ក្នុង​ស្រុក​យូដា​តែ​ក្នុង​រយៈ​ពេល​ដ៏ខ្លី​ប៉ុណ្ណោះ។