ម៉ាកាបាយ (០៦)

ព្រះបាទ​អន់ទីយ៉ូគូស ធ្វើ​ដំណើរ​យាង​ទៅ​មក​កាត់​ស្រុក​ខាង​ជើង ទ្រង់​បាន​ឮ​គេ​និយាយ​ថា នៅ​ស្រុក​ពែរ្ស​មាន​ក្រុង​មួយ​ឈ្មោះ អេលី​ម៉ាអ៊ីស។ អ្នក​ក្រុង​នេះ​ល្បី​ថា សំបូរ​មាស​ប្រាក់​និង​ភោគ​ទ្រព្យ​ជា​ច្រើន គឺ​មាន​ខែល​ធ្វើ​ពី​មាស អាវ​ក្រោះ​ព្រម​ទាំង​អាវុធ​ដែល​ព្រះ​បាទ​អឡិច​សង់ បាន​ទុក​ក្នុង​ទី​សក្ការៈ​នៃ​ក្រុង​នោះ​ជា​ដើម។ ព្រះ​បាទ​អឡិច​សង់ ជា​បុត្រ​របស់​ព្រះ​បាទ​ភីលីព ជា​មហា​ក្សត្រ​របស់​ជន​ជាតិ​ម៉ាសេ​ដូន ដែល​គ្រប់​គ្រង​លើ​ជន​ជាតិ​ក្រិក​មុន​គេ។ ព្រះបាទ អន់ទី​យ៉ូគូស យាង​ទៅ​ក្រុង​នោះ រិះ​រក​មធ្យោបាយ​ដណ្ដើម​យក​ក្រុង​នេះ ដើម្បី​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ប៉ុន្តែ ត្រូវ​បរា​ជ័យ ព្រោះ​អ្នក​ក្រុង​បាន​ដឹង​ពី​គម្រោង​ការ​ជា​មុន។ ពួក​គេ​លើក​គ្នា​មក​ប្រយុទ្ធ​នឹង​ស្ដេច​វិញ ហើយ​ស្ដេច​ក៏​បាក់​ទ័ព​យាង​ត្រឡប់​ទៅ​ស្រុក​បាប៊ីឡូន​ដោយ​អាម៉ាស់​ជា​ខ្លាំង។

ពេល​ព្រះ​រាជា​នៅ​ស្រុក​ពែរ្ស​នៅ​ឡើយ មាន​គេ​មក​ទូល​ថា កង​ទ័ព​ដែល​ចេញ​ទៅ​វាយ​យក ស្រុក​យូដា​ទទួល​បរា​ជ័យ គឺ​ជន​ជាតិ​យូដា​វាយ​កម្ទេច​កង​ទ័ព​ដ៏​ខ្លាំង​ពូកែ ដែល​លោក​មេ​បញ្ជា​ការ លី​ស៊ីយ៉ាស បាន​នាំ​ទៅ​វាយ​ស្រុក​នោះ​ថែម​ទៀត។ ជន​ជាតិ​យូដា​ក៏​រឹប​អូស​យក​គ្រឿង​សស្ត្រាវុធ និង​ជយ​ភណ្ឌ​គ្រប់​បែប​យ៉ាង ពី​កង​ទ័ព​ដែល​ចាញ់។ ដូច្នេះ ពួក​គេ​មាន​កម្លាំង​ជាង​ពី​មុន។ ពួក​គេ​បាន​រំលំ​រូប​បដិមា​គួរ​ស្អប់​ខ្ពើម ដែល​ស្ដេច​បាន​តម្កល់​នៅ​លើ​អាសនៈ ក្នុង​ព្រះ​វិហារ​ក្រុង​យេរូសាឡឹម។ ពួក​គេ​បាន​សង់​កំពែង​យ៉ាង​ខ្ពស់ ជុំវិញ​ព្រះ​វិហារ​ជាថ្មី​ឡើង​វិញ​ដូច​កាល​ពី​ដើម ហើយ​ក៏​សង់​កំពែង​ជុំវិញ​ក្រុង​បេតសួរ ដែល​ជា​ក្រុង​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ស្ដេច​ផ្ទាល់​ដែរ។ កាល​ព្រះ​រាជា​ជ្រាប​ដំណឹង​ទាំង​នោះ ក៏​ស្រឡាំងកាំង ហើយ​រំជួល​ព្រះ​ហឫ​ទ័យ​យ៉ាង​ខ្លាំង។ ទ្រង់​ដួល​ទៅ​លើ​ក្រឡា​បន្ទំ ហើយ​ប្រឈួន​ដោយ​ព្រួយ​ព្រះ​ហឫទ័យ​ខ្លាំង​ពេក ព្រោះ​ហេតុ​ការណ៍​ទាំង​អស់ មិន​បាន​កើត​ឡើង ស្រប​តាម​ព្រះ​ហឫទ័យ​ឡើយ។ ស្ដេច​ស្ថិត​ក្នុង​សភាព​បែប​នេះ​ជា​យូរ​ថ្ងៃ ដ្បិត​ទ្រង់​ព្រួយ​បារម្ភ​យ៉ាង ខ្លាំង។ កាល​ព្រះ​រាជា​យល់​ថា ខ្លួន​ជិត​ចូល​ទិវង្គត ១០ស្ដេច​កោះ​ហៅ​មន្ត្រី​ទាំង​អស់​ ឲ្យ​មក​ជួប​ប្រជុំ ហើយ​មាន​រាជ​ឱង្ការ​ថា៖ «យើង​ផ្ទំ​មិន​លក់​ទេ ហើយ​តប់​ប្រមល់​ក្នុង​ព្រះ​រាជ​ហឫទ័យ​ ខ្លាំង​ណាស់ ១១ហើយ​សួរ​ខ្លួន​យើង​ផ្ទាល់​ថា ហេតុ​អ្វី​បាន​ជា​យើង​រង​ទុក្ខ​វេទនា​ដូច្នេះ? ក្នុង​ពេល​ដែល​យើង​មាន​អំណាច យើង​មាន​ព្រះ​ហឫទ័យ​សប្បាយ​យ៉ាង​ក្រៃ​លែង ហើយ​មនុស្ស​ម្នា​ក៏​ស្រឡាញ់​យើង​ដែរ។ ១២ប៉ុន្តែ​ឥឡូវ​នេះ យើង​នឹក​ឃើញ​ពី​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ប្រព្រឹត្ត​នៅ​ក្រុង​យេរូ​សាឡឹម គឺ​យើង​រឹប​អូស​យក​គ្រឿង​មាស​ប្រាក់​ទាំង​ប៉ុន្មាន ពី​ក្រុង​នោះ យើង​បាន​បញ្ជា​ឲ្យ​គេ​សម្លាប់​រង្គាល​ជន​ជាតិ​យូដា ដោយ​គ្មាន​មូល​ហេតុ។ ១៣យើង​យល់​ថា យើង​កើត​ទុក្ខ​យ៉ាង​នេះ ​បណ្ដាល​មក​ពី​អំពើ​អាក្រក់ ដែល​យើង​បាន​ប្រព្រឹត្ត​នៅ​ពេល​នោះ ហើយ​យើង​ត្រូវ​សោយ​ទិវង្គត​ដោយ​ព្រួយ​ព្រះ​ហឫទ័យ​ នៅ​លើ​ទឹក​ដី​បរទេស​ទៀត​ផង!»។ ១៤ព្រះ​បាទ​អន់ទីយ៉ូគូស ហៅ​លោក​ភីលីព​ជា​មន្ត្រី​ជំនិត​ម្នាក់ ហើយ​តែង​តាំង​លោក​ឲ្យ​គ្រប់​គ្រង​រាជា​ណា​ចក្រ​ទាំង​មូល។ ១៥ទ្រង់​ក៏​ប្រទាន​មកុដ ព្រះ​ភូសា និង​ត្រា ឲ្យ​លោក​ទៀត​ផង ព្រម​ទាំង​ផ្ញើ​រាជា​បុត្រ​ព្រះ​នាម​អន់ទីយ៉ូគូស​ឲ្យ​លោក​ចិញ្ចឹម​និង​អប់រំ ដើម្បី​ឲ្យ​រាជ​បុត្រ​នេះ ឡើង​សោយ​រាជ្យ​នៅ​ពេល​ក្រោយ។ ១៦ព្រះបាទ​អន់ទីយ៉ូគូស​សោយ​ទិវង្គត​នៅ​ទីនោះ​ក្នុង​ឆ្នាំ​១៤៩។ ១៧កាល​លោក​មេ​បញ្ជា​ការ​លីស៊ីយ៉ាស​ទទួល​ដំណឹង​ថា ព្រះ​បាទ​អន់ទីយ៉ូគូស​សោយ​ទិវង្គត​ហើយ លោក​តែង​តាំង​ព្រះ​បាទ​អន់ទី​យ៉ូគូស ជា​បុត្រ​ដែល​លោក​បាន​អប់រំ​តាំង​ពី​រាជ​កុមារ​មក​នោះ ឲ្យ​ឡើង​ស្នង​រាជ្យ។ លោក​ស៊ីលីយ៉ា​ថ្វាយ​នាម​បុត្រ​នោះ​ថា ព្រះ​បាទ​អឺប៉ាទ័រ។

កង​ទ័ព​យូដា​ឡោមទ័ព្ធ​បន្ទាយ​យេរូសាឡឹម
១៨​នៅ​គ្រា​ដដែល​នោះ​ សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ដែល​ស្នាក់​នៅ​ក្នុង​បន្ទាយ​ក្រុង​យេរូសាឡឹម ឡោម​ព័ទ្ធ​ជន​ជាតិ​អ៊ីស្រាអែល ដែល​រស់​នៅ​ជុំវិញ​ព្រះ​វិហារ ទាំង​ហាម​ពួក​គេ​មិន​ឲ្យ​ចេញ​ចូល។ ពួក​គេ​រក​គ្រប់​ឱកាស​ទាំង​អស់ ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជន​ជាតិ​អ៊ីស្រាអែល និង​ដើម្បី​ពង្រីក​កម្លាំង​របស់​សាសន៍​ដទៃ។ ១៩​ពេល​នោះ លោក​យូដា​សម្រេច​ចិត្ត​កម្ទេច​ពួក​គេ។ លោក​កោះ​ហៅ​ប្រជា​ជន​អ៊ីស្រាអែល​ទាំង​អស់ ដើម្បី​មក​ឡោម​ព័ទ្ធ​បន្ទាយ​នោះ។ ២០​នៅ​ក្នុង​ឆ្នាំ​១៥០ ប្រជា​ជន​អ៊ីស្រាអែល​ប្រមូល​ផ្ដុំ​គ្នា​ឡោម​ព័ទ្ធ​បន្ទាយ។ ពួក​គេ​ធ្វើ​ស្នា​ធំ​ៗ និង​គ្រឿង​ចម្បាំង​ផ្សេងៗ​ទៀត​ផង។ ២១​ប៉ុន្តែ​មាន​សត្រូវ​ខ្លះ​រត់​ចេញ​រួច ហើយ​នាំ​គ្នា​ទៅ​គាល់​ព្រះ​មហា​ក្សត្រ ដោយ​មាន​ជន​ជាតិ​អ៊ីស្រាអែល​ក្បត់​សាសនា​មួយ​ចំនួន​ទៅ​ជាមួយ​ដែរ។ ពួក​គេ​ទូល​ស្ដេច​ថា៖ ២២«តើ​ព្រះ​ករុណា​ចាំ​ដល់​ពេល​ណា​ទៀត ទើប​ព្រះ​អង្គ​រក​យុត្តិ​ធម៌ និង​សង​សឹក​ពួក​គេ​ឲ្យ​បង​ប្អូន​របស់​ទូល​បង្គំ​នោះ?។ ២៣​ទូល​បង្គំ​យើង​ខ្ញុំ​តែង​តែ​បម្រើ ​ព្រះ​បិតា​របស់​ព្រះ​ករុណា ព្រម​ស្ដាប់​តាម​បញ្ជា និង​រាជ​ក្រឹត្យ​របស់​ព្រះ​ករុណា​ទៀត​ផង។ ២៤​ហេតុ​នេះ​ហើយ បាន​ជា​ជន​រួម​ជាតិ​របស់​ទូល​បង្គំ​យើង​ខ្ញុំ​ ឡោម​ព័ទ្ធ​បន្ទាយ​នោះ ហើយ​ចាត់​ទុក​ទូល​បង្គំ​យើង​ខ្ញុំ​ជា​ជន​បរទេស។ មិន​តែ​ប៉ុណ្ណោះ ពួក​គេ​បាន​សម្លាប់​ពួក​ទូល​បង្គំ ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ពួក​ទូល​បង្គំ​ទៀត​ផង។ ២៥​ពួក​គេ​មិន​គ្រាន់​តែ​វាយ​ទូល​បង្គំ​ប៉ុណ្ណោះ​ទេ គឺ​គេ​វាយ​យក​ស្រុក​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ​ករុណា​ដែរ។ ២៦ឥឡូវ​នេះ​ពួក​គេ​ឡោម​ព័ទ្ធ​បន្ទាយ​យេរូសាឡឹម ដើម្បី​កាន់​កាប់​បន្ទាយ​នោះ ព្រម​ទាំង​សង់​កំពែង​ការពារ​ព្រះ​វិហារ និង​ស្រុក​បេតសួរ​ផង។ ២៧​ប្រសិន​បើ​ព្រះ​ករុណា​មិន​ចេញ ទៅ​វាយ​ពួក​គេ​យ៉ាង​ប្រញាប់​ទេ​នោះ ពួក​វា​មុខ​ជា​វាយ​លុក​លុយ​ត​ទៅ​ទៀត ហើយ​ព្រះ​ករុណា​មិន​អាច​ទប់​ទល់​នឹង​ពួក​គេ​បាន​ឡើយ»។

ការ​ប្រយុទ្ធ​នៅ​ភូមិ​បេតសាការីយ៉ា
២៨​កាល​ព្រះ​មហា​ក្សត្រ​ទ្រង់​ព្រះ​សណ្ដាប់​ដំណឹង​នេះ​ហើយ ទ្រង់​ព្រះ​ពិរោធ​យ៉ាង​ខ្លាំង ហើយ​កោះ​ហៅ​អស់​លោក​មន្ត្រី​មេ​ទ័ព​ថ្មើរ​ជើង និង​អស់​លោក​មេទ័ព​មក​ប្រជុំ។ ២៩​ស្ដេច​ជួល​ពល​ទាហាន​ពី​ស្រុក​ផ្សេងៗ និង​ពី​នាយ​សមុទ្រ​មក​ផង។ ៣០​ព្រះ​រាជា​មាន​ទ័ព​ថ្មើរ​ជើង​ចំនួន​មួយ​សែន​នាក់ ទ័ព​សេះ​ពីរ​ម៉ឺន​នាក់ និង​ដំរី​ចំនួន​សាមសិប​ពីរ​ក្បាល ដែល​គេ​បាន​បង្ហាត់​ហ្វឹកហ្វឺន​សម្រាប់​ច្បាំង។ ៣១​កងទ័ព​នោះ​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​អ៊ីឌំមេ ហើយ​ឡោម​ព័ទ្ធ​ក្រុង​បេតសួរ។ ពួក​គេ​វាយ​ក្រុង​នេះ​យ៉ាង​យូរ ទាំង​ប្រើ​គ្រឿង​ចម្បាំង​ជា​ច្រើន​ទៀត។ ប៉ុន្តែ អ្នក​ក្រុង​ដែល​ត្រូវ​គេ​ឡោម​ព័ទ្ធ​នោះ​តែង​តែ​ចេញ​ពី​ក្រុង ទៅ​ដុត​គ្រឿង​ចម្បាំង​ទាំង​នោះ​ចោល ហើយ​ប្រយុទ្ធ​នឹង​សត្រូវ​ដោយ​ក្លាហាន​អង់​អាច។ ៣២​ពេល​នោះ លោក​យូដា​នាំ​ទ័ព​របស់​លោក ចេញ​ពី​បន្ទាយ​យេរូសាឡឹម ហើយ​ទៅ​បោះ​ទីតាំង​នៅ​ភូមិ​បេត​សារីយ៉ា ទល់​មុខ​នឹង​ជំរំ​ទ័ព​ព្រះ​មហា​ក្សត្រ។ ៣៣លុះ​ស្អែក​ឡើង ស្ដេច​តើន​ពី​ព្រលឹម ហើយ បញ្ជា​កង​ទ័ព​ទាំង​អស់​ឲ្យ​ចេញ​ទៅ​វាយ​បេតសា​ការីយ៉ា។ ពល​ទាហាន​ទាំង​អស់​នេះ​រៀប​ចំ​ចេញ​ទៅ ប្រយុទ្ធ​ដោយ​ផ្លុំ​ត្រែ​ផង។ ៣៤​គេ​យក​ទឹក​ទំពាំង​បាយ​ជូរ និង​ទឹក​មន្ត​ឲ្យ​ដំរី​ឃើញ ដើម្បី​ជំរុញ​វា​ឲ្យ​ទៅ​ប្រយុទ្ធ។ ៣៥​គេ​ដាក់​ដំរី​នៅ​តាម​ចន្លោះ​កង​នីមួយៗ គឺ​គេ​ដាក់​ពល​ទាហាន​ចំនួន​មួយ​ពាន់​នាក់​ប្រដាប់​ដោយ​អាវ​ក្រោះ និង​មួក​លង្ហិន ព្រម​ទាំង​ពល​សេះ​ពិសេស​ប្រាំរយ​នាក់ នៅ​សង​ខាង​ដំរី​នីមួយៗ​នោះ។ ៣៦​ទ័ព​សេះ​នោះ​មើល​ដំរី ហើយ​ដើរ​តាម​ជាប់​នឹង​ដំរី​ជានិច្ច មិន​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ឡើយ។ ៣៧​នៅ​លើ​ខ្នង​ដំរី​នីមួយៗ មាន​កែប​យ៉ាង​មាំ​ធ្វើ​ពី​ឈើ ដែល​គេ​ចង​យ៉ាង​ជាប់​ទៅ​នឹង​ពោះ​វា។ កែប​ជា​ជំនិះ​ដែល​មាន​មនុស្ស​បី​នាក់ និង​ហ្ម​ម្នាក់។ ៣៨​ព្រះ​មហា​ក្សត្រ​ដាក់​ទ័ព​សេះ​ដែល​នៅ​សល់​សង​ខាង​ពល​ថ្មើរ​ជើង ដើម្បី​វាយ​លុក និង​ការ​ពារ​ទ័ព​ថ្មើរ​ជើង។ ៣៩​កាល​ព្រះ​អាទិត្យ​រះ​មក ពន្លឺ​ក៏​ជះ​លើ​ខែល​មាស និង​ខែល​លង្ហិន​បំភ្លឺ​ភ្នំ​ទាំង​ប៉ុន្មាន​ឲ្យ​ភ្លឺ​ដូច​ចន្លុះ​កំពុង​តែ​ឆេះ។ ៤០​ពល​ទាហាន​មួយ​ក្រុម​របស់​ស្ដេច​ស្ថិត​នៅ​លើ​កំពូល​ភ្នំ ហើយ​មួយ​ក្រុម​ទៀត​នៅ​ជើង​ភ្នំ។ កង​ទ័ព​នោះ​ចេញ​ទៅ​ប្រយុទ្ធ​ដោយ​មាន របៀប​រៀប​រយ និង​​អង់​អាច​គ្មាន​ខ្លាច​អ្វី​ឡើយ។ ៤១​រីឯ​កងទ័ព​អ៊ីស្រា​អែល​វិញ គេ​ព្រួយ​បារម្ភ​ដោយ ឮ​ស្នូរ​សន្ធឹក​កង​ទ័ព​ដ៏​ច្រើន​យ៉ាង​នេះ និង​ស្នូរ​អាវុធ​ប៉ះ​ទង្គិច​គ្នា​ផង។ កង​ទ័ព​នេះ​ពិត​ជាច្រើន​សន្ធឹក​សន្ធាប់ និង​ខ្លាំង​ក្លា​មែន។ ៤២​លោក​យូដា​និង​កង​ទ័ព​របស់​លោក​ចេញ​ទៅ​ប្រយុទ្ធ បាន​សម្លាប់​ពល​ទាហាន​របស់​ស្ដេច ចំនួន​ប្រាំមួយ​រយ​នាក់​ភ្លាម។ ៤៣​លោក​អេឡាសា​ដែល​ហៅ​ថា​អវ៉ារ៉ន់ ឃើញ​ដំរី​មួយ​ពាន់​កែប និង​គ្រឿង​សឹក​របស់​ព្រះ​រាជា ហើយ​មាន​មាឌ​ខ្ពស់​ជាង​ដំរី​ឯទៀត​ទាំង​អស់។ លោក​នឹក​គិត​ថា ស្ដេច​គង់​លើ​ដំរី​នោះ។ ៤៤​លោក​សុខ​ចិត្ត​បូជា​ជីវិត​ដើម្បី​សង្គ្រោះ​ប្រជា​ជន​របស់​ខ្លួន និង​ដើម្បី​មាន​កិត្តិ​នាម​ល្បី​ល្បាញ​អស់​កល្ប​ជានិច្ច។ ៤៥​លោក​រត់​យ៉ាង​អង់​អាច សំដៅ​ទៅ​ដំរី​ដែល​នៅ​កណ្ដាល​ទ័ព​ថ្មើរ​ជើង​ទាំង​ប្រហារ​ជីវិត​ពល​ទាហាន​នៅ​សង​ខាង ធ្វើ​ឲ្យ​ពួក​សត្រូវ​នាំគ្នា​គេច​ចេញ​ពី​មុខ​លោក។ លោក​ចូល​ពី​ក្រោម​ពោះ​ដំរី​នោះ ហើយ​វាយ​ប្រហារ​ពី​ក្រោម​ដំរី​ក៏​ដួល ហើយ​សង្កត់​លោក​អេឡាសារ​ដែល​នៅ​ពី​ក្រោម​ស្លាប់​នៅ​នឹង​កន្លែង។ ៤៧​ជន​ជាតិ​យូដា​ឃើញ​កម្លាំង​ដ៏​ខ្លាំង​ក្លា​របស់ ស្ដេច​ដូច្នេះ​ក៏​ដក​ទ័ព​ថយ​ក្រោយ។

ខ្មាំង​ឡោម​ព័ទ្ធ​ក្រុង​បេតសួរ
៤៨​កង​ទ័ព​របស់​ស្ដេច​ ឡើង​ទៅ​ក្រុង​យេរូ​សាឡឹម ដើម្បី​វាយ​កង​ទ័ព​យូដា ហើយ​ឡោម​ព័ទ្ធ​ក្រុង នានា​នៅ​ស្រុក​យូដា និង​ភ្នំ​ស៊ីយ៉ូន។ ៤៩​ព្រះ​រាជា​ប្រទាន​សន្តិភាព​ដល់​អ្នក​ក្រុង​បេតសួរ។ ពួក​គេ​ចាក​ចេញ​ពី​ទី​ក្រុង ដ្បិត​ពួក​គេ​គ្មាន​ស្បៀង​អាហារ ពុំ​អាច​ប្រយុទ្ធ​នឹង​កង​ទ័ព​ដែល​ឡោម​ព័ទ្ធ​នោះ​បាន​ឡើយ ដ្បិត​ឆ្នាំ​នេះ​ជា​ឆ្នាំ​សប្ប័ទ។ ៥០​ស្ដេច​ដណ្ដើម​យក​ក្រុង​បេតសួរ​មក​កាន់​កាប់ ហើយ​ដាក់​កង​ទ័ព​នៅ​គ្រប់​គ្រង​ទៀត​ផង។ ៥១​បន្ទាប់​មក ព្រះ​រាជា​ឡោម​ព័ទ្ធ​ព្រះ​វិហារ​ក្រុង​យេរូសាឡឹម​អស់​ពេល​ជា​យូរ​ថ្ងៃ ព្រម​ទាំង​ដំឡើង​គ្រឿង​ចម្បាំង​ផ្សេងៗ មាន​គ្រឿង​បាញ់​ថ្ម បាញ់​ភ្លើង បាញ់​ព្រួញ​ដង្ហក់​ជាដើម។ ៥២​កង​ទ័ព​យូដា​ក៏​ដំឡើង​គ្រឿង​ចម្បាំង ​ផ្សេង​ទៀត ដើម្បី​ទប់​ទល់​នឹង​គ្រឿង​សឹក​របស់​សត្រូវ​ដែរ ហើយ​ច្បាំង​ជាមួយ​ពួក​ខ្មាំង​ជា​យូរ​ថ្ងៃ។ ៥៣​ប៉ុន្តែ គ្មាន​ស្បៀង​អាហារ​ក្នុង​ឃ្លាំង​ទេ ព្រោះ​ឆ្នាំ​នោះ​ជា​ឆ្នាំ​សប្ប័ទ ហើយ​ប្រជា​ជន​អ៊ីស្រាអែល ដែល​រស់​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ទើប​នឹង​ត្រឡប់​មក​ស្រុក​យូដា​វិញ បាន​បរិភោគ​អាហារ​ដែល​ត្រៀម​ទុក​នោះ​អស់​ទៅ។ ៥៤​ដូច្នេះ​គេ​ទុក​កង​ទ័ព​តែ​មួយ​ចំនួន​តូច នៅ​ក្នុង​ព្រះ​វិហារ ព្រោះ​ប្រជា​ជន​ខ្វះ​ខាត និង​ស្រេក​ឃ្លាន​យ៉ាង​ខ្លាំង ប្រជា​ជន​ដទៃ​ទៀត​ក៏​ត្រឡប់​ទៅ​ផ្ទះ​រៀងៗខ្លួន​ដែរ។

ព្រះបាទ​អន់ទីយ៉ូគូស​ប្រទាន​សេរីភាព​ខាង​សាសនា
៥៥​លោក​លីស៊ីយ៉ា​ជ្រាប​ថា កាល​ព្រះ​បាទ​អន់ទី​យ៉ូគូស​មាន​ព្រះ​ជន្ម​រស់​នៅ​ឡើយ ទ្រង់​បាន​ផ្ញើ បុត្រា​ឲ្យ​លោក​ភីលីព​អប់រំ ដើម្បី​ឡើង​គ្រង​រាជ្យ។ ៥៦​គាត់​ទទួល​ដំណឹង​ថា លោក​ភីលីព​ត្រឡប់​ពី​ស្រុក​ពែរ្ស និង​ស្រុក​ម៉ែដ​ជាមួយ​កង​ទ័ព​របស់​ស្ដេច ហើយ​បម្រុង​ត្រួត​ត្រា​រាជាណាចក្រ​ទៀត​ផង។ ៥៧កាល​លោក​លីស៊ីយ៉ា​ជ្រាប​ដំណឹង​នេះ គាត់​រៀប​ចំ​ចេញ​ដំណើរ​ជា​ប្រញាប់។ គាត់​ទូល​ស្ដេច ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​មេទ័ព និង​ពល​ទាហាន​ទាំង​អស់​ថា៖ «កម្លាំង​របស់​យើង​កាន់​តែ​ចុះ​ខ្សោយ ជា​រៀង​រាល់​ថ្ងៃ ហើយ​ស្បៀង​អាហារ​របស់​យើង​ ក៏​កាន់​តែ​ខ្វះ​ខាត​យ៉ាង​ខ្លាំង​ដែរ។ រីឯ​កន្លែង​ដែល​យើង​ឡោម​ព័ទ្ធ​នេះ​ក៏​រឹង​មាំ កិច្ចការ​គ្រប់​គ្រង​រាជា​ណា​ចក្រ​ក៏​ធ្លាក់​លើ​យើង​ទាំង​ស្រុង​ដែរ។ ៥៨​ដូច្នេះ​ឥឡូវ​នេះ យើង​នាំ​គ្នា​ស្រុះ​ស្រួល​ជាមួយ​ជន​ជាតិ​ទាំង​នោះ យើង​ចរចា​រក​សន្តិភាព​ជាមួយ​ពួកគេ និង​ជាមួយ​ជន​ជាតិ​យូដា​ទាំង​មូល​ផង។ ៥៩​យើង​គួរ​អនុញ្ញាត​ឲ្យ​គេ​រស់​នៅ​ តាម​ទំនៀម​ទម្លាប់​របស់​គេ​ដូច​កាល​ពី​មុន​ចុះ។ ពួក​គេ​ខឹង​ប្រទូសរ៉ាយ​និង​បះ​បោរ​ដូច្នេះ ព្រោះ​យើង​ហាម​ពួក​គេ​ធ្វើ​តាម ទំនៀម​ទម្លាប់​របស់​ពួក​គេ»។ ៦០​ស្ដេច​គាប់​ព្រះ​ហឫទ័យ​នឹង​សេចក្ដី​នេះ ហើយ​ពួក​មេទ័ព​ក៏​ពេញ​ចិត្ត​ដែរ។ ដូច្នេះ លោក​លីស៊ីយ៉ា​បញ្ជូន​គម្រោង​ចរចា​សុំ​សន្តិភាព​ជាមួយ​ប្រជា​ជន​យូដា ហើយ​ជន​ជាតិ​ យូដា​ក៏​យល់​ព្រម​នឹង​គម្រោង​ការ​នេះ​ដែរ។ ៦១​ព្រះ​រាជា​និង​មេទ័ព​ទាំង​អស់​ស្បថ​ថា នឹង​គោរព​សន្ធិ​សញ្ញា​នេះ យើង​ចាក​ចេញ​ពី​បន្ទាយ​ទៅ។ ៦២​ព្រះ​មហា​ក្សត្រ​យាង​ចូល​ទៅ​ដល់​ភ្នំ​ស៊ីយ៉ូន ហើយ​ទត​ឃើញ​កំពែង​ការពារ​កន្លែង​នោះ។ ទ្រង់​បាន​បំពាន​ព្រះ​បន្ទូល​សម្បថ ហើយ​បញ្ជា​ឲ្យ​កម្ទេច​កំពែង​ដែល​នៅ​ជុំវិញ​ភ្នំ​នោះ​ចោល ៦៣​រួច​យាង​ត្រឡប់​ទៅ​ក្រុង​អន់ទី​យ៉ូក​វិញ​យ៉ាង​ប្រញាប់ ប៉ុន្តែ​​ ក្រុង​អន់ទី​យ៉ូក​ បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ភីលីព​រួច​ទៅ​ហើយ។ ស្ដេច​វាយ​ដណ្ដើម​យក​ក្រុង​នោះ​មក​វិញ ដោយ​ប្រើ​កម្លាំង​ទ័ព។