ម៉ាកាបាយ (០៥)

លោក​យូដា​ច្បាំង​ជាមួយ​ជនជាតិ​អេដុម និង​ជនជាតិ​អាំម៉ូន
១​ប្រជាជន ដែល​រស់​នៅ​ជុំវិញ​ស្រុក​អ៊ីស្រា​អែល​ជ្រាប​ថា ពួក​គេ​សង់​អាសនៈ និង​ជួស​ជុល​ទី​សក្ការៈ ឲ្យ​បាន​ដូច​កាល​ពីមុន​ឡើង​វិញ។ ពេល​នោះ ប្រជា​ជាតិ​ក្រេវ​ក្រោធ​យ៉ាង​ខ្លាំង ហើយ​សម្រេច​ចិត្ត​នឹង​បំផ្លាញ​ពូជ​ពង្ស ​របស់​លោក​យ៉ាកុប ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ​ឲ្យ​ផុត​ពូជ។ ពួក​គេ​ចាប់​ផ្ដើម​កាប់​សម្លាប់​ប្រជា​ជន។ ៣​លោក​យូដា​ចេញ​ទៅ​វាយ​ប្រហារ​កូន​ចៅ​របស់​លោក​អេសាអ៊ូ នៅ​ស្រុក​អេដុម និង​នៅ​ស្រុក​អាក្រា​បាទែន ព្រោះ​ពួក​គេ​បិទ​ផ្លូវ​ មិន​ឲ្យ​ប្រជា​ជន​អ៊ីស្រាអែល​ចេញ​ចូល។ លោក​កម្ទេច​ពួក​គេ​ឲ្យ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ ព្រម​ទាំង​រឹប​អូស​យក​ជយ​ភណ្ឌ​ពី​ពួក​គេ ទៀត​ផង។

បន្ទាប់​មក លោក​នឹក​ចាំ​ពី​អំពើ​អាក្រក់​របស់​កូន​ចៅ​លោក​បាយ៉ាន។ ពួក​គេ​ចេះ​តែ​ពួន​ចាំ ស្ទាក់​វាយ​ប្រជា​ជន​អ៊ីស្រាអែល ក្នុង​ពេល​ធ្វើ​ដំណើរ​ដូច​ជា​ដាក់​អន្ទាក់ និង​បង្ក​ឧបសគ្គ​ផ្សេងៗ។ លោក​ឡោម​ព័ទ្ធ​បន្ទាយ​របស់​ពួក​គេ ហើយ​ស្បថ​យ៉ាង​ម៉ឺង​ម៉ាត់​ថា នឹង​បំផ្លាញ​ពួក​គេ​ថ្វាយ​ព្រះជាម្ចាស់ គាត់​ដុត​បន្ទាយ​របស់​ពួក​គេ ព្រម​ទាំង​ដុត​អស់​អ្នក​ដែល​នៅ​ក្នុង​បន្ទាយ​ទាំង​នោះ​ដែរ។ បន្ទាប់​មក​លោក​ចេញ​ទៅ​វាយ​ជន​ជាតិ​អាំម៉ូន។ នៅ​ស្រុក​នោះ លោក​ជួប​ប្រយុទ្ធ​ជាមួយ​កង​ទ័ព​ដ៏​ខ្លាំង​ក្លា និង​មាន​គ្នា​យ៉ាង​ច្រើន ដែល​នៅ​ក្រោម​បញ្ជា​របស់​លោក​ធីម៉ូថេ។ លោក​យូដា​ប្រយុទ្ធ​នឹង​ពួក​គេ​ជា​ច្រើន​លើក ទី​បំផុត លោក​ក៏​ទទួល​ជ័យ​ជម្នះ​ដោយ​កម្ទេច​ពួក​គេ​អស់​ដែរ។ លោក​វាយ​ដណ្ដើម​យក​ក្រុង​យ៉ាស៊ែរ និង​ភូមិ​ដែល​នៅ​ជុំវិញ​ក្រុង​នោះ​រួច​លោក​វិល​ត្រឡប់​មក​ស្រុក​វិញ។

ជនជាតិ​យូដា​នៅ​ស្រុក​កាឡាដ និង​ស្រុក​កាលីឡេ រងទុក្ខ​លំបាក
ប្រជា​ជាតិ​នានា​ដែល​នៅ​ស្រុក​កាឡាដ ព្រួត​ដៃ​គ្នា​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល ដែល​រស់​នៅ​លើ​ទឹក​ដី​របស់​គេ ដើម្បី​លុប​បំបាត់​ពួក​គេ​ឲ្យ​អស់​ពូជ។ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ ទៅ​ជ្រក​នៅ​បន្ទាយ​ក្រុង​ដាថេម៉ា។ ១០​ពួក​គេ​សរសេរ​លិខិត​ផ្ញើ​ទៅ​លោក​យូដា និង​បង​ប្អូន​របស់​លោក​ដែល​មាន​សេចក្ដី​ដូច​តទៅ៖ «ប្រជា​ជាតិ​នានា​ព្រួក​ដៃ​គ្នា​ប្រឆាំង​នឹង​យើង បម្រុង​នឹង​បំផ្លាញ​ពួក​យើង​ឲ្យ​អស់ ដោយ​មាន​លោក​ធីម៉ូថេ ជា​មេ​បញ្ជា​ការ​របស់​ពួក​គេ។ ១១​ពួក​យើង​មក​ជ្រក​នៅ​ក្នុង​បន្ទាយ ប៉ុន្តែ​ពួក​គេ​រៀប​ចំ​លើក​ទ័ព​មក​វាយ​បន្ទាយ​ដែល​យើង​កំពុង​តែ​ជ្រក នោះ។ ១២​ឥឡូវនេះ សូម​លោក​មេត្តា​មក​ជួយ​សង្គ្រោះ​យើង​ ឲ្យ​រួចពី​កណ្ដាប់​ដៃ​ពួក​គេ​ផង ដ្បិត​គ្នា​យើង ជាច្រើន​បាន​បាត់​បង់​ជីវិត​ទៅ​ហើយ!។ ១៣​ខ្មាំង​បាន​សម្លាប់​បង​ប្អូន​យើង​ដែល​រស់​នៅ​ ក្នុង​តំបន់​របស់​លោក​តូប៊ីត​អស់ ហើយ​ពួក​គេ​កៀរ ប្រពន្ធ​កូន​ចៅ​របស់​បង​ប្អូន​របស់​យើង​យក​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​រឹប​អូស​មក​ទ្រព្យ​សម្បត្តិ​របស់​បង​ប្អូន​យើង​ផង។ មាន​កង​ទ័ព​របស់​យើង​ប្រហែល​មួយ​ពាន់​នាក់​បាន​បាត់​បង់​ជីវិត​នៅ​ទី​នោះ»។

១៤នៅ​ពេល លោក​យូដា​កំពុង​អាន​លិខិត​នោះ ស្រាប់​តែ​មាន​អ្នកនាំ​សារ​ម្នាក់​ផ្សេង​ទៀត​មក​ពី​ស្រុក​កាលីឡេ ដោយ​មាន​សម្លៀក​បំពាក់​រហែក នាំ​ដំណឹង​ដដែល​មក​ប្រាប់​ទៀត។ ១៥ពួក​គេ​និយាយ​ថា៖ «កង​ទ័ព​ក្រុង​ផ្ទោឡេម៉ៃស៍ ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន រួម​ជាមួយ​កង​ទ័ព​ជន​ជាតិ​បរទេស​នៃ​ស្រុក​កាលីឡេ ដើម្បី​បំផ្លាញ​ពួក​យើង​ឲ្យ​ផុត​ពូជ​ហើយ!»។ ១៦ពេល​លោក​យូដា​និង​ប្រជា​ជន​បាន​ដឹង​ពី​ហេតុ​ការណ៍​ទាំង​នោះ គេ​កោះ​ហៅ​បើក​អង្គ​ប្រជុំ​យ៉ាង​ធំ ដើម្បី​ពិភាក្សា​គ្នា​អំពី​កិច្ច​ការ​ដែល​គេ​ត្រូវ​ធ្វើ ដើម្បី​ជួយ​រំដោះ​បង​ប្អូន ដែល​ត្រូវ​ប្រជា​ជាតិ​ដទៃ​សង្កត់​សង្កិន និង​វាយ​ប្រហារ។ យូដា​មាន​ប្រសាសន៍ ទៅ​កាន់​លោក​ស៊ីម៉ូន​ជា​បង​របស់​លោក​ថា៖ «សូម​បង​ជ្រើស​រើស​ពល​ទាហាន ហើយ​ចេញ​ដំណើរ​ទៅ​រំដោះ​បង​ប្អូន​ ដែល​នៅ​ស្រុក​កាលីឡេ។ ចំណែក​ខ្ញុំ​និង​ប្អូន​យ៉ូណាថាន ចេញ​ដំណើរ​ទៅ​កាន់​ស្រុក​កាឡាដ»។ ១៨លោក​យូដា​ទុក​លោក​យូសែប ជា​កូន​លោក​សាការី និង​លោក​អសារីយ៉ា ជា​មេ​ដឹក​នាំ​ប្រជា​ជន ព្រម​ទាំង​កង​ទ័ព​ដែល​នៅ​សល់​ឲ្យ​ការពារ​ស្រុក​យូដា។ ១៩លោក​បញ្ជា​ទៅ​លោក​ទាំង​ពីរ​ថា៖ «ចូរ​គ្រប់​គ្រង​ប្រជា​ជន! កុំ​ចេញ​ច្បាំង​ជាមួយ​សាសន៍​ដទៃ​ឲ្យ​សោះ មុន​ពេល​យើង​វិល​ត្រឡប់​មក​វិញ!។ ២០លោក​ស៊ីម៉ូន​នាំ​ទ័ព​បី​ពាន់​នាក់ ចេញ​ដំណើរ​ទៅ​ស្រុក​កាលីឡេ ហើយ​លោក​យូដា​នាំ​ទ័ព​ប្រាំបី​ពាន់​នាក់ ដើម្បី​ចេញ​ទៅ​ស្រុក​កាឡាដ។

ចម្បាំង​នៅ​ស្រុក​កាលីឡេ និង ស្រុក​កាឡាដ
២១​លោក​ស៊ីម៉ូន​ទៅ​ដល់​ស្រុក​កាលីឡេ ហើយ​ចេញ​ប្រយុទ្ធ​ជាច្រើន​លើក ជាមួយ​កង​ទ័ព​សាសន៍​ដទៃ។ លោក​ទទួល​បាន​ជ័យ​ជម្នះ ហើយ​កម្ទេច​ពួក​គេ​វិនាស​អស់។ ២២​លោក​ដេញ​តាម សម្លាប់​ពួក​គេ​រហូត​ដល់​ទ្វារ​ទីក្រុង​ផ្ទោឡេ​ម៉ៃស៍។ លោក​ប្រហារ​ជីវិត​សាសន៍​ដទៃ​ប្រហែល​បី​ពាន់​នាក់ នៅ​លើ​សមរ​ភូមិ និង​រឹប​អូស​យក​ជយ​ភណ្ឌ​ពី​គេ​ផង។ ២៣​លោក​នាំ​ជន​ជាតិ​យូដា​ដែល​រស់​នៅ ក្នុង​ស្រុក​កាលីឡេ និង​ស្រុក​អបាតា ជាមួយ​ប្រពន្ធ​កូន​របស់​ពួក​គេ និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​មក​នៅ​ស្រុក​យូដា ទាំង​មាន​សេចក្ដី​ត្រេក​អរ​សប្បាយ​រីក​រាយ​យ៉ាង​ក្រៃ​លែង។

២៤លោក​យូដា​ម៉ាកាបាយ និង​លោក​យ៉ូណាថាន ជា​ប្អូន​របស់​លោក ឆ្លង​ទន្លេ​យ័រដាន់​ ហើយ​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ក្នុង​វាល​រហោ​ស្ថាន។ ២៥ពួក​គេ​ជួប​នឹង​ជន​ជាតិ​ណាបាតេ​ដែល​ទទួល​យ៉ាង​រាក់​ទាក់ ហើយ​តំណាល​រៀប​រាប់​អំពី​ហេតុ​ការណ៍​ដែល​កើត​ឡើង ដល់​បង​ប្អូន​របស់​ពួក​គេ​ដែល រស់​នៅ​ក្នុង​ស្រុក​កាឡាដ​នោះ។ ២៦អ្នក​ទាំង​នោះ​ប្រាប់​ថា ខ្មាំង​ឡោម​ព័ទ្ធ​ក្រុង​បូសូរ៉ា ក្រុង​អាឡេម៉ា ក្រុង​ខាផូ ក្រុង​ម៉ាគេ និង​ក្រុង​ការណៃ​ដែល​សុទ្ធ​តែ​ជា​ក្រុង​ធំ​និង​មាន​កំពែង​ផង។ ២៧ខ្មាំង​ក៏​ឡោម​ព័ទ្ធ​ក្រុង​ផ្សេងៗ​ទៀត​ នៅ​ស្រុក​កាឡាដ ហើយ​មាន​គម្រោង​វាយ​ដណ្ដើម​ក្រុង​ទាំង​នោះ​ នៅ​ថ្ងៃ​ស្អែក និង​ប្រហារ​ជីវិត​ប្រជា​ជន​ដែល​រស់នៅ​តាម​បន្ទាយ​ទាំង​នោះ ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ ២៨ដូច្នេះ លោក​យូដា​និង​កង​ទ័ព​របស់​លោក ក៏​ដើរ​កាត់​តាម​វាល​រហោ​ស្ថាន​ភ្លាម ឆ្ពោះ​ទៅ​កាន់​ក្រុង​បូសូរ៉ា។ លោក​វាយ​យក​ក្រុង​នោះ​ហើយ​សម្លាប់​ប្រុសៗ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង ព្រម​ទាំង​រឹប​អូស​យក​ជយ​ភណ្ឌ រួច​ដុត​ទីក្រុង​នោះ​ចោល។

២៩បន្ទាប់​មក ពួក​គេ​ចេញ​ដំណើរ​ពី​ទី​នោះ​ទាំង​យប់ ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ដាថេម៉ា។ ៣០ពេល​ថ្ងៃ​រះ ពួក​គេ​ឃើញ​កង​ទ័ព​ជា​ច្រើន​កំពុង​ដាក់​ជណ្ដើរ និង​រុញ​ប្រដាប់​ប្រដា​ចម្បាំង​ដើម្បី​វាយ​យក​ទី​ក្រុង។ ខ្មាំង​ចាប់​ផ្ដើម​វាយ​ក្រុង​នេះ។ ៣១គ្រា​នេះ លោក​យូដា​សង្កេត​ឃើញ​ថា ការ​ប្រយុទ្ធ​ចាប់​ផ្ដើម ហើយ​លោក​ក៏​ឮ​សំឡេង​អ្នក​ក្រុង​លាន់​ឡើង ព្រម​ទាំង​មាន​ស្នូរ​ត្រែ និង​សម្រែក​ផង។ ៣២លោក​យូដា មាន​ប្រសាសន៍​ទៅ​កាន់​កង​ទ័ព​របស់​លោក​ថា៖ «ចូរ​ប្រយុទ្ធ​នៅ​ថ្ងៃ​នេះ ដើម្បី​បង​ប្អូន​របស់​យើង!» ៣៣​លោក​បែង​ចែក​ពល​ទាហាន​ជា​បី​កង ទៅ​វាយ​ប្រហារ​សត្រូវ​ពី​ខាង​ក្រោយ។ កង​ទ័ព​ក៏​ផ្លុំ​ត្រែ​ឡើង ហើយ​នាំ​គ្នា​ស្រែក​ទូល​អង្វរ​ព្រះ​ជា​អម្ចាស់។ ៣៤គ្រានោះ កង​ទ័ព​របស់​លោក​ធីម៉ូថេ​ដឹង​ថា លោក​យូដា​ម៉ាកាបាយ​មក​ដល់ ក៏​បាក់​ទ័ព​រត់​ខ្ចាត់​ខ្ចាយ​បាត់​អស់។ លោក​យូដា​វាយ​ខ្មាំង​ឲ្យ​បរា​ជ័យ យ៉ាង​ធ្ងន់ធ្ងរ និង​សម្លាប់​ពួក​គេ​អស់​ប្រមាណ​ជា​ប្រាំបី​ពាន់​នាក់​នៅ​ថ្ងៃ​នោះ។ ៣៥បន្ទាប់​មក​លោក​យូដា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​អាលេម៉ា វាយ​ដណ្ដើម​យក​ក្រុង​នោះ ហើយ​សម្លាប់​ប្រុសៗ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង ព្រម​ទាំង​រឹប​អូស​យក​ជយ​ភណ្ឌ រួច​ដុត​ក្រុង​នេះ​ចោល។ ៣៦លោក​ចាក​ចេញ​ពី​ទី នោះ​ទៅ​វាយ​ដណ្ដើម​យក​ក្រុង​ខាស​ផូ ម៉ាកែដ បូសូរ៉ា និង​ក្រុង​នានា​ក្នុង​ស្រុក​កាឡាដ។

៣៧ក្រោយ​ពី​ព្រឹត្តិការណ៍​ទាំង​នោះ​មក លោក​ធីម៉ូថេ​ប្រមូល​កង​ទ័ព​ជាថ្មី​ទៀត និង​​បោះ​ទ័ព​នៅ ទល់​មុខ​ក្រុង​រ៉ាភូន ដែល​នៅ​ត្រើយ​ម្ខាង​នៃ​ជ្រោះ។ ៣៨លោក​យូដា​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ើប​ការណ៍ នៅ​ជំរំ​ខ្មាំង ហើយ​គេ​ត្រឡប់​មក​វិញ​រាយ​ការណ៍​ជូន​លោក​ថា៖ «ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​រស់​នៅ​ជុំវិញ​យើង ចូល​រួម​ជាមួយ​លោក​ធីម៉ូថេ ធ្វើ​ជា​កង​ទ័ព​មួយ​យ៉ាង​ខ្លាំង ៣៩គេ​ជួល​ពួក​អារ៉ាប់​ឲ្យ​មក​ជួយ​ច្បាំង ហើយ​បោះ​ទ័ព​នៅ​ត្រើយ​ម្ខាង​ជ្រោះ ត្រៀម​ខ្លួន​មក​វាយ​ប្រហារ​លោក»។ ដូច្នេះ​លោក​យូដា​លើក​ទ័ព​ទៅ​វាយ​ពួក​គេ ៤០ហើយ​ក៏​មក​ដល់​ជិត​ជ្រោះ។ ពេល​នោះ​លោក​ធីម៉ូថេ​ប្រាប់​មេទ័ព​របស់​គាត់​ថា៖ «ប្រសិន​បើ​លោក​យូដា​មក​ដល់​ទីនេះ មុន​យើង​ឆ្លង​ទៅ​រក​គេ ពួក​យើង​មិន​អាច​ត​ទល់​នឹង​គេ​បាន​ឡើយ ដ្បិត​គេ​ងាយ​វាយ​យើង។ ៤១ផ្ទុយ​ទៅ​វិញ​បើ​លោក​ភ័យ​ខ្លាច ហើយ​បោះ​ទ័ព​នៅ​ត្រើយ​ម្ខាង​នោះ ពួក​យើង​នឹង​ឆ្លង​ទៅ​វាយ​ប្រហារ​ពួក​គេ ហើយ​ពេល​នោះ​ពួក​យើង​នឹង​មាន​ជ័យ ជម្នះ​លើ​ពួក​គេ​ជា​ពុំ​ខាន!»។ ៤២ពេល​លោក​យូដា​ឆ្លង​មក​ដល់​មាត់​ជ្រោះ លោក​ដាក់​មេទ័ព​តាម បណ្ដោយ​មាត់​ជ្រោះ​ទាំង​បញ្ជា​ថា៖ «កុំ​ឲ្យ​នរណា​ម្នាក់​ស្នាក់​នៅ​ទីនេះ​ឡើយ គឺ​ត្រូវ​ចេញ​ច្បាំង​ទាំង​អស់​គ្នា»។ ៤៣លោក​ឆ្លង​ជ្រោះ​ ទៅ​ប្រយុទ្ធ​នឹង​សត្រូវ​មុន​គេ​បង្អស់ ហើយ​កង​ទ័ព​ទាំង​មូល​ក៏​ឆ្លង​តាម​ក្រោយ​ដែរ។ លោក​វាយ​កម្ទេច​កង​ទ័ព​សាសន៍​ដទៃ​រហូត​ដល់​បាក់​ទ័ព ទាំង​បោះ​អាវុធ​ចោល រត់​គេច ទៅ​កាន់​ទី​សក្ការៈ​នៅ​ក្រុង​ការណាអ៊ីន។ ៤៤កង​ទ័ព​របស់​លោក​យូដា​វាយ​ដណ្ដើម​យក​ក្រុង​នោះ រួច​ដុត​កម្ទេច​ទី​សក្ការៈ​និង​អស់​អ្នក​ដែល​រស់​នៅ​ទីនោះ​ដែរ។ លោក​រំលំ​ក្រុង​ការណា​អ៊ីន​ចោល។ តាំង​ពី​ពេល​នោះ​មក គ្មាន​កង​ទ័ព​ណា​អាច​ទប់​ទល់​នឹង​លោក​យូដា​បាន​ឡើយ។

៤៥លោក​យូដា​ប្រមូល ជន​ជាតិ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​ស្រុក​កាឡាដ ទាំង​អ្នក​តូច​ដល់​អ្នក​ធំ​ដោយ​មាន​ប្រពន្ធ​កូន និង​ទ្រព្យ​សម្បត្តិ​រួម​ជាមួយ​ផង ហើយ​នាំ​គ្នា​ទៅ​ស្រុក​យូដា។ ពួក​គេ​មាន​គ្នា​ច្រើន​ណាស់។ ៤៦ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​អេប្រូន ជា​ក្រុង​ដ៏​ធំ មាន​កំពែង​រឹង​មាំ​ទៀត​ផង។ ពួក​គេ​មិន​អាច​ធ្វើ​ដំណើរ​វាង​ទៅ​ខាង​ស្កាំ ឬ​ខាង​ឆ្វេង​ក្រុង​នេះ​បាន​ទេ ដូច្នេះ​ពួក​គេ​ត្រូវ​តែ​ដើរ​តាម​កណ្ដាល​ក្រុង​នេះ។ ៤៧ប៉ុន្តែ អ្នក​ក្រុង​អេប្រូន​មិន​ព្រម​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​ឆ្លង​កាត់ ក្រុង​របស់​គេ​ឡើយ ហើយ​ថែម​ទាំង​យក​ថ្ម មក​ឃាំង​មាត់​ទ្វារ​ក្រុង​ផង។ ៤៨លោក​យូដា​ចាត់​គេ​ឲ្យ​ទៅ​សុំ​ចរចា ដោយ​ប្រាប់​ថា៖ «យើង​ខ្ញុំ​សុំ​ផ្លូវ​ធ្វើ​ដំណើរ​កាត់​តាម​តំបន់​របស់​អស់​លោក ដើម្បី​ទៅ​កាន់​ស្រុក​របស់​យើង​ខ្ញុំ។ យើង​ខ្ញុំ​មិន​ធ្វើ​បាប​អ្នក​រាល់​គ្នា​ទេ គឺ​គ្រាន់​តែ​សុំ​ផ្លូវ​ដើរ​កាត់​ប៉ុណ្ណោះ»។ ៤៩ពេល​នោះ​លោក​យូដា​ចេញ​បញ្ជា​ទៅ​កង​ទ័ព ឲ្យ​ត្រៀម​ខ្លួន​ប្រយុទ្ធ​តាម​កន្លែង​រៀង​ៗ កង​ទ័ព​ក៏​ត្រៀម​ខ្លួន​វាយ​ប្រហារ​ក្រុង​នេះ។ លោក​យូដា​ប្រយុទ្ធ​អស់​មួយ​ថ្ងៃ​មួយ​យប់ ទើប​ដណ្ដើម​យក​ទីក្រុង​បាន​។ ៥១លោក​យូដា​ប្រហារ​ជីវិត​ប្រុសៗ​ទាំង​ប៉ុន្មាន​ ដែល​រស់​នៅ​ក្រុង​នោះ ដោយ​មុខ​ដាវ​បំផ្លាញ​ក្រុង​ចោល រឹប​អូស​យក​ជយ​ភណ្ឌ រួច​លោក​និង​កង​ទ័ព​ដើរ​កាត់​ក្រុង​នេះ ដោយ​ជាន់​សាក​សព​អ្នក​ក្រុង​នោះ​ ទៀត​ផង។ ៥២ពួក​គេ​ឆ្លង​ទន្លេ​យ័រដាន់ ឆ្ពោះ​ទៅ​កាន់​វាល​ទំនាប ដែល​នៅ​ទល់​មុខ​ក្រុង​បេតសាន។ ៥៣នៅ​តាម​ផ្លូវ លោក​យូដា​តែង​តែ​ទៅ​មក ព្រម​ទាំង​ប្រមូល​ពួក​អ្នក​ដែល​ធ្វើ​ដំណើរ​យឺត ទាំង​លើក​ទឹក​ចិត្ត​ប្រជា​ជន រហូត​ទៅ​ដល់​ស្រុក​យូដា។ ៥៤ពួកគេ​បាន​ឡើង​ទៅ​លើ​ភ្នំ​ស៊ីយ៉ូន ទាំង​អរ​សប្បាយ​ជា​ខ្លាំង ហើយ​នាំ​គ្នា ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ដើម្បី​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ដ្បិត​ពួក​គេ​ត្រឡប់​មក​វិញ ដោយ​សេចក្ដី​សុខ​សាន្ត​គ្មាន​នរណា​ម្នាក់​បាត់​បង់​ជីវិត​ឡើយ។

ការ​តយុទ្ធ​នៅ​ស្រុក​អ៊ីឌូមែ
៥៥​ក្នុង​ពេល​លោក​យូដា​និង​លោក​យ៉ូណាថាន​នៅ​ស្រុក​កាឡាដ លោក​ស៊ីម៉ូន​ជា​ប្អូន​របស់​​​​​​គាត់ កំពុង​ប្រយុទ្ធ​នៅ​ក្រុង​ផ្ទោឡេ​ម៉ៃស៍ ក្នុង​ស្រុក​កាលីឡេ។ ៥៦​លោក​យ៉ូសែប​ជា​កូន​របស់​លោក​សាការី និង​លោក​អសារីយ៉ា ជា​មេទ័ព​បាន​ទទួល​ដំណឹង​អំពី​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ របស់​លោក​យូដា​និង​លោក​យ៉ូណាថាន។ លោក​ទាំង​ពីរ​ក៏​ពិភាក្សា​គ្នា​ថា៖ «យើង​នាំ​គ្នា​ចេញ​ទៅ​ប្រយុទ្ធ​ ជាមួយ​សាសន៍​ដទៃ ដែល​រស់​នៅ​ជុំវិញ​យើង​ទៅ! នោះ​យើង​មុខ​ជា​មាន​ឈ្មោះ​ល្បី​ដូច​គេ​មិន​ខាន!»។ ៥៨​លោក​ទាំង​ពីរ​ក៏​បញ្ជា​ទៅ​កង​ទ័ព ដែល​នៅ​ក្រោម​បង្គាប់​របស់​លោក ឲ្យ​ចេញ​ទៅ​វាយ​លុក​លុយ​ទីក្រុង​យ៉ាមនីយ៉ា។ ៥៩ឯ​លោក​ក័រស៊ីយ៉ាស​និង​កង​ទ័ព​របស់​លោក ក៏​ចេញ​ពី​ក្រុង​នោះ​ទៅ​ច្បាំង​ដែរ។ ៦០ហើយ​ក៏​វាយ​ឈ្នះ​កង​ទ័ព ​របស់​លោក​យ៉ូសែប និង​លោក​អសារីយ៉ា ថែម​ទាំង​ដេញ​តាម​ប្រហារ​ពួក​គេ រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​យូដា​ទៀត​ផង។ នៅ​ថ្ងៃ​នោះ កង​ទ័ព​អ៊ីស្រាអែល​ប្រមាណ​ពីរ​ពាន់​នាក់ បាន​បាត់​បង់​ជីវិត​នៅ​លើ​សមរភូមិ។ ៦១​កងទ័ព​អ៊ីស្រាអែល​បរា​ជ័យ​ជា​ទម្ងន់ ព្រោះ​មេទ័ព ទាំង​ពីរ​មិន​ស្ដាប់​លោក​យូដា និង​បង​ប្អូន​របស់​លោក ដោយ​នឹក​ស្មាន​ថា​លោក​ទាំង​ពីរ​អាច​ធ្វើការ​អស្ចារ្យ​ដែរ។ ៦២​ប៉ុន្តែ លោក​ទាំង​ពីរ​ពុំ​មែន​ជា​ពូជ​វីរបុរស​ដែល​ព្រះ​ជាម្ចាស់​បាន​ចាត់​ឲ្យ​មក​សង្គ្រោះ​ប្រជា​ជន​អ៊ីស្រាអែល​នោះ​ឡើយ។

៦៣លោក​យូដា​និង​បង​ប្អូន​របស់​លោក ជា​វីរ​បុរស​ដ៏​អង់​អាច ប្រកប​ដោយ​ភាព​រុង​រឿង​ថ្កើង​ថ្កាន ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល និង​ក្នុង​ចំណោម​ប្រជា​ជាតិ​ទាំង​ប៉ុន្មាន ដែល​ឮ​ឈ្មោះ​របស់​អស់​លោក។ ៦៤មនុស្ស​ម្នា​ប្រជ្រៀត​គ្នា​មក​សរសើរ​អស់​លោក។ ៦៥បន្ទាប់​មក លោក​យូដា​និង​បង​ប្អូន ក៏​ចេញ​ទៅ​ធ្វើ​សង្គ្រាម​នឹង​ជន​ជាតិ​អ៊ីឌំមេ ដែល​ស្ថិត​នៅ​តំបន់​ខាង​ត្បូង។ លោក​វាយ​ដណ្ដើម​យក​ក្រុង​អេប្រូន និង​ភូមិ​ដែល​នៅ​ជុំវិញ​រំលំ​កំពែង​ក្រុង​នោះ ហើយ​ដុត​ប៉ម​ដែល​នៅ​លើ​កំពែង​ទៀត​ផង។ បន្ទាប់​មក​លោក​ចេញ​ដំណើរ ឆ្ពោះ​ទៅ​កាន់​ស្រុក​ភីលីស្ទីន ហើយ​ដើរ​កាត់​ក្រុង​ម៉ារីសា។ ៦៧នៅ​ថ្ងៃ​នោះ​លោក​បូជាចារ្យ​ដែល​ចង់​សម្ដែង ​ពី​សេចក្ដី​ក្លាហាន​របស់​ខ្លួន នាំ​គ្នា​ចេញ​ទៅ​ច្បាំង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ត្រូវ​ស្លាប់​នៅ​លើ​សមរភូមិ។ ៦៨ក្រោយ​មក​លោក​យូដា​ងាក​ទៅ​កាន់​ក្រុង​អសូតូ នៅ​ក្នុង​ស្រុក​របស់​ជន​ជាតិ​ភីលីស្ទីន។ លោក​បំផ្លិច​បំផ្លាញ​កន្លែង​ថ្វាយ​យញ្ញ​បូជា​របស់​ពួក​គេ ដុត​រូប​​​​​​​​​​​​​​​​​​​​​​​​​​​បដិមា​នៃ​ព្រះ​របស់​ពួក​គេ ហើយ​រឹប​អូស​យក​ជយ​ភណ្ឌ​ក្នុង​ក្រុង​ទាំង​នោះ វិល​ត្រឡប់​ទៅ​កាន់​ស្រុក​យូដា​វិញ។