ម៉ាកាបាយ (០៤)

ជ័យ​ជម្នះ​នៅ​ភូមិ​ម៉ាអ៊ូស
១​លោក​គ័រស៊ីយ៉ាស​នាំ​ទ័ព​ថ្មើរ​ជើង​ចំនួន​ប្រាំ​ពាន់​នាក់ និង​ទ័ព​សេះ​ដ៏​ចំណាន​មួយ​ពាន់​នាក់ ចេញ​ទៅ​ទាំង​យប់ ២​ដើម្បី​វាយ​ប្រហារ​ជំរំ​ជន​ជាតិ​យូដា​នៅ​ពេល​គេ​មិន​ដឹង​ខ្លួន។ មាន​អ្នក​រស់ នៅ​ក្នុង​បន្ទាយ​យេរូសាឡឹម​ជា​អ្នក​នាំ​ផ្លូវ។ ៣​លោក​យូដា​ជ្រាប​គម្រោង​ការ​នេះ​ក៏​នាំ​កង​ទ័ព​ចេញ​ទៅ វាយ​ប្រហារ​កង​ទ័ព​របស់​ព្រះ​មហា​ក្សត្រ​ នៅ​ភូមិ​អេម៉ាអ៊ូស ៤​ពេល​នោះ​កង​ទ័ព​របស់​យូដា​ចេញ​ឆ្ងាយ​ពី​ជំរំ។ ៥​លោក​គ័រស៊ីយ៉ាស​មក​ដល់​ជំរំ​របស់​លោក​យូដា​ទាំង​យប់ មិន​ប្រទះ​ឃើញ​នរណា​ម្នាក់​សោះ។ គាត់​នឹក​ស្មាន​ថា​ ជន​ជាតិ​យូដា​រត់​គេច​ចេញ​ពី​មុខ​គាត់។ ដូច្នេះ​ពួក​គេ​នាំ​គ្នា​រុក​រក​កង​ទ័ព​យូដា​នៅ​តាម​ភ្នំ។ ៦​ព្រឹក​ឡើង លោក​យូដា​មក​ដល់​វាល​ទំនាប​ជាមួយ​ពល​ទាហាន​បី​ពាន់​នាក់ ប៉ុន្តែ​ពួក​គេ​គ្មាន​អាវ​ក្រោះ គ្មាន​ដាវ​គ្រប់​គ្រាន់​តាម​បំណង​របស់​គេ​ទេ។ ៧​គេ​ឃើញ​កង​ទ័ព​សាសន៍​ដទៃ​មាន​កម្លាំង​ខ្លាំង​ក្លា ដោយ​ពាក់​អាវ​ក្រោះ ​និង​មាន​ទ័ព​សេះ​ការ​ពារ​នៅ​ជុំវិញ ហើយ​ទាហាន​ទាំង​នោះ​សុទ្ធ​តែ ស្ទាត់​ជំនាញ​ក្នុង​ការ​ធ្វើ​សង្គ្រាម។ ៨​លោក​យូដា​មាន​ប្រសាសន៍​ទៅ​កាន់​ពល​ទាហាន​របស់​គាត់​ថា៖ «កុំ​ភ័យ​ខ្លាច​កង​ទ័ព​ដ៏​ច្រើន​នេះ​ធ្វើ​អ្វី! កុំ​តក់​ស្លុត​នៅ​ពេល​ពួក​គេ​វាយ​ប្រហារ​យើង​ឡើយ! ៩​ចូរ​នឹក​ចាំ អំពី​របៀប​ដែល​ព្រះជាម្ចាស់​បាន​សង្គ្រោះ​បុព្វ​បុរស​យើង ឲ្យ​រួចពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ផារ៉ោន និង​កង​ទ័ព​អេស៊ីប​ដេញ​តាម​ នៅ​សមុទ្រ​ក្រហម។ ១០​ឥឡូវ​នេះ យើង​នាំ​គ្នា​ស្រែក​ទូល​អង្វរ​ព្រះ​ជា​ម្ចាស់! ប្រសិន​បើ​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង ព្រះ​អង្គ​មុខ​ជា​នឹក​ដល់​សម្ព័ន្ធ​មេត្រី ដែល​ព្រះ​អង្គ​ចង​ជាមួយ​បុព្វ​បុរស​យើង​ពុំខាន! ព្រះ​អង្គ​និង​កម្ទេច​កង​ទ័ព​ទាំង​នេះ​នៅ​មុខ​ពួក​យើង! ១១​ប្រជា​ជាតិ​នានា​នឹង​ទទួល​ស្គាល់​ថា មាន​ព្រះ​មួយ​អង្គ​យាង​មក​រំដោះ​និង​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល»។ ១២​ពេល​នោះ ទាហាន​សាសន៍​ដទៃ​សម្លឹង​មើល​ទៅ​ឃើញ​ជន​ជាតិ​យូដា ដើរ​តម្រង់​ចូល​មក​វាយ​ប្រហារ​ពួក​គេ។ ១៣​ពួក​គេ​ក៏​ចេញ​ពី​ជំរំ​ទៅ​ប្រយុទ្ធ។ ទ័ព​របស់​លោក​យូដា​ផ្លុំ​ត្រែ​ឡើង ១៤​ហើយ​ចូល​ប្រយុទ្ធ។ កង​ទ័ព​សាសន៍​ដទៃ​បាក់​ទ័ព​ខ្ចាត់​ខ្ចាយ​ទៅ​កាន់​វាល​ទំនាប។ ១៥​ប៉ុន្តែ ពល​ទាហាន​ដែល​នៅ​ក្រោយ ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់។ កង​ទ័ព​យូដា​ដេញ​តាម​សម្លាប់​ពួក​សត្រូវ រហូត​ទៅ​ដល់​ក្រុង ហ្កាសារ៉ា និង​វាល​ទំនាប​ស្រុក​អ៊ីឌូមែ​ក្រុង​អាសដូត និង​ក្រុង​យ៉ាមនីយ៉ា។ ជន​ជាតិ​យូដា​សម្លាប់ សត្រូវ​ទាំង​អស់​ប្រហែល​បី​ពាន់​នាក់។

១៦ពេល​លោក​យូដា​នឹង​កង​ទ័ព​ ត្រឡប់​ពី​ដេញ​តាម​សត្រូវ​វិញ លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា​ជន​ថា៖ ១៧«កុំ​មាន​ចិត្ត​លោភ​លន់​ចង់​បាន​ជយ​ភណ្ឌ​ពេក! ដ្បិត​យើង​ត្រូវ​ប្រយុទ្ធ​ទៅ​ទៀត ១៨ព្រោះ លោក​គ័រស៊ីយ៉ាស​និង​កង​ទ័ព​របស់​គេ នៅ​តំបន់​ជិត​យើង​បង្កើយ​ទេ។ ដូច្នេះ​ចូរ​ប្រយុទ្ធ​នឹង​សត្រូវ​ជា​បន្ត​ទៀត ក្រោយ​មក បង​ប្អូន​អាច​ប្រមូល​យក​ជយ​ភណ្ឌ ដោយ​គ្មាន​បារម្ភ​ពី​អ្វី​ឡើយ»។

១៩ពេល​លោក​យូដា​កំពុង​តែ ​និយាយ​នៅ​ឡើយ ស្រាប់​តែ​គេ​ឃើញ​ទ័ព​ឈ្លប​យក​ការណ៍​ មួយ​កង​របស់​សត្រូវ​ចុះ​ពី​លើ​ភ្នំ​មក។ ២០ពួក​ឈ្លប​នេះ​ឃើញ​គ្នា​គេ​បាក់​ទ័ព​រត់ ហើយ​ជំរំ​របស់​គេ​កំពុង​ឆេះ​និង​មាន​ផ្សែង​ហុយ​ឡើង ជា​សញ្ញា​បញ្ជាក់​ពី​ព្រឹត្តិ​ការណ៍​ដែល​កើត​មាន​នោះ។ ២១ឃើញ​ដូច្នេះ​ ពួក​គេ​ភ័យ​តក់​ស្លុត​ជា​ខ្លាំង។ ពួក​គេ​ក៏​ឃើញ​កង​ទ័ព​របស់​លោក​យូដា​ស្ថិត​នៅ​វាល​ទំនាប ត្រៀម​ខ្លួន​ដើម្បី​ប្រយុទ្ធ​ដែរ។ ២២ពួក​គេ​ក៏​រត់​គេច​ទៅ​កាន់​ស្រុក​ភីលីស្ទីន​ទាំង​អស់​គ្នា។ ២៣រីឯ​លោក​យូដា​វិញ លោក​ត្រឡប់​ទៅ​ជំរំ​របស់​ខ្មាំង ដើម្បី​រឹប​អូស​យក​ជយ​ភណ្ឌ។ កង​ទ័ព​យូដា​មាន​ប្រាក់​ជា​ច្រើន កំណាត់​សំពត់​ព្រែ​ពណ៌​ខៀវ​និង​ពណ៌​ស្វាយ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៀត។ ២៤កង​ទ័ព​អ៊ីស្រា​អែល​វិល​ត្រឡប់​មក​វិញ ទាំង​កោត​សរសើរ​តម្កើង​ព្រះជាម្ចាស់​ថា៖ «ព្រះ​អង្គ​មាន​ព្រះ​ហឫទ័យ​សប្បុរស និង​មេត្តា​ករុណា​អស់​កល្ប​ជានិច្ច»។ ២៥នៅ​ថ្ងៃ​នោះ ប្រជា​ជន​អ៊ីស្រាអែល​បាន ទទួល​ការ​សង្គ្រោះ​យ៉ាង​អស្ចារ្យ។ ២៦ពល​ទាហាន​សាសន៍​ដទៃ​ដែល​រត់​គេច​រួច​ទៅ​ជម្រាប​លោក​លីស៊ីយ៉ា អំពី​ហេតុ​ការណ៍​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​នោះ។ ២៧ពេល​លោក​លីស៊ីយ៉ា​ជ្រាប​ដំណឹង​នោះ លោក​បាក់​ទឹក​ចិត្ត​យ៉ាង បាត់​បង់​សេចក្ដី​ក្លាហាន ដ្បិត​សង្គ្រាម​ប្រឆាំង នឹង​អ៊ីស្រាអែល​មិន​ទទួល​ផល​ដូច​បំណង គឺ​ផ្ទុយ​នឹង​រាជ​បញ្ជា​របស់​ព្រះ​មហា​ក្សត្រ!។

លោក​យូដា​មាន​ជ័យជម្នះ​នៅ​បេតសួរ
២៨​ឆ្នាំ​បន្ទាប់​មក លោក​លីស៊ីយ៉ា​ប្រមូល​កង​ទ័ព​ស្រួច​ចំនួន​ប្រាំ​មួយ​ម៉ឺន​នាក់ និង​ពល​សេះ​ចំនួន​ប្រាំ​ពាន់​នាក់ ដើម្បី​ទៅ​ច្បាំង​នឹង​កង​ទ័ព​យូដា។ ២៩​កង​ទ័ព​នោះ​ចេញ​ទៅ​ស្រុក​អ៊ីឌូមែ បោះ​ទ័ព​នៅ​ក្បែរ​ក្រុង​បេតសួរ។ លោក​យូដា​នាំ​ទ័ព​ចំនួន​មួយ​ម៉ឺន​នាក់ ចេញ​ទៅ​ត​ទល់​នឹង​ពួក​គេ។ ៣០​ពេល​លោក​ឃើញ​កង​ទ័ព​សត្រូវ​មាន​គ្នា​ច្រើន មាន​កម្លាំង​ខ្លាំង​ក្លា លោក​ទូល​អង្វរ​ព្រះជាម្ចាស់​ថា៖ «បពិត្រ​ព្រះ​សង្គ្រោះ​នៃ​ប្រជា​ជន​អ៊ីស្រាអែល! យើង​ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ​អង្គ! ព្រះ​អង្គ​បាន​បំបាក់​កម្លាំង​ដ៏​ខ្លាំង​ក្លា​ដោយ​ដៃ​ព្រះ​បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ​អង្គ ព្រះ​អង្គ​បាន​ប្រគល់​កង​ទ័ព​ភីលីស្ទីន ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សម្ដេច​យូណាថាន ជា​បុត្រ​របស់​ស្ដេច​សាអ៊ូល និង​ក្មេង​កាន់​សស្ត្រាវុធ​របស់​សម្ដេច។ ៣១​ឥឡូវនេះ សូម​ឲ្យ​កង​ទ័ព​សត្រូវ​ទាំង​នេះ ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ប្រជា​ជន​អ៊ីស្រាអែល ជា​ប្រជា​រាស្ត្រ​របស់​ព្រះ​អង្គ! សូម​ឲ្យ​ពួក​គេ​ខ្មាស​ចំពោះ​មុខ​ថ្មើរ​ជើង និង​ទ័ព​សេះ​របស់​ខ្លួន​គេ​ផង!។ ៣២​សូម​ឲ្យ​ពួក​គេ​ភ័យ​ខ្លាច សូម​ឲ្យ​កម្លាំង​ដ៏​ព្រហើន​របស់​គេ​រលាយ​បាត់​ទៅ! ហើយ​សូម​ឲ្យ​ពួក​គេ​បាក់ ស្បាត​ដោយ​បរាជ័យ​ផង​ចុះ!។ ៣៣​សូម​ឲ្យ​ពួក​គេ ដួល​ក្រោម​មុខ​ដាវ​របស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​អង្គ! ដូច្នេះ អស់​អ្នក​ដែល​ស្គាល់​ព្រះ​នាម​របស់​អង្គ អាច​នឹង​ច្រៀង​សរសើរ​តម្កើង​ព្រះ​អង្គ​ជា​រៀង​រហូត»។

៣៤កង​ទ័ព​ទាំង​ពីរ ចាប់​ផ្ដើម​ប្រយុទ្ធ​ដោយ​ខ្លួន​ទល់​និង​ខ្លួន។ ពល​ទាហាន​យូដា​សម្លាប់​ពល ទាហាន​របស់​លោក​លីស៊ីយ៉ា អស់​ប្រហែល​ប្រាំ​ពាន់​នាក់។ ៣៥ដោយ​លោក​លីស៊ីយ៉ា​ឃើញ​ថា កង​ទ័ព​របស់​ខ្លួន​បរាជ័យ ហើយ​ពល​ទាហាន​របស់​លោក​យូដា កាន់​តែ​មាន​សេចក្ដី​ក្លាហាន​ឡើង គឺ​គេ​ស៊ូ​ប្ដូរ​ជីវិត​យ៉ាង​ក្លាហាន ដូច្នេះ​លោក​ក៏​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​ក្រុង​អន់ទីយ៉ូក ដើម្បី​កេណ្ឌ​ទាហាន​បរទេស​នៅ​ទីនោះ មក​វាយ​លុក​លុយ​ស្រុក​យូដា​ម្ដង​ទៀត។

លោក​យូដា​ជម្រះ​ព្រះវិហារ​ឲ្យ​វិសុទ្ធ
៣៦នៅ​ពេល​នោះ លោក​យូដា​និង​បង​ប្អូន​លោក​និយាយ​គ្នា​ថា៖ «ខ្មាំង​សត្រូវ​បរា​ជ័យ​ហើយ! យើង​នាំ​គ្នា​ឡើង​ទៅ​យេរូសាឡឹម ដើម្បី​ធ្វើ​វិធី​ជម្រះ​ព្រះ​វិហារ​ឲ្យ​វិសុទ្ធ និង​ធ្វើ​បុណ្យ​ឆ្លង​ជាថ្មី​ទៀត»។ ៣៧កង​ទ័ព​ទាំង​អស់​ប្រមូល​ផ្ដុំ​គ្នា ហើយ​ឡើង​ទៅ​លើ​ភ្នំ​ស៊ីយ៉ូន។ ៣៨​ពួកគេ​ឃើញ​ទី​សក្ការៈ​ស្ងាត់​ជ្រងំ ខ្មាំង​បាន​បង្អាប់​បង្អោន​អាសនៈ ហើយ​ដុត​ទ្វារ​ចោល។ ស្មៅ​ដុះ​ពាស​ពេញ​ក្នុង​ទីលាន​ដូច​ជា​ព្រៃ​ភ្នំ បន្ទប់​ទាំង​ប៉ុន្មាន​ខូច​ខាត​ទាំង​អស់។ ៣៩​ពួកគេ​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន ​យក​ធូលី​ដី​​មក​រោយ​លើ​ក្បាល ហើយ​ធ្វើ​ពិធី​កាន់​ទុក្ខ​ជា​ខ្លាំង។ ៤០​គេ​ក្រាប​មុខ​ដល់​ដី ហើយ​មាន​ឮ​សំឡេង​ផ្លុំ​ត្រែ ពួក​គេ​ស្រែក​ទូល​អង្វរ​ព្រះជាម្ចាស់។

៤១លោក​យូដា​បង្គាប់​ពល​ទាហាន​ខ្លះ ឲ្យ​វាយ​ប្រហារ​ទ័ព​ដែល​នៅ​ក្នុង​បន្ទាយ ទម្រាំ​លោក​ជម្រះ​ទី​សក្ការៈ​ឲ្យ​បាន​បរិសុទ្ធ​រួច។ ៤២លោក​ជ្រើស​រើស​បូជាចារ្យ​ខ្លះ​ដែល​គ្មាន​សៅ​ហ្មង ហើយ​ដែល​ស្រឡាញ់​ធម្ម​វិន័យ​យ៉ាង​ខ្លាំង ៤៣ដើម្បី​ឲ្យ​បូជាចារ្យ​ទាំង​នោះ ធ្វើ​ពិធី​ជម្រះ​ទី​សក្ការៈ​ឲ្យ​បាន​បរិសុទ្ធ ហើយ​យក​ថ្ម​ដែល​ជាប់​សៅ​ហ្មង ទៅ​ចោល​កន្លែង​មិន​បរិសុទ្ធ។ ៤៤គេ​សួរ​គ្នា​ថា​ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា ចំពោះ​អាសនៈ​ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ដែល​សាសន៍​ដទៃ​ បាន​បង្អាប់​បង្អោន​នោះ?។ ៤៥ពួក​គេ​មាន​យោបល់​មួយ​ល្អ​ថា ត្រូវ​តែ​រុះ​អាសនៈ​នេះ​ចោល ក្រែង​អាសនៈ​នេះ​នាំ​ឲ្យ​គេ​អាម៉ាស់ ព្រោះ​តែ​សាសន៍​ដទៃ​បាន​ធ្វើ​ឲ្យ​សៅ​ហ្មង។ គេ​ត្រូវ​រុះ​អាសនៈ​នេះ​ចោល ៤៦ហើយ​គេ​យក​ថ្ម​អាសនៈ នេះ​ទៅ​ដាក់​នៅ​កន្លែង​មួយ​សម​រម្យ​នៅ​លើ​ភ្នំ មាន​ព្រះ​វិហារ​ដោយ​រង់​ចាំ​ព្យាការី​ម្នាក់ មក​ថ្លែង​ប្រាប់​ឲ្យ​ដឹង​ថា ត្រូវ​យក​ថ្ម​ទាំង​នេះ​ទៅ​ធ្វើ​អ្វី។ ៤៧ពួក​គេ​យក​ថ្ម​ដែល​ពុំ​ទាន់​ដាប់ ស្រប​តាម​ធម្ម​វិន័យ ហើយ​នាំ​គ្នា សាង​អាសនៈ​ថ្មី​មួយ​ដូច​អាសនៈ​ចាស់។ ៤៨ពួក​គេ​ក៏​ជួស​ជុល​ទី​សក្ការៈ និង​បន្ទប់​ខាង​ក្នុង​នៃ​ព្រះ​ដំណាក់ ព្រម​ទាំង​ធ្វើ​ពិធី​ជម្រះ​ទីលាន​ឲ្យ​បាន​វិសុទ្ធ​ផង។ ៤៩គេ​ធ្វើ​គ្រឿង​ប្រដាប់​សក្ការៈ​ថ្មី ហើយ​យក​ជើង​ចង្កៀង​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប និង​តុ​មក​ដាក់​ក្នុង​ព្រះ​វិហារ។ ៥០ពួក​គេ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ និង​ដុត​ចង្កៀង​ដែល​នៅ​លើ​ជើង​ទម្រ ឲ្យ​ភ្លឺ​ក្នុង​ព្រះ​វិហារ។ ៥១គេ​យក​នំបុ័ង​មក​តម្កល់​លើ​តុ​ចង​វាំងនន និង​បង្ហើយ​កិច្ចការ​ទាំង​អស់​ ដែល​ពួក​គេ​បាន​ផ្ដើម​ធ្វើ។ ៥២ថ្ងៃ​ទី​ម្ភៃ​ប្រាំ ខែ​គីសលើ ដែល​ត្រូវ​នឹង​ខែ​មិគសិរ នៅ​ឆ្នាំ​មួយ​រយ​សែ​សិប​ប្រាំបី ជន​ជាតិ​យូដា​ក្រោក​ពី​ព្រលឹម ៥៣នាំ​គ្នា​ថ្វាយ​យញ្ញ​បូជា ស្រប​តាម​ធម្ម​វិន័យ នៅ​លើ​អាសនៈ​ដែល​ទើប​នឹង​សង់​ថ្មី​នោះ។ ៥៤គេ​ធ្វើ​ពិធី​ឆ្លង​អាសនៈ​នេះ​ទាំង​ច្រៀង​បទ​សរសើរ​ព្រះជាម្ចាស់ ដោយ​មាន​ប្រគំ​ដូរ្យតន្ត្រី​កំដរ​ផង គឺ​មាន​ពិណ ចាប៉ី ឃឹម ចំ​លើ​ថ្ងៃ​ខួប​ ដែល​ជន​ជាតិ​ដទៃ​បាន​បង្អាប់​បង្អោន​អាសនៈ​នេះ។ ៥៥ប្រជាជន​ទាំង​មូល ក្រាប​ចុះ​អោន​មុខ​ដល់​ដី រួច​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះ​ជា​ម្ចាស់ ដែល​បាន​ប្រោស​ប្រទាន​ឲ្យ​ពួក​គេ​មាន​ជ័យ​ជម្នះ។ ៥៦គេ​ធ្វើ​បុណ្យ​ឆ្លង​អាសនៈ​អស់​រយៈ​ពេល​ប្រាំបី​ថ្ងៃ ព្រម​ទាំង​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល យ៉ាង​សប្បាយ​រីក​រាយ​ក្រៃ​លែង។ គេ​ក៏​ថ្វាយ​យញ្ញ​បូជា​មេត្រី​ភាព និង​អរ​ព្រះ​គុណ​ព្រះ​អង្គ​ដែរ។ ៥៧គេ​យក​កម្រង​មាស​និង​ខែល​មក​តុប​តែង​ជញ្ជាំង​ខាង​មុខ​ព្រះ​វិហារ ហើយ​ជួស​ជុល​ខ្លោង​ទ្វារ​និង​បន្ទប់ ព្រម​ទាំង​ដាក់​ទ្វារ​ឡើង​វិញ​ផង។ ៥៨ប្រជាជន​មាន​អំណរ​សប្បាយ​រីករាយ​យ៉ាង​ក្រៃ​លែង​ហើយ​លុប​លាង​ការ​អាម៉ាស់ ដែល​គេ​ទទួល​បាន​ពី​សាសន៍​ដទៃ​ពី​ពេល​មុន។ ៥៩លោក​យូដា​និង​បង​ប្អូន​លោក​ព្រម​ទាំង​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល ព្រម​គ្នា​សម្រេច​ថា ត្រូវ​ធ្វើ​បុណ្យ​ខួប​ឆ្លង​អាសនៈ​នេះ ជា​រៀង​រាល់​ឆ្នាំ ក្នុង​រយៈ​ពេល​ប្រាំបី​ថ្ងៃ ទាំង​សប្បាយ​រីក​រាយ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី​ម្ភៃ​ប្រាំ ខែ​គីស​លើ ដែល​ត្រូវ​និង​ថ្ងៃ​មួយ​រោច ខែ​មិគសិរ​ត​ទៅ។

៦០នៅ​គ្រា​នោះ ពួក​គេ​ក៏​សង់​កំពែង​ខ្ពស់​ៗ និង​សង់​ប៉ម​ដ៏​រឹង​មាំ​ព័ទ្ធ​ជុំវិញ​ភ្នំ​ស៊ីយ៉ូន ដើម្បី​កុំ​ឲ្យ កង​ទ័ព​របស់​ជន​ជាតិ​ដទៃ ចូល​មក​ជាន់​ឈ្លី​ទី​​សក្ការៈ​ទាំង​នេះ​ដូច​កាល​ពី​មុន​ទៀត។ ៦១លោក​យូដា​ដាក់​កង​ទ័ព​ការពារ​ទី​នោះ ហើយ​សង់​កំពែង​ក្រុង​បេតសួរ​ដែរ ដើម្បី​ឲ្យ​ប្រជា​ជន​អ៊ីស្រាអែល​មាន​បន្ទាយ​រឹង​មាំ​ នៅ​ទល់​មុខ​ស្រុក​អេដុម។