ម៉ាកាបាយ (០៣)

ពាក្យ​សរសើរ​លោក​យូដា​ម៉ាកាបាយ
១​លោក​យូដា​ហៅ​ម៉ាកា​បាយ​ជា​បុត្រ​របស់​លោក​ម៉ាថាធីយ៉ាស ឡើង​កាន់​ទ័ព​ជំនួស​ឪពុក។ ២​​បងប្អូន​ទាំងអស់ និង​អស់​អ្នក​ដែល​ចូល​ខាង​ឪពុក​គាត់ ក៏​នាំ​គ្នា​គាំ​ទ្រ​គាត់​ដែរ​ហើយ​រីក​រាយ​នឹង​ប្រយុទ្ធ ដើម្បី​ជន​ជាតិ​អ៊ីស្រាអែល។ ៣​លោក​យូដា​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​ដ៏​រុង​រឿង​របស់ ជន​ជាតិ​លោក​ល្បី​ល្បាញ​ឡើង។ ពេល​លោក​ពាក់​អាវ​ក្រោះ លោក​ប្រៀប​ដូចជា​វីរ​បុរស​ដ៏​ឆ្នើម។ លោក​កាន់​អាវុធ ហើយ​ចេញ​ទៅ​ធ្វើ​សង្គ្រាម ការពារ​ទី​តាំង​ទ័ព​ដោយ​ដាវ​លោក​ផ្ទាល់។ ៤​ក្នុង​ពេល​បំពេញ​ភារកិច្ច លោក​ប្រៀប​ដូចជា​សត្វ​តោ​មួយ​ដ៏​សាហាវ និង​ដូច​កូន​សិង្ហ​ កំពុង​គ្រហឹម​ចាប់​សត្វ​ស៊ី​ដែរ។ លោក​ស្វែង​រក​អ្នក​ ដែល​បំពាន​លើ​ធម្ម​វិន័យ ហើយ​ដេញ​ពួក​គេ​ចេញ ព្រម​ទាំង​ដុត​សម្លាប់​ពួក​អ្នក ដែល​បង្ក​ឲ្យ​ប្រជា​ជន​មាន​ចលាចល។ ៦​ជន​ពាល​បាត់​បង់​អំណាច​ដោយ​ភ័យ​ខ្លាច​លោក ហើយ​ពួក​ទមិឡ​រក​ច្រក​ចេញ​មិន​រួច លោក​បាន​រំដោះ​ប្រជា​ជន​ជា​ស្ថាពរ។ ៧​លោក​ធ្វើ​ទុក្ខ​បុក​ម្នេញ ស្ដេច​ជាច្រើន​អង្គ ហើយ​ស្នាដៃ​របស់​លោក​ផ្ដល់​អំណរ​ដល់​ប្រជា​ជន​អ៊ីស្រាអែល យ៉ាង​ខ្លាំង។ គួរ​ឲ្យ​នឹក​ចាំ និង​កោត​សរសើរ​អស់​កល្ប​ជានិច្ច។ ៨​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​នានា​នៅ​ស្រុក​យូដា ហើយ​វាយ​ជន​ពាល​ទាំង​អស់ នៅ​ក្រុង​ទាំង​នោះ​ឲ្យ​វិនាស។ លោក​ធ្វើ​ឲ្យ​ព្រះជាម្ចាស់​លែង​ព្រះ​ពិរោធ​នឹង​ប្រជា​ជន​អ៊ីស្រាអែល។ ៩​កិត្តិនាម​របស់​លោក​ល្បី​រន្ទឺ​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែន​ដី ហើយ​លោក​ក៏​ប្រមូល​ផ្ដុំ​អស់​អ្នក​ដែល​រស់​នៅ​ខ្ចាត់​ខ្ចាយ ឲ្យ​រួម​គ្នា​វិញ។

លោក​យូដា​មាន​ជ័យ​ជម្នះ​ លើ​លោក​អប៉ូឡូនីយូ
១០​លោក​អប៉ូឡូនីយូស​កាន់​សាសន៍​ដទៃ ព្រម​ទាំង​ជន​ជាតិ​សាម៉ារី​ មក​ធ្វើ​ជា​កង​ទ័ព​មួយ​ដ៏​មាន​កម្លាំង​អង់​អាច ដើម្បី​វាយ​ប្រហារ​ជន​ជាតិ​អ៊ីស្រា​អែល។ ១១​លោក​យូដា​ជ្រាប​ហេតុ​ការណ៍​នេះ ហើយ​ក៏​ចេញ​ទៅ​ប្រយុទ្ធ​តទល់​នឹង​ពួក​គេ។ លោក​វាយ​ឈ្នះ​គេ​ហើយ​ប្រហារ​ជីវិត​លោក​អប៉ូឡូនីយូស​ទៀត​ផង។ ពល​ទាហាន​របស់​លោក​អប៉ូឡូនីយូស​ជា​ច្រើន​បាត់​បង់​ជីវិត ហើយ​ពួក​ដែល​រួច​ពី​ស្លាប់​ក៏​បាក់​ទ័ព​រត់​អស់​ទៅ។ ១២​ជនជាតិ​យូដា​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ខ្មាំង។ រីឯ​លោក​យូដា ក៏​រើស​យក​ដាវ​របស់​លោក​អប៉ូឡូនីយូស ហើយ​ប្រើ​ដាវ​នោះ​ជា​រៀង​រាល់ថ្ងៃ​នៅ​ពេល​វាយ​ខ្លាំង។ ១៣​លោក​សេរ៉ុន​ជា​មេទ័ព​ស្រុក​ស៊ីរី​ទទួល​ដំណឹង​ថា លោក​យូដា​បាន​ប្រមូល​ផ្តុំ​កង​ទ័ព និង​ក្រុម​អ្នក​ដែល​មាន​ជំនឿ​ស្មោះត្រង់ ដើម្បី​ធ្វើ​សង្គ្រាម។ ១៤​គាត់​គិត​ថា៖ «ខ្ញុំ​ត្រូវ​តែ​ទៅ​ប្រយុទ្ធ​នឹង យូដា ព្រម​ទាំង​អស់​អ្នក​នៅ​ជាមួយ ដែល​មិន​គោរព​រាជ​បញ្ជា​របស់​ព្រះ​មហា​ក្សត្រ​នោះ! ធ្វើ​ដូច្នេះ ខ្ញុំ​មុខ​ជា​មាន​កេរ្តិ៍​ឈ្មោះ​និង​កិត្តិ​យស​នៅ​ក្នុង​រាជា​ណា​ចក្រ​ទាំង​មូល​មិន​ខាន»។ ១៥​លោក​ក៏​ចេញ​ទៅ​ប្រយុទ្ធ​នឹង​លោក​យូដា ដោយ​នាំ​កង​ទ័ព​មួយ​ចំនួន​ធំ ដែល​សុទ្ធ​តែ​ពួក​ទមិឡ ដើម្បី​វាយ​សង​សឹក​ នឹង​ប្រជា​ជន​អ៊ីស្រាអែល។ ១៦នៅ​ពេល​លោក​សេរ៉ុន​ធ្វើ​ដំណើរ​តាម​ផ្លូវ ឡើង​ទៅ​ក្រុង​បេតហូរ៉ូន លោក​យូដា​ក៏​ចេញ​ទៅ​ស្ទាក់​ផ្លូវ​លោក​សេរ៉ុន ដោយ​មាន​ពល​ទាហាន​តែ​មួយ​ក្រុម​តូច​ប៉ុណ្ណោះ​ទៅ​ជាមួយ។ ១៧​កាល​ដែល​ពល​ទាហាន​ឃើញ​កង​ទ័ព​ ​ដែល​កំពុង​តែ​ឡើង​មក​វាយ​ពួក​គេ ពួក​គេ​សួរ​លោក​យូដា​ថា៖ «យើង​មាន​គ្នា​តិច​យ៉ាង​នេះ! តើ​យើង​អាច​ប្រយុទ្ធ​នឹង​កង​ទ័ព ដែល​មាន​គ្នា​ច្រើន ហើយ​មាន​កម្លាំង​ខ្លាំង​ក្លា​បែប​នេះ ដូច​ម្ដេច​កើត? ម្យ៉ាង​ទៀត យើង​អស់​កម្លាំង ព្រោះ​យើង​មិន​ទាន់​បរិភោគ​អ្វី​ នៅ​ឡើយ!»។ ១៨លោក​យូដា​មាន​ប្រសាសន៍​ថា៖ «ក្រុម​ដែល​មាន​គ្នា​តិច អាច​យក​ជ័យជម្នះ​លើ​កង​ទ័ព មួយ​ធំ​យ៉ាង​ស្រួល។ ព្រះជាម្ចាស់​មិន​ត្រូវ​ការ​គ្នា​ច្រើន ឬ​គ្នា​តិច​ដើម្បី​ឈ្នះ​ខ្មាំង​ទេ។ ១៩​នៅ​លើ​សមរ​ភូមិ​ជ័យ​ជម្នះ​មិន​ស្ថិត​នៅ​លើ​កង​ទ័ព​ឡើយ គឺ​ស្ថិត​នៅ​លើ​ឫទ្ធានុភាព ដែល​ព្រះជាម្ចាស់​ប្រទាន​មក​នោះ​វិញ។ ២០ពួក​សត្រូវ​មក​វាយ​យើង​ទាំង​មាន​ចិត្ត​អួត​បំប៉ោង​និង​ឃោរឃៅ។ ពួក​វា​មាន​គម្រោង​សម្លាប់​យើង និង​ប្រពន្ធ​កូន​យើង ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​យើង​ទៀត​ផង។ ២១​រីឯ​យើង​វិញ យើង​វាយ​តប​ត​ឲ្យ​រួច​ជីវិត និង​ការពារ​សាសនា​របស់​យើង​ប៉ុណ្ណោះ ២២​ព្រះជាម្ចាស់​នឹង​កម្ទេច​សត្រូវ នៅ​មុខ​យើង​ជា​ពុំខាន! ដូច្នេះ​កុំ​ខ្លាច​ពួក​វា​អី!»។

២៣កាល លោក​មាន​ប្រសាសន៍​ចប់​សព្វ​គ្រប់​ហើយ លោក​យូដា​វាយ​សម្រុក​ខ្មាំង​សត្រូវ​នៅ​ពេល ដែល​គេ​មិន​ដឹង​ខ្លួន ហើយ​កម្ទេច​កង​ទ័ព​របស់​លោក​សេរ៉ុន​អស់។ ២៤យុទ្ធ​ជន​ដែល​រស់​នៅ​ជាមួយ​លោក​យូដា ដេញ​ខ្មាំង​សត្រូវ​តាម​ផ្លូវ​ចុះ​ពី​ភូមិ​បេត​ហូរ៉ូន រហូត​ទៅ​ដល់​វាល​ទំនាប ហើយ​បាន​សម្លាប់​ពួក​គេ ប្រហែល​ប្រាំបី​រយ​នាក់។ ពល​ទាហាន​ដែល​រួច​ពី​ស្លាប់​ក៏​រត់​គេច​ខ្លួន​ទៅ​ស្រុក​ភីលីស្ទីន។ ២៥តាំង​ពី​ពេល​នោះ​មក ជាតិ​សាសន៍​ដទៃ​ដែល​នៅ​ជុំវិញ​ចាប់​ផ្ដើម​ភ័យ​ខ្លាច​ញាប់​ញ័រ ចំពោះ​លោក​យូដា​និង​បង​ប្អូន​របស់​គាត់។ កិត្តិ​នាម​របស់​លោក​យូដា​លេច​ឬ​ដល់​ព្រះ​បាទ​អន់ទីយ៉ូគូស ហើយ​ប្រជា​ជាតិ​នានា​និយាយ​តំណាល​អំពី​ការ​ប្រយុទ្ធ​របស់​លោក។

ព្រះបាទ​អន់ទីយ៉ូគូស​តែងតាំង​លោក​លីស៊ីយ៉ា​ឲ្យ​កម្ទេច​ជនជាតិ​អ៊ីស្រាអែល
២៧​ពេល​ព្រះ​បាទ​អន់ទីយ៉ូគូស ជ្រាប​ពី​ព្រឹត្តិ​ការណ៍​ទាំង​នោះ​ហើយ ទ្រង់​ព្រះ​ពិរោធ​ជា​ខ្លាំង ក៏​ចេញ​រាជ​បញ្ជា ឲ្យ​ប្រមូល​កង​ទ័ព​ទាំង​អស់​ក្នុង​រាជា​ណា​ចក្រ​ទាំង​មូល មក​ធ្វើ​ជា​កង​ទ័ព​មួយ​ដ៏​ខ្លាំង​អស្ចារ្យ ២៨​ហើយ​យក​រាជ​ទ្រព្យ​មក​បើក​ប្រាក់​ខែ​គ្រប់​មួយ​ឆ្នាំ​ដល់​ពល​ទាហាន ដោយ​មាន​រាជ​បញ្ជា​ឲ្យ​ពួក​គេ​ត្រៀម​ខ្លួន​ជានិច្ច។ ២៩​គ្រា​នោះ ព្រះ​រាជា​សង្កេត​ឃើញ​ថា ប្រាក់​ក្នុង​ឃ្លាំង​រាជ​ទ្រព្យ​ត្រូវ​អស់ គឺ​មក​ពី​ការ​ប្រមូល​ប្រាក់​ពន្ធ​អាករ​តាម​អាណា​ខេត្ត​ថយ​ចុះ។ ការ​ខ្វះ​ខាត​នេះ​បណ្ដាល​មក​ពី​ព្រះ​រាជា​បង្ក​ចលាចល​និង​គ្រោះ​មហន្ត​រាយ​ក្នុង​ស្រុក ដោយ​លុប​បំបាត់​សាសនា​ ដែល​មាន​តាំង​ពីដើម​រៀង​មក។ ៣០​ព្រះ​រាជា​តែង​តែ​ចាយ​ប្រាក់​ជាច្រើន និង​ប្រទាន​អំណោយ​យ៉ាង​ទូលំ​ទូលាយ លើស​ពី​ស្ដេច​មុន​ៗ​ទៅ​ទៀត។ ប៉ុន្តែ​ពេល​នេះ ទ្រង់​បារម្ភ​ថា ពុំ​មាន​លទ្ធ​ភាព​នឹង​ចែក​ចាយ​ប្រាក់​ដូច​ពី​មុន​បាន។ ៣១​ដូច្នេះ ព្រះ​មហា​ក្សត្រ​មាន​ព្រះ​ហឫទ័យ​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង ទ្រង់​សម្រេច​យាង​ទៅ​ស្រុក​ពែរ្ស ដើម្បី​ទារ​ពន្ធ​អាករ​ពី​បណ្ដា​ខេត្ត​នានា​នៅ​ក្នុង​ស្រុក​នោះ ហើយ​ប្រមូល​ប្រាក់​បាន​យ៉ាង​ច្រើន​ផង។ ៣២ព្រះ​រាជា​តែង​តាំង​លោក​លីស៊ីយ៉ា ជា​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​និង​ជាប់​រាជ​វង្ស ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ រាជាណាចក្រ​ទាំង​មូល ចាប់​តាំង​ពី​ទន្លេ​អឺប្រាត រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​អេស៊ីប។ ៣៣​ព្រះរាជា​ក៏​ប្រគល់​ឲ្យ​លោក​លីស៊ីយ៉ា ទទួល​ខុស​ត្រូវ​ លើ​ការ​អប់រំ​ព្រះ​រាជ​បុត្រ​ឈ្មោះ​អន់ទីយ៉ូគូស​ជំនួស​ព្រះ​រាជា រហូត​ដល់​ពេល​ព្រះ​អង្គ​ទ្រង់​ត្រឡប់​មក​វិញ។ ៣៤ព្រះរាជា​ទុក​កង​ទ័ព​ពាក់​កណ្ដាល ព្រម​ទាំង​ដំរី​ចម្បាំង ឲ្យ​លោក​លីស៊ីយ៉ា ហើយ​ក៏​បញ្ជា​ឲ្យ​លោក​បំពេញ​កិច្ចការ​ដែល​ទ្រង់​បាន​សម្រេច ជា​ពិសេស​ប្រជា​ជន​ស្រុក​យូដា និង​ក្រុង​យេរូសាឡឹម។ ៣៥លោក​លីស៊ីយ៉ា ត្រូវ​ចាត់​កង​ទ័ព​ទៅ​វាយ​កម្ទេច​កង​កម្លាំង​ប្រជា​ជន​អ៊ីស្រាអែល និង​អ្នក​ដែល​នៅ​សេស​សល់​ក្នុង​ក្រុង​យេរូសាឡឹម​ឲ្យ​ផុត​ពូជ ដើម្បី​លុប​បំបាត់​ឈ្មោះ​ពួក​គេ ឲ្យ​អស់​ពី​លើ​ផែន​ដី។ ៣៦លោក​ត្រូវ​នាំ​យក​ជន​ជាតិ​ដទៃ មក​តាំង​ទីលំនៅ​ក្នុង​តំបន់​នោះ និង​ចែក​ដី​ឲ្យ​ពួក​គេ​ទៀត​ផង។ ៣៧នៅ​ឆ្នាំ​១៤៧ ព្រះ​មហា​ក្សត្រ​នាំ​កង​ទ័ព​ពាក់​កណ្ដាល​ទៀត យាង​ទៅ​ក្រុង​អន់ទីយ៉ូក ជា​រាជ​ធានី​នៃ​រាជា​ណា​ចក្រ ទ្រង់​យាង​ឆ្លង​ទន្លេ​អឺប្រាត និង​យាង​កាត់​តំបន់​ភ្នំ។

លោក​គ័រស៊ីយ៉ាស និង លោកកាន័រ
៣៨​ក្នុង​ចំណោម​ ទីប្រឹក្សា​របស់​ព្រះ​មហា​ក្សត្រ លោក​លីស៊ីយ៉ា ជ្រើស​រើស​លោក​ផ្ទូឡេម៉េ ជា​កូន​លោក​ដូរីមែន លោក​នីកាន័រ និង​លោក​គ័រស៊ី​យ៉ាស ជា​អ្នក​មាន​អំណាច​ឲ្យ​ធ្វើ​ជា​មេទ័ព។ ៣៩​លោក​ចាត់​មេទ័ព​ទាំង​បី​នោះ ឲ្យ​នាំ​ទ័ព​ថ្មើរ​ជើង​ចំនួន​មួយ​ម៉ឺន​នាក់ និង​ទ័ព​សេះ​ប្រាំពីរ​ពាន់​នាក់ ទៅ​វាយ​ស្រុក​យូដា និង​បំផ្លាញ​ស្រុក​នោះ​ចោល​តាម​រាជ​បញ្ជា​របស់​ស្ដេច។ ៤០​មេ​ទ័ព​ទាំង​បី​ក៏​ចាក​ចេញ​ទៅ​ជាមួយ​កង​ទ័ព ហើយ​មក​ដល់​ក្បែរ​ភូមិ​អេម៉ាអ៊ូស ពួក​គេ​បោះ​ទ័ព​នៅ​វាល​ទំនាប​នោះ។ ៤១​កាល​ពួក​ឈ្មួញ​ឮ​ដំណឹង​នេះ ពួក​គេ​យក​មាស​ប្រាក់​យ៉ាង​ច្រើន ព្រម​ទាំង​ខ្នោះ​ច្រវាក់ មក​កាន់​ជំរំ​កង​ទ័ព ដើម្បី​ទិញ​ជន​ជាតិ​អ៊ីស្រាអែល ធ្វើ​ជា​ទាសករ មាន​កង​ទ័ព​មក​ពី​ស្រុក អេដុម និង​កង​ទ័ព​មក​ពី​ស្រុក​ភីលីស្ទីន ចូល​មក​រួម​ជាមួយ​ពួក​គេ។ ៤២​លោក​យូដា​និង​បង​ប្អូន​របស់​លោក​យល់​ឃើញ​ថា សភាព​ការណ៍​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ៗ ហើយ​ថែម​ទាំង​មាន​កង​ទ័ព​សាសន៍​ដទៃ មក​បោះ​ទីតាំង​នៅ​ក្នុង​ស្រុក​ផង ហើយ​ពួក​គេ​ក៏​ដឹង​ទៀត​ថា ព្រះ​មហា​ក្សត្រ​មាន​បំណង​ចេញ​រាជ​បញ្ជា ឲ្យ​សម្លាប់​ប្រជា​ជន​ឲ្យ​អស់។ ៤៣ពួក​គេ​និយាយ​តៗ​ថា៖ «យើង​នឹង​នាំ​គ្នា​សង្គ្រោះ​ប្រជា​ជន​របស់​យើង មិន​ឲ្យ​វិនាស​អន្តរាយ​ឡើយ! យើង​នាំ​គ្នា​វាយ​តប​ត​ដើម្បី​ប្រជា​ជន និង​ទី​សក្ការៈ​ដ៏​វិសុទ្ធ​របស់​យើង!»។ ៤៤​គេ​កោះ​ហៅ​សហគមន៍ ឲ្យ​មក​ជួប​ជុំ​គ្នា​ ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម និង​អង្វរ​ព្រះជាម្ចាស់ សូម​ព្រះ​អង្គ​អាណិត​អាសូរ មេត្តា​ករុណា​ដល់​គេ​ផង។ ៤៥​ក្រុង​យេរូសាឡឹម​មាន​សភាព​ស្ងាត់​ជ្រងំ គ្មាន​ឃើញ​ប្រជា​ជន​ណា​ម្នាក់​ ចេញ​ចូល​ទីក្រុង​ឡើយ។ មាន​គេ​ជាន់​ឈ្លី​ទី​សក្ការៈ​ជាតិ​សាសន៍​ដទៃ តាំង​ទី​លំនៅ​ក្នុង​បន្ទាយ​នោះ! ប្រជា​ជន​អ៊ីស្រាអែល​ដែល​សប្បាយ​រីក​រាយ ហើយ​សំឡេង​ខ្លុយ និង​សំឡេង​ពិណ​ក៏​លែង លាន់​ឮ​ទៀត​ដែរ។

ការ​ប្រជុំ​នៅ​ម៉ាស្បា
៤៦​លោក​យូដានិង​កង​ទ័ព​របស់​លោក ប្រមូល​ផ្តុំ​គ្នា ហើយ​ចេញ​ទៅ​កាន់​ភូមិ​ម៉ាស្បា ដែល​នៅ ទល់​មុខ​ក្រុង​យេរូសាឡឹម ដ្បិត​កាល​ពី​មុន ប្រជា​ជន​អ៊ីស្រាអែល​ តែង​តែ​មក​ទូល​អង្វរ​ព្រះជាម្ចាស់ នៅ​ទី​នោះ។ ៤៧​នៅ​ថ្ងៃ​នោះ ពួកគេ​ធ្វើ​ពិធី​កាន់​ទុក្ខ គឺ​ពួក​គេ​តម​អាហារ យក​បាវ​មក​ស្លៀក យក​ផេះ​មក​រោយ​លើ​ក្បាល ហើយ​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន​ទៀត​ផង។ ៤៨​ពួក​គេ​លាត​គម្ពីរ​ធម្ម​វិន័យ ដើម្បី​ទូល​សួរ​ព្រះជាម្ចាស់ ដោយ​មិន​ធ្វើ​ដូច​សាសន៍​ដទៃ ដែល​តែង​តែ​សួរ​ព្រះ​ក្លែង​ក្លាយ​របស់​គេ​ឡើយ។ ៤៩​ពួក​គេ​នាំ​យក​សម្លៀក​បំពាក់​របស់​បូជាចារ្យ ផល​ដំបូង និង​ចំណែក​មួយ​ភាគ​ដប់​នៃ​ប្រាក់​ចំណូល ហើយ​ប្រមូល​ពួក​ណា​សៀរ​ ដែល​លា​បំណន់​របស់​ខ្លួន ៥០​ពួកគេ​នាំ​គ្នា​ស្រែក​អង្វរ​ព្រះជាម្ចាស់​ថា៖ «ឱ! ព្រះ​អម្ចាស់​អើយ! តើ​ឲ្យ​យើង​ខ្ញុំ​យក​តង្វាយ​នេះ​ទៅ​ធ្វើ​អ្វី? តើ​ឲ្យ​យើង​ខ្ញុំ​នាំ​អ្នក​លា​បំណន់​ទាំង​នេះ នៅ​ទីណា?។ ៥១​បើ​ជាតិ​ដទៃ​ជាន់​ឈ្លី និង​បង្អាប់​បង្អោន​ ទី​ដ៏​វិសុទ្ធ​របស់​ព្រះ​អង្គ​ដូច្នេះ!​បូជាចារ្យ​របស់​ព្រះ​អង្គ​ក៏​កាន់​ទុក្ខ​ និង​អាម៉ាស់។ ៥២ពេល​នេះ ប្រជា​ជាតិ​ដទៃ​ព្រួត​ដៃ​គ្នា​ប្រឆាំង​នឹង​យើង​ខ្ញុំ បម្រុង​វាយ​កម្ទេច​យើង​ខ្ញុំ ឲ្យ​វិនាស​សាប​សូន្យ​ទៀត​ផង។ ព្រះ​អង្គ​ជ្រាប​គម្រោង​ការណ៍​របស់​ពួក​គេ​ហើយ! ៥៣​ប្រសិន​បើ​ព្រះ​អង្គ​មិន​យាង​មក​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ទេ តើ​យើង​ខ្ញុំ​អាច​ទប់​ទល់​ប្រឆាំង​នឹង​ពួក​គេ​ដូចម្ដេច​បាន?» ៥៤​បន្ទាប់​មក​ពួក​គេ​នឹង​ផ្លុំ​ត្រែ​ហើយ​ស្រែក​យ៉ាង​ខ្លាំង​ផង។

៥៥ក្រោយមក លោក​យូដា​តែង​តាំង​មេដឹកនាំ​ប្រជា​ជន គឺ​មេ​ក្រុម​មួយ​ពាន់​នាក់ មេ​ក្រុម​មួយ​រយ​នាក់ មេក្រុម​ហា​សិប​នាក់ និង​មេក្រុម​ដប់​នាក់។ ៥៦លោក​ប្រាប់​អ្នក​ដែល​កំពុង​សង់​ផ្ទះ​ថ្មី អ្នក​ដែល​ទើប​មាន​គូ​ដណ្ដឹង​ថ្មី អ្នក​ដែល​ទើប​ដាំ​ចម្ការ​ទំពាំង​បាយ​ជូរ និង​អ្នក​ដែល​ភ័យ​ខ្លាច ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​ស្រប​តាម​ធម្ម​វិន័យ។ ៥៧ពេល​នោះ កង​ទ័ព​អ៊ីស្រាអែល​ចេញ​ដំណើរ​ទៅ ហើយ​បាន​បោះ​ទ័ព​នៅ​ខាង​ត្បូង​ភូមិ​អេម៉ាអ៊ូស។ ៥៨លោក​យូដា​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា៖ «ចូរ​ប្រដាប់​អាវុធ​និង​មាន​ចិត្ត​ក្លាហាន​ឡើង! ចូរ​ត្រៀម​ខ្លួន! ព្រឹក​ស្អែក​យើង​នឹង​ចេញ​ទៅ​វាយ​សាសន៍​ដទៃ​ទាំង​នោះ ដែល​លើក​គ្នា​មក​វាយ​កម្ទេច​យើង និង​បំផ្លាញ​ទី​សក្ការៈ​របស់​យើង ៥៩យើង​ស៊ូ​ស្លាប់​នៅ​លើ​សមរភូមិ ប្រសើរ​ជាង​ឈរ​អោប​ដៃ​មើល​ទុក្ខ​វេទនា​របស់​ជាតិ​សាសន៍​យើង និង​ការ​បំផ្លាញ​ទី​សក្ការៈ​ដ៏​វិសុទ្ធ​របស់​យើង។ សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ​ហឫទ័យ​ព្រះ​អម្ចាស់​ផង​ចុះ!»។