ម៉ាកាបាយ (០២)

ទំនួញ​របស់​លោក​បូជាចារ្យ ម៉ាថាធីយ៉ាស
នៅ​គ្រា​នោះ លោក​ម៉ាថា​ធីយ៉ាស​ជា​កូន​របស់​លោក​យ៉ូហាន និង​ជា​ចៅ​របស់​លោក​ស៊ីម៉ូន ជា​បូជាចារ្យ​ក្នុង​ក្រុម​លោក​យ៉ូអារិប​បាន​ចេញ​មុខ​ឡើង។​ លោក​ចាក​ចេញ​ពី​ក្រុង​យេរូ​សាឡឹម ទៅ​រស់​នៅ​ក្រុង​ម៉ូឌីន។ លោក​មាន​កូន​ប្រាំ​នាក់​គឺ៖ យ៉ូហាន​ហៅ​កាឌី ស៊ីម៉ូន​ហៅ​ថា​ស៊ី យ៉ូដាស​ហៅ​ម៉ាកា​បាយ អេឡាសារ​ហៅ​អាវ៉ារន យ៉ូណាថាន​ហៅ​អភូស។ ៦​ក្រោយ​ពី​បាន​ឃើញ​អំពើ​អាក្រក់​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​ប្រជា​ជន​ប្រព្រឹត្ត​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូសាឡឹម លោក​មាន​ប្រសាសន៍​ថា៖ «វេទនា​ណាស់! ខ្ញុំ​កើត​មក​ដើម្បី​ឃើញ​ប្រជា​ជន​របស់​ខ្ញុំ វិនាស និង​ការ​អន្ត​រាយ​នៃ​ក្រុង​ដ៏​វិសុទ្ធ​នេះ​ឬ? ខ្ញុំ​អង្គុយ​ស្ងៀម​នៅ​ទី​នេះ ក្នុង​ពេល​ដែល​ទីក្រុង​ត្រូវ​ធ្លាក់ ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង ឯ​ទី​សក្ការៈ​ក៏​ស្ថិត​ក្នុង កណ្ដាប់​ដៃ​របស់​ជន​បរទេស​ដែរ។ ៨​ព្រះវិហារ ប្រៀប​ដូច​ជា​មនុស្ស​បាត់​បង់​កិត្តិ​យស គ្មាន​នរណា​គោរព ៩​ខ្មាំង​រឹប​អូស​យក​គ្រឿង​ឧបករណ៍ ដែល​ជា​សិរី​រុង​រឿង​នៃ​ព្រះ​វិហារ​ធ្វើ​ជា​ជយ​ភណ្ឌ។ ពួកវា​បាន​សម្លាប់​រង្គាល​ក្មេង​តូច​ៗ​នៅ​តាម​ផ្សារ ហើយ​យុវជន​ក៏​ត្រូវ​ស្លាប់​ដោយ​សារ​មុខ​ដាវ។ ១០​ប្រជា​ជាតិ​នានា បាន​ទទួល​មួយ​ផ្នែក​នៃ​រាជាណាចក្រ​នេះ និង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ក្រុង​ធ្វើ​ជា​ជយ​ភណ្ឌ​ទៀត​ផង! ១១​គេ​យក​គ្រឿង​លំអ​របស់​ក្រុង​យេរូសាឡឹម​អស់។ កាល​ពី​មុន​ក្រុង​ធ្លាប់​មាន​សេរី​ភាព ឥឡូវ​នេះ​ប្រែ​ក្លាយ​ជា​ទាសី​ហើយ! ១២​ទី​ដ៏​វិសុទ្ធ​ដែល​ជា​ទី​លំអ និង​សិរី​រុង​រឿង​របស់​យើង​ក្លាយ​ជា​ទី​រហោ​ស្ថាន ត្រូវ​ជន​ជាតិ​ដទៃ បង្អាប់​បង្អោន​ទៀត! ១៣​តើ​រស់​តទៅ​ទៀត​មាន​ប្រយោជន៍​អ្វី?»។ ១៤​លោក​ម៉ាថាធីយ៉ាស និង​កូន​របស់​គាត់​ក៏​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​នាំគ្នា​យក​បាវ​មក​ស្លៀក​ជំនួស​វិញ ដើម្បី​ធ្វើ​ពិធី​កាន់​ទុក្ខ។

យញ្ញ​បូជា​នៅ​ក្រុង​ម៉ូឌីន
១៥​មន្រ្តី​ដែល​ព្រះ​មហា​ក្សត្រ​ចាត់​មក ដើម្បី​បង្ខំ​ឲ្យ​ប្រជា​ជន​លះ​បង់​ជំនឿ​របស់​ខ្លួន មក​ដល់​ក្រុង​ម៉ូឌីន ដើម្បី​ថ្វាយ​យញ្ញ​បូជា។ ១៦​ជន​ជាតិ​អ៊ីស្រា​អែល​ជា​ច្រើន​ចេញ​ទៅ​ជួប​លោក តែ​លោក​ម៉ាថា​ធីយ៉ាស និង​កូន​ទាំង​ប៉ុន្មាន​របស់​គាត់ ជួប​ជុំ​គ្នា​ដោយ​ឡែក​ពី​គេ។ ១៧​មន្ត្រី​របស់​ព្រះ​មហា​ក្សត្រ​ប្រាប់​លោក​ម៉ាថាធីយ៉ាស​ថា៖ «លោក​ជា​អ្នក​ដឹក​នាំ​មាន​ឈ្មោះ​ល្បី និង​មាន​អំណាច​ក្នុង​ភូមិ​នេះ ដោយ​មាន​កូន​និង​បង​ប្អូន​ជា​ច្រើន​ ជួយ​គាំ​ទ្រ​ផង។ ១៨​សូម​លោក​អញ្ជើញ​មក អនុវត្ត​តាម​រាជ​បញ្ជា​របស់​ព្រះ​ករុណា​មុន​គេ ដូច​ប្រជា​ជាតិ​ទាំង​ប៉ុន្មាន និង​អ្នក​ស្រុក​យូដា ព្រម​ទាំង​អ្នក​ដែល​នៅ​សេស​សល់​ក្នុង​ក្រុង​យេរូសាឡឹម បាន​ធ្វើ​រួច​​មក​ហើយ។ បើ​ធ្វើ​ដូច្នេះ​លោក និង​កូន​របស់​លោក​ត្រូវ​រាប់​បញ្ចូល ​ក្នុង​ចំណោម​មិត្ត​សម្លាញ់​របស់​ព្រះ​រាជា។ លោក​និង​កូន​របស់​លោក​ នឹង​ទទួល​មាស​ប្រាក់ ព្រម​ទាំង​អំណោយ​ជាច្រើន​ទៀត​ផង!»។ ១៩​លោក​ម៉ាថាធីយ៉ាស​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ៗ​ តប​ទៅ​គេ​ថា៖ «ទោះបី​ប្រជា​ជាតិ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​រាជាណាចក្រ​ទាំង​មូល យល់​ព្រម​ធ្វើ​តាម​រាជ​បញ្ជា​របស់​ស្ដេច លះ​បង់​សាសនា​ដូនតា​របស់​គេ​រៀង​ៗ​ខ្លួន​ចោល ហើយ​បែរ​ទៅ​គោរព​តាម​រាជ​ឱង្ការ​របស់​ស្ដេច​ក្ដី ២០​ក៏​ខ្ញុំ កូន​ខ្ញុំ និង​បង​ប្អូន​ខ្ញុំ នៅ​តែ​ប្រតិបត្តិ​តាម​សម្ព័ន្ធ​មេត្រី​នៃ​ដូន​តា​របស់​យើង​តទៅ​មុខ​ទៀត​ជា​ដរាប។ ២១​សូម​ព្រះជាម្ចាស់​អាណិត​មេត្តា​ការ​ពារ​យើង កុំ​ឲ្យ​យើង​ខ្ញុំ​បោះ​បង់​ចោល​ធម្ម​វិន័យ​ និង​បញ្ញាត្តិ​របស់​ព្រះ​អង្គ​ឡើយ។ ២២​យើង​មិន​ព្រម​ស្តាប់​តាម​រាជ​បញ្ជា​ទេ​យើង​មិន​ព្រម​ងាក​ចេញ​ពី​សាសនា​របស់​យើង​ឡើយ ឲ្យ​នៅ​ខាង​ស្កាំ ឬ​ខាង​ឆ្វេង គឺ​យើង​មិន​ព្រម​ជា​ដាច់​ខាត!»។

២៣កាល​លោក​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ជន​ជាតិ​យូដា​ម្នាក់​ឡើង​ទៅ​ថ្វាយ​យញ្ញ​បូជា នៅ​ចំពោះ​មុខ​ប្រជា​ជន​ទាំង​មូល លើ​អាសនៈ​នៅ​ក្រុង​ម៉ូឌីន​តាម​រាជ​បញ្ជា។ ២៤លោក​ម៉ាថាធីយ៉ាស​ឃើញ​ដូច្នេះ ក្តៅ​ក្រហាយ​ញ័រ​ខ្លួន​ចំប្រប់​យ៉ាង​ខ្លាំង កំហឹង​ដ៏​សុចរិត​ពុះ​កញ្ជ្រោល​ក្នុង​ខ្លួន​លោក។ លោក​ស្ទុះ​ទៅ​សម្លាប់​អ្នក​នោះ​នៅ​លើ​អាសនៈ ២៥និង​សម្លាប់​មន្ត្រី​ដែល​ស្ដេច​ចាត់​ឲ្យ​មក​ បង្ខំ​អ្នក​ស្រុក​ថ្វាយ​យញ្ញ​បូជា រួច​លោក​រំលំ​អាសនៈ​នោះ ចោល​ទៀត​ផង។ ២៦លោក​មាន​ចិត្ត​ស្រឡាញ់​ធម្ម​វិន័យ​ជា​ខ្លាំង ដូច​កាល​ពីដើម ដែល​ពីណេហាស​បាន​ប្រព្រឹត្ត ចំពោះ​លោក​យីមរី​ជា​កូន​លោក​សាលូ។ ២៧រួច​លោក​ម៉ាថា​ធីយ៉ាស​ដើរ​ស្រែក​យ៉ាង​ខ្លាំង​ តាម​ផ្លូវ​ម៉ូឌីន​ ថា៖ «អស់​អ្នក​ដែល​មាន​ចិត្ត​ស្រឡាញ់​ធម្ម​វិន័យ និង​ចង់​គោរព​តាម​សម្ព័ន្ធ​មេត្រី សូម​អញ្ជើញ​មក​តាម​ខ្ញុំ​មក!»។ ២៨លោក និង​កូន​លោក​ភៀស​ខ្លួន​ទៅ​តំបន់​ភ្នំ​ដោយ​ទុក​ទ្រព្យ​សម្បត្តិ​ចោល​នៅ​ក្នុង​ក្រុង។ ២៩ពេល​នោះ អ្នក​ស្រុក​ជាច្រើន​ដែល​ខិត​ខំធ្វើ​អំពើ​សុចរិត និង​គោរព​តាម​ធម្ម​វិន័យ រត់​ទៅ​នៅ​ក្នុង​វាល​រហោ​ស្ថាន ៣០ទាំង​ប្រពន្ធ​កូន​ទាំង​ហ្វូង​សត្វ​របស់​គេ ព្រោះ​ខ្មាំង​តែង​ធ្វើ​ទុក​បុក​ម្នេញ​ពួក​គេ​គ្រប់​ពេល។ ៣១មន្ត្រី​និង​កង​ទ័ព​ដែល​នៅ​ក្រុង​យេរូសាឡឹម ក្នុង​បុរី​ព្រះ​បាទ​ដាវីឌ​ទទួល​ដំណឹង​ថា មាន​អ្នក​ខ្លះ​បដិសេធ​រាជ​ក្រឹត្យ​របស់​ស្ដេច ហើយ​រត់​ទៅ​ពួន​ក្នុង​ល្អាង​ថ្ម​នៃ​វាល​រហោ​ស្ថាន។ ៣២ពេល​នោះ ពល​ទាហាន​ដ៏​ខ្លាំង​ក្លា​មួយ​កង​ដេញ​តាម​ទាន់ ហើយ​បោះ​ជំរំ​ទល់​មុខ​គេ បម្រុង​និង​វាយ​សម្រុក​នៅ​ថ្ងៃ​សប្ប័ទ។ ៣៣មេ​ទ័ព​ប្រាប់​ពួក​ដែល​រត់​ថា៖ «ល្មម​ហើយ! ចូរ​ចេញ​មក! ធ្វើ​តាម​រាជ​បញ្ជា​របស់​ស្ដេច​ទៅ! អ្នក​រាល់​គ្នា​នឹង​រួច​ជីវិត!»។ ៣៤តែ​ពួក​យូដា​ឆ្លើយ​ថា៖ «ទេ! យើង​មិន​ចេញ​ទៅ​ទេ! យើង​ក៏​មិន​ធ្វើ​តាម​រាជ​បញ្ជា​របស់​ស្ដេច​ដែរ ហើយ​យើង​ក៏​មិន​ព្រម រំលោភ​វិន័យ​ថ្ងៃ​សប្ប័ទ​ដែរ!»។ ៣៥ភ្លាម​នោះ ពល​ទាហាន​ចូល​វាយ​សម្រុក​ពួក​គេ។ ៣៦ពួក​គេ​មិន​តប​ត​មិន​គប់​ដុំ​ថ្ម មិន​បិទ​ច្រក​ចូល​ទី​ជម្រក​របស់​គេ​ឡើយ ៣៧ពួក​គេ​ពោល​ឡើង​ថា៖ «យើង​សុខ​ចិត្ត​ស្លាប់​ទាំង​អស់​គ្នា​ដោយ​សុចរិត! មេឃ​ព្រម​ទាំង​ដី​នឹង​ជួយ​ជា​សាក្សី​ឲ្យ​យើង​ថា អ្នក​រាល់​គ្នា​សម្លាប់​យើង​ដោយ​ទុច្ចរិត​បំផុត!»។ ៣៨ពល​ទាហាន​វាយ​សម្រុក​នៅ​ថ្ងៃ​សប្ប័ទ។ ពួក​គេ​ទាំង​ប្រពន្ធ​ទាំង​កូន ទាំង​ហ្វូង​សត្វ​ក៏​ស្លាប់​ដែរ។ គឺ​មាន​មនុស្ស​ចំនួន​មួយ​ពាន់​នាក់​ស្លាប់​នៅ​ពេលនោះ។

៣៩ក្រោយ​ពី​លោក​ម៉ាថា​ធីយ៉ាស និង​អ្នក​នៅ​ជាមួយ​បាន​ទទួល​ដំណឹង​នេះ​ហើយ គេ​ក៏​នាំ​គ្នា​យំ​សោក​សង្រេង​យ៉ាង​ក្រៀម​ក្រំ ៤០​​​រួច​ប្រាប់​គ្នីគ្នា​ថា៖ «ប្រសិន​បើ​យើង​ទាំង​អស់​ប្រព្រឹត្ត​ដូច​បង​ប្អូន យើង ដោយ​មិន​វាយ​តប​ត​ ប្រឆាំង​នឹង​ប្រជា​ជាតិ​ទាំង​ឡាយ ដើម្បី​ការពារ​ជីវិត និង​ធម្ម​វិន័យ​របស់​យើង​ទេ​នោះ មិន​យូរ​ប៉ុន្មាន ពួក​ខ្មាំង​សត្រូវ​មុខ​ជា​ប្រហារ​ជីវិត​យើង​ឲ្យ​ផុត​ពូជ​មិន​ខាន»។ នៅ​ថ្ងៃ​នោះ ពួក​គេ​សម្រេច​ចិត្ត​ថា៖ «ប្រសិន​បើ​មាន​គេ​វាយ​សម្រុក​លើ​យើង​នៅ​ថ្ងៃ​សប្ប័ទ យើង​នឹង​ប្រយុទ្ធ​ត​ទល់​នឹង​គេ​វិញ! ដូច្នេះ​យើង​មិន​បាត់​បង់​ជីវិត​ទាំង​អស់​គ្នា ដូច​បង​ប្អូន​យើង​នៅ​ក្នុង​ជម្រក​ឡើយ»។ ពេល​នោះ ៤២មាន​ក្រុម​អាស៊ីឌីម​សុខ​ចិត្ត​ចូល​មក​រួប​រួម​ជាមួយ​ពួក​គេ។ អ្នក​ទាំង​នោះ​មាន​ឈ្មោះ​ល្បី​នៅ​ស្រុក​អ៊ីស្រាអែល​ថា មាន​សេចក្ដី​ក្លាហាន​អង់​អាច​ស៊ូ​ប្ដូរ​ជីវិត​សម្រាប់​ធម្ម​វិន័យ។ ៤៣អស់​អ្នក​ដែល​មាន​បំណង​រត់​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ក៏​មក​ចុះ​ចូល​ជាមួយ​ពួក​គេ​ដែរ ធ្វើ​ឲ្យ​ចំនួន​និង​កម្លាំង​របស់ ពួក​គេ​កាន់​តែ​ខ្លាំង​ឡើង​ៗ។ ៤៤ពួក​គេ​ប្រមូល​គ្នា​ជា​កង​ទ័ព ហើយ​ខឹង​ក្តៅ​ក្រហាយ វាយ​ជាមួយ​ពួក​អ្នក​បាប និង​ពួក​ទមិឡ​ឥត​សាសនា​វិញ។ ជន​ជាតិ​យូដា​ដែល​នៅ​សេស​សល់ រត់​ភៀស​ខ្លួន​ទៅ​នៅ ក្នុង​ស្រុក​របស់​ប្រជា​ជាតិ​ដទៃ។ ៤៥លោក​ម៉ាថា​ធីយ៉ាស​និង​អ្នក​នៅ​ជាមួយ ចេញ​ទៅ​រំលំ​អាសនៈ​នៅ​គ្រប់​ទី​កន្លែង ៤៦គេ​ធ្វើ​ពិធី​កាត់​ស្បែក​កូន​ក្មេង​ទាំង​បង្ខំ គឺ​កូន​ក្មេង​ដែល​ពួក​គេ​រក​ឃើញ ក្នុង​ទឹក​ដី​អ៊ីស្រាអែល​ទាំង​មូល។ ៤៧ពួក​គេ​ដេញ​កម្ចាត់​ខ្មាំង ដែល​ធ្លាប់​មាន​ចិត្ត​ព្រហើន​កោង​កាច ហើយ​ទទួល​បាន​ជោគ​ជ័យ។ ពួក​គេ​ការ​ពារ​ធម្ម​វិន័យ​មិន​ឲ្យ​ប្រជា​ជាតិ និង​ស្ដេច​ប្រជា​ជាតិ​នោះ​យាយី​ពួក​គេ ហើយ​ពួក​គេ​មិន​ទុក​ឲ្យ​ស្ដេច​ទមិឡ​មាន​ជ័យជម្នះ​ឡើយ។

លោក​ម៉ាថាធីយ៉ាស​ទទួល​មរណភាព
៤៩​ពេល​លោក​ម៉ាថាធីយ៉ាស​ជិត​លា​ចាក​លោក​នេះ​ទៅ លោក​មាន​ប្រសាសន៍​ទៅ​កាន់​កូន​ៗ​របស់​គាត់​ថា៖ «ឥឡូវ​នេះ មនុស្ស​ព្រហើន​ និង​អ្នក​កោង​កាច​កំពុង​តែ​សោយ​រាជ្យ។ ជំនាន់​នេះ​គឺ​ជា​ជំនាន់​កើត​ចលាចល​វឹក​វរ និង​ជំនាន់​ផ្ទុះ​កំហឹង។ ៥០​កូន​អើយ! ចូរ​ខំ​ខ្នះ​ខ្នែង​ស្រឡាញ់​ធម្ម​វិន័យ​ ស៊ូ​ប្ដូរ​ជីវិត​ដើម្បី​សម្ព័ន្ធ​មេត្រី​របស់​ដូនតា​យើង។ ៥១​ចូរ​នឹក​គិត​ពី​ការ​អស្ចារ្យ​ដែល​បុព្វ​បុរស​របស់​យើង​បាន​ប្រព្រឹត្ត​ក្នុង​ជំនាន់​របស់​លោក។ កូន​មុខ​ជា​ទទួល​សិរី​រុង​រឿង​ដ៏​ខ្ពង់​ខ្ពស់​បំផុត និង​មាន​ឈ្មោះ​ល្បី​អស់​កល្ប​ជានិច្ច​ជា​ពុំខាន។ ៥២​លោក​អប្រាហាំ​ជឿ​យ៉ាង​ស្មោះ​ត្រង់ នៅ​ពេល​ព្រះជាម្ចាស់​ល្បង​ល​ចិត្ត​របស់​លោក ហេតុ​នេះ​ហើយ បាន​ជា​ព្រះ​អង្គ​ប្រោស​លោក​ឲ្យ​បាន​សុចរិត។ ៥៣​លោក​យូសែប​បាន​ប្រព្រឹត្ត​តាម​ធម្ម​វិន័យ​នៅ​ពេល​លោក​កើត​ទុក្ខ​វេទនា។ ដូច្នេះ លោក​ធ្វើ​ជា​ម្ចាស់​លើ​ស្រុក​អេស៊ីប។ ៥៤​លោក​ពីណេហាស់​ជា​បុព្វ​បុរស​របស់​យើង មាន​ចិត្ត​ស្រឡាញ់​ធម្ម​វិន័យ​យ៉ាង​ខ្លាំង​បំផុត។ ដូច្នេះ ព្រះ​ជា​ម្ចាស់​មាន​បន្ទូល​សន្យា​ថា ​ពូជ​ពង្ស​របស់​លោក​នឹង​ទៅ​ជា​បូជាចារ្យ​រហូត​ត​រៀង​ទៅ។ ៥៥​លោក​យ៉ូស៊ូអា ទៅ​ជា​វីរបុរស​ក្នុង​ស្រុក​អ៊ីស្រាអែល ព្រោះ​លោក​បាន​បំពេញ​ភារកិច្ច​របស់​ខ្លួន។ ៥៦​លោក​កាឡែប​ទទួល​ដី​មួយ​ចំណែក​ទុក​ជា​មត៌ក ព្រោះ​លោក​ផ្ដល់​សក្ខីភាព​យ៉ាង​អង់​អាច​ពិត​ប្រាកដ នៅ​ចំពោះ​មុខ​សហគមន៍​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ៥៧​ព្រះ​ជា​ម្ចាស់​បាន​តែង​តាំង​ព្រះ​បាទ​ដាវីឌ ឲ្យ​សោយ​រាជ្យ​អស់​កល្ប​ជានិច្ច ព្រោះ​ស្ដេច​មាន​ព្រះ​ហឫទ័យ​ស្មោះ​ត្រង់ ចំពោះ​ព្រះ​ជា​ម្ចាស់។ ៥៨​ព្រះជាម្ចាស់​លើក​លោក​អេកី​ឡើង​ទៅ​ស្ថាន​បរម​សុខ ព្រោះ​លោក​មាន​ចិត្ត​ស្រឡាញ់​ធម្មវិន័យ​ យ៉ាង​ខ្លាំង។ ៥៩ព្រះជាម្ចាស់​បាន​សង្គ្រោះ​យុវជន អណានីយ៉ា អសារីយ៉ា និង​មីសាអែល​ឲ្យ​រួច​ផុត​ពី​ភ្លើង ព្រោះ​ពួក​គេ​ផ្ញើ​ជីវិត​លើ​ព្រះជាម្ចាស់។ ៦០​ព្រះអង្គ​បាន​ប្រោស លោក​ដានីអែល​បាន​រួច​ពី​មាត់​សិង្ហ ព្រោះ​លោក​មាន​ចិត្ត​ទៀង​ត្រង់។ ៦១​ចូរ​រិះ​គិត​ពិចារណា​មើល​ថា អស់​អ្នក​ដែល​ជឿ​សង្ឃឹម​លើ​ព្រះជាម្ចាស់ នៅ​គ្រប់​ជំនាន់​រៀង​មក​មិន​ខក​ចិត្ត​ឡើយ។ ៦២​កុំ​ភ័យ​ខ្លាច​ពី​ការ​គំរាម ​កំហែង​របស់​ស្ដេច​ពាល នោះ​ឲ្យ​សោះ ដ្បិត​សិរី​រុង​រឿង​របស់​ស្ដេច​នឹង​ត្រូវ​រលួយ ហើយ​ត្រូវ​ដង្កូវ​ស៊ី​ផង។ ៦៣​នៅ​ថ្ងៃ​នេះ ព្រះ​រាជា​ខ្ពស់​មុខ​ឡើង តែ​ថ្ងៃ​ស្អែក​នឹង​ត្រូវ​វិនាស​សាប​សូន្យ ដ្បិត​ទ្រង់​ត្រឡប់​ទៅ​កាន់​ធូលី​ដី​របស់​គេ​វិញ ហើយ​គម្រោង​ការ​របស់​ស្ដេច ក៏​ត្រូវ​វិនាស​សាប​សូន្យ​ដែរ។ ៦៤​កូន​អើយ! ចូរ​មាន​ចិត្ត​អង់​អាច​ក្លាហាន​ឡើង! ចូរ​កាន់​ធម្ម​វិន័យ​ឲ្យ​បាន​មាំ​មួន ព្រោះ​មាន​តែ​ធម្ម​វិន័យ​នេះ​ទេ ដែល​នឹង​ផ្ដល់​សិរី​រុង​រឿង​ដល់​កូន​រាល់​គ្នា។ ៦៥ចូរ​ស្ដាប់​ស៊ីម៉ូន​ជា​បង​របស់​កូន។ ពុក​ដឹង​ថា ស៊ីម៉ូន​តែង​តែ​ផ្ដល់​យោបល់​ល្អ​ៗ ចូរ​ស្ដាប់​បង​ជានិច្ច​ចុះ! គេ​នឹង​ទៅ​ជា​ឪពុក​របស់​កូន​ៗ។ ៦៦​យូដា​ម៉ាកា​បាយ​ដែល​មាន​សេចក្ដី​អង់​អាច​ក្លាហាន​តាំង​ពី​កុមារ​មក នឹង​ទៅ​ជា​មេទ័ព​របស់​កូន​ៗ ហើយ​នាំ​ទ័ព​ទៅ​ធ្វើ​សង្គ្រាម​ជាមួយ​ប្រជា​ជាតិ​នានា។ ៦៧​រីឯ​កូន​ៗ​ចូរ​ប្រមូល​អស់​អ្នក​ដែល​កាន់​តម​ធម្ម​វិន័យ ចូរ​រក​យុត្តិ​ធម៌​ឲ្យ​ប្រជា​ជន​របស់​កូន។ ៦៨​ចូរ​តប​ស្នង​នឹង​អំពើ​អាក្រក់​ចំពោះ​សាសន៍​ដទៃ ស្រប​នឹង​អំពើ​អាក្រក់​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​កូន។ ចូរ​គោរព​ប្រណិប័តន៍​តាម​ធម្មវិន័យ​ជានិច្ច»។ ៦៩​បន្ទាប់​មក លោក​ម៉ាថាធីយ៉ាស​ឲ្យ​ពរ​កូន​ៗ រួច​លោក​បាន​ទៅ​ជួប​ជុំ​ជាមួយ​ដូនតា​របស់​លោក។ ៧០​លោក​ទទួល​មរណ​ភាព​នៅ​ឆ្នាំ​មួយ​រយ​សែសិប​ប្រាំមួយ។ គេ​បញ្ចុះ​សព​គាត់​នៅ​ក្នុង​ផ្នូរ​ដូន​តា​ នៅ​ក្រុង​ម៉ូឌីន ហើយ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ នាំ​គ្នា​ធ្វើ​ពិធី​កាន់​ទុក្ខ​យ៉ាង​ឱឡារិក។