ម៉ាកាបាយ (១៦)

 កូនរបស់លោកស៊ីម៉ូន​ដេញលោកកិនដេបេ
លោក​យ៉ូហាន ចាក​ចេញ​ពី​ក្រុង​កាសារ៉ា ទៅ​ជម្រាប​លោក​ស៊ីម៉ូន ជា​ឪពុក​របស់​លោក ពី​អំពើ​ដែល​លោក​កិនដេបេ​បាន​ប្រព្រឹត្ត។ លោក​ស៊ីម៉ូន​កោះ​ហៅ​កូន​ច្បង​ទាំង​ពីរ គឺ​លោក​យ៉ូហាន និង​លោក​យូដា ហើយ​មាន​ប្រសាសន៍៖ «បងៗ​របស់​ឪពុក និង​ពុក ព្រម​ទាំង​ក្រុម​គ្រួសារ​ជីតា​របស់​កូន បាន​តស៊ូ​ប្រយុទ្ធ​នឹង​ខ្មាំង​សត្រូវ​របស់​ជន​ជាតិ​អ៊ីស្រា​អែល​តាំង​ពី​ក្មេង​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ព្រះ​ជាម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​យើង សង្រ្គោ​ះប្រជា​ជាតិ​អ៊ីស្រា​អែល​ច្រើន​លើក​ច្រើន​គ្រា​ហើយ។ ឥឡូវ​នេះ​ពុក​ចាស់​ហើយ! រីឯ​កូន​វិញ ក៏​ពេញ​កម្លាំង​ដោយ​ព្រះ​ជាម្ចាស់​ប្រោស​មេត្តា​ដល់​កូន។ ហេតុ​នេះ​ចូរ​ស្នង​មុខ​តំណែង​ពី​ពុក និង​ប្អូន​របស់​ពុក ចូរ​ចេញ​ទៅ​ប្រយុទ្ធ ដើម្បី​ជាតិ​របស់​យើង! សូម​ព្រះ​ជាម្ចាស់​តាម​ថែ​រក្សា​កូន»។ លោក​ជ្រើស​រើស​កង​ទ័ព​ថ្មើរ​ជើង​ក្នុង​ស្រុក​ទាំង​មូល​ចំនួន​ពីរ​ម៉ឺន​នាក់ ព្រម​ទាំង​ពល​សេះ ហើយ​លើក​ទ័ព​ចេញ​ទៅ​វាយ​លោក​កិន​ដេបេ។ ពួក​គេ​សំរាក​មួយ យប់​នៅ​ក្រុង​ម៉ូឌីន ហើយ​ក្រោក​ពី​ព្រលឹម ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីវាល។ នៅ​គ្រា​នោះ​ទ័ព​ថ្មើរ​ជើង និង​ពល​សេះ ដើរ​តម្រង់​មក​វាយ​ប្រហារ​លើ​ពួក​គេ។ មាន​ជ្រោះ​មួយ​ខ័ណ្ឌ​កង​ទ័ព​ទាំង​ពីរ។ លោក​យូហាន​និង​ពល​របស់​គាត់​ត្រៀម​ខ្លួន​ប្រឈម​មុខ​នឹង​កង​ទ័ព​នោះ។ ដោយ​លោក​ឃើញ​កង​ទ័ព​របស់ ខ្លួន​ខ្លាច​មិន​ហ៊ាន​ឆ្លង​ទឹក​ជ្រោះ​ដូច្នេះ លោក​ក៏​ឆ្លង​ទៅ​មុន​គេ ហើយ​ទ័ព​របស់​គាត់​ក៏​ឆ្លង​តាម​ដែរ។ គាត់​រៀប​កង​ទ័ព​ដោយ​ដាក់​ពល​សេះ​នៅ​កណ្តាល ពល​ថ្មើរ​ជើង​នៅ​អម​សង​ខាង ព្រោះ​ពល​សេះ​របស់​សត្រូវ​មាន​ច្រើន​ណាស់!។ លោក​បញ្ជា​ឲ្យ​គេ​ផ្លុំ​ត្រែ ហើយ​លោក​កិន​ដេបេ​និង​កង​ទ័ព​ក៏​បរា​ជ័យ។ សត្រូវ​ដួល​ស្លាប់​រត់​ឆ្ពោះ​ទៅ​កាន់​ក្រុង​កេដ្រូន។ នៅ​ពេល​នោះ លោក​យូដា​ជា​ប្អូន​របស់​លោក​យ៉ូហាន​ត្រូវ​របួស។ លោក​យ៉ូហាន​ដេញ​តាម​គេ រហូត​ដល់​ក្រុង​កេដ្រូន​ជា​ក្រុង​ដែល​លោក​កិន​ដេបេ បាន​សង់​ឡើង​វិញ។ ទាហាន​ខ្លះ បាន​រត់​ទៅ​នោះ​ពួក​នៅ​ប៉ម​ទាំង​ឡាយ​នៅ​តាម​វាល​ ក្បែរ​ក្រុង​អាសូតូ។ លោក​យ៉ូហាន​ដុត​ប៉ម​ទាំង​នោះ ហើយ​ខ្មាំង​ពីរ​ពាន់​នាក់​ត្រូវ​បាត់​បង់​ជីវិត។ ក្រោយ​មក លោក​យ៉ូហាន​វិល​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ​ដោយ​សុខ​សាន្ត។

លោកស៊ីម៉ូទទួលមរណភាព
១១គេ​តែង​តាំង​លោក​ផ្ទូលេមេ ជា​កូន​របស់​លោក​អាប៊ូឡា ជា​មេ​បញ្ជា​ការ​វាល​ទំនាប​ក្បែរ​ក្រុង​យេរីខូ។ លោក​មាន​មាស​ប្រាក់​ជា​ច្រើន​អនេក ១២ដ្បិត​លោក​ជា​កូន​ប្រសា​របស់​លោក​មហា​បូជា​ចារ្យ។ ១៣ដូច្នេះ លោក​អួត​បំប៉ោង ហើយ​មាន​បំណង​ចង់​ធ្វើ​ជាម្ចាស់​ស្រុក។ លោក​មាន​គំនិត​អាក្រក់​ចង់​សម្លាប់​លោក​ស៊ីម៉ូន​និង​កូន​របស់​លោក។ ១៤គ្រា​នោះ​លោក​ស៊ីម៉ូន​ចេះ​តែ​ធ្វើ​ដំណើរ​ ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ។ នៅ​ខែ​ទី​ដប់​មួយ ដែល​ត្រូវ​នឹង​ខែ​មាឃ ឆ្នាំ​១៧៧ លោក​ចុះ​ទៅ​ក្រុង​យេរីខូ ជា​មួយ​លោក​ម៉ាថា​ធីយ៉ាស និង​លោក​យូដា​ជា​កូន​របស់​លោក។ ១៥កូន​ចៅ​របស់​អាប៊ូ​ឡា​ប្រើ​កល​ល្បិច ទទួល​លោក​ទាំង​បី ក្នុង​បន្ទាយ​តូច​មួយ​ឈ្មោះ​ដូរ ដែល​លោក​បាន​សង់។ គាត់​រៀប​ចំ​ពិធី​ជប់​លៀង​មួយ​យ៉ាង​ធំ ប៉ុន្តែ​គាត់​បង្គាប់​ទាហាន​របស់​គាត់​ក្នុង​បន្ទាយ​នោះ។ ១៦កាល​លោក​ស៊ីម៉ូន និង​កូនៗ​របស់​គាត់​ស្រវឹង លោក​ផ្ទូលេ​មេ និង​បក្ស​ពួក​របស់​គាត់​ស្ទុះ​ចេញ​មក​កាន់​អាវុធ ហើយ​រត់​ទៅ ក្នុង​បន្ទាប់​ជប់​លៀង​ប្រហារ​ជីវិត​លោក​ស៊ីម៉ូន និង​កូន​របស់​គាត់​ទាំង​ពីរ ព្រម​ទាំង​អ្នក​បំរើ​មួយ​ចំនួន​ផង។ ១៧គាត់​ប្រព្រឹត្ត​អំពើ​ក្បត់​សង​គុណ​លោក​ស៊ីម៉ូន​ដែល​ធ្លាប់​តែ​ធ្វើ​អំពើ​ល្អ។ ១៨លោក​ផ្ទូលេមេ សរសេរ​សេចក្ដី​រាយ​ការណ៍​ថ្វាយ​ស្ដេច​ពី​ការ​ដែល​លោក​បាន​ប្រព្រឹត្ត ដោយ​សូម​ឲ្យ​បញ្ជូន​កង​ទ័ព​មក​ជួយ ដើម្បី​កសាង​ក្រុង​នានា និង​ស្រុក​ស្រែ​ចំការ​ឡើង​វិញ។ ១៩លោក​ចាត់​អ្នក​នាំ​សារ​ផ្សេងៗ​ទៀត ទៅ​ក្រុង​កាសារ៉​ាដើម្បី​សូម​ឲ្យ​គេ​ប្រហារ​ជីវិត​លោក​យ៉ូហាន​ដែរ។ លោក​សរសេរ​លិខិត​ផ្ញើ​ជូន​មេ​បញ្ជា​ការ​សុំ​ឲ្យ​គេ​មក​ជួប​គាត់ ដើម្បី​ទទួល​មាស​ប្រាក់ និង អំណោយ។ ២០លោក​បញ្ជូន​កង​ទ័ព​ផ្សេង​ទៀត​ឲ្យ​ទៅ​កាន់​កាប់​ក្រុង​យេរូ​សាឡឹម ព្រម​ទាំង​ភ្នំ និង​ព្រះ​វិហារ។ ២១ប៉ុន្តែ​មាន​ម្នាក់​រត់​ទៅ​ដល់​ក្រុង​កាសា​រ៉ាមុន ដើម្បី​ទៅ​ជម្រាប​លោក​យ៉ូហាន​អំពី​មរណ​ភាព​របស់​ឪពុក និង​ប្អុនៗ។ អ្នក​នោះ​ប្រាប់​ទៀត​ថា៖​«គាត់​ចាត់​ម្នាក់​ឲ្យ​មក​ប្រហារ​ជីវិត​លោក​ទៀត!»។ ២២ដំណឹង​នេះ ធ្វើ​ឲ្យ​លោក​យ៉ូហាន​ជ្រួល​ច្របល់​ជា​ខ្លាំង។ លោក​ចាប់​ពួក​អ្នក​ដែល​មក​សម្លាប់​លោក ហើយ​ប្រហារ​ជីវិត​គេ ដ្បិត​លោក​ជ្រាប​ថា ពួក​គេ​មក​រក​សម្លាប់​លោក។

២៣កិច្ចការ​ផ្សេងៗ ដែល​លោក​យ៉ូហាន​បាន​ប្រព្រឹត្ត​ចម្បាំង​របស់​លោក ការ​អស្ចារ្យ​ដែល​លោក​បាន​ធ្វើ​ដោយ​ចិត្ត​អង់​អាច កំពែង​ដែល​លោក​បាន​សង់ និង​កិច្ចការ​ឯ​ទៀតៗ ២៤សុទ្ធ​តែ​មាន​កត់​ត្រា​ទុក​ក្នុង​សៀវ​ភៅ​ប្រវត្តិ​សាស្រ្ត​របស់​មហា​បូជា​ចារ្យ តាំង​​​ពី​ពេល​ដែល​លោក​ធ្វើ​ជា​មហា​បូជា​ចារ្យ ស្នង​ពី​ឪពុក​របស់​លោក​​​​មក។