ម៉ាកាបាយ (១៥)

អន់ទីយ៉ូគូស​ផ្ញើសា​មកជូនលោកស៊ីម៉ូន
ព្រះ​អន់ទី​យ៉ូគូស ជា​បុត្រ​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស សរសេរ​រាជ​សារ​មួយ​ច្បាប់​ពី​កោះ ផ្ញើ​មក​ជូន​លោក​ស៊ីម៉ូន ជា​មហា​បូជា​ចារ្យ និង​ជា​មេ​ដឹក​នាំ​នៃ​ជន​ជាតិ​យូដា ​និង​ប្រជា​ជាតិ​ទាំង​មូល។ រាជ​សារ​មាន​ចែង​ដូច​តទៅ៖ «ព្រះ​បាទ​អន់ទី​យ៉ូគូស​សូម​ជម្រាប​មក​លោក​ស៊ីម៉ូន ជា​មហា​បូជា​ចារ្យ និង​ជា​មេ​ដឹក​នាំ​ជន​ជាតិ​យូដា ព្រម​ទាំង​ប្រជា​ជាតិ​យូដា សូម​ជ្រាប។ ដោយ​មាន​ជន​អន្ធ​ពាល​ដណ្ដើម​រាជា​ណា​ចក្រ​អយ្យ​កោ​យើង យើង​បាន​ទាន​ទារ​រាជ​អំណាច ហើយ​បាន​គ្រប់​គ្រង​រាជា​ណាចក្រ​ដូច​ដើម​វិញ។ យើង​បាន​ជ្រើស​រើស​កង​ទ័ព​ជា​ច្រើន ហើយ​រៀប​ចំ​សំពៅ​ចម្បាំង ក្នុង​គោល បំណង​វាយ​ប្រហារ​យក​ស្រុក​ហើយ​បណ្តេញ​អស់​អ្នក​ដែល​ធ្វើ​ឲ្យ​ស្រុក​របស់​យើង​អន្ត​រាយ និង​បំផ្លាញ​ក្រុង​ជា​ច្រើន ក្នុង​រាជា​ណាចក្រ​យើង។ ឥឡូវ​នេះ​យើង​សូម​បញ្ជាក់​ថា យើង​យល់​ព្រម​ធ្វើ​តាម​សេចក្ដី​សម្រេច​របស់​ស្ដេច​ទាំង​ប៉ុន្មាន​ដែល​គ្រង​រាជ្យ​មុន​យើង គឺ​មិន​ទាម​ទារ​ពន្ធ​អាករ​ពី​អស់​លោក និង​សួយ​សារ​អាករ​ទាំង​ប៉ុន្មាន ដែល​អស់​លោក​ធ្លាប់​នាំ​មក​ថ្វាយ។ យើង​អនុញ្ញាត​ឲ្យ​លោក​មាន​សិទ្ធ ធ្វើ​ប្រាក់​កាក់ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ស្រុក​របស់​យើង។ ក្រុង​យេរូ​សាឡឹម​និង​ព្រះ​វិហារ​មាន​សេរី​ភាព មិន​បាច់​បង់​ពន្ធ។ គ្រឿង​សស្រ្តា​វុធ​ទាំង​ប៉ុន្មាន​ដែល​លោក​រក​បាន បន្ទាយ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​សង់ និង​គ្រប់​គ្រង​ ស្ថិត​នៅ​ជា​កម្ម​សិទ្ធ​របស់​លោក​រហូត​រៀង​ទៅ។ យើង​លុប​បំណុល​ទាំង​ប៉ុន្មាន ដែល​លោក​ជំពាក់​ឃ្លាំង​រាជ​ទ្រព្យ​នៅ​ពេល​នេះ ហើយ​នៅ​ពេល​អនា​គត។ នៅ​ពេល​យើង​កាន់​កាប់​អំណាច​ឡើង​វិញ យើង​នឹង​ផ្តល់​កិត្តិ​យស​ខ្ពង់​ខ្ពស់​ដល់​ជូន​លោក ជូន​ប្រជា​ជាតិ​របស់​លោក​ និង​ជូន​ព្រះ​វិហារ​ក្រុង​យេរូ​សាឡឹម ឲ្យ​មនុស្ស​ក្នុង​ពិភព​លោក​ទាំង​មូល ទទួល​ស្គាល់»។

ព្រះបាទអន់ទីយ៉ូគូស​ឡោមព័ទ្ធលោកទ្រីផូននៅដូរ៉ា
១០នៅ​ឆ្នាំ​១៧៤ ព្រះ​បាទ​អន់ទី​យ៉ូគូស​យាង​ចូល​ដែន​ដី​នៃ​អយ្យ​កោ​របស់​ខ្លួន។ កង​ទ័ព​ទាំង​អស់​ចូល​រួម​ជាមួយ​ស្ដេច ហើយ​មាន​ទ័ព​តែ​មួយ​ភាគ​តិច​ដែល​នៅ​ជាមួយ​លោក​ទ្រីផូន។ ១១ព្រះ​បាទ​អន់ទី​យ៉ូគូស​ដេញ​តាម​លោក​ទ្រីផូន ដែល​ភៀស​ខ្លួន​ទៅ​កាន់​ក្រុង​ដូរ៉ា នៅ​តាម​ឆ្នេរ​សមុទ្រ ១២ដ្បិត​គាត់​ដឹង​ច្បាស់​ថា គាត់​មុខ​ជា​ជួប​ប្រទះ​នឹង​គ្រោះ​កាច មិន​ចេះ​ចប់ ហើយ​កង​ទ័ព​ក៏​រត់​ចោល​គាត់​ដែរ។ ១៣ព្រះ​បាទ អន់ទី​យ៉ូគូស​បាន​នាំ​ទ័ព​ថ្មើរ​ជើង មួយ​សែន​ពីរ​ម៉ឺន​នាក់ និង​ទ័ព​សេះ​ប្រាំបី​ពាន់​នាក់​មក​បោះ​ទីតាំង​មុខ​ក្រុង​ដូរ៉ា។ ស្ដេច​ឡោម​ទ័ព​ទីក្រុង ហើយ​សំពៅ​ចម្បាំង​ជា​ច្រើន​ក៏​ចត​នៅ​មុខ​ក្រុង។ ដោយ​កង​ទ័ព​ឡោម​ព័ទ្ធ​ក្រុង​យ៉ាង​ជិត​គ្រប់​ទិស​ទាំង​អស់ គ្មាន​នរណា​ម្នាក់​អាច​ចេញ​ចូល​បាន​ឡើយ។

ទូតរបស់ជនជាតិយូដា​វិលត្រឡប់មកពីក្រុងរ៉ូម
១៥លោក​នូមេនី​យ៉ូស និង​អ្នក​ដែល​ទៅ​ជាមួយ​ត្រឡប់​មក​ពី​ក្រុង​រ៉ូម ហើយ​នាំ​លិខិត​មក​ថ្វាយ​ស្ដេច​និង បណ្តា​ស្រុក​នានា។ លិខិត​មាន​ចែង​ដូច​តទៅ៖ ១៦«លោក​លូស៊ីយ៉ូស​ជា​ទេសា​ភិបាល​ជន​ជាតិ​រ៉ូម៉ាំង សូម​ទទួល​ថ្វាយ​ព្រះ​បាទ​ផ្ទោ​លេម៉េ សូម​ជ្រាប។ ១៧ទូត​នៃ​ជន​ជាតិ​យូដា ដែល​លោក​មហា​បូជា​ចារ្យ​ស៊ីម៉ូន និង​ប្រជា​ជន​យូដា​ចាត់​ឲ្យ​មក​ជួប​យើង​ខ្ញុំ។ ១៨អស់​លោក​មក​ក្នុង​ឋានៈ​ជា​មិត្ត​សម្លាញ់ និង​សម្ពន្ធ​មិត្ត ដើម្បី​រឹត​ចំណង​មិត្ត​ភាព​និង​សម្ពន្ធ​មិត្ត​ដូច​កាល​ពី​ដើម​ឡើង​វិញ។ អស់​លោក​យក​ខែល​មាស​មាន​ទម្ងង់​ប្រាំរយ​គីឡូ​ក្រាម​ជាមួយ​ផង។ ១៩ហេតុនេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​សម្រេច​ថា នឹង​សរសេរ​លិខិត​នេះ​ទូល​ថ្វាយ​ស្ដេច ព្រម​ទាំង​ស្រុក​នានា​កុំ​ឲ្យ​បង្ក​រឿង​ជាមួយ​គេ កុំ​ច្បាំង​នឹង​ពួក​គេ ប្រឆាំង​នឹង​ក្រុង​នានា ឬ​ទឹក​ដី​របស់​ពួក​គេ​ដែរ កុំ​រួម​ដៃ​ជួយ​គាំទ្រ​អ្នក​ដែល​ប្រហារ​ពួក​គេ​ឡើយ។ ២០យើង​ខ្ញុំ​សុខ​ចិត្ត​ទទួល​យក​ខែល​មាស​របស់​ពួក​គេ។ ២១ដូច្នេះ​ប្រសិន​បើ​មាន​ជន​ក្បត់​ណា​រត់​ភៀស​ខ្លួន​ពី​ស្រុក​យូដា មក​លាក់​ខ្លួន​លើ​ទឹក​ដី​របស់​ស្ដេច សូម​ចាប់​គេ​ប្រគល់​ជូន​លោក មហា​បូជា​ចារ្យ​ស៊ីម៉ូន ដើម្បី​ឲ្យ​លោក​ធ្វើ​ទោស​គេ​តាម​ច្បាប់»។

២២លោក​លូស៊ី​យ៉ូស​សរសេរ​លិខិត ផ្ញើ​ថ្វាយ​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស ព្រះ​បាទ​អាថាល​ព្រះ​បាទ​អារីយ៉ា​រ៉ាត និង​ព្រះ​បាទ​អរសាស ព្រម​ទាំង​ស្រុក​នានា​គឺ ២៣ស្រុក​សាម​សាមេ​ជន​ជាតិ​ស្ប៉ាត កោះ​ដេឡូស ក្រុង​មីន​ដូស ក្រុង​ស៊ី​ស៊ីយ៉ូន ក្រុង​ការី កោះ​សាម៉ូស ស្រុក​ផាមភីលី ស្រុក​លីស៊ី ស្រុក​ហាស៊ី​កាណាស កោះ​រ៉ូដ ក្រុង​ផាសេ​លីស កោះ​កូស ក្រុង​ស៊ីដេ កោះ​អារ៉ាដូស កោះ​គ័រទីន ក្រុង​គ្នីឌ កោះ​គីប្រុស ស្រុក​ស៊ីរ៉េន។ លោក​ចម្លង​លិខិត​នេះ​ផ្ញើ​ជូន​លោក​ស៊ីម៉ូន​ជា​មហា​បូជា​ចារ្យ​ដែរ។

ព្រះបាទអន់ទីយ៉ូគូស​តវ៉ាប្រឆាំងនឹងលោកស៊ីម៉ូន
២៥នៅ​គ្រា​នោះ ព្រះ​បាទ​អន់ទី​យ៉ូគូស​កំពុង​ឡោម​ព័ទ្ធ​ក្រុង​ដូរ៉ា ដោយ​វាយ​ប្រហារ​ក្រុង​នេះ​ឥត​ឈប់​ឈរ ហើយ​ដំឡើង​គ្រឿង​សឹក​ដែរ។ កង​ទ័ព​របស់​ព្រះ​បាទ​អន់ទី​យ៉ូគូស​ឡោម​ព័ទ្ធ​ក្រុង​យ៉ាង​ជិត គ្មាន​នរណា​អាច​ចេញ​ចូល​ឡើយ។ ២៦លោក​ស៊ីម៉ូន​ចាត់​ពល​ទ័ព​ដ៏​ចំណាន​ពីរ​ពាន់​នាក់ ឲ្យ​ទៅ​ជួយ​ប្រ​យុទ្ធ​ជាមួយ​ស្ដេច ព្រម​ទាំង​បញ្ជូន​មាស​ប្រាក់​និង​គ្រឿង​បរិក្ខារ​ជា​ច្រើន។ ២៧ប៉ុន្តែ​ព្រះ​បាទ​អន់ទី​យ៉ូគូស មិន​គ្រាន់​តែ​បដិសេធ​ពុំព្រម​ទទួល​ពល​ទ័ព និង​អំណោយ​ទាំង​នោះ​ទេ គឺ​បដិ​សេធ​កិច្ច​ព្រម​ព្រៀង ដែល​លោក​បាន​ចុះ​ជាមួយ​លោក​ស៊ីម៉ូន​ កាល​ពីមុន​ថែម​ទៀត។ ស្ដេច​ក៏​ដូរ​ព្រះ​ហឫ​ទ័យ​ក្នុង​ការ​ទាក់​ទង​ជាមួយ​លោក​ស៊ីម៉ូន។ ស្ដេច​ចាត់​លោក​អាថេ​ណូប៊ី​យូស​ជា​មន្ត្រី​ម្នាក់​ឲ្យ​ទៅ​ប្រាប់​លោក​ស៊ីម៉ូន​ថា៖​«អស់​លោក​កាន់​កាប់​ក្រុង​យ៉ូប៉េ ក្រុង​កាសារ៉ា និង ក្រុង​យេរូ​សាឡឹម​ ដែល​សុទ្ធ​តែ​ជា​ក្រុង​ក្នុង​រាជា​ណា​ចក្រ​របស់​យើង។ ២៩លោក​បាន​ធ្វើ​ឲ្យ​ទឹក​ដី​ទាំង​នោះ ក្លាយ​ទៅ​ជា​វាល​រហោ​ស្ថាន លោក​ក៏​នាំ​គ្រោះ​កាច​ដល់​ស្រុក​នេះ​ទៀត​ដែរ។ លោក​ត្រួត​ត្រា​ស្រុក​ភូមិ​ជា​ច្រើន​នៃ​រាជា​ណាចក្រ​របស់​យើង។ ៣០ឥឡូវ​នេះ​ត្រូវ​តែ​សង​ក្រុង​ទាំង​ប៉ុន្មាន​ដែល​លោក​ដណ្ដើម​យក​នោះ​មក​យើង​វិញ ហើយ​ត្រូវ​បង់​ពន្ធ​អាករ​សម្រាប់​កន្លែង​ដែល​លោក​យក​មក​កាន់​កាប់ ក្រៅ​ពី​ស្រុក​យូដា។

៣១ប្រសិន​បើ​អស់​លោក​មិន​យល់​ព្រម​ទេ ចូរ​យក​ប្រាក់​មួយ​ម៉ឺន​បី​ពាន់​គីឡូ​ក្រាម មក​បង់​ពន្ធ​ជំនួស ហើយ​ប្រាក់​មួយ​ពាន់​គីឡូ​ក្រាម​ទៀត​ បង់​សម្រាប់​ការ​ខូច​ខាត​ក្រុង​នានា និង​ពន្ធ​អាករ​សម្រាប់​ក្រុង​ទាំង​នោះ។ ប្រសិន​បើ​លោក​មិន​យល់​ព្រម​ទេ យើង​នឹង​ចេញ​ទៅ​ធ្វើ​សង្រ្គាម​ជាមួយ​អស់​លោក»។

៣២ពេល​លោក​មន្រ្តី​អាថេ​ណូប៊ី​យូស​ទៅ​ដល់​ក្រុង​យេរូ​សាឡឹម លោក​ឃើញ​ភាព​រុង​រឿង​យ៉ាង​អស្ចារ្យ​របស់​លោក​ស៊ីម៉ូន ទូ​ដែល​មាន​សុទ្ធ​តែ​ចាន​មាស​និង​ប្រាក់ ព្រម​ទាំង​តុ​ទូ​ដ៏​ល្អ​ប្រណីត។ គាត់​ស្រឡាំង​កាំង​ហើយ​យក​ពាក្យ​របស់​ស្ដេច ទៅ​ប្រាប់​លោក​ស៊ីម៉ូន។ ៣៣លោក​ស៊ីម៉ូន​ឆ្លើយ​តប​ថា៖​យើង​ខ្ញុំ​ពុំ​បាន​ដណ្ដើម​ទឹក​ដី​បរទេស ឬ ទឹក​ដី​ជា​កម្ម​សិទ្ធ​របស់​អ្នក​ដទៃ​ឡើយ! តែ​ពួក​សត្រូវ​របស់​យើង​ខ្ញុំ​បាន​ដណ្ដើម​យក​ទឹក​ដី​ជា​មត៌ក​របស់​ដូន​តា​យើង​ខ្ញុំ ដោយ​អយុត្តិ​ធម៌​ទៅ​កាន់​កាប់​មួយ​រយៈ ហើយ​គ្រាន់​តែ​ដណ្ដើម​យក​ទឹក​ដី​នេះ​មក​វិញ​ប៉ុណ្ណោះ។ ៣៤យើង​ខ្ញុំ​ឆ្លៀត​ឱកាស​ល្អ​ដើម្បី​យក​ទឹក​ដី​ជា​មត៌ក​របស់​ដូនតា​យើង​ខ្ញុំ​មក​វិញ។ ៣៥ចំពោះ​ក្រុង​យ៉ូប៉េ​និង​ក្រុង​កាសារ៉ា​ដែល​លោក​ទាម​ទារ​នោះ ក្រុង​ទាំង​ពីរ​នេះ​បាន​ធ្វើ​បាប​ប្រជា​ជន និង​ស្រុក​យើង​យ៉ាង​ខ្លាំង។ យើង​ខ្ញុំ​នឹង​ជូន​ប្រាក់​ចំនួន​ពីរ​ពាន់​ប្រាំពីរ​រយ​គីឡូ​ក្រាម ថ្វាយ​ស្ដេច»។ លោក​អាថេ​ណូប៊ី​យូស​ពុំ​ឆ្លើយ​តប​អ្វី​ឡើយ។ ៣៦លោក​ខឹង​ក្តៅ​ក្រហាយ​ត្រឡប់​ទៅ​គាល់​ព្រះ​រាជា ទូល​ពាក្យ​ទាំង​ប៉ុន្មាន​របស់​លោក​ស៊ីម៉ូន​ថ្វាយ​ស្ដេច ព្រម​ទាំង​រាយ​ការណ៍​អំពី​ភាព​រុង​រឿង​របស់​លោក​ស៊ីម៉ូន ដូច​លោក​បាន​ឃើញ​នោះ។ ព្រះ​រាជា​ទ្រង់​ព្រះ​ពិរោធ​យ៉ាង​ខ្លាំង។

ទេសាភិបាលកិនដេបេ​ធ្វើទុក្ខបុកម្នេញប្រជាជនយូដា
៣៧លោក​ទ្រីផូន​ចុះ​សំពៅ ហើយ​រត់​ភៀស​ខ្លួន​ទៅ​ក្រុង​អ៊ូរ​ថូស៊ីយ៉ា។ ៣៨ព្រះ​បាទ​អន់ទី​យ៉ូគូស​តែង​តាំង​លោក​កិន​ដេបេ​ធ្វើ​ជា​ទេសា​ភិបាល នៅ​តំបន់​ឆ្នេរ​សមុទ្រ ទាំង​ផ្តល់​ទ័ព​ថ្មើរ​ជើង​និង​ទ័ព​សេះ​ឲ្យ​លោក។ ៣៩ព្រះ​រាជា​បញ្ជា​ឲ្យ​លោក​បោះ​ទ័ព​នៅ​ទល់​មុខ​ស្រុក​យូដា និង​សង់​ក្រុង​កេដ្រូន​ឡើង​វិញ ធ្វើ​ទ្វារ​ឲ្យ​មាំ ព្រម​ទាំង​វាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ប្រជា​ជន​យូដា។ ចំពោះ​ព្រះ​រាជា​វិញ​ទ្រង់​ដេញ​លោក​ទ្រីផូន។ ៤០លោក​កិន​ដេបេ​ទៅ​ដល់​ក្រុង​យ៉ាម​នីយ៉ា ហើយ​ចាប់​ផ្ដើម ធ្វើ​ទុក្ខ​បុក​ម្នេញ​ប្រជា​ជន​យូដា​ជា​ច្រើន ដោយ​ឈ្លាន​ពាន​ចូល​ស្រុក​យូដា ចាប់​ប្រជា​ជន​ធ្វើ​ជា​ឈ្លើយ និង​កាប់​សម្លាប់​ប្រជា​ជន​ទៀត​ផង។​ ៤១លោក​សង់​ក្រុង​កេដ្រូន​ឡើង​វិញ​ ដាក់​ទ័ព​ថ្មើរ​ជើង និង​ចេញ​ទៅ​វាយ​ប្រយុទ្ធ និង​យាម​ល្បាត​មើល​តាម​ផ្លូវ​ទៅ​កាន់​ស្រុក​យូដា តាម​រាជ​បញ្ជា​របស់​ព្រះ​មហា​ក្សត្រ។