ម៉ាកាបាយ (១៤)

ការសរសើររបស់លោកស៊ីម៉ូន
នៅ​ឆ្នាំ​១៧២ ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​ប្រមូល​កង​ទ័ព ហើយ​យាង​ចេញ​ទៅ​ស្រុក​ម៉ែដ ដើម្បី​ស្វែង​រក​ជំនួយ​សម្រាប់​ធ្វើ​សង្រ្គាម​នឹង​លោក​ទ្រីផូន។ ប៉ុន្តែ​ព្រះ​បាទ​អរសាស​ជា​ស្ដេច​ស្រុក​ពែរ្ស និង​ស្រុក​ម៉ែដ ទទួល​ដំណឹង​ថា ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​យាង​ចូល​ក្នុង​ដែន​ដី​របស់​ខ្លួន​ដូច្នេះ ក៏​ចាត់​មេ​ទ័ព​ម្នាក់​ដើម្បី​ទៅ​ចាប់​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​យក​មក​ទាំង​រស់។ មេ​ទ័ព​នោះ​ចេញ​ទៅ​វាយ​ឈ្នះ​កង​ទ័ព​របស់​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស ចាប់​ស្ដេច​បាន​ទាំង​រស់ ហើយ​នាំ​ទៅ​ថ្វាយ​ព្រះ​បាទ​អរសាស។ ព្រះ​បាទ​អរសាស​យក​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​ទៅ​ដាក់​ក្នុង​គុក។

ស្រុក​យូដា​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត ក្នុង​រជ្ជកាល​របស់​លោក​ស៊ីម៉ូន។ លោក​ស្វះ​ស្វែងរក​ប្រយោជន៍​ដើម្បី​ជាតិ។ ប្រជា​ជន​យូដា​គោរព​អំណាច​លោក ហើយ​ភាព​រុង​រឿង​របស់​លោក​កាន់ តែ​ប្រសើរ​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ លោក​បាន​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​លោក​កាន់​តែ​ល្បី​ល្បាញ ដោយ​ដណ្ដើម​យក​បាន​ក្រុង​យ៉ូប៉េ។ លោក​យក​ក្រុង​នេះ​ធ្វើ​ជា​កំពង់​ផែ​សម្រាប់​ស្រុក​យូដា ព្រម​ទាំង​បើក​ផ្លូវ​ទាក់​ទង​នឹង​កោះ​ទាំង​ឡាយ។ លោក​វាត​ព្រំដែន​ស្រុក​របស់​លោក ហើយ​គ្រប់​គ្រង​ស្រុក​យូដា​យ៉ាង​ម៉ឺង​ម៉ាត់។ លោក​ប្រមូល​ជន​ជាតិ​យ៉ូដា​ជាច្រើន​ដែល​ជាប់​ជា​ឈ្លើយ​នាំ​ត្រឡប់​មក​វិញ។ លោក​វាយ​ដណ្ដើម​យក​ក្រុង​កាសារ៉ា ក្រុង​ប៉េត​សួរ និង​បន្ទាយ​ក្រុង​យេរូ​សាឡឹម ហើយ​លុប​បំបាត់​អ្វីៗ​ទាំង​អស់ ដែល​ធ្វើ​ឲ្យ​ក្រុង​ទាំង​បី​នោះ​មាន​ភាព​សៅ​ហ្មង។ គ្មាន​នរណា​ម្នាក់​តទល់​ប្រឆាំង​នឹង​លោក​ឡើយ។ ប្រជា​ជន​ធ្វើ​ស្រែ​ចំការ​របស់​ខ្លួន​ដោយ​សុខ​សាន្ត ដី​ផ្តល់​ភោគ​ផល​ ដំណាំ​ដាំ​ដុះ​ក៏​ផ្តល់​ផ្លែ​ផ្កា​គួរ​ឲ្យ​ពេញ​ចិត្ត។ ចាស់ៗ​អង្គុយ​នៅ​តាម​ទី​សាធារណៈ​ពោល​តែ​អំពី​ភាព​ចំរុង​ចំរើន។ ពួក​យុវជន​ស្លៀក​សម្លៀក​បំពាក់​ល្អ​ប្រណីត និង​ប្រដាប់​គ្រឿង​សស្រ្តា​វុធ​យ៉ាង​អង់​អាច។ ១០លោក​ស៊ីម៉ូន​ផ្គត់​ផ្គង់ ស្បៀង​អាហារ​ដល់​ក្រុង​នានា និង​សង់​កំពែង​សម្រាប់​ការពារ​ក្រុង​ទាំង​នោះ។ ដូច​កិត្តិ​ស័ព្ទ​ដ៏រុង​រឿង​របស់​លោក ល្បី​សុស​សាយ​គ្រប់​ទិស​ទី រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែន​ដី។ ១១លោក​ធ្វើ​ឲ្យ​ស្រុក​មាន​សន្តិ​ភាព ហើយ​ប្រជា​ជន​អ៊ីស្រា​អែល​មាន​អំណរ​សប្បាយ ជា​ខ្លាំង។ ១២ម្នាក់ៗ​អង្គុយ​ក្រោម​ម្លប់ ដើម​ទំពាំង​បាយ​ជូរ ឬ​ក្រោម​ម្លប់​ដើម​ស្វាយ​របស់​ខ្លួន ដោយ​គ្មាន​នរណា​មក​បំភ័យ​ពួក​គេ​ឡើយ។ ១៣ស្ដេច​ទាំង​ឡាយ​ត្រូវ​បរាជ័យ​នៅ​សម័យ​នោះ។ ១៤លោក​ជួយ​អ្នក​តូច​តាច​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក។ លោក​កាន់​តាម​វិន័យ ហើយ​បំបាត់​ជន​ពាល និង​មនុស្ស​អាក្រក់​ទាំង​អស់​ចោល។ ១៥លោក​ធ្វើ​ឲ្យ​ព្រះ​វិហារ​ទទួល​សិរី​រុង​រឿង ហើយ​ថ្វាយ​គ្រឿង​សក្ការៈ​ជាច្រើន​ ចំពោះ​ព្រះ​ដំណាក់​ផង។

អ្នកនាំក្រុងស្ប៉ាត​ផ្ញើលិខិតជូនលោកស៊ីម៉ូន
១៦នៅ​ក្រុង​រ៉ូម​ក៏​ដូចជា​នៅ​ក្រុង​ស្ប៉ាត​ដែរ គេ​ទទួល​ដំណឹង​ថា លោក​យ៉ូណា​ថាន​ទទួល​មរណ​ភាព​ពួកគេ​សោក​ស្តាយ​យ៉ាង​ខ្លាំង។ ១៧ប៉ុន្តែ កាល​ពួកគេ​ដឹង​ថា លោក​ស៊ីម៉ូន​ឡើង​ជា​មហា​បូជា​ចារ្យ ជំនួស​ប្អូន ហើយ​គ្រប់​គ្រង​ស្រុក និង​ក្រុង​ទាំង​ប៉ុន្មាន ១៨គេ​ចារឹក​សា​ជា​ថ្មី​នូវ​សន្ធិ​សញ្ញា​ស្តី​អំពី​មិត្ត​ភាព និង សម្ពន្ធ​មិត្ត​នៅ​លើ​បន្ទះ​សង្ហិន ដូច​គេ​បាន​ចង​ពី​មុន​ជាមួយ​លោក​យូដា​និង​លោក​យ៉ូណាថាន ជា​ប្អូន​របស់​លោក​ដែរ។ ១៩គេ​យក​បន្ទះ​នេះ​មក​អាន​ជូន​អង្គ​ប្រជុំ​នៃ​ប្រជា​ជន​យេរូ​សាឡឹម​ស្តាប់។ ២០លិខិត​ដែល​ប្រជា​ជន​ក្រុង​ស្ប៉ាត​សរសេរ​ផ្ញើ​មក មាន​សេច​ក្ដី​ដូច​តទៅ៖ «អ្នក​មុខ​អ្នក​ការ​​​​​​​​​​​​​​​​​ក្រុង​ស្ប៉ាត សូម​ជម្រាប​មក​លោក​ស៊ីម៉ូន​ជា​មហា​បូជា​ចារ្យ អស់​លោក​ព្រឹទ្ធា​ចារ្យ អស់​លោក​បូជា​ចារ្យ និង​ប្រជា​ជន​យូដា​ទាំង​អស់​សូម​ជ្រាប។ ២១ទូត​ដែល​អស់​លោក​បាន​ចាត់​ឲ្យ​មក​ជួប​ប្រជា​ជន​យើងខ្ញុំ បាន​រៀប​រាប់​ប្រាប់​យើង​ខ្ញុំ​អំពី​ភាព​រុង​រឿង​កិត្តិ​នាម​របស់​អស់​លោក។ យើង​សូម​ស្វាគមន៍​យ៉ាង​រីក​រាយ ចំពោះ​កិច្ចការ​របស់​ទូត​ទាំង​នោះ។ ២២យើង​ខ្ញុំ​បាន​កត់​ត្រា​សេចក្ដី​ប្រកាស​របស់​ទូត​ទាំង​នោះ​ចំពោះ​យើង​ខ្ញុំ ទុក​ជា​ឯក​សារ​ក្នុង​សៀវ​ភៅ​នៃ​សេចក្ដី​សម្រេច​របស់​ប្រជា​ជន​ដូច​តទៅ៖ លោក​នូមេ​នីយ៉ូស​ជា​កូន​លោក​អន់ទី​យ៉ូគូស ហើយ​លោក​អប់ទី​ប៉ាទែរ​ជា​កូន​លោក​យ៉ាសូន ជា​ទូត​របស់​ប្រជា​ជន​យូដា អញ្ជើញ​មក​ស្រុក​យើង​ខ្ញុំ​ដើម្បី​រឹត​ចំណង​មិត្ត​ភាព​ជាមួយ​យើង​ខ្ញុំ​សា​ជាថ្មី។ ២៣ប្រជា​ជន​ពេញ​ចិត្ត ទទួល​ទូត​ទាំង​នោះ​យ៉ាង​ឱឡារិក ហើយ​យក​លិខិត​នៃ​សេចក្ដី​ប្រកាស​ទៅ​តម្កល់​ទុក​ជា​ឯក​សារ​សាធារណៈ ដើម្បី​ឲ្យ​ប្រជា​ជន​ក្រុង​ស្ប៉ាត​ចង​ចាំ»។ លិខិត​ចម្លង​នៃ​ឯកសារ​នេះ​បាន​ផ្ញើ​ជូន​លោក​ស៊ីម៉ូន​ជា​មហា​បូជា​ចារ្យ។ ២៤បន្ទាប់​មក លោក​ស៊ីម៉ូន​ចាត់​លោក​នូមេ​នីយ៉ូស​ទៅ​ក្រុង​រ៉ូម ទាំង​នាំ​យក​ខែល​មាស​ដែល​មាន​តម្លៃ​ស្មើ​ប្រាក់​ប្រាំ​រយ​គីឡូ​ក្រាម ជា​អំណោយ ដើម្បី​រឹត​ចំណង​សម្ព័ន្ធ​មិត្ត​ជាមួយ​ជន​ជាតិ​រ៉ូម​សា​ជាថ្មី។                                                                                                                          

ក្រឹត្យរបស់រដ្ឋសភា​ស្តីអំពី​លោកស៊ីម៉ូនជាបូជាចារ្យ
២៥ក្រោយ​ពី​ជ្រាប ពី​ព្រឹត្តិ​ការណ៍​ទាំង​នេះ​មក ប្រជា​ជន​សួរ​គ្នា​ថា៖​«តើ​យើង​មាន​អ្វី​នឹង​ថ្លែង អំណរ​គុណ​ចំពោះ​លោក​ស៊ីម៉ូន និង​កូន​របស់​លោក ២៦ដ្បិត​រូប​លោក​ទាំង​ប្អូន​របស់​លោក និង​ក្រុម​គ្រួសារ​លោក សុទ្ធតែ​តស៊ូ​យ៉ាង​អង់​អាច​ក្លាហាន។ លោក​កាន់​អាវុធ​បណ្តេញ​ខ្មាំង​សត្រូវ របស់​ជន​ជាតិ​អ៊ីស្រា​អែល​ចេញ​អស់ ហើយ​នាំ​ប្រជា​ជន​ឲ្យ​មាន​សេរី​ភាព​ដែរ»។ ដូច្នេះ​ពួក​គេ​ចារឹក​សេចក្ដី​លើ​បន្ទះ​លង្ហិន​ ជាប់​នឹង​ស្តូប​នៅ​លើ​ភ្នំ​ស៊ីយ៉ូន។ ២៧សេចក្ដី​ចារឹក​នោះ​មាន​ដូច​តទៅ៖​នៅ​ថ្ងៃ​ទី ១៨ ខែ​ភទ្របទ ត្រូវ​នឹង​ខែ​អេលូស ឆ្នាំ ១៧២ គឺ​នៅ​ឆ្នាំ​ទី​បី នៃ​រជ្ជ​កាល​របស់​លោក​ស៊ីម៉ូន​ជា​មហា​បូ​ជា​ចារ្យ ២៨មាន​បើក​អង្គ​ប្រជុំ​មួយ​យ៉ាង​ធំ គឺ​មាន​អស់​លោក​បូជា​ចារ្យ ប្រជា​ជន អស់​លោក​មេ​ដឹកនាំ និង​អស់​លោក​ព្រឹទ្ធា​ចារ្យ​ក្នុង​ស្រុក​ចូល​រួម​ផង។ នៅ​ពេល​នោះ គេ​ប្រាប់​យើង​ខ្ញុំ​ថា ២៩ពេល​មាន សង្គ្រាម​ជា​ញឹក​ញាប់​ក្នុង​ស្រុក​លោក​ស៊ីម៉ូន ជា​កូន​របស់​លោក​ម៉ាថា​ធីយ៉ា ជា​ពូជ​ពង្ស​របស់​កូន​ចៅ​លោក​យ៉ូអារីប និង​បង​ប្អូន​ស៊ូ​ប្តូរ​ជីវិត​ប្រយុទ្ធ​នឹង​ខ្មាំង​សត្រូវ​របស់​ជាតិ​ខ្លួន ដើម្បី​ការពារ​ព្រះ​វិហារ​និង​ធម្ម​វិន័យ។ អស់​លោក​នាំ​យក​សិរី​ជោគ​ជ័យ​ដ៏រុង​រឿង​ជូន​ជាតិ​របស់​ខ្លួន។ ៣០លោក​យ៉ូណាថាន​បាន​បង្រួប​បង្រួម​ជាតិ របស់​លោក ហើយ​ធ្វើ​ជា​មហា​បូចារ្យ រួច​លា​ចាក​លោក​នេះ​ទៅ។ ៣១សត្រូវ​របស់​ជន​ជាតិ​យូដា​មាន​បំណង​ឈ្លាន​ពាន និង​បំផ្លាញ​ទឹក​ដី​របស់​អស់​លោក ព្រម​ទាំង​ដណ្ដើម​យក​ព្រះ​វិហារ​របស់​អស់​លោក​ផង។ ៣២ពេល​នោះ​លោក​ស៊ីម៉ូន​ងើប​ឡើង ហើយ​វាយ​ប្រយុទ្ធ​ដើម្បី​ជាតិ​របស់​លោក។ លោក​ចំណាយ​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់​លោក​យ៉ាង​ច្រើន សម្រាប់​ទិញ​អាវុធ​និង​ចែក​បៀរវត្ស​ដល់​ពល​ទាហាន​នៃ​កង​ទ័ព​ជាតិ​ទៀត​ផង។ ៣៣លោក​សង់​កំពែង​ការពារ​ក្រុង​នានា​នៅ​ស្រុក​យូដា ជាពិ​សេស​ក្រុង​បេតសួរ​ដែល​ស្ថិត​នៅ​តាម​ព្រំដែន និង​ឃ្លាំង​អាវុធ​របស់​ខ្មាំង​សត្រូវ​កាល​ពីមុន​នោះ។ លោក​ដាក់​កង​ទ័ព​យូដា​ក្នុង​នោះ​ដែរ។ ៣៤លោក​សង់​កំពែង​ក្រុង​យ៉ូប៉េ​ដែល​ស្ថិត​នៅ​តាម​ឆ្នេរ​សមុទ្រ ព្រម​ទាំង​ក្រុង​កាសារ៉ា ដែល​ស្ថិត​នៅ​ក្បែរ​ក្រុង​អាសូត ជាក្រុង​ដែល​ខ្មាំង​សត្រូវ​កាន់​កាប់ កាល​ពីដើម។ លោក​ឲ្យ​ប្រជា​ជន​យូដា​តាំង​ទីលំនៅ​ក្នុង​ក្រុង ហើយ​ទុក​ស្បៀង​គ្រប់​បែប​យ៉ាង ដែល​ប្រជា​ជន​ត្រូវ​ការ។ ៣៥ប្រជា​ជន​ឃើញ​ ភាព​ស្មោះ​ត្រង់​របស់​លោក​ស៊ីម៉ូន និង​ភាព​រុង​រឿង ដែល​លោក​បាន​ផ្តល់​ជូន​ជាតិ​របស់​លោក។ គេ​តែង​តាំង​លោក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ និង​ជា​មហា​បូជា​ចារ្យ ដើម្បី​តប​ស្នង​គុណ ចំពោះ​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ប្រព្រឹត្ត​យ៉ាង​ត្រឹម​ត្រូវ សុចរិត និង​ស្មោះ​ត្រង់​ចំពោះ​ជាតិ និង​ប្រយោជន៍​ប្រជា​ជន​លោក។ ៣៦ពេល​លោក​ស៊ីម៉ូន​គ្រប់​គ្រង​ស្រុក​លោក បណ្តេញ​សាសន៍​ដទៃ​ចេញ​ពី​ទឹក​ដី និងបុរី​របស់​ព្រះ​បាទ​ដាវីឌ​នៅ​ក្រុង​យេរូ​សាឡឹម។ សាសន៍​ដទៃ​ទាំង​នោះ​បាន​យក​បុរី​នោះ​ធ្វើ​ជា​បន្ទាយ ហើយ​ធ្លាប់​ចេញ​ពី​បន្ទាយ​នេះ ដើម្បី​ធ្វើ​ឲ្យ​ទីលាន​ព្រះ​វិហារ មាន​សៅ​ហ្មង និង​បង្អាប់​បង្អោន​ភាព​ដ៏វិសុទ្ធ​នៃ​ទីនោះ​ផង។ ៣៧លោក​តែង​ដាក់​កង​ទ័ព​យូដា​នៅ​ទីនោះ ព្រម​ទាំង​ពង្រឹង​បន្ទាយ​នេះ​ឡើង ដើម្បី​ការ​ពារ​សន្តិ​សុខ​ក្នុង​ស្រុក និង​ក្រុង​ផង។ លោក​សង់​កំពែង​ក្រុង​យេរូសាឡឹម​ឲ្យ​ខ្ពស់​ជាង​ពី​មុន​ទៅ​ទៀត។

៣៨ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​ទត​ឃើញ​ដូច្នេះ ក៏​បញ្ជាក់​ថា លោក​ស៊ីម៉ូន​បំពេញ​មុខ​ងារ​ជា​មហា​បូជា​ចារ្យ ៣៩ហើយ​លោក​តែង​តាំង​លោក​ស៊ីម៉ូន ជា​សម្លាញ់​របស់​ស្ដេច ព្រម​ទាំង​ប្រទាប​កិត្តិយស​ដ៏ខ្ពង់​ខ្ពស់​ឲ្យ​លោក​ផង។ ៤០ព្រះ​រាជា​ធ្វើ​ដូច្នេះ ព្រោះ​ទ្រង់​ជ្រាប​ថា ជន​ជាតិ​រ៉ូម៉ាំង​ធ្លាប់​ចាត់​ទុក​ជន​ជាតិ​យូដា ជា​មិត្ត​សម្លាញ់ ជា​សម្ពន្ធ​មិត្ត និង​ជា​បង​ប្អូន​របស់​ពួក​គេ ហើយ​ពួក​គេ​បាន​ទទួល​ទូត​របស់​លោក ស៊ីម៉ូន​យ៉ាង​ឱឡា​រិក​ក្រៃ​លែង។ ៤១ស្ដេច​ជ្រាប​ថា ជន​ជាតិ​យូដា និង​អស់​លោក​បូជា​ចារ្យ​សម្រេច​ចិត្ត តែង​តាំង​លោក​ស៊ីម៉ូន​ធ្វើ​ជា​មេ​ដឹក​នាំ និង ជា​មហា​បូជា​ចារ្យ​រហូត​រៀង​ទៅ គឺ​រហូត​ដល់​មាន​ព្យាការី​ដ៏​ស្មោះ​ត្រង់​ម្នាក់​ងើប​ឡើង។ ៤២ពួក​គេ​ក៏​តែង​តាំង​លោក​ជា​មេ​បញ្ជា​ការ​នៃ​ទ័ព​ទាំង​មូល និង​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ព្រះ​វិហារ មាន​បន្ទុក​តែង​តាំង​មេ​ការ មន្ត្រី​រាជ​ការ​ក្នុង​ស្រុក ជា​អ្នក​ទទួល​ខុស​ត្រូវ លើ​គ្រឿង​សាស្ត្រា​វុធ និង​បន្ទាយ​ទាំង​ឡាយ។ លោក​ស៊ីម៉ូន​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​គ្រប់​កិច្ច​ការ ក្នុង​ព្រះ​វិហារ។ ៤៣ប្រជា​ជន​ត្រូវ​តែ​ធ្វើ​តាម​បង្គាប់​លោក ឯក​សារ​ជា​ផ្លូវ​ការ​ក្នុង​ស្រុក​ទាំង​អស់ ត្រូវ​សរសេរ​ក្នុង​នាម​របស់​លោក។ លោក​មាន​សិទ្ធ​ពាក់​អាវ​ព៌ណ​ស្វាយ​របស់​ស្ដេច និង​ពាក់​ក្លាស់​មាស​ផង។ ៤៤គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ប្រជា​ជន ឬ​ក្នុង​ចំណោម​បូជា​ចារ្យ​មាន​សិទ្ធ​បដិ​សេធ​សេចក្ដី​សម្រេច​ណា​មួយ ឬ​ប្រឆាំង​នឹង​បញ្ជា​របស់​លោក ឬ​កោះ​ប្រជុំ​គ្នា ឬ​មាន​សិទ្ធ​ពាក់​អាវ​ព៌ណ​ស្វាយ​របស់​ស្ដេច និង​ពាក់​ក្លាស់​មាស​ឡើយ។ ៤៥នរណា​ម្នាក់​បដិសេធ​សេចក្ដី​សម្រេច​ណា​មួយ​ ត្រូវ​ទទួល​ទោស។ ៤៦ប្រជា​ជន​ទាំង​អស់​មូល​មតិ​និង​ផ្តល់​សិទ្ធ​ទាំង​នេះ​ឲ្យ​លោក​ស៊ីម៉ូន។ ៤៧លោក​ស៊ីម៉ូន​ក៏​យល់​ព្រម​ទទួល ហើយ​សុខ​ចិត្ត​បំពេញ​មុខ​ងារ​ជា​មហា​បូជា​ចារ្យ ជា​មេ​បញ្ជា​ការ​ព្រម​ទាំង​ជា​មេ​ដឹក​នាំ​របស់​ជន​ជាតិ​យូដា និង​បូជា​ចារ្យ គឺ​ដឹក​នាំ​មនុស្ស​ទាំង​អស់»។

៤៨ប្រជា​ជន​សម្រេច​ថា ត្រូ​វចារ​សេចក្ដី​នេះ​នៅ​លើ​បន្ទះ​លង្ហិន​ យក​ទៅ​តម្កល់​ទុក​ក្នុង​បរវិណ​ព្រះ​វិហារ ត្រង់​កន្លែង​ដែល​គេ​អាច​ឃើញ​ច្បាស់ ៤៩ហើយ​ចម្លង​សេចក្ដី​នេះ យក​ទៅ​ដាក់​ក្នុង​ឃ្លាំង​នៃ​ព្រះ​វិហារ​ដើម្បី​ឲ្យ​លោក​ស៊ីម៉ូន និង​កូន​ចៅ​របស់​លោក​អាច​មើល​ឃើញ​ផង។