ម៉ាកាបាយ (១៣)

លោកស៊ីម៉ូនបន្តមុខតំណែង​ពីលោកយ៉ូណាថាន
លោក​ស៊ីម៉ូន​ជ្រាប​ថា លោក​ទ្រីផូន​ប្រមូល​កង​ទ័ព ជាច្រើន​បម្រុង​នឹង​លុក​លុយ​ចូល​ស្រុក​យូដា ហើយ​បំផ្លាញ​ស្រុក​នោះ​ចោល។ លោក​ស៊ីម៉ូន​ឃើញ​ប្រជា​ជន​ភ័យ​ខ្លាច​ញាប់​ញ័រ។ លោក​ឡើង​ទៅ​ក្រុង​យេរូ​សាឡឹម​កោះ​ហៅ​ប្រជា​ជន​ឲ្យ​មក​ប្រជុំ ហើយ​លើក ទឹក​ចិត្ត​ពួក​គេ​ដោយ​មាន​ប្រសាសន៍​ថា៖ «បង​ប្អូន​ជ្រាប​ការ​ប៉ុន្មាន​របស់​ខ្ញុំ បង​ប្អូន​ខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ប្រព្រឹត្ត ដើម្បី​ការពារ​វិន័យ និង​ទី​សក្ការៈ។ បង​ប្អូន​ក៏​ជ្រាប​អំពី​ចម្បាំង និង​ទុក្ខ​វេទនា​ដែល​ពួក​យើង​បាន​តស៊ូ​នោះ​ដែរ។ ហេតុ​នេះ​ហើយ បង​ប្អូន​ទាំង​អស់​របស់​ខ្ញុំ​ត្រូវ​ស្លាប់​ព្រោះ​អ៊ីស្រា​អែល! ហើយ​នៅ​សល់​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ។ ខ្ញុំ​មិន​ដែល​គិត​រត់​យក​រួច​ខ្លួន​នោះ​ទេ! ទោះបី​ក្នុង​គ្រា​ដ៏​អាសន្ន​នេះ​ក្ដី។ ជីវិត​របស់​ខ្ញុំ គ្មាន​តម្លៃ​អ្វី​ប្រសើរ​ជាង​ជីវិត​បង​ប្អូន​នោះ​ទេ!។ ប៉ុន្តែ ខ្ញុំ​និង​តស៊ូ​ដើម្បី​ការពារ​ជាតិ​របស់​ខ្ញុំ ការពារ​ទី​សក្ការៈ និង​ប្រពន្ធ​កូន​របស់​បង​ប្អូន ព្រោះ​ប្រជា​ជាតិ​នានា​ស្អប់​ខ្ពើម​យើង ហើយ​ប្រមូល​ផ្តុំគ្នា​ដើម្បី​បំផ្លាញ​យើង​ឲ្យ​វិនាស​សាប​សូន្យ»។ កាល​ឮ​ពាក្យ​សំដី​ទាំង​នេះ ប្រជា​ជន​ក៏​មាន​សេចក្ដី​ក្លាហាន ហើយ​ឆ្លើយ​តប​ដោយ​សំឡេង​ខ្លាំងៗ​ថា៖ «សូម​លោក​ធ្វើ​ជា​មេដឹក​នាំ​របស់​ពួក យើង​ស្នង​ពី​លោក​យូដា និង លោក​យ៉ូណាថាន​ជាប្អូនៗ​របស់​លោក​ផង។ សូម​ដឹក​នាំ​ពួក​យើង​ចេញ​ទៅ​ច្បាំង! ពួក​យើង​នឹង​ធ្វើ​តាម​បញ្ជា​របស់​លោក»។ ១០លោក​ស៊ីម៉ូន​ប្រមូល​កង​ទ័ព​ទាំង​អស់ ហើយ​ប្រញាប់​ប្រញាល់​សង់​កំពែង​ជុំវិញ​ក្រុង​យេរូ​សាឡឹម​ឲ្យ​បាន​រឹង​មាំ។ ១១លោក​ចាត់​លោក​យ៉ូណាថាន ជា​កូន​របស់​លោក​អាប់​សាឡុម​ឲ្យ​ទៅ​ក្រុង​យ៉ូប៉េ ដោយ​មាន​ទ័ព​ជាច្រើន​ទៅ​ជាមួយ​ផង។ លោក​យ៉ូណាថាន​ដេញ​ប្រជា​ជន​ចេញ​ពី​ក្រុង ហើយ​តាំង​ទី​លំនៅ​នៅ​ក្នុង​ក្រុង​នេះ។

លោកស៊ីម៉ូនវាយឈ្នះលោកទ្រីផូន
១២លោក​ទ្រីផូន​លើក​ទ័ព​យ៉ាង​ច្រើន ចេញ​ពី​ក្រុង​ផ្ទោ​ឡេម៉ៃស៍ ដើម្បី​វាយ​លុក​លុយ​ស្រុក​យូដា ទាំង​នាំ​យក​លោក​យ៉ូណា​ថាន​ជា​ឈ្លើយ​ទៅ​ជាមួយ​ផង។ ១៣លោក​ស៊ីម៉ូន​មក​បោះ​ទ័ព​នៅ​ក្បែរ​ក្រុង អាឌីដា និង​នៅ​តាម​ទី​វាល។ ១៤លោក​ទ្រីផូន​ជ្រាប​ថា លោក​ស៊ីម៉ូន​បន្ត​មុខ​តំណែង​ពី​លោក​យ៉ូណាថាន ជា​ប្អូន ហើយ​ត្រៀម​កង​ទ័ព មក​វាយ​ប្រយុទ្ធ​នឹង​លោក។ គាត់​ចាត់​អ្នក​នាំ​សារ ឲ្យ​ទៅ​ជម្រាប​លោក​ស៊ីម៉ូន​ថា៖ ១៥«យើង​ចាប់​លោក​យ៉ូណាថាន​ឃុំ​ឃាំង ព្រោះ​គាត់​មិន​បាន​បង់​ប្រាក់​បញ្ចូល​ឃ្លាំង​រាជ​ទ្រព្យ កាល​គាត់​នៅ​កាន់​មុខ​តំណែង។ ១៦ឥឡូវ​នេះ សូម​លោក​បង់​ប្រាក់​ពីរ​ពាន់​ប្រាំពីរ​រយ​គីឡូ​ក្រាម និង​នាំ​យក​កូន​របស់​លោក​យ៉ូណាថាន​ពីរ​នាក់​ធ្វើ​ជា​ថ្នូរ ក្រែង​លោ​ថ្ងៃ​ក្រោយ​គាត់​បះ​បោរ​ប្រឆាំង​នឹង​យើង។ ប្រសិន​បើ​គាត់​សុខ​ចិត្ត​ធ្វើ​ដូច្នេះ យើង​នឹង​ដោះ​លែង​គាត់»។ ១៧ទោះបី​លោក​ស៊ីម៉ូន​ដឹង​ថា ពាក្យ​ទាំង​នេះ​ជា​ពាក្យ​បោក​បញ្ឆោត​ក្ដី ក៏​លោក​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​ប្រាក់ និង​នាំ​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​យ៉ូណាថាន​ មក ព្រោះ​លោក​ខ្លាច​ប្រជា​ជន​ជំទាស់​នឹង​គាត់ ១៨គឺ​ក្រែង​ពួក​គេ​ចោទ ថា៖​«គេ​យក​លោក​យ៉ូណាថាន​ទៅ​សម្លាប់ ព្រោះ​លោក​ស៊ីម៉ូន​មិន​ព្រម​បញ្ជូន​ប្រាក់ និង​កូន​ទាំង​ពីរ នោះ​ទៅ​ឲ្យ​គេ»។ ១៩ដូច្នេះ​លោក​បញ្ជូន​កូន​ទាំង​ពីរ និង​ប្រាក់​ពីរ​ពាន់​ប្រាំពីរ​រយ​គីឡូ​ក្រាម ប៉ុន្តែ លោក​ទ្រីផូន​ក្បត់​ពាក្យ​សន្យា ហើយ​មិន​ដោះ​លែង​លោក​យ៉ូណា​ថាន​ឡើយ។ ២០បន្ទាប់​មក​លោក ទ្រីផូន​ចេញ​ដំណើរ​ដើម្បី​ចូល​ទៅ​ឈ្លាន​ពាន និង​បំផ្លាញ​ស្រុក​យូដា​ចោល។ គាត់​ធ្វើ​ដំណើរ​វាង​តាម​ក្រុង​អាដូរ៉ា។ ប៉ុន្តែ លោក​ស៊ីម៉ូន និង​កង​ទ័ព​របស់​លោក​នៅ​តែ​ដេញ​តាម​ពី​ក្រោយ​គេ​ជានិច្ច។ ២១គ្រា​នោះ កង​ទ័ព​នៅ​ក្នុង​ស្រុក​យេរូ​សាឡឹម​ចាត់​អ្នក​នាំ​សារ​ទៅ​រក​លោក​ទ្រីផូន សុំ​ឲ្យ​លោក​មក​ជួប​ពួកគេ​នៅ​តាម​ផ្លូវ​វាល​រហោស្ថាន​យ៉ាង​ប្រញាប់ និង​បញ្ជូន​ស្​ស្បៀង​អាហារ​ឲ្យ​ពួកគេ​ផង។ ២២លោក​ទ្រីផូន​រៀបចំ​កង​ទ័ព​សេះ​ទាំង​អស់​ដើម្បី​ទៅ​ជួប​ពួក​គេ ប៉ុន្តែ នៅ​យប់​នោះ​ព្រឹល​ធ្លាក់​យ៉ាង​ខ្លាំង ជា​ហេតុ​រារាំង​លោក​មិន​អាច​ចេញ​ដំណើរ ទៅ​កាន់​ទី​នោះ​បាន​ឡើយ។ លោក​បែរ​ជា​ចេញ​ដំណើរ​ទៅ​ស្រុក​កាឡាដ​វិញ។ ២៣កាល​មក​ជិត​ដល់​ក្រុង​បាសកាម៉ា​លោក​ក៏យក​លោក​យ៉ូណាថាន​ទៅ​ប្រហារ ជីវិត​ចោល ហើយ​គេ​បញ្ចុះ​សព​របស់​លោក​នៅ​ទីនោះ។ ២៤បន្ទាប់​មក លោក​ទ្រីផូន​វិល​ត្រឡប់​ទៅ ស្រុក​របស់​ខ្លួន​វិញ។

២៥លោក​ស៊ីម៉ូន​ចាត់​គេ ឲ្យ​ទៅ​យក​ធាតុ​របស់​លោក​យ៉ូណាថាន​ជាប្អូន​របស់​លោក​ទៅ​បញ្ចុះ ក្នុង​ផ្នូរ​នៅ​ក្រុង​ម៉ូឌីន ជា​ក្រុង​របស់​ដូន​តា​លោក។ ២៦ប្រជា​ជន​អ៊ីស្រា​អែល​ទាំង​មូល ធ្វើ​ពិធី​កាន់​ទុក្ខ យ៉ាង​អធិក​អធម និង យំ​រៀប​រាប់​ពី​ប្រវត្តិ​​របស់​លោក​យ៉ូណាថាន​ជា​យូរ​ថ្ងៃ។ ២៧លោក​ស៊ីម៉ូន​សង់​ផ្នូរ​ឪពុក និង​បង​ប្អូន​របស់​លោក​ឲ្យ​បាន​ខ្ពស់​ជាង​មុន ដើម្បី​ឲ្យ​គេ​មើល​ឃើញ​ពី​ចម្ងាយ។ ផ្នូរ​នេះ​ផ្នែក​ខាង​មុខ​ក៏​ដូច​ជា​ផ្នែក​ខាង​ក្រោយ​ដែរ សុទ្ធ​តែ​ក្រាល​ដោយ​ថ្ម​រលោង។ ២៨លោក​លើក​ស្តូប​ចំនួន​ប្រាំពីរ​ក្បែរៗ​គ្នា ដើម្បី​ឧទ្ទិស​ជូន​មាតា​បិតា និង បង​ប្អូន​ទាំង​បួន​នាក់​របស់​លោក។ ២៩នៅ​ជុំវិញ​ស្តូប​ទាំង​នោះ​លោក​ដាក់​សរសរ​ខ្ពស់ៗ ដែល​មាន​ឆ្លាក់​រចនា​ពី​គ្រឿង​សស្ត្រា​វុធ​គ្រប់​ប្រភេទ និង​ក្បាច់​សំពៅ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​សំពៅ នៅ​លើ​សមុទ្រ​មើល​ឃើញ។ ៣០ផ្នូរ​ដែល​លោក​ស៊ីម៉ូន​សង់​នៅ​ក្រុង​ម៉ូឌីន​នោះ​ស្ថិត​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

ព្រះបាទដេម៉េទ្រីយ៉ូសបញ្ជាក់​សន្ធិសញ្ញាជាមួយជនជាតិយូដា
៣១លោក​ទ្រីផូន​ក្បត់​ព្រះ​បាទ​អន់ទី​យ៉ូគូស ដែល​នៅ​ជា​កុមារ​ហើយ​ធ្វើ​គុត។ ៣២លោក​ឡើង​សោយ​រាជ្យ​ជំនួស ហើយ​គ្រប់​គ្រង​ស្រុក​អាស៊ី និង​បង្ក​ឲ្យ​មាន​អន្តរាយ​ដ៏​ធ្ងន់​ធ្ងរ​ដល់​ស្រុក​នេះ​ផង។ ៣៣លោក​ស៊ីម៉ូន​ជួស​ជុល​កំពែង​នានា​ក្នុង​ស្រុក​យូដា ព្រម​ទាំង​សង់​ប៉ម​ខ្ពស់ៗ និង​កំពែង​ដ៏រឹង​មាំ​ដែល​មាន​ទ្វារ​ក្រុង​និង​រនុក។ លោក​ដាក់​ស្បៀង​អាហារ​ទុក​នៅ​ក្រុង​ទាំង​នោះ​ដែរ។ ៣៤លោក​ស៊ីម៉ូន​ចាត់ អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស សូម​ព្រះ​មេត្តា​កុំ​ទារ​ពន្ធ​ដារ​ពី​ប្រជា​ជន​យូដា ព្រោះ​លោក​ទ្រីផូន​បាន​រឹប​អូស​ប្លន់​យក​ពី​ពួក​គេ​អស់​ទៅ​ហើយ។ ៣៥ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​ឆ្លើយ​តប តាម​សំណូម​ពរ​របស់​លោក ហើយ​សរសេរ​រាជ​សារ ដែល​មាន​សេចក្ដី​ដូច​តទៅ៖៣៦«យើង​ដេម៉េ​ទ្រីយ៉ូស​ជម្រាប​មក​លោក​ស៊ីម៉ូន ជា​មហា​បូជា​ចារ្យ ជា​មិត្ត​របស់​ស្ដេច និង​ព្រឹទ្ធា​ចារ្យ ព្រម​ទាំង​ជាតិ​យូដា​ទាំង​មូល សូម​ជ្រាប។ ៣៧យើង​បាន​ទទួល​មកុដ​មាស និង​ធាង​មាស​ដែល​អស់​លោក​បាន​ផ្ញើ​មក​យើង​ហើយ។ យើង​ចាំ​ចុះ​សន្ធិ​សញ្ញា​ស្តី​អំពី​សន្តិភាព​យ៉ាង​ពិត​ប្រាកដ ​ជាមួយ​អស់​លោក ព្រម​ទាំង​បញ្ជា​ឲ្យ​មន្រ្តី​រាជការ​បន្ថយ​ពន្ធដារ​ឲ្យ​អស់​លោក​ផង។ ៣៨អ្វីៗ​ដែល​យើង​បាន​សម្រេច​ព្រម​ព្រៀង​ជាមួយ​អស់​លោក​ពី​មុន យើង​សូម​បញ្ជាក់​សា​ជាថ្មី។ អស់​លោក​មាន​សិទ្ធ​គ្រប់​គ្រង​ក្រុង​ទាំង​អស់​ដែល​អស់​លោក​បាន​សង់។ ៣៩យើង​លើក​លែង​ទោស​ឲ្យ​អស់​លោក​ដែល​ប្រព្រឹត្ត​ខុស ឬ​ល្មើស​ច្បាប់​រហូត​ដល់​សព្វ​ថ្ងៃ ព្រម​ទាំង មិន​ទារ​ពន្ធ​អាករ​ជា​មកុដ​មាស​ដែល​អស់​លោក​ត្រូវ​បង់​ដែរ។ ប្រសិន​បើ​មាន​ការ​ទារពន្ធ​អាករ​ផ្សេង ទៀត​ពី​ប្រជា​ជន​ក្រុង​យេរូ​សាឡឹម​ចាប់​ពី​ពេល​នេះ គេ​មិន​ត្រូវ​ទាម​ទារ​ទៀត​ឡើយ។ ៤០ប្រសិន​បើ មាន​អ្នក​ខ្លះ​មាន​សម្ថភាព​អាច​បំរើ​កង​ទ័ព​របស់​យើង​បាន ចូរ​អញ្ជើញ​មក​ចុះ​ឈ្មោះ​ទៅ»។ សូន​ឲ្យ​សន្តិ​ភាព​កើត​ឡើង​រវាង​គ្នា​នឹង​គ្នា​ផង»។

៤១នៅ​ឆ្នាំ​១៧០ ប្រជា​ជន​អ៊ីស្រា​អែល​បាន​រួច​ផុត​ពី​នឹម​នៃ​សាសន៍​ដទៃ។ ៤២ប្រជា​ជន​ចាប់​ផ្ដើម សរសេរ​កាល​បរិច្ឆេទ​នៅ​លើ​ឯក​សារ និង​កិច្ច​សន្យា​នានា​តាំង​ពី​ឆ្នាំ​ដំបូង​បង្អស់ ដែល​លោក​ស៊ីម៉ូន​ជា​មហា​បូជា​ចារ្យ ជា​មេ​បញ្ជា​ការ និង​ជា​មេ​ដឹក​នាំ​នៃ​ប្រជា​ជន​យូដា។

លោកស៊ីម៉ូនដណ្ដើម​យកក្រុងកាសារ៉ា និង បន្ទាយក្រុងយេរូសាឡឹមបាន
៤៣នៅ​គ្រា​នោះ លោក​ស៊ីម៉ូន​ដាក់​ទ័ព​ឡោម​ព័ទ្ធ​ក្រុង​កាសារ៉ា និង​ដាក់​កង​ទ័ព​នៅ​ជុំវិញ។ លោក​សង់​ប៉ម​ដែល​មាន​កង់​អាច​រើ​បាន ហើយ​រុញ​ទៅ​ទល់​នឹង​កំពែង​ក្រុង។ លោក​វាយ​ប្រហារ​ក្រុង​មួយ​ក្នុង​បណ្តា​ប៉ម​ទាំង​ប៉ុន្មាន ហើយ​ដណ្ដើម​យក​ប៉ម​នោះ​បាន។ ៤៤ពល​ទ័ព​ដែល​នៅ​ក្នុង​ប៉ម លោត​ចុះ​មក​ក្នុង​ក្រុង​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ក្រុង​មាន​ការ​ជ្រុល​ច្របល់។ ៤៥អ្នក​ក្រុង​ទាំង​ប៉ុន្មាន ទាំង​ប្រពន្ធ​កូន​នាំគ្នា​ឡើយ​ទៅ​លើ​កំពែង​ហែក​សម្លៀក​បំពាក់​របស់​ពួក​គេ ហើយ​ស្រេក​អង្វរ​លោក​ស៊ីម៉ូន សន្តោស​ប្រណី​ផ្តល់​សន្តិ​ភាព​ឲ្យ​ពួកគេ​ផង។ ៤៦ពួក​គេ​សុំ​អង្វរ​ថា៖ «សូម​មេត្តា​អាណិត​អាសូរ​ដល់​យើង​ខ្ញុំ​ផង! កុំ​ដាក់​ទោស​យើង​ខ្ញុំ​តាម​អំពើ​អាក្រក់​របស់​យើង​ខ្ញុំ​ឡើយ!»។ ៤៧លោក​ស៊ីម៉ូន​ស្រុះ​ស្រួល​ជាមួយ​ពួក​គេ ហើយ​ឈប់​វាយ​ប្រហារ​ពួក​គេ។ ប៉ុន្តែ លោក​ដេញ​ប្រជា​ជន​ចេញ​ពី​ក្រុង​ហើយ​ធ្វើ​ពិធី​ជំរះ​ផ្ទះ​ដែល​មាន​រូប​ព្រះ​ក្លែង​ក្លាយ រួច​លោក និង​ពល​ទាហាន​នាំ​គ្នា​ចូល​ក្នុង​ក្រុង​វិញ​ដោយ​ច្រៀង ទំនុក​លើក​តម្កើង និង​អរ​ព្រះ​គុណ​ព្រះ​ជាម្ចាស់​ផង។ ៤៨លោក​បោស​សំអាត​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ឲ្យ​ក្រុង​សៅ​ហ្មង តែង​តាំង​មនុស្ស​ដែល​កាន់​តាម​វិន័យ​ រួច​លោក​ជួស​ជុល​កំពែង​ក្រុង ហើយ​សង់​លំនៅ​ដ្ឋាន​របស់​លោក​នៅ​ក្រុង​នោះ។

៤៩ប្រជា​ជន​ដែល​នៅ​ក្នុង​ក្រុង​យេរូ​សាឡឹម មិន​អាច​ចេញ​ទៅ​វិញ ឬ​លក់​ដូរ​ឥវ៉ាន់​បាន​ឡើយ។ ដូច្នេះ ពួក​គេ​ត្រូវ​រង​ទុក្ខ​ដោយ​ការ​អត់​ឃ្លាន​យ៉ាង​ខ្លាំង ហើយ​មាន​មួយ​ចំនួន​ស្លាប់។ ៥០ពួក​គេ​ស្រែក​អង្វរ​លោក​ស៊ីម៉ូន សូម​មេត្តា​ប្រណី​សន្តោស និង​ផ្តល់​សន្តិ​ភាព​ឲ្យ​គេ។ លោក​ក៏​យល់​ព្រម។ លោក​ដេញ​ពួក​គេ​ចេញ​ពី​ទី​នោះ ហើយ​ក៏​ធ្វើ​ពិធី​ជំរះ​បន្ទាយ​ក្រុង​នោះ​ឲ្យ​រួច​ពី​សៅ​ហ្មង​ដែរ។ ៥១នៅ​ថ្ងៃ​ទី​២៣ ខែ​ទី ២ ឆ្នាំ ១៧១ ពួកគេ​ចូល​មក​ក្នុង​ក្រុង​វិញ​ដោយ​ស្រែក​ជ័យ​ឃោស និង​កាន់​ស្លឹក​ត្នោត​អម ដោយ​សំលេង​ពិណ ក្រាប និងឈឹង ព្រម​ទាំង​ចំរៀង​និង​ទំនុក​តម្កើង​ទៀត​ផង ដ្បិត​គេ​បណ្តេញ​ខ្មាំង​សត្រូវ​ដ៏​ធំ​ចេញ​ពី​ទឹក​ដី​អ៊ីស្រា​អែល។ ៥២លោក​ស៊ីម៉ូន​ចេញ​បញ្ជា​ឲ្យ​ប្រារព្ធ​ពិធី​យ៉ាង​សប្បាយ​រីក​រាយ ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ដដែល​នោះ។ លោក​ពង្រឹង​កំពែង​ការពារ​ភ្នំ​នៃ​ព្រះ​វិហារ នៅ​ទល់​មុខ​បន្ទាយ​ឲ្យ​កាន់​តែ​រឹង​មាំ។ លោក​តាំង​ទី​លំនៅ​នៅ​ទី​នោះ​ជាមួយ​កង​ទ័ព​របស់​លោក ធំ​ពេញ​រូប​ពេញ​រាង​ហើយ លោក​ក៏​តែង​តាំង​លោក​យ៉ូហាន ឲ្យ​ធ្វើ​ជា​មេ​បញ្ជា​ការ​កាន់​កាប់​កង​ទ័ព​ទាំង​អស់។ លោក​យ៉ូហាន​ស្នាក់​នៅ​ក្រុង​កាសារ៉ា។