ម៉ាកាបាយ (១២)

លោកយ៉ូណាថានចងសម្ពន្ធមិត្ត​ជាមួយជនជាតិរ៉ូម៉ាំងសាជាថ្មី
លោក​យ៉ូណាថាន​ឃើញ​ថា សភាព​ការណ៍​ដំណើរ​ការ​ល្អ​សម្រាប់​គាត់ គាត់​ក៏​ជ្រើស​រើស​ទូត​ចាត់​ឲ្យ​ទៅ​ក្រុង​រ៉ូម ដើម្បី​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​ជន​ជាតិ​រ៉ូម៉ាំង​ជា​ថ្មី។ លោក​សរសេរ​លិខិត​ដែល​មាន​សេចក្ដី​ដូច​គ្នា ផ្ញើ​ជូន​ក្រុង​ស្ប៉ាត និង​ក្រុង​ផ្សេងៗ​ទៀត​ដែរ។ ទូត​ទាំង​នោះ​ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​រ៉ូម ហើយ​បាន​ការ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ព្រឹទ្ធ​សភា​ក្រុង​នោះ។ ពួក​គេ​មាន​ប្រសាសន៍​ថា៖​«លោក​មហា​បូជា​ចារ្យ​យ៉ូណាថាន និង​ជន​ជាតិ​យូដា ចាត់​យើង​ខ្ញុំ ឲ្យ​មក​ដើម្បី​រឹត​ចំណង​មិត្ត​ភាព និង​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​ជន​ជាតិ​រ៉ូម៉ាំង​សា​ជាថ្មី កាល​ពី​មុនៗ​មក»។ ព្រឹទ្ធ​សភា​ចេញ​លិខិត​អនុញ្ញាត​មួយ​ច្បាប់​ចំពោះ​ទូត​ទាំង​នោះ ដើម្បី​ឲ្យ​អ្នក​កាន់​អំណាច​ក្នុង​ស្រុក​នីមួយៗជួយ​សំរួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​របស់​ពួក​គេ វិល​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ​ដោយ​សុវត្ថិ​ភាព។

នេះ​ជា​សេចក្ដី​ក្នុង​លិខិត​ដែល​លោក​យ៉ូណា​ថាន​សរសេរ​ផ្ញើ​អ្នក​ក្រុង​ស្ប៉ាត៖ «យើង​យ៉ូណា​ថាន​ជា​មហា​បូជា​ចារ្យ ព្រឹទ្ធ​សភា​ជាតិ​និង​អស់​លោក​បូជា​ចារ្យ​ព្រម​ទាំង​ប្រជា​ជន​យូដា​ទាំង​មូល ជម្រាប​មក​អ្នក​ស្បាត​ជា​បង​ប្អូន។ កាល​ពី​ដើម ព្រះ​បាទ​អារី​យ៉ូស​ដែល​គ្រង​រាជ្យ​នៅ​ប្រទេស របស់​បង​ប្អូន​បាន​សរសេរ​រាជ​សារ ផ្ញើ​ទៅ​លោក​មហា​បូជា​ចារ្យ​អ៊ូនីយ៉ា បញ្ជាក់​ថា​ប្រជា​ជន​របស់​យើង​ទាំង​ពីរ​បង​ប្អូន ដូច​លិខិត​ភ្ជាប់​មក​ជាមួយ​ជា​ភស្តុតាង​ស្រាប់។ លោក​អូនីយ៉ា​ទទួល​រាជ​ទូត​យ៉ាង​អធិក​អធម ហើយ​ទទួល​រាជ​សារ​ដែល​បញ្ជាក់​ច្បាស់​អំពី​សម្ពន្ធ​មិត្ត និង​ចំណង​មិត្ត​ភាព​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។ ចំពោះ​យើង​ខ្ញុំ ទោះ​បី​មិន​ត្រូវ​ការ​សេចក្ដី​ទាំង​ក្ដី ព្រះ​គម្ពីរ​ដែល​យើង​កាន់​តែង​តែ​សំរាល​ទុក្ខ​យើង​ខ្ញុំ។ ១០យើង​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ចាត់​ទូត​ឲ្យ​មក​ជួប​អស់​លោក ដើម្បី​រឹត​ចំណង​សម្ព័ន្ធ​មិត្ត និង​មិត្ត​ភាព​សា​ជាថ្មី​ក្រែង​លោ​យើង​ខ្ញុំ​ត្រឡប់​ជា​ជន​បរទេស​ សម្រាប់​អស់​លោក ព្រោះ​អស់​លោក​បាន​ចាត់​រាជា​ប្រតិភូ ឲ្យ​ទៅ​ជួប​យើង​ខ្ញុំ​ជា​យូរ​ឆ្នាំ​មក​ហើយ។ ១១យើង​ខ្ញុំ​តែង​តែ​នឹក​រលឹក​ដល់​អស់​លោក​ជានិច្ច ក្នុង​គ្រប់​ពិធី​បុណ្យ និង​នៅ​ថ្ងៃ​បុណ្យ​នានា ក្នុង​ពេល​ថ្វាយ​យញ្ញ​បូជា និង​ក្នុង​ពេល​អង្វរ​ព្រះ​ជាម្ចាស់។ នេះ​ជា​ការ​សមរម្យ​ណាស់​ចំពោះ​យើង​ជា​បង​ប្អូន។ ១២យើង​ខ្ញុំ​មាន​អំណរ​ចំពោះ​ភាព​រុង​រឿង​ថ្កុំ​ថ្កើង​របស់​អស់​លោក។ ១៣រីឯ​យើង​ខ្ញុំ ​យើង​ខ្ញុំ​រង​ទុក្ខ​លំបាក​ជា​ច្រើន ហើយ​សត្រូវ​មក​ច្បាំង​នឹង​យើង​ខ្ញុំ​ជា​ច្រើន​លើក ស្ដេច​ស្រុក​ជិត​ខាង​ក៏​បាន​មក​វាយ​ប្រហារ​យើង​ខ្ញុំ​ដែរ។ ១៤ប៉ុន្តែ យើង​ខ្ញុំ​មិន​ចង់​រំខាន​អស់​លោក​សម្ព័ន្ធ​មិត្ត និង​មិត្ត​ឯ​ទៀតៗអំពី​សង្គ្រាម​ទាំង​នោះ​ទេ។ ១៥មាន​តែ​ព្រះ​អម្ចាស់​ទេ​ដែល​សង្គ្រោះ​យើង​ខ្ញុំ ព្រះ​អង្គ​បាន​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ហើយ​ពួក​ខ្មាំង​ត្រូវ​ទទួល​ការ​អាម៉ាស់​វិញ។ ១៦ហេតុ​នេះ យើង​ខ្ញុំ​ជ្រើស​រើស​លោក​នូមេនី​យ៉ូស ជា​កូន​របស់​លោក​អន់ទី​យ៉ូគូស និង​លោក​អន់ទី​ប៉ាទែរ​ជា​កូន​របស់​លោក​យ៉ាសូន រួច​ចាត់​ពួក​គេ​ឲ្យ​មក​ជួប​ជន​ជាតិ​រ៉ូម៉ាំង ដើម្បី​ចង​ចំណង​មិត្ត​ភាព និង​ចង​សម្ព័ន្ធ​មិត្ត​ដូច​ពី​មុន​ដែរ។ ១៧យើង​ខ្ញុំបញ្ជា​ពួក​គេ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ជួប និង​សួរ​សុខ​ទុក្ខ​អស់​លោក ព្រម​ទាំង​យក​លិខិត​ស្តី​ពី​ការ​ចង​សម្ពន្ធ​មិត្ត​ជាមួយ​គ្នា និង​អំពី​ការ រឹត​ចំណង​មិត្ត​ភាព​ជាមួយ​បង​ប្អូន​សា​ជា​ថ្មី​ទៀត ជូន​ចំពោះ​អស់​លោក។ សូម​អស់​លោក​មេត្តា​តប ឆ្លើយ​មក​យើង​ខ្ញុំ​តាន​សេចក្ដី​ស្នើរ​សុំ​នេះ​ផង»។

១៩នេះ​ជា​សេចក្ដី​ក្នុង​លិខិត ផ្ញើ​មក​លោក​អូនីយ៉ា៖ ២០«យើង​អារីយ៉ូស ជា​ស្ដេច​ក្រុង​ស្ប៉ាត​ជម្រាប មក​លោក​អូនីយ៉ា​ជា​មហា​បូជា​ចារ្យ​សូម​ជ្រាប៖ ២១យើង​បាន​រក​ឃើញ​ឯក​សារ​ស្តី​អំពី​ជន​ជាតិ​ស្ប៉ាត និង​ជន​ជាតិ​យូដា​បាន​បញ្ជាក់​ថា យើង​ទាំង​ពីរ​ជា​បង​ប្អូន​នឹង​គ្នា​គឺ​សុទ្ធ​តែ​ជា​ពូជ​ពង្ស​របស់​លោក​អប្រា​ហាំ​ដូច​គ្នា។ ២២ឥឡូវ​នេះ​ដោយ​យើង​ដឹង​សេចក្ដី​ទាំង​នោះ ហើយ​យើង​យល់​ថា ជា​ការ​ប្រសើរ​ណាស់​ចំពោះ​យើង​ខ្ញុំ​សរសេរ​លិខិត មក​សួរ​សុខ​ទុក្ខ​អស់​លោក។ ២៣ចំពោះ​យើង​ខ្ញុំ យើង​ខ្ញុំ​សូម​ជម្រាប​អស់​លោក​ថា ហ្វូង​សត្វ​អស់​លោក ក៏​ដូច​ជា​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ ទ្រព្យ​សម្បត្តិ​របស់​អស់​លោក ក៏​ដូច​ជា​ទ្រព្រ​សម្បត្តិ​យើង​ខ្ញុំ​ដែរ។ ហេតុ​នេះ​ហើយ ទើប​យើង​សូម​ចេញ​បញ្ជា​ឲ្យ​គេ​មក​ជម្រាប​សេចក្ដី​ទាំង​នេះ ​ដល់​អស់​លោក»។

លោកយ៉ូណាថាន​ធ្វើសង្គ្រាមនៅស្រុកស៊ីរី
២៤លោក​យ៉ូណាថាន​ទទួល​ដំណឹង​ថា មេទ័ព​របស់​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស វិល​ត្រឡប់​មក​វិញ ដោយ​នាំ​កង​ទ័ព​ច្រើន​ជាង​មុន​ទៅ​ទៀត មក​វាយ​ប្រហារ​លោក។ ២៥លោក​យ៉ូណាថាន​ក៏​ចាក​ចេញ​ពី​ក្រុង​យេរូ​សាឡឹម ដើម្បី​ទៅ​ប្រយុទ្ធ​នឹង​ពួកគេ​នៅ​តំបន់​ក្រុង​ហាម៉ាត កុំ​ឲ្យ​ពួក​គេ​ចូល​មក​ក្នុង​ស្រុក​យូដា។ ២៦លោក​យ៉ូណាថាន​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ើប​យក​ការណ៍​ពី​ក្នុង​ជំរំ​របស់​សត្រូវ។ ពួក​គេ​មក​រាយ​ការណ៍​ប្រាប់​លោក​ថា កង​កម្លាំង​សត្រូវ​កំពុង​តែ​ត្រៀម​ខ្លួន​វាយ​ប្រហារ​កង​ទ័ព​យូដា​នៅ​ពេល​យប់។ ២៧ពេល​ថ្ងៃ​លិច ​លោក​យ៉ូណាថាន​បញ្ជា​ឲ្យ​កង​ទ័ព​របស់​លោក​យាម​យ៉ាង​ប្រុង​ប្រយ័ត្ន ព្រម​ទាំង​កាន់​អាវុធ​រៀងៗ​ខ្លួន ត្រៀម​ប្រយុទ្ធ​ពេញ​មួយ​យប់​នោះ។ លោក​ក៏​ដាក់​ខ្សែ​ត្រៀម​ជុំ​វិញ​ទី​តាំង កង​ទ័ព​ដែរ។ ២៨ពួក​សត្រូវ​ដឹង​ថា លោក​យ៉ូណា​ថាន និង​កង​ទ័ព​របស់​លោក​បាន​ត្រៀម​ខ្លួន​ចាំ​វាយ​ពួក​គេ គេ​ដុត​ភ្លើង​ចោល​ក្នុង​ជំរំ​ពួក​គេ ហើយ​ភៀស​ខ្លួន​បាត់​អស់​ទៅ។ ២៩លោក​យ៉ូណា​ថាន​និង​កង​ទ័ព​របស់​លោក ឃើញ​ភ្លើង​កំពុង​ឆេះ​នៅ​ក្នុង​ជំរំ​នោះ តែ​មិន​នឹក​ស្មាន​ថា ពួក​ខ្មាំង​រត់​បាត់​អស់​ទេ លុះ​ដល់​ព្រឹក​ស្អែក​ទើប​ពួក​គេ​ដឹង។ ៣០លោក​យ៉ូណា​ថាន​ដេញ​តាម​ពី​ក្រោយ​ពួក​គេ ក៏​ប៉ុន្តែ​លោក​តាម មិន​ទាន់​ព្រោះ​ពួក​គេ​ឆ្លង​ទន្លេ​អេ​លើ​ថែរ​ផុត​ទៅ​ហើយ។ ៣១ពេល​នោះ លោក​យ៉ូណា​ថាន បែរ​ទៅ​វាយ​ប្រហារ​ជន​ជាតិ​អារ៉ាប់​ឈ្មោះ​សាបា​ដេអាន។ លោក​វាយ​ឈ្នះ​ពួក​គេ ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ ទុក​ជា​ជយ​ភណ្ឌ​ទៀត​ផង។ ៣២បន្ទាប់​មក​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ដាម៉ាស់ ហើយ​ដើរ​កាត់​តំបន់​ទាំង​មូល។ ៣៣នៅ​គ្រា​នោះ លោក​ស៊ីម៉ូន​ក៏​ចេញ​ទៅ​ធ្វើ​សង្គ្រាម​រហូត​ដល់​ក្រុង​អាស្កា​ឡូន និង​ក្រុង​ដែល​នៅ​ជុំវិញ​មាន​សុទ្ធ​តែ​កំពែង រួច​ទៅ​កាន់​ក្រុង​យ៉ូប៉េ ហើយ​កាន់​កាប់​តំបន់​នោះ ព្រោះ​លោក​ជ្រាប​ថា អ្នក​ក្រុង​មាន​បំណង​ប្រគល់​ក្រុង​ដែល​មាន​កំពែង​នេះ​ឲ្យ កង​ទ័ព​របស់​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស។

លោកយ៉ូណាថានសង់កំពែង​ក្រុងយេរូសាឡឹម
៣៥ពេល​លោក​យ៉ូណា​ថាន​វិល​ត្រឡប់ មក​ក្រុង​យេរូ​សាឡឹម​វិញ លោក​កោះ​ហៅ​ព្រឹទ្ធា​ចារ្យ​នៃ​ប្រជា​ជន ហើយ​សម្រេច​ជាមួយ​អស់​លោក​ថា នឹង​សង់​ក្រុង​ដែល​មាន​កំពែង​ជាច្រើន​ក្នុង​ស្រុក​យូដា ៣៦សង់​កំពែង​ក្រុង​យេរូ​សាឡឹម​ឲ្យ​បាន​ខ្ពស់ ព្រម​ទាំង​សង់​ជញ្ជាំង​ដែល​ខ័ណ្ឌ​បន្ទាយ​និង​ក្រុង​ឲ្យ​ដាច់​ពីគ្នា។ ធ្វើ​ដូច្នេះ ពល​ទាហាន​របស់​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​មិន​អាច​ចេញ​ចូល លក់ ឬ​ទិញ​ឥវ៉ាន់​បាន​ឡើយ។ ៣៧ប្រជា​ជន​ប្រមូល​គ្នា​សង់​ក្រុង​ឡើង​វិញ ដ្បិត​កំពែង​នៅ​ផ្នែក​ខាង​កើត​ក្រុង​រលំ​អស់​ទៅ​ហើយ។ គេ​ក៏​សង់​សង្កាត់​ដែល​មាន​ឈ្មោះ​ថា​ខាផេណាថា ឡើង​វិញ​ដែរ។ ៣៨លោក​ស៊ីម៉ូន​សង់​ក្រុង​អាឌីដា ដែល​ស្ថិត​នៅ​ជើង​ភ្នំ​ឡើង​វិញ ព្រម​ទាំង​សង់​កំពែង​ការពារ​ក្រុង ដាក់​ទ្ធារ និង រនុក​ទៀត​ផង។

លោកទ្រីផូន ចាប់លោកយ៉ូណាថាន
៣៩លោក​ទ្រីផូន​មាន​បំណង តាំង​ខ្លួន​ជា​ស្ដេច​គ្រប់​គ្រង​លោក​ស្រុក​អាស៊ីរី​ទាំង​មូល ហើយ​ខិត​ខំ ចាប់​ព្រះ​បាទ​អន់ទី​យ៉ូគូស​ធ្វើ​គុត។ ៤០លោក​ខ្លាច​លោក​យ៉ូណាថាន​មិន​បណ្តោយ​ឲ្យ​លោក​សម្រេច តាម​គម្រោង​ការណ៍​នេះ ហើយ​ច្បាំង​នឹង​គាត់​វិញ។ ដូច្នេះ​លោក​ទ្រីផូន​រក​មធ្យោ​បាយ ចាប់​លោក​យ៉ូណាថាន​យក​ទៅ​សម្លាប់។ លោក​ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​បេតសាន។ ៤១ប៉ុន្តែ លោក​យ៉ូណាថាន និង​កង​ទ័ព​ដ៏​ចំណាន​បួន​ម៉ឺន​នាក់ ចេញ​មក​ជួយ​លោក​ទ្រីផូន​នៅ​ក្រុង​បេតសាន។ ៤២លោក​ទ្រីផូន​ឃើញ​ថា លោក​យ៉ូណាថាន​មាន​កង​ទ័ព​ច្រើន​យ៉ាង​នេះ លោក​មិន​ហ៊ាន​ចាប់​លោក យ៉ូណា​ថាន​ទេ ៤៣លោក​បែរ​ជា​ទទួល​លោក​យ៉ូណាថាន​យ៉ាង​អធិក​អធម ព្រម​ទាំង​បង្ហាញ​នាម៉ឺន​មន្ត្រី​របស់​លោក​ឲ្យ​លោក​យ៉ូណាថាន​ស្គាល់ ព្រម​ទាំង​ជូន​អំណោយ​ជា​ច្រើន។ លោក​បញ្ជា​មន្ត្រី និង​កង​ទ័ព​ឲ្យ​ធ្វើ​តាម​បង្គាប់​របស់​លោក​យ៉ូណាថាន ដូច​គេ​ធ្លាប់​ធ្វើ​តាម​បង្គាប់​របស់​លោក​ដែរ។ ៤៤លោក​មាន​ប្រសាសន៍ ទៅ​កាន់​លោក​យ៉ូណា​ថាន​ថា៖ «ហេតុអ្វី​បាន​ជា​លោក​ធ្វើ​ឲ្យ​កង​ទ័ព​មាន​ការ​នឿយ​ហត់​ដូច្នេះ? យើង​មិន​មែន​ជា​សត្រូវ​នឹង​គ្នា​ទេ! ៤៥សូម​បញ្ជា​ឲ្យ​ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ!។ សូម​ជ្រើស​រើស​កង​ទ័ព​តែ​មួយ​ចំនួន​តូច ឲ្យ​ការ​ពារ​លោក​បាន​ហើយ រួច​សូម​អញ្ជើញ​មក​ក្រុង​ផ្ទោលេ​មៃស៍ ជាមួយ​ខ្ញុំ។ ខ្ញុំ​នឹង​ប្រគល់​ក្រុង​នោះ និង​បន្ទាយ​ឯទៀតៗ​ដែល​មាន​កំពែង​រឹង​មាំ​ឲ្យ​លោក​កាន់​កាប់ ព្រម​ទាំង​ប្រគល់​កង​ទ័ព​ដែល​នៅ​សេស​សល់ និង​នាម៉ឺន​មន្ត្រី​ផង រួច​ខ្ញុំ​វិញ​ត្រឡប់​ទៅ​ស្រុក​វិញ ព្រោះ​ខ្ញុំ​ចេញ​មក​ ដើម្បី​គោល​បំណង​នេះ​តែ​ប៉ុណ្ណោះ»។ ៤៦លោក​យ៉ូណាថាន​ក៏​ជឿ​ទុក​ចិត្ត​លើ​លោក​ទ្រីផូន ហើយ​ធ្វើ​តាម​ពាក្យ​លោក គឺ​គាត់​បញ្ជា​ឲ្យ​កង​ទ័ព​របស់​គាត់​វិល​ត្រឡប់​ទៅ​ស្រុក​យ៉ូដា​វិញ។ ៤៧លោក​យ៉ូណាថាន​ទុក​កង​ទ័ព​ចំនួន​បី​ពាន់​នាក់​នៅ​ជាមួយ​គាត់ គឺ​ចំនួន​ពីរ​ពាន់​នាក់​ឲ្យ​នៅ​ស្រុក​កាលីឡេ និង​មួយ​ពាន់​នាក់​ឲ្យ​ធ្វើ​ដំណើរ​ជាមួយ​គាត់។ ៤៨ប៉ុន្តែ ពេល​លោក​យ៉ូណាថាន​ចូល​ដល់​ក្នុង​ក្រុង​ផ្ទោ​លេមៃស៍ អ្នក​ក្រុង​បិទ​ទ្វារ​ចាប់​លោក ហើយ​សម្លាប់​កង​ទ័ព​ទាំង​អស់ ដែល​ចូល​មក​ជាមួយ លោក។ ៤៩លោក​ទ្រីផូន​ចាត់​ទ័ព​ថ្មើរ​ជើង ព្រម​ទាំង​ទ័ព​សេះ​ទៅ​ស្រុក​កាលីឡេ និង​ក្នុង​វាល​ទំនាប​អ៊ីស្រា​អែល ដើម្បី​សម្លាប់​បក្ស​ពួក​របស់​លោក​យ៉ូណាថាន​ឲ្យ​អស់។ ៥០អ្នក​ទាំង​នោះ​ដឹង​ថា​គេ​ចាប់​លោក​យ៉ូណាថាន ព្រម​ទាំង​ទ័ព​ដែល​នៅ​ជាមួយ​យក​ទៅ​សម្លាប់។ ដូច្នេះ​ពួក​ដែល​នៅ​សេស​សល់​បាន​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រយុទ្ធ។ ៥១កង​ទ័ព​សត្រូវ​ដែល​ដេញ​តាម​ពួក​គេ​ឃើញ​ថា បក្ស​ពួក​របស់​លោក​យ៉ូណា​ថាន​ប្រយុទ្ធ​ដោយ​ប្តូរ​ជីវិត​ដូច្នេះ​ពួក​គេ​ក៏​ថយ​ក្រោយ​វិញ។ ៥២កង​ទ័ព​យូដា​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ​ដោយ​សុវត្ថិ​ភាព។ ជន​ជាតិ​អ៊ីស្រា​អែល​ទាំង​អស់​នាំ​គ្នា​ធ្វើ​ពិធី​កាន់​ទុក្ខ​លោក​យ៉ូណាថាន និង​អស់​អ្នក​ដែល​នៅ​ជាមួយ​លោក។ ជន​ជាតិ​អ៊ីស្រា​អែល​ទាំង​មូល​នាំគ្នា​កាន់​ទុក្ខ ហើយ​មាន​ការ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ពេល​នោះ ប្រជា​ជន​ដែល​នៅ​ជុំវិញ​ស្រុក​យូដា​បម្រុង​កម្ទេច​ពូជ​សាសន៍​របស់​គេ​ដោយ​ពោល​ថា៖ «ពួក​គេ​គ្មាន​មេ​ដឹក​នាំ គ្មាន​នរណា​គាំទ្រ​ទេ។ យើង​នាំ​គ្នា​វាយ​ប្រហារ​គេ​ឥឡូវ​នេះ! យើង​នឹង​បំបាត់​ឈ្មោះ​គេ​ឲ្យ​ផុត​ពី​ផែន​ដី មិន​ឲ្យ​នរណា​នឹក​នា​ដល់​គេ​ទៀត​ឡើយ»។